សិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១១ ចំនួន១៥នាក់ ក្នុងនោះមានស្រី១០នាក់ មកពីវិទ្យា​ល័យ ហ៊ុន សែន កំពង់លាវ។ សិស្សានុសិស្សទាំងនេះមានបំណងចង់ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទស្សនាផ្ទាំងពិព័រណ៍រូបថតដែលដាក់តម្កល់នៅខាងក្នុង និងខាងក្រៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។

ក្នុងរយៈពេលកន្លងមកសម្រាប់ឆ្នាំ២០២៥នេះ ក្រោមការចង្អុលបង្ហាញ និងណែនាំពីគ្រូបង្រៀនរបស់ខ្លួន សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ជាច្រើននាក់ បានមកសិក្សារៀនសូត្រពីប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម តាមរយៈការទស្សនាខ្សែភាពយន្តឯកសារ ពិព័រណ៍រូបថត អានសៀវភៅ និងឯកសារ និងពិភាក្សាពីចម្ងល់ផ្សេងៗទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានណែនាំក្រុមសិស្សទាំងអស់ឱ្យពិនិត្យមើលផ្ទាំងពិព័រណ៍រូបថត និងពន្យល់ពីខ្លឹមសារនៃផ្ទាំងពិព័រណ៍នីមួយៗ។ បន្ទាប់មក សិស្សមានពេលវេលាផ្ទាល់ខ្លួនខ្លះដើម្បីអានឯកសារខ្មែរក្រហមដែលតម្កល់នៅក្នុងការិយាល័យ។

បន្ទាប់មក សិស្សបានទៅកាន់ថ្នាក់រៀន ដើម្បីរៀនពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានសំណេះសំណាលជាមួយសិស្សានុសិស្ស និងបានពិភាក្សអំពីជំពូកមេរៀនដែលសិស្សចង់ពិភាក្សា។ សិស្សបានប្រាប់ថា ខ្លួនចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ដោយ​សារមិនមានពេលវែងដើម្បីពន្យល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមទាំងមូល លោក ផេង ពង្សរ៉ាស៊ី បានសម្រេចចិត្តដឹកនាំការពិភាក្សាអំពី «ថ្ងៃ២០ ឧសភា ឆ្នាំ១៩៧៥ និងរឿងរ៉ាវដែលបានកើតឡើងបន្ទាប់ពីថ្ងៃនោះ»។

មុនដំបូង លោក ផេង ពង្សរ៉ាស៊ី បានសួរសំណួរទៅកាន់សិស្សថា «តើថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃអ្វី?» និង «តើធ្លាប់បានចូលរួមក្នុងកម្មវិធី ឬធ្លាប់មើលការផ្សាយពីកម្មវិធីដែលត្រូវបានរៀបចំឡើង​នៅថ្ងៃ២០ ឧសភា ដែរឬទេ? សិស្សពិតជាមិនបានចងចាំឡើយថា តើថ្ងៃទី២០ ខែឧសភា ជាថ្ងៃអ្វី ហើយក៏មិនដែលបានចូលរួមក្នុងកម្មវិធីនេះពីមុនមកដែរ។ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ពី «ទិវា​ជាតិនៃការចងចាំ» និងមូលហេតុដែលប្រជាជនកម្ពុជាហៅថ្ងៃនេះថា «ទិវាចងកំហឹង» ព្រមទាំងព្រឹត្តិការណ៍ឃោរឃៅនានាដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ដួចជា ការជម្លៀសប្រជាជនដោយបង្ខំ ការបង្អត់អាហារ ការធ្វើការហួសកម្លាំង ការនិរាសព្រាត់ប្រាស ការធ្វើទារុណកម្ម និងការកាប់សម្លាប់។ អមជាមួយនឹងការបង្រៀននេះ លោក ផេង ពង្សរ៉ាស៊ី បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមួយចំនួនឱ្យសិស្ស​ទស្សនា បង្ហាញអំពីការកាប់សម្លាប់មនុស្ស ការធ្វើទារុណកម្មមនុស្ស ការបង្អត់អាហារ ការធ្វើការហួសកម្លាំង និងការនិរាសព្រាត់ប្រាស បន្ទាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖

អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) សហការជាមួយអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី»