ជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្ដុលលើ រៀបចំកម្មវិធីបុណ្យកម្សាន្តភូមិ ឬបុណ្យភូមិ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

នៅចន្លោះថ្ងៃទី២៨ ដល់២៩ ខែមេសា ឆ្នាំ២០២៥ ជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្ដុលលើ បាននាំគ្នារៀបចំកម្មវិធីបុណ្យកម្សាន្តភូមិ ឬបុណ្យភូមិ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ពិធីបុណ្យភូមិត្រូវប្រារព្ធឡើងនៅផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀង ឬសាលាគរុភណ្ឌស្ទៀង ភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជាទូទៅជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ តែងតែប្រារព្ធពិធីបុណ្យកម្សាន្តភូមិជារៀងរាល់ឆ្នាំ និងមានរយៈពេលបីយប់ បីថ្ងៃ បន្ទាប់ពីពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរបញ្ចប់ទៅរយៈពេលពីរថ្ងៃ។ ប៉ុន្តែឆ្នាំនេះមានការប្រែប្រួលត្រូវពន្យាពេលរយៈពេល១១ថ្ងៃ ទើបចាប់ផ្តើមបុណ្យកម្សាន្តភូមិដែលមានរយៈពេល២យប់ និង២ថ្ងៃប៉ុណ្ណោះ។

ពេលធ្វើកម្មពិធីបុណ្យកម្សាន្តភូមិម្តងៗ ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ តែងតែធ្វើពិធីឡើងអ្នកតា ព្រោះការឡើងអ្នកតាជាទំនៀមទម្លាប់ ប្រពៃណី របស់ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ ភូមិកោះថ្ម និងភូមិដទៃទៀត នៃឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាំងពីយូរលង់ណាស់មកហើយ។

ពិធីឡើងអ្នកតារបស់ជនជាតិដើមភាគតិចស្ទៀង ដើម្បីសុំសេចក្តីសុខដល់ប្រជាជនរស់នៅក្នុងភូមិ សុំទឹកភ្លៀងសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់ជនជាតិដើមភាគតិចស្ទៀង។ ជនជាតិដើមភាគតិចស្ទៀងយកថ្មចំនួនពីរដុំគូរមាត់ ភ្នែក ច្រមុះ ដាក់នៅលើខ្ទមអ្នកតា ជាតំណាងវត្ថុស័ក្តិសិទ្ធិ ឬតំណាងឱ្យអ្នកមាន រឹទ្ធិអំណាច ឬពួកអាទិទេព។ ពេលឡើងអ្នកតា ជនជាតិដើមភាគតិចស្ទៀង នាំគ្នាយកគ្រឿងសំណែនមានដូចជា ស្រាស ស្រាថ្នាំ មាន់ស្ងោរ ក្បាលជ្រូកស្ងោរ បាយស បាយក្រហម នំចំណី អន្សម ជាដើម យកទៅដាក់ក្នុងខ្ទមអ្នកតា។ បន្ទាប់មកជនជាតិដើមភាគតិចស្ទៀងបានអញ្ជើញ អារក្ស អ្នកតា ដែលជាអ្នកថែរក្សា ព្រៃភ្នំ ក្រំថ្ម អ្នកតារក្សាភូមិ ឃុំ ឱ្យមកទទួលនូវគ្រឿងដង្វាយដែលបានរៀបចំ។ តាំងពីយូរលង់មក មានអ្នកតាចំនួនពីរ គឺអ្នកតាក្រហមក និងអ្នកតាជំទាវម៉ៅ ដែលនៅចាំបីបាច់ថែរក្សានៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បុណ្យកម្សាន្តភូមិជនជាតិដើមភាគតិចស្ទៀង ជាកម្មវិធីបែបប្រពៃណីមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រមូលផ្តុំមនុស្សជួបជុំសាច់ញាតិ បងប្អូន គ្រួសារដែលរស់នៅឆ្ងាយពីភូមិកំណើត និងគាស់រំឭកឡើងវិញនូវទម្រង់សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី និងពិធីសាសនាជាដើម។

តាមជំនឿជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ ឃុំទន្លូង ការធ្វើបុណ្យកម្សាន្តភូមិអាចឧទ្ទិសកុសលជូនអ្នកដែលបានស្លាប់ទៅ ក្នុងនោះក៏រួមមានប្រជាជនកម្ពុជា និងជនជាតិដើមភាគតិចស្ទៀងដែលបានស្លាប់នៅក្នុងអំឡុងពេលសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល​ ពត។ នៅខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហមឡើងកាន់កាប់អំណាចបានទាំងស្រុង និងចាត់ទុកខែមេសា ជាថ្ងៃចងចាំនៃអំពើប្រល័យពូជសាសន៍ជាសកល។ នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានជម្លៀសជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ ដោយបង្ខំចេញពីភូមិកំណើតឱ្យទៅរស់នៅធ្វើការងារពលកម្មធ្ងន់ធ្ងរ និងមិនមានអាហារហូបចុកគ្រប់គ្រាន់ក្នុងស្រុកស្នួល ស្រុកសំបូរ ខេត្តក្រចេះ។ ខ្មែរក្រហមបានចោទប្រកាន់ជនជាតិដើមភាគតិចស្ទៀង និងប្រជាជនភូមិភាគបូព៌ាថាជាមនុស្សក្បាលយួនខ្លួនខ្មែរ។ ជនជាតិដើមភាគតិចស្ទៀងដែលមានវ័យជំទង់ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យគាស់រានដីថ្មីសម្រាប់ធ្វើស្រែ លើកប្រព័ន្ធភ្លឺស្រែ ស្ទូងជាដើម។ ចំណែក កុមារត្រូវធ្វើជី ដកស្មៅនៅវាលស្រែ និងរែកជីដាក់ស្រែ។ រីឯមនុស្សចាស់នៅផ្ទះមើលថែក្មេងៗ ឬត្បាញល្អី កញ្ច្រែងជាដើម។ ជនជាតិដើមភាគតិចស្ទៀង ត្រូវបានខ្មែរក្រហមបំបាត់សិទ្ធិគ្រប់យ៉ាង ដូចជាការនិយាយភាសាស្ទៀង ការគោរព ជំនឿផ្សេងៗ។ ជនជាតិភាគតិចស្ទៀងនៅភូមិក្តុលលើ ភូមិកោះថ្ម និងភូមិដទៃទៀត នៃឃុំទន្លូង ជាច្រើនបានស្លាប់ដោយអត់អាហារ ឈឺគ្មានថ្នាំព្យាបាល និងត្រូវខ្មែរក្រហមយកទៅសម្លាប់នៅភូមិអាលូច ភូមិម្លេច ឃុំស្វាយជ្រះ និងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកអ្នកស្លាប់នៅឃុំឃ្សឹម និងឃុំស្វាយជ្រះ ស្រុកស្នួល ភាគច្រើនជាមនុស្សចាស់ និងក្មេងៗ។

ចុងឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ ភូមិកោះថ្ម និងភូមិដទៃទៀត ឱ្យទៅស្នាក់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរង់ចាំកាណូតដឹកតាមបណ្តោយដងទន្លេមេគង្គទៅកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​។ បន្ទាប់ពីជនជាតិដើមភាគតិចស្ទៀងមកដល់ស្រុកស្ទឹងត្រង់ មានជនជាតិដើមភាគតិចស្ទៀងខ្លះត្រូវបានខ្មែរក្រហមដឹកតាមរថយន្តទៅកាន់ស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រុមគ្រួសារ សាច់ញាតិ ដែលមានបងប្អូនស្លាប់ក្នុងសម័យខ្មែរក្រហម ប៉ុន្តែមិនដឹងថាស្លាប់នៅទីកន្លែងណា ឬមិនស្គាល់ឈ្មោះជនរងគ្រោះពីសម័យខ្មែរក្រហម ក៏ត្រូវជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើធ្វើបុណ្យឧទ្ទិសកុសលជូនជារួម។

ជនជាតិដើមភាគតិចស្ទៀងនៅក្នុងភូមិក្ដុលលើបានរៀបរាប់ដូចខាងក្រោម៖

១) ម៉ែន ញឹម ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ ថ្ងៃទី១ ឬថ្ងៃចូលបុណ្យភូមិ វេលាព្រឹកម៉ោង៧:០០នាទីព្រឹក គណៈកម្មាការភូមិក្ដុលលើបានចាក់មេក្រូប្រកាសហៅប្រជាជនក្នុងភូមិក្ដុលលើដើម្បីមកជួយរៀបចំទីកន្លែង និងប្រដាប់ប្រដារ សម្រាប់ពិធីបុណ្យភូមិ។

បន្ទាប់ពីបានឮសេចក្ដីប្រកាស លោកតា លោកយាយ គណៈកម្មាការភូមិក្ដុលលើ និងប្រជាជនបាននាំគ្នាមកផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀង។ យុវជនដែលជាកូនចៅជនជាតិដើមភាគតិចស្ទៀងបានយករោង តុ កៅអី មករៀបចំដំឡើង។ ចំណែកយុវនារី បាននាំគ្នាបោសសម្អាតទីធ្លា។ ឯលោកតា លោកយាយ បានកាប់កូនចេក២ដើម ស្លឹកចេក និងបេះផ្កាចំប៉ី សម្រាប់យកមកធ្វើបាយសី និងស្លាធម៌ជាគ្រឿងសក្ការៈថ្វាយព្រះ។

វេលាម៉ោង២:០០នាទីរសៀល លោកតាលោកយាយរៀបចំគ្រឿងប្រដាប់ថ្វាយសែនដល់អ្នកតាដែលជាអ្នកថែរក្សាភូមិក្ដុលលើ ដើម្បីសុំសេចក្ដីសុខសម្រាប់ប្រជាជនរស់នៅក្នុងភូមិ។ ពិធីឡើងអ្នកតាតែងធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ក្នុងនោះក៏ដើម្បីសុំសេចក្ដីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ អ្នកភូមិដែលចូលរួមក្នុងពិធីនេះតែងតែនាំយកម្ហូបអាហារ បាយសម្ល ភេសជ្ជៈ ផ្លែឈើជាដើម ដើម្បីធ្វើពិធីសែន និងថ្វាយនៅតាមរោងអ្នកតា ឬខ្ទមអ្នកតា ឬរូបសំណាកដែលអ្នកភូមិគោរព។ អ្វីដែលមិនអាចខ្វះបាននោះ គឺស្រាស។ ក្រៅពីនោះក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប និងក្រណាត់ស។ ប៉ុន្ដែ បច្ចុប្បន្នគឺគ្មានភ្លេងអារក្សប្រគំកំដរឡើយ។

វេលាម៉ោង៣:០០នាទីរសៀល មានកម្មវិធីពូនភ្នំខ្សាច់ (យកស្រូវតំណាងឱ្យខ្សាច់) ដើម្បីរំឭកដល់ព្រះពុទ្ធអង្គ និងសុំអធ្យាស្រ័យដល់ពពួកសត្វ និងមនុស្ស ព្រមទាំងទេវតាទាំងពួងនៅក្នុងចក្រវាឡទាំងមូលឱ្យលើកលែង និងអហោសកម្មដល់ខ្លួនដែលធ្លាប់ប្រព្រឹត្តនូវអំពើជាអកុសលដល់សត្វលោកទាំងនោះ ក្នុងអតីតជាតិដោយអចេតនាណាមួយ។ ម្យ៉ាងទៀតយើងក៏អាចប្រាថ្នាសុំនូវសិរីសួស្តីទាំងឡាយឱ្យកើតមានដល់ក្រុមគ្រួសារ និងសហគមន៍ផងដែរ។

វេលាម៉ោង៤:០០នាទីរសៀល យុវជនភូមិក្ដុលលើបានរៀបចំកន្លែងរាំ ដោយតុបតែងដាក់ដើម ចេកពីដើម និងមានផ្លែឈើដូចជា  ផ្លែមាន ភ្ញៀវ ដូងទុំ ដូងចាស់ ចេក ខ្នុរ ម្នាស់ ត្នោត និងផ្លែឪឡឹក។

វេលាម៉ោង៥:០០នាទីរសៀលនិមន្តព្រះសង្ឃសូត្រមន្ត។ បន្ទាប់ពីព្រះសង្ឃសូត្រចប់ មានកម្មវិធីរាំកម្សាន្ត។

២) យាន យីន ភេទស្រី អាយុ៦៩ រស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ ពិធីបុណ្យភូមិជនជាតិដើមភាគតិចស្ទៀង ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំបន្ទាប់ពីចូលឆ្នាំប្រពៃ ណីជាតិរួច។ ពិធីបុណ្យភូមិនេះ មានតាំងពីយូរលង់ណាស់មកហើយ។ កាលពីសម័យសង្គមរាស្រ្តនិយមក៏មានធ្វើពិធីបុណ្យភូមិដែរ ប៉ុន្តែគ្មានធុងបាសរាំសប្បាយដូចពេលបច្ចុប្បន្ននេះទេ។ អំឡុងសម័យខ្មែរក្រហមពិធីបុណ្យផ្សេងៗត្រូវបានអង្គការខ្មែរក្រហមលុបបំបាត់ និងហាមឃាត់។ លុះក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជននៅក្នុងភូមិក្ដុលលើ បានរៀបចំពិធីបុណ្យភូមិឡើងវិញនៅខែមេសា ឆ្នាំ១៩៧៩។ បុណ្យភូមិកាលនោះមានជួលល្ខោនសម្តែងបីយប់។ ជំនាន់នោះសប្បាយណាស់ ហើយពេលខ្លះក៏មានរាំស្គរដី ព្រោះមិនទាន់មានធុងបាសដូចសម័យបច្ចុប្បន្នទេ។ បុណ្យភូមិពីសម័យមុន និងសម័យបច្ចុប្បន្នមិនខុសគ្នាទេ គឺមានការរៀបចំសែនព្រេនដូចគ្នា។ ពិធីបុណ្យភូមិរវល់តែថ្ងៃចូលឬថ្ងៃទី១ ពេលព្រឹកលោកតា លោកយាយរៀបចំបត់ស្លាធម៌ បាយសីសម្រាប់ថ្វាយជាទីសក្ការៈដល់ព្រះពុទ្ធ និងរៀបចំចងផ្កាសាមគ្គី។

វេលាម៉ោង៣:០០នាទី រសៀល ជួបជុំបងប្អូនយាយតានៅក្នុងភូមិក្ដុលលើ ដើម្បីប្រារព្ធពិធី ឡើងអ្នកតា។ តាំងពីដើមរៀងមក ពេលឡើងអ្នកតា ប្រជាជនទាំងអស់ត្រូវមកជួបជុំគ្នានៅខ្ទមអ្នកតា ដើម្បីគូសមុខមាត់ រួចហើយដើរគោះតាមផ្ទះតាំងពីចុងភូមិរហូតដល់ដើមភូមិ ដើម្បីដេញគ្រោះចង្រៃ។ ពេលនាំគ្នាដើរដេញនោះ ប្រសិនបើចាប់បានមាន់ ទា ជ្រូក ត្រូវតែយកមកធ្វើហូបនៅកន្លែងខ្ទមអ្នកតា។ ពេលសម័យបច្ចុប្បន្ន មិនធ្វើដូចមុនទៀតទេ គ្រាន់តែធ្វើបាយសម្លរ នំចំណី ស្រាស មាន់ស្ងោរ១ ចេកទុំ១ស្និត ទឹកផ្លែឈើ ទៅដាក់នៅខ្ទមអ្នកតា គ្មានភ្លេងកំដរឡើយ។ នៅខ្ទមអ្នកតាមមានដុំថ្មមួយគូរសម្រាប់គោរពបូជា។បន្ទាប់មកមានកម្មវិធីដង្ហែរផ្កា ដើម្បីយកទៅទុកនៅលើសាលាបុណ្យជនជាតិដើមភាគតិចស្ទៀង។ រួចមានកម្មវិធីពូនភ្នំខ្សាច់ដែលធ្វើឡើងដើម្បីរំដោះកម្មទាំងឡាយណា ដែលធ្វើឡើងដោយអចេតនា។ ជាកិច្ចបញ្ចប់និមន្តព្រះសង្ឃសូត្រមន្ត រួចចាក់ភ្លេងរាំកម្សាន្ត។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖