ខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» រំឭកក្មេងៗជំនាន់ក្រោយពីទុក្ខវេទនាមកលើកុមារក្នុងរបបខ្មែរក្រហម

សិស្សានុសិស្សវ័យក្មេង៤នាក់ដែលមានអាយុតិចជាង១៥ឆ្នាំ បានមកទស្សនាខ្សែភាពយន្តឯកសារមានចំណងជើង «កុមារកម្ពុជា» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ ខ្សែភាពយន្តនេះ បង្ហាញពីដំណើរឥតគោលដៅរបស់កុមារតូចៗដែលឪពុកម្តាយបានស្លាប់ចោលអស់ បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ លោក ផេង ពង្សរ៉ាស៊ី ជានាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានពន្យល់អំពីសាច់រឿងនៅក្នុងខ្សែភាពយន្ត និងបានរៀបរាប់ពីខ្សែជីវិតក្មេងៗរស់នៅក្រោមរបបខ្មែរក្រហមប្រាប់ដល់សិស្សទាំង៤នាក់ ដើម្បីជាជំនួយដល់ការស្វែងយល់ពីខ្សែភាពយន្តបន្ថែមទៀត។ លោក ផេង ពង្សរ៉ាស៊ី ក៏បានលើកទឹកចិត្តសិស្សឱ្យត្រិះរិះពិចារណាអំពីរឿងរ៉ាវដែលបានកើតឡើង ចំពោះកុមារនៅក្នុងរបបខ្មែរក្រហម និងប្រៀបធៀបជីវិតរស់នៅនាពេលបច្ចុប្បន្ន ទៅនឹងរឿងរ៉ាវដែលបានកើតឡើងកាលពី៥០ឆ្នាំមុន ព្រមទាំងបានបណ្តុះស្មារតីក្មេងជំនាន់ក្រោយឱ្យចេះអាណិតអាសូរចំពោះជីវិតលំបាក ដែលក្មេងៗបានជួបប្រទះក្នុងរបបខ្មែក្រហម។ ខ្សែភាពយន្តខ្លីដែលមានរយៈពេលត្រឹមជាង៦នាទីនេះ បានធ្វើឱ្យសិស្សទាំងនោះនឹកគិតដល់រឿងរ៉ាវដែលបានកើតឡើងកាលពីអតីតកាលនៅក្នុងប្រទេសរបស់ខ្លួន និងបានបង្ហាញឱ្យឃើញពីការបាត់បង់អ្វីៗគ្រប់យ៉ាង ប្រសិនជាអ្នកទាំងនោះរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តកុមារកម្ពុជា បានបណ្តុះគំនិតសិស្សឱ្យមានចិត្តអាណិតអាសូរចំពោះរឿងរ៉ាវដែលបានកើតឡើងលើកុមារតូចៗកម្ពុជាកាលពីរបបខ្មែរក្រហម។

សិស្សឈ្មោះ សុវណ្ណ គីមលាង ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សា ព្រុំ សុន ក្តីកណ្តាល បាននិយាយថា៖ «ប្រសិនជាជីវិតខ្ញុំស្ថិតនៅក្នុងរបបខ្មែរក្រហមដូចក្មេងៗនៅក្នុងភាពយន្តនេះ ជីវិតខ្ញុំពិតជាលំបាកវេទនាជាមិនខានឡើយ។ ជួនកាលត្រូវខ្មែរក្រហមយកទៅសម្លាប់ និងជួនកាលត្រូវស្លាប់ដោយសារជំងឺគ្មានថ្នាំព្យាបាល»។

សិស្សឈ្មោះ ខេង សុខលាភ ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាជាមួយគ្នា បានលើកឡើងថា ជីវិតគាត់នឹងជួបប្រទះទុក្ខវេទនាជាខ្លាំង និងអាចឈានដល់ការបាត់បង់ជីវិតដោយសារតែការសម្លាប់ដោយបោកក្បាលនឹងដើមឈើ ឬស្លាប់ដោយសារការអត់អាហារ និងគ្មានថ្នាំព្យាបាល។ សុខលាភ និយាយបន្តដូច្នេះថា៖ « ប្រសិនជាខ្ញុំស្ថិតនៅក្នុងរបបខ្មែរក្រហមដូចក្មេងៗនៅក្នុងភាពយន្តនេះ ជីវិតខ្ញុំនឹងវេទនា ព្រោះមិនមានបាយហូបគ្រប់គ្រាន់ និងត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយបោកក្បាលនឹងដើមឈើ។ រីឯពេលមានជំងឺ គឺគ្មានថ្នាំព្យាបាល ក៏ត្រូវស្លាប់ទៀត។ ពេលខ្លះអត់បាយហូប ក៏ហូបស្លឹកឈើ ហើយពេលខ្លះទៀត ដោយសារតែឃ្លានពេក ក៏លួចបេះដំណាំអង្គការហូប ហើយក៏ត្រូវខ្មែរក្រហមបាញ់សម្លាប់ ហើយឪពុកម្តាយខ្ញុំ ក៏ត្រូវសម្លាប់ទៀត»។

សិស្សឈ្មោះ អៀង ស្រីទីន ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ បាននិយាយស្រដៀងនឹង សុខលាភ និង គីមលាង ដែរថា ប្រសិនជាខ្ញុំរស់នៅក្នុងរបបខ្មែរក្រហម ជីវិតរបស់ខ្ញុំនឹងជួបប្រទះការលំបាកជាច្រើន ហើយទាំងខ្ញុំ និងឪពុកម្តាយ អាចស្លាប់ដោយអត់អាហារ ឬអាចត្រូវខ្មែរក្រហមសម្លាប់ទៀត។ ចំណែកសិស្សម្នាក់ទៀតដែលមានវ័យក្មេងជាងគេ ឈ្មោះ ថន ម៉ីម៉ី ភេទស្រី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៥ បានប្រាប់ថា ជីវិតគាត់ប្រាកដជាស្លាប់ជាក់ជាមិនខាន ប្រសិនជាគាត់រស់នៅក្នុងរបបខ្មែរក្រហម។ ម៉ីម៉ី និយាយដូច្នេះថា៖ «ប្រសិនជាខ្ញុំស្ថិតរស់នៅក្នុងរបបខ្មែរក្រហមដូចក្មេងៗនៅក្នុងភាពយន្តនេះ ខ្ញុំដឹងតែស្លាប់ហើយ»។

ស្រីទិន, សុខលាភ, គីមលាង និង ម៉ីម៉ី បានបង្ហាញពីអារម្មណ៍អាណិតអាសូរចំពោះជីវិតក្មេងៗទាំងនោះ និងសោកស្តាយចំពោះរឿងរ៉ាវលំបាកៗដែលបានកើតឡើងលើជីវិតកុមារក្មេងៗរស់នៅក្នុងរបបខ្មែរក្រហម។ គីមលាង, ស្រីទីន និង ម៉ីម៉ី និយាយដូចគ្នាថា៖ «បន្ទាប់ពីបានមើលភាពយន្តនោះរួច ខ្ញុំមានអារម្មណ៍អាណិតចំពោះក្មេងៗទាំងអស់នោះណាស់»។ សុខលាភ បានបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍អាណិត និងសោកស្តាយចំពោះក្មេងទាំងនោះជាខ្លាំង»។

ស្ថិតនៅក្នុងខែមិថុនា ជាខែដែលពិភពលោកកំណត់ពីការលើកកម្ពស់ និងការប្រឆាំងនឹងការធ្វើពលកម្មលើកុមារក្នុងពិភពលោក មានសិស្សានុសិស្សវ័យក្មេងជាច្រើននាក់ បានមកកាន់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដើម្បីសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម។ នេះជាអ្វីដែលក្មេងៗទាំងនោះគួរទទួលបាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងកិត្តិយសរបស់កុមារ និងដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ នៅឆ្នាំ១៩២៥ ទិវាកុមារអន្តរជាតិត្រូវបានប្រកាសជាលើកដំបូងនៅទីក្រុងហ្សឺណែវ ក្នុងអំឡុងពេលសន្និសីទពិភពលោកស្តីពីសុខុមាលភាពកុមារ។ នៅក្នុងប្រទេសកម្ពុជា ទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីជាកិត្តិយសដល់កុមារ។ នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ គឺជាទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ។ ប្រទេសកម្ពុជា ក៏ប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំដែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។

នៅក្នុងរបបខ្មែរក្រហម កុមារទាំងអស់ត្រូវបានបំបែកចេញពីឪពុកម្តាយឱ្យទៅរស់នៅក្នុងកងកុមារ បង្ខំឱ្យធ្វើការងារហួសកម្លាំង និងបំបិទការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់សម្រាប់កុមារ ក្នុងការកសាងប្រទេស។ ក្រោយរបបខ្មែរក្រហមដួលរលំ កុមារកម្ពុជារាប់សែននាក់បានបាត់បង់ឪពុកម្តាយ ក្លាយជាកុមារកំព្រា និងបាត់បង់ចំណេះដឹង។ វាសនារបស់អ្នកទាំងនោះ បានលិចបាត់ទៅក្នុងស្រមោលនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

កុមារកម្ពុជាសព្វថ្ងៃ មិនដូចកុមារកម្ពុជាកាលពី៥០ឆ្នាំមុនឡើយ។ អ្នកទាំងនោះ ទទួលបានការអប់រំល្អ ការរស់នៅសមរម្យ សិទ្ធិសេរីភាពប្រសើរឡើងទាំងការបញ្ចេញមតិ និងការគិតគូរពីអនាគត និងប្រទេសជាតិខ្លួន។ នៅដើមឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបោះពុម្ពសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ថ្មី ដោយរួមបញ្ចូលទាំងមេរៀន «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីផ្តល់ដល់សិស្សកម្រិតបឋមសិក្សា នូវការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ការរើបម្រាស់ចេញពីរបបនេះ និងការតស៊ូដើម្បីប្រជាជាតិ និងប្រទេសជាតិទទួលបានសុខសន្តិភាព។

ជារៀងរាល់ថ្ងៃ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងផ្តល់ការអប់រំពីប្រវត្តិសាស្ត្រនេះ ដល់សិស្សានុសិស្សគ្រប់កម្រិត នៅតាមមូលដ្ឋាននានាក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីជាជំនួយដល់ការសិក្សា ការស្វែងយល់ ការស្រាវជ្រាវ និងការចូលរួមអភិវឌ្ឍន៍ប្រទេសដោយគ្មានអំពើប្រល័យពូជសាសន៍។

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សា ព្រុំ សុន ក្តីកណ្តាល និងបានផ្តល់នូវការជួបពិភាក្សា រៀនសូត្រ និងបណ្តុះគំនិតពីភាពអាណិតអាសូរដល់ជីវិតរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ជាពិសេសកុមារតូចៗដែលខ្មែរក្រហមបង្អត់អាហារ ការបំបែកចេញពីឪពុកម្តាយ ការបង្ខាំងការសិក្សារៀនសូត្រ ការបង្ខំឱ្យធ្វើការហួសកម្លាំង ការធ្វើទារុណកម្ម និងការសម្លាប់ដោយអយុត្តិធម៌។ ជាដំបូង អ្នកទាំងនោះទទួលបានការណែនាំឱ្យទស្សនាពិព័រណ៍រូបថតអចិន្ត្រៃយ៍ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការស្វែងរកសន្តិភាព និងយុត្តិធម៌នៅកម្ពុជា។ បន្ទាប់មក សៀវភៅ និងឯកសារជាច្រើនស្តីពីប្រវត្តិសាស្ត្រនេះ ក៏ត្រូវបានបង្ហាញ។

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ទទួលស្វាគមន៍ជានិច្ចចំពោះភ្ញៀវទាំងឡាយ ដែលចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ខ្សែភាពយន្តឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមជាច្រើនរឿង ដែលមាននៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ត្រៀមនឹងចាក់បញ្ចាំងជូនភ្ញៀវដែលមានចំណាប់អារម្មណ៍ចង់ទស្សនាដើម្បីស្វែងយល់ និងស្រាវជ្រាវ។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖