ម៉ម វ៉ាន់ស៊ី ៖​ នារីពេទ្យខ្មែរក្រហម

ខ្ញុំឈ្មោះ ម៉ម វ៉ាន់ស៊ី អាយុ៦៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ និងស្លាប់អស់ចំនួន៣នាក់។ ខ្ញុំគឺជាកូនទី៣ក្នុងគ្រួសារ។ ម្ដាយខ្ញុំស្លាប់នៅឆ្នាំ១៩៧០ ហើយឪពុកនិងប្តីខ្ញុំស្លាប់នៅឆ្នាំ១៩៧៩។

កាលពីអាយុ៧ឆ្នាំ ខ្ញុំចូលរៀននៅសាលាវត្តត្រពាំងធំខាងត្បូង។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ ក៏ឈប់រៀននៅឆ្នាំ១៩៧០ ពេលដែលកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីឈប់រៀន ខ្ញុំមករស់​នៅ​ផ្ទះនិងជួយការងារឪពុកម្តាយ។ ក្រោយមកប្រធានភូមិឲ្យខ្ញុំទៅចូលរួមលើកទំនប់ទឹកនៅខ្ពបត្របែក ដើម្បីទប់ទឹកហូរពីលើភ្នំទុកធ្វើស្រែប្រាំង។

ម៉ម វ៉ាន់ស៊ី អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៣ ខ្ញុំលែងទៅលើកទំនប់ ហើយប្តូរមកធ្វើជានារីពេទ្យ ។ ខ្ញុំរៀនវិជ្ជាពេទ្យពីកម្មាភិបាលមកពីហាណូយពីរនាក់គឺ តាផល និង តាង៉ុយ។ ទីតាំងពេទ្យនៅពេលនោះ គឺស្ថិតនៅក្នុងព្រៃភ្នំក្បែរស្ទឹងខ្ពបត្របែក។ កិច្ចការងារបស់ខ្ញុំគឺដើររកឫសឈើ មើមឈើ និងដើមឈើដែលអាចយកមកផ្សំធ្វើជាថ្នាំបុរាណបាន។ ការធ្វើដំណើរទៅរកថ្នាំជួនកាលខ្ញុំជិះដំរីជាមួយកម្មាភិបាលខ្មែរក្រហមឯទៀត ជួនកាលខ្ញុំដើរពីភ្នំមួយទៅភ្នំមួយស្វែករកឱសថបុរាណ។ ខ្ញុំចេះផ្សំថ្នាំ ចេះបិតស្រាពីឫសឈើ មើមឈើ និងដើមឈើ។ ការផលិតស្រានេះ គឺទីមួយដើម្បីបង្កើតទៅជាអាល់កុលសម្រាប់លាងរបួស។ ទីពីរ គឺដើម្បីលាយជាមួយឱសថផ្សេងទៀតដើម្បីផ្សំថ្នាំគ្រាប់ ដែលកាលនោះគេច្រើនហៅថា «ថ្នាំអាចម៍ទន្សាយ» ហើយទីបី គឺសម្រាប់ធ្វើជាស្រាសម្រាប់ផឹក។ ឫសឈើ និងឱសថដែលខ្ញុំរកមកផ្សំធ្វើថ្នាំ មានដូចជា ឈើត្រាវ ឈើអែម ឈើពពេល និងមើមម្ដេង។ ខ្ញុំយក​ឈើទាំងនោះមកថ្លឹងដើម្បីកំណត់បរិមាណតាមក្បួនខ្នាតដែលខ្ញុំរៀនពីតាផល និងតាង៉ុយ។ បន្ទាប់មក ខ្ញុំយកចំនួនដែលបានកំណត់នេះទៅលាយជាមួយស្ករ និងចាក់មេស្រាលាយឲ្យសព្វទុកសម្រាប់ធ្វើជាថ្នាំបំបាត់ការឈឺចុករោយ។ ចំពោះ ថ្នាំគ្រុនចាញ់ គឺ ទីមួយ ខ្ញុំយករុក្ខជាតិណាដែលមានរសជាតិល្វីងៗដាក់ខ្ទះស្ងោរទឹកបីយកទឹកមួយ។ ទីពីរ ខ្ញុំស្រង់យកកាករុក្ខជាតិទាំងនោះចេញ រួចរំងាស់បន្តទៀតរហូតដល់ចុងក្រោយនៅសល់ទឹកត្រឹមតែមួយស្លាបព្រាបាយប៉ុណ្ណោះ។ ទីបី ខ្ញុំយកទឹកនោះទៅលាយជាមួយម្សៅមី រួចកូរឲ្យសព្វមុននឹងយកទៅហាលថ្ងៃឲ្យស្ងួត។ ចុងក្រោយ គឺសូនថ្នាំនោះឲ្យទៅជាគ្រាប់ថ្នាំតូចៗដើម្បីទុកព្យាបាល។ រាល់ថ្នាំរបស់ក្រុមខ្ញុំផលិតបាន គឺចែកចាយទូទាំងភូមិភាគ និងមានដាក់លក់នៅតាមទីផ្សារផង។ អ្នកភូមិអាចយកលុយមកទិញថ្នាំទាំងនេះ ហើយលុយដែលបានមកពីការលក់ថ្នាំ គឺត្រូវយកទៅទិញសម្ភារផ្សេងៗដើម្បីបម្រើដល់វិស័យពេទ្យរបស់យើង។

នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានផ្លាស់ចេញពីកន្លែងផលិតថ្នាំនៅក្បែរស្ទឹងខ្ពបត្របែក ទៅធ្វើការនៅមន្ទីរពេទ្យធំលេខ២២ ឬ ព-២២ បន្ទាប់ពី តាផល និងតាង៉ុយ ត្រូវបានចាប់ខ្លួន។ ខ្ញុំមិនដឹងថាតាផល និងតាង៉ុយស្លាប់​ឬរស់ទេ។ ទីតាំងមន្ទីរ ព-២២ ស្ថិតនៅក្នុងវត្តពោធិ៍ម្រាល។ នៅវត្តពោធិ៍ម្រាល មានទាហានរបួសច្រើនណាស់ដែលត្រូវថែទាំ។ ខ្ញុំគឺជាអ្នកលាងរបួស និងចាក់ថ្នាំឲ្យអ្នកទាំងនោះ។ ខ្ញុំធ្វើការនៅទីនោះជិតមួយឆ្នាំ។ ខ្ញុំមិនដែលបានឃើញទាហានណាម្នាក់ស្លាប់នៅក្នុងមន្ទីរពេទ្យទេ។

នៅឆ្នាំ១៩៧៥ អង្គការបានផ្លាស់ប្តូរទីកន្លែងធ្វើការរបស់ខ្ញុំម្តងទៀត។ អង្គការបញ្ជូនខ្ញុំទៅធ្វើជាកម្មាភិបាលពេទ្យនារីនៅភ្នំជីសូរ។ ប្រធានមន្ទីរពេទ្យឈ្មោះ សមមិត្ត ហាក់ និងសមមិត្ត ស៊ង។ នៅទីនោះ ក៏ដូចនៅពោធិ៍ម្រាលដែរ។ អ្នកជំងឺគឺសុទ្ធតែជាយោធាត្រូវរបួសនៅសមរភូមិ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវអង្គការបញ្ជូនឲ្យមកទីរួមខេត្តតាកែវ។ ខ្ញុំភ័យណាស់ ព្រោះពេលនោះមានព្រឹត្តិការណ៍ចាប់ខ្លួនកម្មាភិបាលខ្មែរក្រហមថ្នាក់លើច្រើននាក់ រួមទាំងប្រធានមន្ទីរពេទ្យដែលខ្ញុំកំពុងធ្វើការជាមួយ។ ខ្ញុំខ្លាចអង្គការចាប់ខ្ញុំដោយសារជាប់ពាក់ព័ន្ធ។ តាមពិតអង្គការហៅខ្ញុំឲ្យមកទីរួមខេត្តតាកែវ គឺដើម្បីរៀបការ។ ប្តីរបស់ខ្ញុំ គឺជាអ្នកស្នើសុំខ្ញុំរៀបការ ព្រោះគាត់គឺជាយុទ្ធជនរបួសដែលខ្ញុំធ្លាប់បានលាងរបួសឲ្យគាត់កាលពីពេលកន្លងទៅ។ គាត់ស្រឡាញ់ខ្ញុំតាំងពីពេលនោះមក។ មុនដំបូង ខ្ញុំប្រកែកមិនព្រមរៀបការជាមួយគាត់ទេ។ ប៉ុន្តែបន្ទាប់ពីមានការស្តីបន្ទោស​ពី តារ៉ែន គឺជាប្រធានកងពលរួចមក ខ្ញុំក៏សុខចិត្តរៀបការជាមួយប្តីរបស់ខ្ញុំ។ បន្ទាប់ពីរៀបការរួច ខ្ញុំជាមួយនឹងប្ដីរបស់ខ្ញុំបានមករស់នៅស្រុកកោះធំវិញ។

នៅឆ្នាំ១៩៧៨ ខ្ញុំមានផ្ទៃពោះ និងបង្កើតបានកូនប្រុសម្នាក់។ នៅឆ្នាំ១៩៧៩ កូនខ្ញុំមានអាយុ៧ខែ ហើយខ្ញុំបានត្រឡប់ស្រុកកំណើតរបស់ខ្ញុំវិញ។ ចាប់តាំងពីនោះមកខ្ញុំបានបែកពីប្តី ហើយក្រោយមកខ្ញុំបានទទួលដំណឹងថា ប្តីរបស់ខ្ញុំបានស្លាប់នៅលើភ្នំស្រង់ដោយមូលហេតុទំនាស់ផ្ទៃក្នុងខ្មែរក្រហម។ ខ្ញុំមិនបានទៅយកសពប្តីខ្ញុំរបស់ទេ។ ខ្ញុំបានចិញ្ចឹមកូនខ្ញុំរហូតដល់ធំ និងមានការងារនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។

អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖