ការប៉ះទង្គិចគ្នាថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យជម្លោះដ៏រ៉ាំរ៉ៃមួយជុំវិញបញ្ហាព្រំដែនកម្ពុជាផ្ទុះឡើងវិញ ក៏ប៉ុន្តែទោះបីជាព្រឹត្តិការណ៍នេះបង្កជាសោកនាកម្ម និងភាពចម្រូងចម្រាស យ៉ាងណាក្តី ជាពិសេសករណីនៃការស្លាប់របស់យុទ្ធជនកម្ពុជាម្នាក់ដែលជាក់ស្តែងអាចបញ្ចៀសបាន គឹសុទ្ធតែមិនមែនជាបញ្ហប្រឈមចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដែលយើងគួរភ័យខ្លាចនោះឡើយ។
អធិបតេយ្យភាពរបស់កម្ពុជា គឺធំធេងណាស់ លើសពីការប៉ះទង្គិច និងជម្លោះព្រំដែនទ្រង់ទ្រាយតូចជាមួយប្រទេសជិតខាង។ ប្រជាជនកម្ពុជាគួរមានមោទកភាព និងទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តសកម្មភាពប្រកបដោយវិន័យ វិជ្ជាជីវៈ និងយុទ្ធសាស្ត្រការទូត ក្នុងការដោះស្រាយជម្លោះតាមវិធីសាស្ត្រដ៏ល្អប្រសើរបំផុតឆ្ពោះទៅសន្តិភាព ព្រមទាំងអាចរក្សាបាននូវសេចក្ដីថ្លៃថ្នូររបស់កម្ពុជា។ នេះគឺជាពេលវេលាមួយ សម្រាប់មោទកភាពជាតិ និងការរួបរួមជាតិ។
អធិបតេយ្យភាពរបស់ប្រជាជាតិខ្មែរ បានលាតសន្ធឹងមកអស់រយៈកាលជាច្រើនសតវត្សរ៍ ហើយប្រជាជនខ្មែរបានរក្សាពង្សាវតារបស់ខ្លួនបានជាច្រើនជំនាន់ អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ហេតុនេះ បញ្ហាប្រឈមចំពោះអធិបតេយ្យភាពនៃប្រទេសរបស់យើង គួរតែត្រូវវិភាគដោយគិតគូរពីប្រវត្តិសាស្ត្រនេះ។ ទន្ទឹមនឹងនេះដែរ អធិបតេយ្យភាពរបស់ប្រជាជាតិមួយ គឺមិនមែនសំដៅតែទៅលើការការពារព្រំដែនទេ។ ផ្ទុយទៅវិញ នៅក្នុងសង្គមទំនើប អធិបតេយ្យភាព គឺជាការកួចត្របាញ់បញ្ចូលគ្នានូវការប្តេជ្ញាចិត្ត និងធនធានជាយុទ្ធសាស្ត្រពីសំណាក់ពលរដ្ឋ, យោធា, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន នៅក្នុងការការពារជាតិ។
អធិបតេយ្យភាពរបស់កម្ពុជា គឺជាសមិទ្ធផលពីការគិតគូររបស់សង្គមទាំងមូល ដែលលើសពីស្ថានការណ៍, បញ្ហា និងការប្តេជ្ញាចិត្តជាក់លាក់ចំពោះវិបត្តិបច្ចុប្បន្នជាមួយប្រទេសថៃ។
អធិបតេយ្យភាពរបស់កម្ពុជាកំពុងប្រឈមនឹងហានិភ័យ ប៉ុន្តែមិនមែនដោយសារតែជម្លោះព្រំដែនបច្ចុប្បន្ននេះទេ។
ផ្ទុយទៅវិញ អធិបតេយ្យភាពរបស់យើង កំពុងប្រឈមនឹងហានិភ័យ ក្នុងនិន្នាការរយៈពេលវែង (គឺក្នុងរយៈកាលរយឆ្នាំទៅមុខ) ដោយកើតមានលើប្រទេសជាច្រើន ដែលមានសន្ទុះនៃការអភិវឌ្ឍលឿនគួរជាទីកត់សម្គាល់។ សន្ទុះនៃការអភិវឌ្ឍន៍លឿនគួរជាទីកត់សម្គាល់ អាចផ្តល់ជាអារម្មណ៍ស្រណុកសុខស្រួល និងទំនុកចិត្ត ក៏ប៉ុន្តែយើងមិនត្រូវបាត់បង់ការផ្តោតអារម្មណ៍ ថាមពល ឬការប្តេជ្ញាចិត្តចំពោះបញ្ហាដែលមិនទាន់ដោះស្រាយនៅថ្ងៃនេះ និងបញ្ហាប្រឈមនៅថ្ងៃស្អែកនោះទេ។
អធិបតេយ្យភាពរបស់កម្ពុជា ត្រូវបានគំរាមកំហែងដោយនិន្នាការផ្ទៃក្នុងដែលមិនអាចមើលឃើញ និងកៀរគរបន្តិចម្តងៗ ចេញពីបញ្ហាតូចតាច, ភាពខ្ជិលច្រអូស, ភាពព្រងើយកន្តើយ និងភាពល្ងង់ខ្លៅ ដែលកើតឡើងនៅពេលដែលប្រជាជនបានឃ្លាតចាកឆ្ងាយពីអតីតកាលដ៏សោកសង្រេង។ បញ្ហាប្រឈមសម្រាប់អនាគត នឹងមិនបង្អែបង្អង់ចំពោះប្រជាជនកម្ពុជានោះទេ ហើយបញ្ហាទាំងនោះ គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ចំពោះអធិបតេយ្យភាពរបស់យើង ជាងបញ្ហាព្រំដែនទៅទៀត។ យើងកំពុងស្ថិតនៅដំណាក់កាលនៃការផ្លាស់ប្ដូរដ៏សម្បើមមួយ។ យើងមិនត្រូវព្រងើយកន្តើយ ចំពោះការរំលោភបំពានព្រំដែននោះទេ ប៉ុន្តែយើងមិនគួរជាប់ជំពាក់ជាមួយនឹងបញ្ហានេះ ហើយភ្លេចអំពីការវិវត្តឥតឈប់ឈរ ដែលកំពុងកើតមាននៅក្នុងតំបន់ លើសកលលោក និងនៅក្នុងជំនាន់នេះឡើយ។ ប្រជាជនកម្ពុជា ត្រូវខិតខំប្រឹងប្រែងឱ្យស្វាហាប់ជាងមុន ឈ្លាសវៃជាងមុន និងឱ្យមានប្រសិទ្ធភាពជាងមុន ប្រសិនបើយើងមិនមែនចង់បានត្រឹមតែការអាចរស់រានមានជីវិត ក៏ប៉ុន្តែសម្រេចបាននូវការរីកចម្រើនទៅមុខនៅក្នុងតំបន់និងពិភពលោក។ កម្ពុជា គួរប្រើប្រាស់ឱកាសនៃការឈ្លានពានដោយប្រទេសថៃ (និងការរំលោភបំពានពីមុនៗ) នេះគឺមិនមែនដើម្បីបង្ហាញអារម្មណ៍ ក៏ប៉ុន្តែជាកម្លាំងជំរុញសមហេតុសមផលក្នុងការអនុវត្តសកម្មភាព និងការវិនិយោគជាយុទ្ធសាស្ត្រ ប្រកបដោយការយល់ដឹង ដែលនឹងធានានូវអធិបតេយ្យភាពរបស់កម្ពុជាសម្រាប់ អនាគត។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា