មជ្ឈមណ្ឌលឯកសារម្ពុជាសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីរិតពីរបបខ្មែរក្រហមរស់នៅស្រុកបុរីអូរស្វាយសែនជ័យ

មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងគាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ។ វេទិកាពិនិត្យសុខភាពបឋម ត្រូវបានអនុវត្តក្រោមគម្រោង៖ «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» និងមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបចំនួន២០០នាក់មកពីឃុំអូរស្វាយ និងឃុំព្រះរំកិល នៃស្រុកបុរីអូរស្វាយ សែនជ័យ និងវេជ្ជបណ្ឌិតចំនួន៣នាក់មកពីមន្ទីរពេទ្យ ខេវី ខេត្តត្បូងឃ្មុំ, អ្នកស្ម័គ្រចិត្តកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចូលរួមក្នុងវេទិកាពិនិត្យសុខភាពបឋមនេះរយៈពេលបីថ្ងៃ និងមានអាយុចន្លោះពី៥៥ឆ្នាំដល់១០៣ឆ្នាំ។ ភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលចូលរួមក្នុងវេទិកាពិនិត្យសុខភាពនេះគឺនៅចន្លោះពីអាយុ៦០ឆ្នាំដល់អាយុ៧០ឆ្នាំ និងមួយចំនួនទៀតមានអាយុចន្លោះពី៨០ឆ្នាំដល់៩០ឆ្នាំ។ ជាការកត់សំម្គាល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៣នាក់ ដែលមានអាយុចាប់ពី១០០ឆ្នាំ ដល់១០៣ឆ្នាំ ក៏ បានទទួលសេវាពិនិត្យសុខភាពបឋមនេះដែរ។ ក្នុងអំឡុងពេលនៃវេទិកាពិនិត្យសុខភាពបឋម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២នាក់ ដែលម្នាក់មានអាយុ១០០ឆ្នាំ និងម្នាក់ទៀតមានអាយុ១០២ឆ្នាំ មិនអាចធ្វើដំណើរមកកាន់មណ្ឌលសុខភាពបានឡើយ ដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតយើងធ្វើការឆ្លើយតបភ្លាមៗចំពោះករណីនេះ ដោយបានចុះទៅផ្ដល់ការពិនិត្យសុខភាពបឋមដល់ផ្ទះរបស់អ្នករស់រានមានជីវិតពីរបបដែលមានវ័យចាស់ជរាទាំង២នាក់នោះផ្ទាល់។ ការចុះទៅពិនិត្យសុខភាពផ្ទាល់នេះ ជំរុញទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យគិតថាខ្លួនមិនត្រូវបានបោះបង់ចោល និងទទួលបានការយកចិត្តទុកដាក់ពីសហគមន៍របស់ខ្លួន។

វេជ្ជបណ្ឌិត ហាន ម៉េងហុង មកពីមន្ទីរពេទ្យ ខេវី ខេត្តត្បូងឃ្មុំ លើកឡើងថា លទ្ធផលនៃការពិនិត្យសុខភាពបឋមនេះបង្ហាញថា ៦០ទៅ៧០ភាគរយនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានជំងឺទឹកនោមផ្អែម លើសឈាម និងរលាកសន្លាក់។ វេជ្ជបណ្ឌិត ហាន ម៉េងហុង សង្កេតឃើញថា អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមដែលមកទទួលការពិនិត្យសុខភាពបឋមនេះ ភាគច្រើនមានអាយុចាប់ពី៧០ឆ្នាំដល់៩០ឆ្នាំ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ វេជ្ជបណ្ឌិត ហាន ម៉េងហុង បញ្ជាក់ថា ការដែលមានភាពមាំទាំ ទាំងរាងកាយ និងផ្លូវចិត្ត គឺមកពីការរស់នៅល្អ និងបរិស្ថានជុំវិញល្អក្នុងសហគមន៍។

អ្នករស់រានមានជីវិតរបបខ្មែរក្រហម ដែលមានអាយុចាប់ពី៧០ដល់១០០ឆ្នាំ បានរស់នៅឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ពីព្រោះអ្នករស់រានមានជីវិតទាំងអស់នេះគឺស្ថិតក្នុងចំណោមក្រុមមនុស្សដែលត្រូវបានបញ្ជូនឲ្យទៅរស់នៅក្នុងបុរីអូរស្វាយ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់សម្ដេចព្រះ នរោត្តម សីហនុ នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ នៅចន្លោះពីឆ្នាំ១៩៦៤ ដល់ ឆ្នាំ១៩៦៥ ប្រជាជនខ្មែរ រួមមាន យោធាចូលនិវត្តន៍ និងគ្រួសារក្រីក្រមកពីខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកណ្តាល ត្រូវបានបញ្ជូនមកកាន់ទីតាំងបុរីអូរស្វាយនេះ និងទទួលបានផ្ទះមួយខ្នង ដីស្រែចម្ការ គ្រាប់ពូជ គោក្របី និងប្រាក់ឧបត្ថម្ភសម្រាប់ចាប់ផ្តើមជីវភាពរស់នៅក្នុងទឹកដីថ្មី។ ជីវភាពរស់នៅរបស់ប្រជាជនទាំងនេះបានផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីរដ្ឋប្រហារ លន់ នល់ បានកើតឡើងនៅដើមឆ្នាំ១៩៧០។ ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារ លន់ នល់, កងកម្លាំងខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិសាស្រ្តបុរីអូរស្វាយ។ បុរីអូរស្វាយ ក្លាយទៅជាតំបន់ប្រយុទ្ធរវាងទាហាន លន់ នល់ និងកងកម្លាំងខ្មែរក្រហម។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៧៥ ប្រជាជនថ្មីមកពីភ្នំពេញជាច្រើនគ្រួសារត្រូវបានជម្លៀសមកនៅអូរស្វាយ។ ប្រជាជនជម្លៀសមកថ្មីភាគច្រើនបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគ្រុនចាញ់ កង្វះអាហារូបត្ថម្ភ និងគ្មានថ្នាំព្យាបាល។ ចំណែកឯ ប្រជាជនមួយចំនួនទៀតត្រូវបានសម្លាប់ ដោយការចោទប្រកាន់ថា ជាភ្នាក់ងារសេអ៊ីអារបស់អាមេរិក។ ក្រោយរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ប្រជាជនជម្លៀសមកថ្មីដែលនៅរស់រានមានជីវិត បានវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

អត្ថបទ ៖ ស៊ាង ចិន្ដា ប្រធានក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖