ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម

បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹក​នាំខ្មែរក្រហមបានអនុវត្តគោលនយោបាយជម្លៀសប្រជាជនដោយបង្ខំចេញពីផ្ទះសម្បែងក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជននានា ទៅកាន់ទីតាំងឆ្ងាយៗនៅជនបទ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវជម្លៀសពីកន្លែងមួយទៅកាន់កន្លែងមួយទៀត តាមមធ្យោបាយផ្សេងៗដូចជា រថភ្លើង រថយន្តឯកជន រថយន្តទាហាន ទូក កាណូត រទេះគោ ត្រាក់ទ័រ និងថ្មើរជើង។ ដោយឡែកការជម្លៀសប្រជាជនទៅកាន់ភូមិភាគពាយ័ព្យត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំតាមរយៈរថភ្លើង ដែលក្នុងទូរថភ្លើងនីមួយៗមានមនុស្សច្រើនជាង១០០នាក់ឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ ហើយពុំមានអាហារហូប ឬទឹកផឹកគ្រប់គ្រាន់ឡើយ។ កងទ័ពខ្មែរក្រហម គឺជាអ្នកមើលការខុសត្រូវក្នុងការជម្លៀសប្រជាជន និងមានភារកិច្ចត្រួតពិនិត្យប្រជា​ជនជម្លៀសតាមរថភ្លើង។ នៅពេលនោះខ្មែរក្រហមបានយករថយន្ត ត្រាកទ័រ រទេះគោ ទូក កាណូត មកដឹកជញ្ជូនប្រជាជនជម្លៀសនៅតាមចំណតស្ថានីយរថភ្លើងនីមួយៗទៅកាន់សហករណ៍នានា។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំមាន៣ដំណាក់កាលធំៗគឺ ៖
១) ការជម្លៀសប្រជាជនដោយបង្ខំចេញពីផ្ទះសម្បែងរបស់ខ្លួននៅទីក្រុងភ្នំពេញ និងទីប្រជុំជននានាទៅតាមទីជនបទនានាក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
២) ការជម្លៀសប្រជាជនដោយបង្ខំតាមរថភ្លើងចាប់ពីខែកញ្ញាឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ ពីភូមិភាគនិរតី ភូមិភាគបស្ចិម ឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ (បច្ចុប្បន្ន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន)។ និងការផ្លាស់ទីប្រជាជននៅតាមទីជនបទក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់ពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្នែកដទៃៗទៀតនៃប្រទេសកម្ពុជា។
៣) ការជម្លៀសប្រជាជនភូមិភាគបបូព៌ាដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលក្នុងឆ្នាំ១៩៧៧ និង១៩៧៨។
អត្ថបទ ៖ ឡុង​ ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទផ្សេងទៀត៖