មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» ដល់សិស្សវិទ្យាល័យតាលោ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) និង ការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» ដល់សិស្សថ្នាក់ទី១១ និង ទី១២ ចំនួន២០នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៤នាក់នៃវិទ្យាល័យតាលោ ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ វេទិកានេះគឺផ្ដោតលើប្រធានបទការឡើងកាន់អំណាចរបស់ខ្មែរក្រហម និង ការបង្ខំជម្លៀសប្រជាជនចេញពីទីក្រុង។

ជាការស្វាគមន៍លោក ធី គឹមហុង និង ក្រុមការងារបានដឹកនាំសិស្សទស្សនាការិយា​ល័យរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងរៀបរាប់ប្រាប់សិស្សអំពីប្រវត្តិនៃការបង្កើតមជ្ឈ​មណ្ឌ​លផ្សះផ្សាវាលវែង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាមួយគោលបំណងចំនួន៤ ដូចខាងក្រោម ៖

១) ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។

២) ដើម្បីពង្រឹងដល់ដំណើរការសន្តិភាព និងការទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ  ដល់សិស្សានុសិស្សជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមទីជនបទបានមកចូលរួមរៀនសូត្រ។

៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការចែករំលែកអំពីរឿងរ៉ាវ និងបទពិសោធន៍ផ្ទាល់ខ្លួនដល់សិស្សានុសិស្សជំនាន់ក្រោយ។

៤) ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ទីតាំងបទឧក្រិដ្ឋដែលបានបន្សល់ទុកពីរបបខ្មែរក្រហម។ បទឧក្រិដ្ឋដែលបានបន្សល់ពីរបបខ្មែរក្រហម។

បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) ដោយលើកយកវិធីសាស្ត្រ K-W-L (ដឹង, ចង់ដឹង, បានដឹង) មកបង្រៀនសិស្ស និងចាប់ផ្តើមដោយសួរសំណួរទៅសិស្សានុសិស្សទាំងអស់ថា តើប្អូនៗបានដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម? តើប្អូនៗមានចង់ដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម?

តមក លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីការឡើងកាន់អំណាចរបស់ខ្មែរក្រហម ៖ ការជម្លៀសប្រជាជនចេញពីទីក្រុងដោយបង្ខំ និង ការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំមានបីដំណាក់កាល ដូចខាងក្រោម៖

១) នៅថ្ងៃទី១៧ខែមសា ឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ បានរយៈពេល២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឲ្យកងទ័ពខ្មែរក្រហម ជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែនៃតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ ដូច្នេះប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញ។ ប្រជាជនទាំងអស់មិនចាំបាច់ទ្រព្យសម្បត្តិច្រើនទៅតាមខ្លួន និងចាក់សោផ្ទះទេ។ ប៉ុន្តែការពិតខ្មែរក្រហមមិនបានអនុញ្ញាតឲ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនជម្លៀសច្រើនលើសលប់បានស្លាប់ដោយសារការសម្លាប់ ធ្វើការងារហួសកម្លាំង និងអត់អាហារ។

២) ចាប់តាំងពីចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានការផ្លាស់ទីប្រជាជន ជាពិសេសប្រជាជនថ្មីដោយបង្ខំនៅតាមទីជនបទមួយទៅតាមទីជនបទមួយទៀត ម្តងហើយម្តងទៀត នៅក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា (រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើងពីភូមិភាគនិរតី និងភូមិភាគបស្ចិម ទៅកាន់ភូមិភាគពា័ព្យ)។ ការផ្លាស់ទីប្រជាជននេះពុំមានជូនដំណឹងជាមុន បានបង្កជាទុក្ខវេទនា និងភាពលំបាកលំបិនដល់ប្រជាជន និងសហគមន៍ជាខ្លាំង។

៣) ចាប់តាំងពីរបបខ្មែរក្រហមធ្វើសង្រ្គាមតាមព្រំដែនជាមួយប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្តើមលែងទុកចិត្តលើកម្មាភិបាល យុទ្ធជន និងប្រជាជននៅភូមិភាគបូព៌ា។ ប្រជាជនភូមិភាគបូព៌ាត្រូវបានខ្មែរក្រហមចោទប្រកាន់ថាជាមនុស្សដែលមានក្បាលយួនខ្លួនខ្មែរ។ ប្រជាជនភូមិភាគបូព៌ាទាំងអស់គឺជាគោលដៅនៃការជម្លៀសដោយបង្ខំចេញពីភូមិភាគបូព៌ា ទៅភូមិភាគពាយ័ព្យ ភូមិភាគកណ្តាល និងភូមិភាគឧត្តរ។ ការជម្លៀសដោយបង្ខំនេះ បានបណ្តាលឲ្យប្រជាជនភូមិភាគបូព៌ាជាច្រើនបានស្លាប់ដោយសារខ្មែរក្រហមសម្លាប់ អត់អាហារ និងជំងឺគ្មានថ្នាំព្យាបាល។ នៅក្នុងឱកាសនោះ លោក ឡុង ដានី បានបង្ហាញសិស្សអំពីទីតាំងទួលពោធិ៍ជ្រៃ គឺជាទីវាលធំមួយស្ថិតនៅក្បែរបឹងទន្លេសាប និងជាប់ តំបន់ព្រៃរនាម ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ទីតាំងទួលពោធិ៍ជ្រៃនេះត្រូវបានគេស្គាល់ថា ជាកន្លែងដែលខ្មែរក្រហមសម្លាប់ទាហាន លន់ នល់ និង ជនស៊ីវិលរាប់ពាន់នាក់ក្នុងអំឡុងនៃការជម្លៀសដោយបង្ខំជាទ្រង់ទ្រាយធំលើកដំបូងក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥ -១៩៧៩)។

ចុងបញ្ចប់នៃវេទិកាលោក ឡុង ដានី បានធ្វើបទបង្ហាញជាសង្ខេបអំពីដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿង ០០១ និងសំណុំរឿង ០០២ (សំណុំរឿង០០២ វគ្គទី១ និងសំណុំ០០២ វគ្គទី២)។ និយមន័យអំពើប្រល័យពូជនៅសាសន៍ ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍។

បន្ទាប់មក សិស្សដែលចូលរួមក្នុងវេទិកាថ្នាក់រៀននេះបង្ហាញចំណាប់អារម្មណ៍ ដូចខាងក្រោម៖

ខ្ញុំឈ្មោះ ធាម ច័ន្ទម៉េង ភេទស្រី គឺជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យតាលោ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) និង ការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» ក្នុងថ្ងៃនេះរួចមក  ខ្ញុំពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ព្រោះវេទិកាថ្នាក់រៀន បានផ្ដល់ចំណេះដឹងយ៉ាងទូលំទូលាយពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)​ ជាពិសេសការជម្លៀសប្រជាជនចេញពីទីក្រុងឲ្យទៅធ្វើការតាមតំបន់ដាច់ស្រយាល គ្មានសិទ្ធិសេរីភាពក្នុងការនិយាយស្តី ប្រជាជនទាំងអស់រស់នៅទាំងភាពភ័យខ្លាចគ្រប់ពេលវេលា និងមិនមានអាហារហូបចុកគ្រប់គ្រាន់។

ខ្ញុំឈ្មោះ ម៉ាក់ ពិសី ភេទស្រី គឺជាសិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យតាលោ ខ្ញុំពិតជាមានសេចក្ដីអំណរអរគុណ និងរំភើបជាខ្លាំងដែលបានក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងអញ្ជើញរូបនាងខ្ញុំ ព្រមទាំងសិស្សនុសិស្សមកពីវិទ្យាល័យតាលោមកទទួលនូវបទពិសោធន៍និងចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងប្រវត្តិសាស្រ្តរបបខ្មែរក្រហម និងយល់ដឹងអំពីអត្ថន័យនៃអំពើប្រល័យពូជសាសន៍ដើម្បីជាការទប់ស្កាត់របបខ្មែរក្រហម នាពេលអនាគត។

អត្ថបទ៖ ធី គឹមហុង និង មឿន ស្រីណុច ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ ទាវ សម្ពស្ស/មជ្ឈមណ្ឌលឯកសារកម្ពុជា)

 

អត្ថបទផ្សេងទៀត៖