ខួប៥ឆ្នាំព្រះរាជបណ្ណាល័យហ្លួងម៉ែ

ព្រះរាជបណ្ណាល័យហ្លួងម៉ែសូមព្រះរាជានុញ្ញាតក្រាបថ្វាយបង្គំសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

ព្រះរាជ​បណ្ណាល័យហ្លួងម៉ែ រចនាឡើងក្នុងនាមជា​បូជនីយដ្ឋានពហុវិស័យ​ ដែល​តំណាង​ឱ្យសាមគ្គីភាព និង​ការចងចាំថ្នាក់ជាតិ​របស់កម្ពុជា។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា ប្តេជ្ញា​ចំពោះការបង្កើត​បូជនីយដ្ឋាននេះ ដើម្បីជាកេរដំណែលថ្វាយចំពោះ​សម្តេចព្រះមហាក្សត្រី ព្រះ​វររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល និង​ស្ត្រីកម្ពុជាជារួម។

ក្នុង​នាមជា​តង្វាយ​ថ្វាយ​​ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុ​និនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព​ សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជា​និមិត្ត​រូប​នៃព្រះរាជតួនាទីដ៏មាន​ឥទ្ធិពល​ប៉ុន្តែប្រកបដោយ​ភាព​សាមញ្ញ​របស់​ព្រះអង្គ​ ក្នុងព្រះរាជកិច្ច​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ស្តារ​ឡើង​វិញនូវស្ថិរភាព​របស់ព្រះរាជា​ណាចក្រកម្ពុ​ជា, បំភ្លឺ​សេចក្តីសង្ឃឹមជាថ្មីម្តងទៀត ព្រមទាំងព្រះរាជកាយវិការ​​សន្តោសប្រោសព្រំចំពោះ​ភាពប្រសើរ​ថ្លៃថ្លា និង​តម្លៃមនុស្ស​ជាតិ​នៅក្នុង​សង្គម​កម្ពុជា ក៏ដូចជារំលេច​អំពី​​ភាពចាំបាច់​នៃ​សុច្ចរិតភាព​ក្នុង​ការ​រក្សា​នូវ​សម្ព័ន្ធភាពល្អប្រសើរ​​ជាមួយសង្គមខាងក្រៅ នៅក្នុង​បរិបទ​ចម្រូងចម្រាស់​​នៃ​​ពិភពលោកសព្វថ្ងៃ​។ បូជនីយដ្ឋាននេះ នឹង​បំពេញតួនាទីជា​ការក្រើន​រំឭកចំពោះ​ព្រះរាជ​តួនាទី​ដ៏សំខាន់​ជានិរន្តរបស់​ព្រះអង្គ​ ដែល​ជា​កត្តា​ជំរុញ​ស្មារតី​សម្រាប់​មនុស្ស​ជំនាន់ក្រោយ​ ចំពោះការ​តស៊ូយ៉ាងស្វិតស្វាញ​​របស់​ប្រជាជាតិនេះ ក្នុងដំណើរ​​សះស្បើ​យ​និង​ស្តារឡើងវិញរបស់​ខ្លួន​។

នៅក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង​ឥតស្រាកស្រាន្ត និង​យ៉ាងប្តូរផ្តាច់​របស់​ខ្លួន ដែល​តែង​តែ​ប្រព្រឹត្តទៅ​យ៉ាង​ស្ងប់​ស្ងាត់ ស្ត្រីកម្ពុជា​បាន​រែក​ពុន​បន្ទុក​ក្នុង​ការ​រក្សាស្ថិរភាព កសាង​ឡើងវិញ និង​ផ្តល់​អានុភាព​ដល់​សង្គម​កម្ពុជា នៅក្នុង​យុគសម័យ​ដ៏ខ្មៅងងឹត តាមរយៈការ​ផ្តល់​កំណើត​និង​បីបាច់ថែរក្សា​កូនចៅ និង​កសាងគ្រួសារ​ដែលទទួល​រងភាពខ្ទេចខ្ទាំថ្វីត្បិតតែ​​មិនមែនជាកំហុសរបស់​ខ្លួនយ៉ាង​ណាក្តី​។​ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នឹង​ជា​និមិត្ត​រូប​នៃ​សេចក្តីប្តេជ្ញា​តស៊ូ​របស់​ស្ត្រី​កម្ពុជា ក្នុង​ការ​បង្កើត​ជាថ្មី​នូវ​ទំនៀមទម្លាប់ពីបូរាណកាល​នៃ​តម្លៃនិង​វប្បធម៌របស់​កម្ពុជា, ពង្រីក​ឱកាស​សេដ្ឋកិច្ច និង​អភិរក្ស​កេរដំណែលនៃ​សហគមន៍​ដ៏​រឹងមាំ។ ស្ត្រី​កម្ពុជា តំណាង​ឱ្យភាព​អង់អាច និង​សុទិដ្ឋិនិយមរបស់​កម្ពុជា​ ដែលជា​និមិត្តរូប​ដ៏ប្រពៃ​ ដែល​ព្រះរាជបណ្ណាល័យ​ហ្លួងម៉ែ ព្យាយាមរក្សា​និង​រំលេច​ចេញ​ដោយ​មោទកភាព។​

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖