"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ផ្លាស់ប្តូរមុខមាត់បុគ្គល សហគមន៍ និងប្រជាជន តាមរយៈការអប់រំ

សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានទទួលស្គាល់ថាជា​ថ្នាក់​ដឹកនាំមួយអង្គ ជាព្រះរាជមគ្គទ្ទេសក៍នាំផ្លូវ និងជាព្រះ​​និមិត្តរូប​តំណាង​ឲ្យ​កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់​ក្នុង​ការ​ផ្លាស់ប្តូរ​មុខ​មាត់​ថ្មីរបស់​ប្រជាជនកម្ពុជា ​តាមរយៈការ​អប់រំ។ ដើម្បីជាការទទួលស្គាល់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់ដ៏វិសេសវិសាល​​នៃសម្តេចព្រះ​វររាជមាតាជាតិខ្មែរ មជ្ឈមណ្ឌលឯកសាកម្ពុជា​ មាន​កិត្តិយស​បង្កើតជា​ បណ្ណាល័យសម្តេចម៉ែ ដែល​ដើរតួនាទី​ជា​ស្ថាប័នមួយ គាំពារ​ដល់​ការអប់រំ, ការសិក្សា​ស្រាវជ្រាវ និង​ការ​អភិរក្ស​​ប្រវត្តិសាស្ត្រ​កម្ពុជា។

បើកសម្ពោធ​ជាផ្លូវការ​នាថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២០ បណ្ណាល័យ​សម្តេចម៉ែ តម្កល់​សៀវភៅ​រាប់​ពាន់​ក្បាល រួមជាមួយ​នឹង​ឯកសារ​និង​វត្ថុសិល្បៈនិង​ប្រវត្តិសាស្ត្រ​មិនអាចកាត់​ថ្លៃបាន​ជាច្រើន​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។ បណ្តុំ​ឯកសារ​ដែល​តម្កល់ទុកនៅក្នុង​បណ្ណាល័យ រួមមាន បណ្ណសារ​ឯកសារ​ខ្មែរក្រហម​របស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា ដែលគួបផ្សំនូវ​ឯកសារប្រមាណជាង​១លាន៧សែន​ទំព័រ​ស្តីពី​របបខ្មែរក្រហម ក៏ដូចជា​ឯកសារ​សោទស្សន៍ដែលជា​បទសម្ភាសន៍​កត់ត្រាទុកនូវ​បទពិសោធន៍​របស់​អ្នក​រស់រាន​មានជីវិត​ពីរបប​ខ្មែរក្រហមថែមទៀតផង។ បន្ថែមលើសពីនេះទៅទៀត បណ្ណាល័យ​ក៏មាន​តម្កល់ទុក​​សៀវភៅ, ឯកសារ​ជាក្រដាស, ឯកសារ​សោទស្សន៍ និង​សម្ភារនានាស្តីពី​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឯកសារ​ទាំងអស់នេះ ត្រូវបាន​ប្រមែប្រមូល​ចងក្រង​ដោយ​ឯកអគ្គរាជទូត ហូលីយ៉ូ អេ. ហែលដ្រេស ក្នុង​អំឡុងពេល​ដែលលោក​សិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ស្តីពី​សែ​ស្រឡាយរាជវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។ ជាចុងបញ្ចប់ បណ្ណាល័យសម្តេចម៉ែ មាន​តាំងបង្ហាញនូវ​ពិព័រណ៍រូបភាព​ប្លង់ស្ថាបត្យកម្ម​នៃ​វិទ្យាស្ថាន​ស្លឹករឹត។ វិទ្យាស្ថាន​ស្លឹករឹត គឺជា​ចក្ខុវិស័យ​របស់​លោក ឆាំង យុ ដែល​នឹង​ជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ដោយនឹងមាន​រួម​បញ្ចូល​នូវ​សារមន្ទីរ, មជ្ឈមណ្ឌលស្រាវជ្រាវ, សាកលវិទ្យាល័យ, បណ្ណាល័យ​ និង​បណ្ណសារដ្ឋាន។ វិទ្យាស្ថាន​ស្លឹករឹត គឺជា​ស្នាដៃ​រចនា​របស់ស្ថាបត្យករ​ដ៏ល្បីល្បាញ លោកស្រី ហ្សាហា ហាឌីដ។

បណ្ណាល័យ​សម្តេចម៉ែ​ គាំទ្រយ៉ាងមុត​មាំ​​ចំពោះ​ការយល់​ឃើញថា ការអប់រំគឺជាការផ្លាស់ប្តូរមុខមាត់ថ្មី។ ការអប់រំ​ផ្តល់​នូវ​ឱកាស​មួយឈាន​ទៅសម្រេចការផ្លាស់ប្តូរ និង​ផ្តល់សេរីភាពដល់បុគ្គល​, សហគមន៍ និង​ប្រជាជាតិ។ ការអប់រំ អាច​បញ្ឈប់​ការកកើតឡើងវិញនៃ​អំពើហិង្សា, ភាពអមនុស្សធម៌ និង​ការគាបសង្កត់នៅក្នុង​ប្រវត្តិសាស្ត្រ។ ទន្ទឹមនឺងនេះដែរ ការអប់រំ​អាចផ្តល់ជាឱកាស​មួយ ដើម្បី​នឹក​រំពៃជាថ្មីក្នុង​ការបង្កើតជាអនាគតថ្មីមួយ។

យើង​ខ្ញុំ​ពិតជា​មាន​កិត្តិយស​យ៉ាងអនេក ដែល​លោកជំទាវ អញ្ជើញទស្សនកិច្ច​មកកាន់បណ្ណាល័យសម្តេចម៉ែនៅក្នុង​ថ្ងៃនេះ។ យើងខ្ញុំរីករាយក្នុងការ​ឆ្លើយ​តប​នូវរាល់សំណួរ​និង​មតិយោបល់ចំពោះ ​បណ្ណាល័យសម្តេចម៉ែ និង​ការងារ​របស់​យើងខ្ញុំ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា