មជ្ឈមណ្ឌលឯកសារកម្ពុជា បានចេញសេចក្តីអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការចងក្រងឯកសារប្រវត្តិសាស្រ្តផ្ទាល់មាត់ និងធ្វើឱ្យស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានប្រសើរឡើង ដោយលើកឡើងថាពេលវេលាកាន់តែខើច ខណៈចំនួនប្រជាជនដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមកាន់តែចាស់ទ្រុឌទ្រោម និងមានអ្នកស្លាប់ជាបន្តបន្ទាប់។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ទោះបីជាយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម មិនអាចសម្រេចបានពេញលេញតាមការចង់បានរបស់ប្រជាជនទាំងអស់យ៉ាងណាក៏ដោយ ប៉ុន្តែវាចាំបាច់ណាស់ក្នុងការថែរក្សារឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការថែរក្សាសុខភាពរបស់គាត់ឱ្យប្រសើរឡើងសម្រាប់ការផ្សះផ្សាជាតិ ការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ និងការអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។
លោក ឆាំង យុ បានបន្តថា «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលបានបំផ្លាញភាពជាមនុស្សជាតិរបស់ប្រជាជនកម្ពុជា»។ មជ្ឈមណ្ឌលឯកសារកម្ពុជាចង់ស្តារភាពជាមនុស្សជាតិរបស់ប្រជាជនកម្ពុជាទាំងអស់ មិនត្រឹមតែជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងអ្នកដែលធ្លាប់ប្រព្រឹត្តអំពើឃោរឃៅថែមទៀតផង»។
ចាប់តាំងពីឆ្នាំ២០១៧មក មជ្ឈមណ្ឌលឯកសារកម្ពុជាបានពង្រីកការងាររបស់ខ្លួនលើសពីការចងក្រងឯកសារប្រវត្តិសាស្ត្រផ្ទាល់មាត់ ដើម្បីរួមបញ្ចូលការងារផ្នែកសុខភាពដែលជាគោលដៅចម្បងដើម្បីលើកកម្ពស់ស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យបានប្រសើរឡើង ជាពិសេសអ្នកដែលរស់នៅតាមសហគមន៍ដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមមាន ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពសាធារណៈ និងការកែលម្អលទ្ធភាពទទួលបានការថែទាំផ្នែកវេជ្ជសាស្រ្តជាមូលដ្ឋាន។ ការស្រាវជ្រាវក៏ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងតំបន់ដែលជារឿយៗស្ថិតនៅក្រៅពីលទ្ធភាពនៃការផ្តួចផ្តើមឱ្យមានការអភិវឌ្ឍន៍។
នៅឆ្នាំ២០២០ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជ្រើសរើស «អ្នកស្ម័គ្រចិត្តកម្ពុជា» ឬហៅកាត់ជាភាសាអង់គ្លេសថា «CamboCorps» ដើម្បីចុះទៅសួរនាំអំពីសុខភាព និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥០,០០០នាក់ ដែលរស់នៅតាមតំបន់ដាច់ស្រយាល ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសអំឡុងពេល និងក្រោយពេលរាតត្បាតនៃជំងឺកូវីដ-១៩។ កម្មវិធីសុខភាពនិងប្រវត្តិសាស្រ្តនេះបានរកឃើញជំងឺទូទៅមួយចំនួន ដែលតែងតែកើតឡើងចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានដូចជា៖ ជំងឺលើសឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ជំងឺរបេង និងមហារីកសុដន់។
ជាច្រើនឆ្នាំក្រោយមក នៅពេលដែលក្រុមការងារត្រឡប់ទៅសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះវិញ គឺភាគច្រើនគាត់លែងនៅជាមួយយើងទៀតហើយ។ «នេះមិនមែនជាការប្រមាថជីវិតនោះទេ ប៉ុន្តែជាក្តីបារម្ភសម្រាប់ជាតិ ដែលថាមនុស្សជំនាន់ក្រោយនឹងលែងមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីប្រាប់ដោយផ្ទាល់អំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា»។
លោក ឆាំង យុ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការថែរក្សារឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មិនត្រឹមតែសម្រាប់គោលបំណងទុកជាឯកសារតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាទម្រង់នៃយុត្តិធម៌ និងការផ្សះផ្សាជាតិ។ លោក ឆាំង យុ បានបន្តថា «យើងជឿជាក់ថា យើងកំពុងបន្តការងារយុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទោះបីជាយើងបានដឹងតាំងពីដំបូងថាសោកនាដកម្ម និងភាពអយុត្តិធម៌ដែលប្រជាជនកម្ពុជាទទួលរងក្នុងរបបខ្មែរក្រហមគឺធំធេង ដែលគ្មានអ្វីអាចជំនួស ឬផ្តល់សំណងដល់គាត់បានឡើយ»។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការជួយ និងគាំទ្រដល់អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍»។ ការបាត់បង់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអត្ថន័យជ្រាលជ្រៅសម្រាប់មនុស្សជំនាន់ក្រោយ ដែលអាចធំឡើងដោយមិនដឹងថាមានការកាប់សម្លាប់ដែលបានកើតឡើងនៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅពេលដែលប្រជាជនកម្ពុជាជិត២លាននាក់បានបាត់បង់ជីវិតក្រោមរបបឃោរឃៅខ្មែរក្រហម។
លោក ឆាំង យុ បានលើកឡើងថា «នៅក្នុងប្រទេសកម្ពុជាមានអ្នករស់នៅឆ្លងកាត់របបរបបខ្មែរក្រហម និងអ្នកដែលកើតក្រោយទសវត្សរ៍ឆ្នាំ១៩៩០»។ «យុវជនដែលកើតក្រោយអតីតកាលដ៏លំបាករបស់កម្ពុជាតែងតែមានគំនិតបើកចំហ ជឿជាក់ និងសុទិដ្ឋិនិយមចំពោះអនាគត និងការទំនាក់ទំនងជាមួយពិភពលោក ជាងមនុស្សជំនាន់មុន ដែលនៅតែដិតដាមជាមួយអតីតកាល»។
លោក ឆាំង យុ បានមើលឃើញពីក្តីសង្ឃឹម និងទំនួលខុសត្រូវរបស់យុវជនជំនាន់ក្រោយ។ «ពេលវេលាដើម្បីដឹកនាំរបស់យុវជនជំនាន់ក្រោយគឺឥឡូវនេះ ហើយវាជាបន្ទុកសម្រាប់មនុស្សជំនាន់មុនក្នុងការបង្ហាត់បង្រៀន និងរំឭកយុវជនជំនាន់ក្រោយ អំពីអតីតកាលដែលលំបាកលំបិន»។ «ប៉ុន្តែក៏ផ្តល់ឱ្យយុវជនទាំងនេះនូវភាពក្លាហាន ដែលជាអនាគតពិតប្រាកដដែលយុវជនជំនាន់ក្រោយស្រមៃទៅដល់ ដើម្បីសម្រេចបំណងផ្ទាល់ខ្លួន»។
មជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ និងបានខិតខំប្រឹងប្រែងដើម្បីចងក្រងឯកសារអំពីសម័យខ្មែរក្រហម ដោយបានផ្តល់នូវភស្តុតាងសំខាន់ៗជាច្រើនលើសលុបសម្រាប់ប្រើប្រាស់ក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការលើកកម្ពស់ការអប់រំ និងការផ្សះផ្សាជាតិ។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា