ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក បានរួមចំណែកអនុវត្ត នយោបាយ ឈ្នះឈ្នះ និងការងារប្រវត្តិសាស្រ្តយោធា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើង​គោក កាលនៅជា​​អនុបញ្ជាការយោធាខេត្តតាកែវ និងជាមេបញ្ជាការយោធាប្រចាំទិសត្រពាំងអណ្ដើក ស្រុកត្រំាកក់ បានប្រថុយជីវិត ឡើងភ្នំឱរ៉ាល់អនុវត្ត នយោបាយឈ្នះ ឈ្នះ ដោយទៅបញ្ចុះ​បញ្ចូល មេទ័ពខ្មែរក្រហមនៃកងពលលេខ១៨ ឲ្យបញ្ចប់ការតស៊ូ និងចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាល​កម្ពុជា​។

អំឡុងឆ្នាំ១៩៩៦ ឯកឧត្តម បានទទួលសំបុត្រមួយច្បាប់ពី ឯកឧត្តម ប៉ុល សារឿន កាលនោះជាអគ្គបញ្ជាការរងកងយោធពល​ខេមរភូមិន្ទ ទទួលបន្ទុកសមរភូមិទិសនិរតី (បច្ចុប្បន្នឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី​)។ ​ ខ្លឹមសារសំបុត្រនោះ ឯកឧត្តម ស៊ាម ហ៊ ត្រូវធ្វើប្រតិបត្តិការពិសេសមួយដើម្បី​អនុវត្ត នយោ​បាយ​ឈ្នះ ឈ្នះ ហើយត្រូវនាំសំបុត្រទៅកាន់ ឯកឧត្តម កែវ ពង្ស ជាមេបញ្ជាការកងពលលេខ១៨ “ឱរ៉ាល់​​-កំពង់ស្ពឺ” (បច្ចុប្បន្ន ឯកឧត្តម កែវ ពង្ស ជា​រដ្ឋលេខា​ធិការ​​ក្រសួង​ការពារ​ជាតិ) ហើយប្រសិន​បើ​កងទ័ពខ្មែរក្រហមយល់ព្រមដាក់អាវុធចុះ​ចូលជាមួយរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលនឹងរក្សាសុវត្ថិភាព, អាយុជីវិត, ទ្រព្យសម្បត្តិ និងមុខតំណែង [ក្នុងរាជ​រដ្ឋាភិ​បាល​]​​។ កងយោធពលខេមរភូមិន្ទ បានអនុវត្តកាតព្វកិច្ចដ៏សំខាន់ក្នុងការជួយកសាងប្រទេស​ជាតិឡើងវិញ។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៦ សម្តេចនាយករដ្ឋមន្រ្តីទី២ បានអញ្ជើញទៅកាន់តំបន់ប៉ៃលិនជាលើកដំបូង។ សម្តេច បញ្ជាក់ថា ”ការចុះចូលជាមួយរាជរដ្ឋាភិបាលនេះមិនមែនជាការចុះចាញ់ ឬការសារភាពនោះទេ ប៉ុន្តែជាកាតព្វកិច្ចកូនខ្មែរ ដែលត្រូវខិតខំបញ្ចប់ជម្លោះដែលអ្នកជំនាន់មុនបង្កើត ហើយអ្នកជំនាន់ក្រោយត្រូវខិតខំរំលត់។ យោងតាមនយោបាយឈ្នះ ឈ្នះ បានបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ចប់ជម្លោះ​ប្រដាប់អាវុធគឺមិនអាចធ្វើទៅបាននោះទេ លុះត្រាតែមានការជួបពិភាក្សាគ្នារវាងភាគីទាំងពីរគឺរវាងខ្មែរ និងខ្មែរដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ប្រវត្តិសាស្រ្តបានបង្ហាញថា កងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការឈានទៅដល់ការបញ្ចប់សង្រ្គាមក្រោមការដឹកនាំ ដោយ​សម្តេចតេជោ ហ៊ុន សែន និងបានឈានទៅដល់ការបញ្ចប់ទាំងស្រុងនៃរបបខ្មែរក្រហមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោកបានឡើង​​ទៅ​ភ្នំ​ឱរ៉ាល់ដើម្បីទៅជួបផ្ទាល់ ជាមួយ​ ឯកឧត្តម កែវ ពង្ស ដែលពេលនោះជាមេបញ្ជាការកងពលលេខ១៨។ ឯកឧត្តម បញ្ជាក់ថាការឡើងទៅភ្នំឱរ៉ាល់នៅគ្រានោះ “ខ្ញុំត្រូវប្រថុយគ្រោះថ្នាក់ និងហានិភ័យដែលអាចកើតមានដល់អាយុជីវិត ព្រោះជាតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហម”។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលនោះ ក្នុងជួរមេដឹកនាំខ្មែរក្រហមកំពុងមានបញ្ហាផ្ទៃក្នុងមួយចំនួន និងនាំឲ្យការសន្ទនារវាង ឯកឧត្តម ស៊ាម ហ៊ និង​ ឯកឧត្តម កែវ ពង្ស ទទួលបានជោគជ័យរហូតការអនុវត្ត នយោបាយឈ្នះ ឈ្នះ ប្រព្រឹត្តទៅបានយ៉ាងរលូន​។ ឯកឧត្តម លើកឡើងបន្តថា ការជួបចរចាដំបូងបានទទួលលទ្ធផលល្អទើបឈានដល់ជំនួបជាមួយថ្នាក់ដឹកនាំដទៃៗទៀតរហូតបានរួមចំណែកជួយដល់ការអនុវត្ត នយោបាយឈ្នះ ឈ្នះ ហើយឈានដល់ការផ្សះផ្សាជាតិរវាងកងកម្លាំងខ្មែរក្រហម ជាមួយកងទ័ពនៃកងយោធពលខេមរភូមិន្ទ នាំមកនូវសន្តិភាពពេញលេញដល់ប្រជាជនកម្ពុជា។ ជាបន្តបន្ទាប់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ឯកឧត្តម បានចូលរួមចំណែកជាច្រើនក្នុងការអនុវត្ត នយោ​បាយ ​ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខ​សន្តិភាពពេញផ្ទៃប្រទេសនៅកម្ពុជា។

ខាងក្រោមនេះជាប្រវត្តិសង្ខេបឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក៖

ឯកឧត្តម ស៊ាម ហ៊  កើត​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៥៤ នៅ​ភូមិ​វាល ឃុំ​ខ្តាញ់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ហើយបច្ចុប្បន្ន ឯកឧត្តម រស់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម មានបងប្អូនចំនួនប្រាំនាក់ ក្នុងនោះស្រីម្នាក់(ស្លាប់ក្នុងរបបខ្មែរក្រហមអស់បីនាក់)។ កាលពីកុមារភាពក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ឯកឧត្តម បានចូលរៀននៅសាលាបឋមសិក្សាសាបាត និងបន្តទៅអនុវិទ្យាល័យក្រាំងស្លា ក្នុងឃុំខ្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ ឯកឧត្តម បានផ្លាស់​មករស់នៅសង្កាត់ចាក់អង្រែ ក្រុងភ្នំពេញ ជាមួយបងស្រីដែលជាគ្រូបង្រៀន ហើយ ឯកឧត្តម បន្តរៀនថ្នាក់ទី១ (សង្គមចាស់ បច្ចុប្បន្នថ្នាក់ទី១២) នៅវិទ្យាល័យចាក់អង្រែ។ នៅគ្រានោះ ឯកឧត្តម មានបំណងចង់ក្លាយជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ការសិក្សាត្រូវបានបញ្ចប់ ហើយខ្មែរក្រហមបានជម្លៀសដោយបង្ខំ ឯកឧត្តម និងគ្រួសារចេញពីក្រុងភ្នំពេញ។ គ្រួសារឯកឧត្តម បានចាកចេញពីភ្នំពេញឆ្ពោះទៅកាន់ស្រុកកំណើតឯខេត្តតាកែវ។ បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងអស់ជាច្រើនថ្ងៃ គ្រួសារឯកឧត្តម បានមកដល់ភូមិ​វាល ឃុំ​ក្តាញ់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ។ នៅពេលនោះ ឯកឧត្តម មានអាយុប្រហែល ២០ឆ្នាំ ក្នុងនាមជាប្រជាជនថ្មី “ប្រជាជន១៧មេសា” ត្រូវបានអង្គការចាត់តាំងឲ្យធ្វើស្រែ, ជីក​ប្រឡាយ និងរែកដី ដើម្បីកសាង​ទំនប់​ឈ្មោះ​ “ទំនប់​សែន​ភៀស” ក្បែរ​បឹង​ក្បាល​ពោធិ៍ ខេត្តតាកែវ។ ពេញរបបខ្មែរក្រហម ឯកឧត្តម ក៏ដូចប្រជាជនផ្សេងទៀតដែរបានជួបប្រទះទុក្ខលំបាក ធ្វើការហួសកម្លាំង និងហូបមិនគ្រប់គ្រាន់ជាហេតុនាំឲ្យរាងកាយស្គមកំព្រឹង។ ក្នុងរបបខ្មែរក្រហមបងប្រុសឯកឧត្តម បីនាក់ត្រូវបានខ្មែរក្រហមសម្លាប់ គឺបងប្រុសម្នាក់ជាគ្រូបង្រៀន និងពីរនាក់ទៀតដែលជាទាហាន លន់ នល់។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានរំដោះដោយកងទ័ពរណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។  គ្រួសារឯកឧត្តម និងប្រជាជនទាំងអស់​បានរស់នៅជួបជុំសមាជិកគ្រួសាររៀងៗខ្លួនវិញ។

ចាប់ពីចុង​ឆ្នាំ​១៩៧៩ រហូតដល់ឆ្នាំ១៩៨៥ ឯកឧត្តម បានបម្រើការងារជា​គណៈកម្មាការឃុំ និង​ជា​ប្រធាន​ក្រុម​ឃោសនា​ឃុំ​តាំងយ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។ ការងារឯកឧត្តម គឺធ្វើការផ្ទាល់ជាមួយប្រជាជននៅតាមមូលដ្ឋានដែលគាត់បញ្ជាក់ថាជាការងារដែលគាត់ចូលចិត្តព្រោះមានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ និងបានដឹងពីសុខទុក្ខប្រជាជន។ នៅឆ្នាំ១៩៨៦ ឯកឧត្តម ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរនយោបាយយោធាខេត្តតាកែវ។ រហូតដល់​ឆ្នាំ​១៩៩៣ ឯកឧត្តម ​ត្រូវ​បានដំឡើង​ជាអនុបញ្ជាការយោធាខេត្តតាកែវ។ ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០១ ឯកឧត្តម ត្រូវបានដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ឯក នាយរងសេនាធិការភូមិភាគទី៣។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣ ឯកឧត្តម ជានាយរងការិយាល័យការពារព្រំដែនគោក និងជានាយរងសេនាធិការ កងទ័ពជើងគោក។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ត្រូវបានតែងតាំងជាឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពជើងគោក។ ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន ឯកឧត្តម ជា​ឧត្តមសេនីយ៍ឯក ​មេបញ្ជាការរងកងទ័ពជើងគោក​ ហើយ ឯកឧត្តមជាប្រធានគណៈកម្មការប្រវត្តិសាស្រ្តយោធា នៃកងទ័ពជើងគោក ដែលបានរួមចំណែកកសាង​វិមានឈ្នះ ឈ្នះ និង​​សួន​​តេជោ​​សន្តិភាព​។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទទួលបាននូវគ្រឿងឥស្សរិយយស «ជាតូបកា​រ​» ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនសម្រាប់ការបម្រើជាតិដ៏វិសេសវិសាល។

ឯកឧត្តម ក៏ធ្លាប់ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និងចូលរួម​ការបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រសម​រភូមិ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងសាធារណរដ្ឋប្រជាមានិតចិន​។ ឯកឧត្តម ក៏បាន​ដឹកនាំការស្រាវជ្រាវ និងចងក្រងប្រវត្តិ​សាស្ត្រ​​យោធា ជាការងារមួយដែលឯកឧត្តមពេញចិត្តយ៉ាងខ្លាំងព្រោះពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត។ ជាងនេះទៅទៀត នៅ​ឆ្នាំ២០១៣ ឯកឧត្តម បាន​ចូល​រួម​ចំណែក​ក្នុង​ការក​សាង​វិមានឈ្នះ ឈ្នះ និង​​សួន​​តេជោ​​សន្តិភាព​។ នៅសួនតេជោសន្តិភាព មានការដាក់តាំងបង្ហាញផែនទី និងផ្ទាំងថ្មជារូបភ្នំ ដែលបង្ហាញពីកន្លែងអតីតសមរភូមិប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ព​រដ្ឋាភិបាល ព្រមទាំងពិព័ណ៌នាអំពីទីតាំងនានាដែលបានអនុវត្ត នយោបាយឈ្នះ ឈ្នះ។ ការចូលរួមឯកឧត្តម ក្នុងប្រវត្តិសាស្រ្តយោធាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាចំណេះដឹងប្រវត្តិសាស្ត្រ ដោយធានាថាក្មេងជំនាន់ក្រោយយល់ពីបរិបទពិតនៃជម្លោះអតីតកាល។

ឯកឧត្តម ក៏បានកោតសរសើរដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានធ្វើកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយ​បានដឹង និងរៀនសូត្រ​។ ឯកឧត្តម ក្នុងនាមជា មេបញ្ជាការរងកងទ័ពជើងគោក បានសហការយ៉ាងល្អជាមួយ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការរៀបចំ​សន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍” នៅសាលយុត្តិតេជោ អតីតសាលសវនាការអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានការអញ្ជើញបើកសន្និសីទដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបិទអង្គសន្និសីទដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ថ្វីត្បិតតែមានវ័យ​ចំណាស់ និងមានបញ្ហាសុខភាពមួយចំនួនផង ប៉ុន្តែ ឯកឧត្តម នៅតែបន្តបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ដ៏មានតម្លៃទាក់ទងនឹងប្រវត្តិសាស្រ្តយោធា និងបទពិសោធនៃការរួមចំណែកក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ នាពេលកន្លងមក ទៅកាន់មនុស្សជំនាន់ក្រោយដើម្បីឲ្យការងារប្រវត្តិសាស្ត្រយោធាកាន់តែរីកចម្រើនទៅមុខបន្តទៀត។

អត្ថបទ ៖ អេង សុខម៉េង បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖