នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១២នាក់ មកពីវិទ្យាល័យ សុខ អាន លាយបូរ ដែលបានស្នើសុំការពន្យល់បន្ថែមអំពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម។ សិស្សានុសិស្សទាំងនេះ គឺធ្លាប់សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមម្តងរួចហើយ ជាមួយគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៅក្នុងថ្នាក់រៀនរបស់ខ្លួនកាលពីដើមខែឧសភា ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្ដើម បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ បានណែនាំសិស្សានុសិស្សអំពីផ្ទាំងរូបថតពិព័រណ៍អចិន្ត្រៃយ៍ដែលដាក់តាំងបង្ហាញនៅក្នុងបរិវេណការិយាល័យទាំងខាងក្រៅ និងខាងក្នុង ព្រមទាំងឯកសារបោះពុម្ពខ្លះទៀតរៀបរាប់ពីហេតុការណ៍នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងថ្នាក់រៀន បន្ទាប់ពីសិស្សបានបំពេញតារាងវាសស្ទង់ចំណេះដឹងរួចមក លោក ផេង ពង្សរ៉ាស៊ី បានដឹកនាំសិស្សពិភាក្សាអំពីចំណេះដឹងពីមុនរបស់សិស្សអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានសួរទៅកាន់សិស្សានុសិស្សពីចម្ងល់ទាំងឡាយដែលចង់ពិភាក្សា អំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ សិស្សម្នាក់ចង់ឱ្យពន្យល់បន្ថែមពីគោលនយោបាយ៨ចំណុច ដែលខ្មែរក្រហមបានអនុវត្តក្នុងពេលដែលខ្លួនគ្រប់គ្រងប្រទេស។ សិស្សម្នាក់ទៀត ចង់ឱ្យមានការពិភាក្សាពីប្រវត្តិខ្មែរក្រហមតាំងពីថ្ងៃកកើត រហូតដល់ថ្ងៃដួលរលំ។ សិស្សជាច្រើននាក់ទៀត បានបង្ហាញពីការគាំទ្រសិស្សទាំងពីរនាក់ ព្រោះចង់ស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ បានចាប់ផ្តើមពិភាក្សាគឺ ទី១) ប្រវត្តិកកើតអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និង ២) គោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម។ ដោយសារមិនមានពេលវេលាគ្រប់គ្រាន់ លោក ផេង ពង្សរ៉ាស៊ី បានសង្ខេបចំណុចខ្លះៗ និងបានពន្យល់ក្បោះក្បាយតែចំណុចសំខាន់ៗតែប៉ុណ្ណោះ។ ជាមួយនឹងការពិភាក្សានេះ លោក ផេង ពង្សរ៉ាស៊ី បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីអំពី កុមារកម្ពុជាក្រោយរបបខ្មែរក្រហម ឱ្យសិស្សទស្សនា និងធ្វើការពិភាក្សា ដោយបានប្រៀបធៀបពីជីវិតរស់នៅបច្ចុប្បន្ន និងអតីតកាល ព្រមទាំងបានបណ្តុះគំនិតសិស្សឱ្យត្រិះរិះពិចារណាពីបុព្វហេតុនៃការកកើតរបបខ្មែរក្រហមដែលបានបំផ្លិចបំផ្លាញជីវិតកុមារ ការអប់រំ និងពីមូលហេតុដែលប្រទេសជាតិខិតខំរារាំងការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមជាលើកទីពីរ។
ភ្ជាប់ជាមួយនឹងការពិភាក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម លោក ផេង ពង្សរ៉ាស៊ី ក៏បានបង្ហាញវិធីសាស្ត្រជាក់លាក់មួយចំនួន ក្នុងការរារាំងអំពើហិង្សា និងអំពើប្រល័យពូជសាសន៍។ បទបង្ហាញនេះ គ្រាន់តែជាការផ្តល់គំនិតដល់សិស្សក្នុងការស្វែងយល់បន្ថែមពីការចូលរួមថែរក្សាសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិដោយគ្មានអំពើប្រល័យពូជសាសន៍។
ក្រោយកិច្ចពិភាក្សាចប់ សិស្សានុសិស្សក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
គង់ ឈាវជីង ភេទប្រុស អាយុ២១ឆ្នាំ មកពីវិទ្យាល័យ សុខ អាន លាយបូរ បានរៀបរាប់ថា ៖ «ខ្ញុំទទួលបានចំណេះដឹងបន្ថែម និងបានស្វែងយល់ពីមូលហេតុនៃការចាប់ផ្ដើមកើតមានបក្សកុម្មុយនីស្តនិងដំណើរការបន្តបន្ទាប់រហូតបង្កើតបានរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យកកើតឡើង ប្រជាជនកម្ពុជាទទួលរងទុក្ខវេទនា ទាំងការរស់នៅ ការបង្អត់អាហារ គ្មានសំលៀកបំពាក់គ្រប់គ្រាន់ និងគ្មានសិទ្ធិសេរីភាព។ ប្រជាជនត្រូវធ្វើការជាទម្ងន់ និងជួបបញ្ហាជាច្រើនទៀតដែលកើតមានឡើងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការចាប់ផ្ដើមនៃរបបខ្មែរក្រហមនេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ១៩៧៩។ ចំពោះខ្ញុំដើម្បីទប់ស្កាត់កុំឱ្យរបបកម្ពុជាប្រជាធិបតេយ្យវិលត្រឡប់មកវិញម្ដងទៀតនាពេលអនាគត ខ្ញុំមានវិធីសាស្ត្រមួយចំនួន គឺត្រូវលុបបំបាត់ការរើសអើងវណ្ណៈ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ហើយលើកទឹកចិត្តដោះស្រាយបញ្ហាដោយសន្តិវិធី។ យើងមិនត្រូវប្រើអំពើហិង្សា និងត្រូវចេះស្រឡាញ់សន្តិភាព។ ខ្ញុំចង់ឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ នៅតែបន្តសកម្មភាពបែបនេះឱ្យបានច្រើន និងញឹកញាប់ ព្រោះអាចផ្ដល់ចំណេះដឹងជាច្រើនដល់អ្នកសិក្សាជំនាន់ថ្មី ដែលពុំទាន់ទទួលបានព័ត៌មាននិងយល់កាន់តែច្បាស់ពីរបបកម្ពុជាប្រជាធិបតេយ្យ»។
ស៊ឹម ចាន់សុវណ្ណវុតី ភេទស្រី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ សុខ អាន លាយបូរ បានលើកឡើងថា៖ «ខ្ញុំបានដឹងពីថ្ងៃ ខែ ដែលមេដឹកនាំក្នុងរបបខ្មែរក្រហមចូលមកកាន់កាប់ប្រទេស បានដឹងពីគោលការណ៍ធំៗរបស់ខ្មែរក្រហម និងការសម្លាប់ប្រជាជនយ៉ាងសាហាវព្រៃផ្សៃ។ បន្ទាប់មក ខ្ញុំបានដឹងពីដើមកំណើតរបស់ខ្មែរក្រហម និងបានដឹងពីការដួលរលំនៃរបបខ្មែរក្រហម។ ខ្ញុំយល់ឃើញថា ខ្មែរក្រហមមានចក្ខុវិស័យ និងចង់ឱ្យប្រជាជនមានសិទ្ធិស្មើៗគ្នា ប៉ុន្តែខ្មែរក្រហមប្រកាន់យកជាតិនិយមជ្រុលហួសហេតុពេក។ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតឡើងវិញម្ដងទៀតទេ ហើយដើម្បីកុំឱ្យរបបនេះកើតឡើងវិញម្ដងទៀត យើងត្រូវអប់រំដល់ក្មេងៗជំនាន់ក្រោយ ឱ្យយល់ដឹងពីផលវិបាកនៃរបបខ្មែរក្រហម។ បន្ទាប់ពីខ្ញុំបានឃើញទិដ្ឋភាពប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀស ខ្ញុំមានអារម្មណ៍ថាអាណិតអាសូរ ហើយក៏មានអារម្មណ៍សប្បាយចិត្តដែលប្រជាជនអាចរស់មកដល់ពេលបច្ចុប្បន្ន។ ខ្ញុំគិតថា ការចូលរួមពិភាក្សាពីប្រវត្តិសាស្ត្របែបនេះគឺល្អ ព្រោះបានយល់ដឹងបន្ថែមពីការសិក្សានៅសាលា លើសពីនេះនៅមជ្ឈមណ្ឌលឯកសារឯកសារខេត្តតាកែវ មានឯកសារជាច្រើនសម្រាប់សិក្សា និងស្វែងយល់បន្ថែម។ ចុងបញ្ចប់ ខ្ញុំចង់ឱ្យសិស្សចូលរួមទស្សនកិច្ចបែបនេះឱ្យបានញឹកញាប់ នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហមកាន់តែច្រើន។ នៅពេលខ្ញុំត្រឡប់មកសាលារៀនវិញ ខ្ញុំនឹងចែករំលែកចំណេះដឹងដែលទទួលបានរយៈពេលមួយព្រឹកនេះ ទៅកាន់មិត្តភក្ដិដែលពុំបានចូលរួមវេទិកា»។
អឿន ស្រីណាន ភេទស្រី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ សុខ អាន លាយបូរ បានឱ្យដឹងថា៖ «ខ្ញុំ អាណិត និងតក់ស្លុត នៅពេលបានដឹងថាប្រជាជនរស់នៅរងទុក្ខវេទនា ទាំងការហូបចុក និងរស់នៅបែកបាក់គ្នា ថែមទាំងបាត់បង់សមាជិកគ្រួសារ។ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតឡើងជាលើកទី២ទេ។ ប្រសិនបើខ្ញុំកើតក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានសិក្សា និងមិនបានរស់ជុំគ្រួសារទេ ពីព្រោះត្រូវខ្មែរក្រហមបំបិទសិទ្ធិសេរីភាព។ យាយរបស់ខ្ញុំក៏ធ្លាប់ប្រាប់ថា គាត់ត្រូវបំបែកចេញឱ្យរស់នៅឆ្ងាយពីឪពុកម្ដាយរបស់គាត់។ ខ្ញុំមានថាអាណិតដល់គាត់ជាខ្លាំង ព្រោះគាត់រស់នៅខ្វះភាពកក់ក្ដៅពីឪពុកម្ដាយ។ ចុងក្រោយ ខ្ញុំចង់ឱ្យកូនខ្មែរជំនាន់ក្រោយ ត្រូវខិតសិក្សា ហើយមិនត្រូវដើរជាន់ដានប្រវត្តិសាស្ត្រទេ។ សម្រាប់ខ្ញុំ ដើម្បីទប់ស្កាត់របបខ្មែរក្រហមកុំឱ្យកើតឡើងវិញម្ដងទៀត យើងត្រូវចេះគិត និងពិចារណាមុនសម្រេចចិត្តធ្វើអ្វីមួយ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី ដោយលើកពីហេតុផលមកបង្ហាញឱ្យបានច្បាស់លាស់ជាមុនសិន»។
អត្ថបទ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា