អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ជ័យ ទទួលបានការពិនិត្យសុខភាពបឋម

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបចំនួន២០០នាក់ នៅមណ្ឌលសុខភាពព្រះរំកិល នៅឃុំព្រះរំកិល ស្រុកបុរីអូរសា្វយសែនជ័យ។ វេទិកាពិនិត្យសុខភាពបឋម ដែលប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ការពិនិត្យសុខភាពបឋម ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅទីដាច់ស្រយាល និងកំពុងប្រឈមបញ្ហាសុខភាព និងផ្ដល់ការណែនាំអំពីការថែទាំសុខភាព។

ជាកិច្ចចាប់ផ្ដើម លោកស្រី សម្បត្តិ រចនា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែន ជ័យ មានមតិបើកវេទិកាដោយបាននិយាយបញ្ជាក់អំពីសារសំខាន់នៃការដឹងអំពីស្ថានភាពសុខភាព និងរបៀបថែទាំសុខភាពរបស់ខ្លួន ដែលលោកតាលោកយាយអ៊ំប្រុសអ៊ំស្រីសុទ្ធតែជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅឆ្លងកាត់ទុក្ខលំបាកនៃសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកបន្តថា ការមកពិនិត្យសុខភាពនាពេលនេះ គឺពិតជាមានសារសំខាន់សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងតែឈានចូលវ័យចាស់ជរា។ ជាចុងបញ្ចប់ លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក ថ្លែងអំណរគុណដល់ក្រុម ការងារមជ្ឈមណ្ឌលឯកសារកម្ពុជា និងវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ ដែលធ្វើដំណើរមកដល់ទីតាំងផ្ទាល់ដើម្បីផ្ដល់ការពិនិត្យសុខភាពបឋម និងការណែនាំអំពីការថែទាំសុខភាពនៅមូលដ្ឋាន គឺនៅមណ្ឌលសុខភាពព្រះរំកិលនេះតែម្ដង។

បន្ទាប់មក លោក ស៊ាង ចិន្ដា ប្រធានក្រុមការងារមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា បានរំឭកអំពីការចូលរួមរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅឃុំព្រះរំកិល ដែលបាននិយាយចែករំលែកសាច់រឿងរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា។ លោក ស៊ាង ចិន្ដា បន្តថា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅស្រុកបុរីអូរស្វាយសែនជ័យ បានចុះទៅសម្ភាសន៍ និងសរសេររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហម ដែលការចុះទៅជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមផ្ទះ គឺមិនត្រឹមតែផ្ដល់ពេលវេលាឲ្យអ្នកស្ម័គ្រចិត្តរបស់យើងអាចសួរសុខទុក្ខអំពីស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែថែមទាំងអាចស្តាប់អំពីបទពិសោធន៍ដែលមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ខាងក្រោមគឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ដែលមកពិនិត្យសុខភាពបឋមជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈ​មណ្ឌ​លឯកសារកម្ពុជា ៖

ខ្ញុំបាទឈ្មោះ សល់ ទឹល អាយុ៦២ឆ្នាំ គឺជាជនជាតិភាគតិចចារ៉ាយ រស់នៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលបានទទួលបានការពិនិត្យសុខភាពបឋមនៅថ្ងៃនេះ។ ពីមុនមក ខ្ញុំមិនដែលទទួលបានការពិនិត្យសុខភាពបែបនេះទេ ហើយនេះគឺជាលើកទី១សម្រាប់ខ្ញុំ។ គ្រូពេទ្យប្រាប់ខ្ញុំអំពីស្ថានភាពជំងឺរបស់ខ្ញុំ។ គ្រូពេទ្យក៏ណែនាំខ្ញុំអំពីការថែទាំសុខភាពផងដែរ។ នៅក្នុងរបប ប៉ុល ពត ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅកងកុមារ។ កាលពីជំនាន់នោះ ខ្ញុំដើរប្រមូលអាចម៍គោសម្រាប់ទុកធ្វើជី។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបទាំងអស់ចំនួន៥នាក់។ ខ្ញុំមិនបានរស់នៅជួបជុំជាមួយឪពុកម្តាយ និងបងប្អូនទេ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងជំនាន់ខ្មែរក្រហមនោះ គឺការបាត់បង់សមាជិកក្រុមគ្រួសារជាច្រើននៅក្នុងរបបនោះ។ នៅរបបខែ្មរក្រហម ខ្ញុំមិនអាចបដិបត្តិប្រពៃណីរបស់ខ្ញុំទេ ហើយសូម្បីតែភាសាចារ៉ាយ ក៏ខ្ញុំមិនអាចនិយាយបានដែរ។ ខ្ញុំត្រូវនិយា យតែភាសាខ្មែរតែប៉ុណ្ណោះ។ ខ្ញុំមិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងជាថ្មីម្តងទៀតនោះទេ ដោយសារតែរបបនេះធ្វើបាបប្រជាជនយ៉ាងខ្លាំង។

ខ្ញុំបាទឈ្មោះ វង្ស លឹម អាយុ៧៨ឆ្នាំ កើតនៅឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ ខ្ញុំគឺជាអតីតទាហានភូមិភាគ។ ខ្ញុំបានផ្លាស់មកនៅខាងប្រពន្ធនៅភូមិក្រឡាពាស ឃុំព្រះរំកិល នៅក្នុងឆ្នាំ១៩៨៦។ ខ្ញុំគឺជាជនជាតិដើមភាគតិចព្រៅ។ សព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅក្នុងថ្ងៃនេះ ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះបងប្អូនកូនក្មួយដែលជាក្រុមគ្រូពេទ្យបានចុះមកពិនិត្យសុខភាពខ្ញុំ ពីព្រោះរាល់ថ្ងៃនេះខ្ញុំក៏មានបញ្ហាជំងឺលើសឈាមដែរ។ ខ្ញុំមិនទាន់បានពិនិត្យសុខភាពទេ រហូតមកទល់ពេលនេះទើបខ្ញុំបានពិនិត្យ។ ខ្ញុំ និងជនជាតិភាគតិចព្រៅផ្សេងទៀត ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ ជ្រើសរើសឲ្យទៅរៀនបន្តនៅលំផាត់បានត្រឹមថ្នាក់ទី៩។ នៅអំឡុងឆ្នាំ១៩៧០ ខ្ញុំធ្វើជាគ្រូបង្រៀននៅក្នុងស្រុកតាវែង ស្រាប់តែមានការទម្លាក់គ្រាប់បែកធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រងរបួស និងបាត់បង់ជីវិតប្រជាជនជាច្រើន។ នៅក្នុងរបប ប៉ុល ពត ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើស្រែនិងចម្ការ។ ខ្ញុំរៀបការប្រពន្ធរួចហើយ។ នៅអំឡុងឆ្នាំ១៩៧៧ ខ្ញុំ និងយុវជនជនជាតិភាគតិចផ្សេងទៀតនៅក្នុងភូមិ ត្រូវបានបញ្ជូនទៅលើកទំនប់នៅអូរពួក។ នៅការដ្ឋានទំនប់អូរពួកនេះ មានជនជាតិដើមភាគតិចជាច្រើនត្រូវបានបង្ខំឲ្យធ្វើការ និងលើកទំនប់។ ពេល​នោះ ខ្ញុំនិងយុវជនជនជាតិដើមផ្សេងទៀត ត្រូវបានបង្ខំឲ្យធ្វើការចាប់តាំងពីម៉ោង៦ព្រឹកដល់ម៉ោង១១ រួចសម្រាកថ្ងៃត្រង់បានបន្តិច ក៏ចូលទៅធ្វើការបន្ត ហើយពេលខ្លះរហូតដល់ម៉ោង៧យប់។ រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺនៅពេលខ្មែរក្រហមស្រែកបង្ខំឲ្យធ្វើការដោយពាក្យគំរាមថា «បើមិនធ្វើការ ប្រយ័ត្នត្រូវមួយត្បូងចប»។ ជាចុងក្រោយ ខ្ញុំចង់ឲ្យយុវជនជំនាន់ត្រូវចូលរួមការពារកុំឲ្យរបបខ្មែរក្រហមកើតមានឡើងម្តងទៀត។

អត្ថបទ ៖ ស៊ាង ចិន្ដា ប្រធានក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖