សិស្សានុសិស្សមកពីវិទ្យាល័យគិរីវង់ចូលរួមវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍»

កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍» ដោយមានការចូលរួមពីយុវជនចំនួន២៧នាក់ ក្នុងនោះមានស្រី១៦នាក់ មកពីវិទ្យាល័យគិរីវង់ ក្រោមការសម្របសម្រួលពីលោកស្រី កែវ គឹមស្រាន់ នាយិកាវិទ្យាល័យ គិរីវង់ និងគ្រូបង្រៀនប្រវត្តិវិទ្យាពីររូបទៀត។ គោលបំណងនៃការរៀបចំវេទិកានេះឡើង គឺដើម្បីផ្តល់ដល់យុវជននូវ ៖ ១) ការសិក្សាឈ្វេងយល់បន្ថែមពីចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រទប់ស្កាត់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ២) គំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់ចំណេះដឹងផ្ទាល់ខ្លួនដែលទទួលបានពីការចូលរួមក្នុងវេទិកាថ្ងៃនេះ ដើម្បីទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត និង៣) ការផ្លាស់ប្តូរគំនិតពីការប្រព្រឹត្តអំពើហិង្សា ទៅជាការកសាងសន្តិភាពក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។

បន្ទាប់ពីក្រុមយុវជនធ្វើដំណើរមកដល់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៅវេលាម៉ោង៨កន្លះព្រឹក សៀង កញ្ញា និង ង៉ាន់ វីន ដែលជាក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានទទួលស្វាគមន៍ និងដឹកនាំក្រុមយុវជនទៅទស្សនាផ្ទាំងពិព័រណ៍រូបថតចំនួន៨ផ្ទាំង ដែលបានដាក់តាំងបង្ហាញនៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ផ្ទាំងរូបថតទាំងនោះបង្ហាញអំពី ៖ ១)ការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហមទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដូចជាការបំផ្លាញស្ពានជ្រោយចង្វារជាដើម ២) សំណង់ផ្ទះដែលត្រូវបានទុកចោលកាលពីរបបខ្មែរក្រហម ព្រមទាំងទិដ្ឋភាពផ្ទះក្នុងទីក្រុងភ្នំពេញដែលគ្មានមនុស្សរស់នៅ ៣) ទិដ្ឋភាពនៃការចូលមកដល់ទីក្រុងភ្នំពេញរបស់កងទ័ពខ្មែរក្រហម និងការអបអរសាទររបស់ប្រជាជនកម្ពុជាទៅលើជ័យជម្នះលើរបប លន់ នល់ ។ ៤) ទិដ្ឋភាពនៃការវិលត្រឡប់របស់ប្រជាជនកម្ពុជាដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្រោយខែមករា ឆ្នាំ១៩៧៩ និង៥) រូបថតជាច្រើនសន្លឹកដែលបង្ហាញពីមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម និងបក្ខពួក។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានណែនាំដល់ក្រុមយុវជន ពីការប្រមែប្រមូលឯកសារទាក់ទងនឹងរបបខ្មែរក្រហម ក៏ដូចជាពន្យល់ពីតួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្នុងការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម និងប្រមូលចងក្រងពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីទុកជាការចងចាំ។ មុននឹងចាប់ផ្តើមវេទិកាថ្នាក់រៀន យុវជនទាំងអស់តម្រូវឲ្យបំពេញទម្រង់នៃការវាស់ស្ទង់ចំណេះដឹងដែលមានស្រាប់របស់ខ្លួន ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។

តមកលោក ផេង ពង្សរ៉ាស៊ី បានបែងចែងយុវជនជាក្រុមតូចដើម្បីពិភាក្សាលើជំពូកមេរៀននៅក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ នៅពេលពិភាក្សាចប់តំណាងសិស្សម្នាក់នៅតាមក្រុមនីមួយត្រូវឡើងបកស្រាយម្នាក់ម្តងពីជំពូករបស់ខ្លួនដែលបានពិភាក្សាទៅឲ្យសិស្សទាំងអស់ស្តាប់។

មុននឹងបញ្ចប់វេទិកាថ្នាក់រៀន សិស្សទាំងអស់ត្រូវបំពេញសំណួរស្ទាបស្ទង់មតិម្តងទៀតពីចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហមដែលខ្លួនបានរៀន។ បន្ទាប់មកក្រុមយុវជនបានបន្តទស្សនកិច្ចសិក្សាទៅកាន់ទីតាំងវាលពិឃាត «ក្រាំងតាចាន់»។  ប៉ុន្តែមុនទៅទស្សនកិច្ចទីតាំងនេះ យុវជនបានអានរបាយការណ៍របស់គម្រោងស្តីពីការធ្វើផែនទីរណ្តៅសាកសព របស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ១៩៩៥ និងការធ្វើបទបង្ហាញបន្ថែមពីគ្រូឧទ្ទេសរបស់ខ្លួនទាក់ទងនឹងគុកក្រាំងតាចាន់។ លោក ផេង ពង្សរ៉ាស៊ី ពន្យល់ទៅកាន់ក្រុមយុវជនថា គុកក្រាំងតាចាន់ ជាគុកមួយក្នុងចំណោមគុកទាំង១៩៧របស់ខ្មែរក្រហម ដែលត្រូវបានបង្កើតឡើងដើម្បីឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្មអ្នកទោសដែលជាសត្រូវរបស់ខ្លួន ជាពិសេសអ្នកទោសដែលជាទាហាន ប៉ូលិស និងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។ ក្រុមយុវជនបានដើរមើលបរិវេណអតីតគុកក្រាំងតាចាន់ និបានឃើញរណ្តៅសាកសព អដ្ឋិធាតុជនរងគ្រោះ និងសំណង់គុកខ្មែរក្រហម។

អត្ថបទ​ ៖ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក