ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រី សម្តេចរស្មីសោភ័ណ ទ្រង់ដឹកនាំប្រតិភូកិត្តិយសរួមមាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី, ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ និងលោកជំទាវ ប៉ុក បុប្ផា យាងទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រី សម្តេចរស្មីសោភ័ណ ទ្រង់ប្រសូតនៅទីក្រុងភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៨ និងទទួលការសិក្សានៅក្នុងប្រទេសកម្ពុជានិងប្រទេសបារាំង។ ក្នុងឆ្នាំ១៩៨៥ ព្រះអង្គម្ចាស់ក្សត្រី ព្រះរាជបង្កើតសមាគមស្ត្រីកម្ពុជា ដែលមានទីតាំងដំបូងនៅឯជំរំជនភៀសខ្លួនតាមបណ្តោយព្រំដែនកម្ពុជាថៃ ដែលធ្វើប្រតិបត្តិការដោយគណបក្សហ្វ៊ុនស៊ិនប៉ិច។
បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស សមាគមស្ត្រីកម្ពុជា បានប្តូរឈ្មោះទៅជាមូលនិធិស្ត្រី
សម្តេចរស្មីសោភ័ណ ដែលជាព្រះនាមរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រស្មី សោភ័ណ ព្រះអនុជរបស់ព្រះបាទសម្តេច នរោត្តម សុរាម្រិត។ មូលនិធិនេះ មានទីស្នាក់ការនៅក្នុងទីក្រុងភ្នំពេញ ដោយត្រូវបានទទួលស្គាល់ជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលជួយដល់ស្ត្រីកម្ពុជាលើវិស័យអប់រំ សុខាភិបាល និងការបណ្តុះបណ្តាល។
មូលនិធិស្ត្រី សម្តេចរស្មីសោភ័ណ បានបង្កើតឡើងនិងគឺជាអង្គការឈានមុខក្នុងការលើកកម្ពស់ការកកើតឡើងវិញនៃសូត្រខ្មែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើររស់រានផ្នែកសិល្បៈ ការស្តារមុខមាត់ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស អតីតលេខាព្រះបរមរតនកោដ្ឋ និងលោកស្រី សូ ហ្វារីណា នាយិការរងមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍ព្រះប្រតិភូកិត្តិយសយ៉ាងកក់ក្តៅ។ លោក ឆាំង យុ បានបង្ហាញភ្ញៀវកិត្តិយសនូវពិព័រណ៍នៃប្លង់រចនាវិទ្យាស្ថានស្លឹករឹត ដែលជាស្នាដៃរបស់លោកស្រី ហ្សាហា ហាឌីដ ស្ថាបត្យករស្ត្រីដ៏ល្បីល្បាញកម្រិតពិភពលោក។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស បានណែនាំអំពី បន្ទប់បណ្ណាល័យនៃ «បណ្ណាល័យសម្តេចម៉ែ» ដែលមានរក្សាទុកឯកសារកម្រនានាស្តីពីព្រះរាជកិច្ចនិងព្រះរាជដំណើរជីវិតរបស់ព្រះបរមរតនកោដ្ឋ។
ព្រះប្រតិភូកិត្តិយស បានយាងទតបរិក្ខាររក្សាទុកឯកសារខ្មែរក្រហមបែបឌីជីថល។ ព្រះប្រតិភូកិត្តិយស ក៏បានយាងទស្សនាបរិក្ខាររក្សាទុកឯកសារជាសំឡេង ដែលជាសមិទ្ធផលនៃគម្រោងប្រវត្តិសាស្ត្រនិយាយដោយផ្ទាល់មាត់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ គម្រោងនេះ បានប្រមែប្រមូលសាច់រឿងប្រមាណជាង១លាន ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គួរបញ្ជាក់ថា ប្រជាជនកម្ពុជាប្រមាណជាង៥លាននាក់ បានបន្តរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងស្វះស្វែងចងក្រងបទពិសោធន៍និងលើកស្ទួយសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះ តាមរយៈគម្រោងលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
បន្ទាប់មក ព្រះប្រតិភូកិត្តិយស និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ពិភាក្សាជុំវិញការងារដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានបន្តអនុវត្ត និងការចូលរួមចំណែករបស់ស្ត្រីនៅក្នុងការងារសង្គម ឈានទៅសម្រេចបានការអភិវឌ្ឍ។ កិច្ចពិភាក្សាបានផ្តោតជាពិសេសលើ គម្រោងសូត្រចាមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវលម្អិតស្តីពីទម្រង់ ព័ណ៌ ការរចនានិងការប្រើប្រាស់ជាដើម។ ការសិក្សាស្រាវជ្រាវនេះ គ្រោងនឹងត្រូវបោះពុម្ពជាសៀវភៅ និងធ្វើប្រតិបត្តិជាក់ស្តែង តាមរយៈការធ្វើពិសោធន៍បែបវិទ្យាសាស្ត្រដើម្បីបង្កើតជាផលិតផលសម្រេច។
មជ្ឈមណ្ឌលឯកសារកម្ពុជាសង្ឃឹមថា គម្រោងនេះនឹងអាចស្តារឡើងវិញនូវកេរដំណែលវប្បធម៌នៃសហគមន៍ជនជាតិចាមដែលស្ទើរតែនឹងបាត់បង់ តាមរយៈការផ្តល់ឱកាសដល់អ្នកត្បាញនៃសហគមន៍នេះឲ្យវិលត្រឡប់មកប្រកបមុខរបរត្បាញ និងអាចបង្កើនប្រាក់ចំណូលគ្រួសាររបស់ខ្លួន។ គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំដល់ក្មេងជំនាន់ក្រោយអំពីសម្បត្តិវប្បធម៌ដ៏កម្រ ព្រមទាំងចូលរួមថែរក្សាកេរដំណែលនេះឲ្យប្រកបដោយចីរភាព។ គម្រោងសូត្រចាមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងប្រើប្រាស់ធនធានដែលបង្កើតបានពីការលក់ផលិតផលសម្រេច ដើម្បីបន្តនិរន្តរភាពរបស់ខ្លួន ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចរបស់អ្នកតម្បាញដទៃទៀត។
នៅមុនពេលបញ្ចប់ព្រះរាជទស្សនកិច្ច ព្រះប្រតិភូកិត្តិយសបានសម្តែងនូវអំណរគុណ ចំពោះគារវកិច្ចស្វាគមន៍ដ៏សោមនស្សរបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលឯកសារកម្ពុជា។ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ទ្រង់សព្វព្រះហឫទ័យរាជទានបណ្តុំឯកសារដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីដាក់តម្កល់នៅ «បណ្ណាល័យសម្តេចម៉ែ» សម្រាប់បម្រើដល់កិច្ចការស្រាវជ្រាវ និងអប់រំដល់មនុស្សជំនាន់ក្រោយរបស់កម្ពុជា។
អត្ថបទ៖ សុភ័ក្រ្ត ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិន និងទំនាក់ទំនងមហាជន មជ្ឈមណ្ឌលឯកសារកម្ពុជា
