នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សិស្សានុសិស្សនៃអនុវិទ្យាល័យថ្លាតចំនួន៦នាក់ បានមកសិក្សាស្វែងយល់ពីឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺជាទីកន្លែងដែលមានតម្កល់ឯកសារ សៀវភៅ បទសម្ភាសន៍របស់អ្នករស់រានមានជីវិតរបបខ្មែរក្រហម សម្រាប់សាធារណជនធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសឯកសារប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ កន្លងមកនេះ មានសិស្សានុសិស្ស អ្នកស្រាវជ្រាវជាតិ អន្តរជាតិ បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីមកសិក្សាស្វែងយល់រឿងរ៉ាវដែលបានកើតឡើងនៅតំបន់អន្លង់វែងកាលពីអតីតកាល។
នៅក្នុងថ្ងៃនេះ សិស្សានុសិស្សនៃអនុវិទ្យាល័យថ្លាត បានធ្វើដំណើរមកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទទួលស្វាគមន៍ និងឱ្យសិស្សអង្គុយលើកៅអីជុំវិញតុឈើវែងមួយទល់មុខទូរទស្សន៍ដែលនឹងចាក់បញ្ចាំង «ប្លង់គោលស្រុកអន្លង់វែង»។ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាអ្នកធ្វើបទបង្ហាញ និងពិភាក្សាជាមួយសិស្សានុសិស្សជុំវិញប្លង់គោលស្រុកអន្លង់វែង។ ទន្ទឹមនឹងនេះ បណ្ឌិត លី សុខឃាង បានលើកយកតំបន់ប្រវត្តិសាស្រ្តទាំង១៤កន្លែងដែលជាទីកន្លែងសំខាន់ៗដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកសិក្សាស្រាវជ្រាវ និងមកកម្សាន្ត។ ចំណុចសំខាន់មួយទៀត គឺការកែប្រែតំបន់អន្លង់វែងឱ្យក្លាយទៅជាទីក្រុងតូចមួយ ដោយមានការរៀបចំបង្កើតទីកន្លែងទេសចរណ៍ផ្សារភ្ជាប់ទៅតំបន់ប្រវត្តិសាស្រ្ត ភោជនីយដ្ឋាន ប្រព័ន្ធទឹក ផ្លូវ សំណង់អគារ រោងចក្រ និងប្រជាជនជាដើម។ តាមរយៈខ្សែអំបោះនៃផ្លូវដើរថ្មើរជើង គឺជាព្រំដែនការពារពីអំពើអាក្រក់ពីការឈ្លានពាន និងព្រាយបិសាច។ ការអភិវឌ្ឍន៍តំបន់អន្លង់វែង ភ្ជាប់ទៅតំបន់អូរស្មាច់ ដែលស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែក។ ទន្ទឹមនឹងនេះ ការផ្សារភ្ជាប់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង ទៅកាន់ខេត្តសៀមរាប ទាក់ទងទៅនឹងផ្នែកវប្បធម៌ ដែលបានឆ្លុះបញ្ចាំងពីអរិយធម៌ខ្ពស់បំផុត និងដុនដាបបំផុតរបស់ប្រទេសកម្ពុជា។ ចំណុចទាំងអស់នេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកដល់ស្រុកអន្លង់វែងដើម្បីកម្សាន្ត និងចងចាំមិនភ្លេច។ ចំណែកប្រជាជននៅមូលដ្ឋានក៏អាចទទួលបានកម្រៃពីភ្ញៀវទេសចរណ៍ ធ្វើឱ្យប្រជាជនមានជីវភាពធូរធារជាងមុនមួយកម្រិត។
ក្នុងការពិភាក្សានេះ បណ្ឌិត លី សុខឃាង បានផ្ដល់ឱកាសឱ្យសិស្សានុសិស្សបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនទាក់ទងអំពី «តើត្រូវធ្វើយ៉ាងណាដើម្បីធ្វើឱ្យតំបន់អន្លង់វែងមានភ្ញៀវទេសចរណ៍ស្គាល់ច្រើន និងមានសក្កានុពលខ្លាំង»។ ក្នុងចំណោមសិស្សទាំង៦នាក់ បានលើកឡើងពីគំនិតផ្សេងៗពីគ្នាដូចតទៅ៖ ត្រូវខិតខំរៀនសូត្រ ដើម្បីមានឱកាសរកការងារធ្វើ, ត្រូវស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ការរស់នៅក្នុងសង្គម, ខិតខំស្រាវជ្រាវទាក់ទងពីប្រវត្តិសាស្រ្តដែលកើតមាននៅតំបន់អន្លង់វែង ដើម្បីជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្ត, ត្រូវធ្វើជាយុវជនគំរូ មិនឆ្មើងឆ្មៃ ចេះគោរពអ្នកដទៃ ដើម្បីក្លាយជាពលរដ្ឋល្អនៅក្នុងសហគមន៍របស់ខ្លួន, ថែរក្សាតំបន់ប្រវត្តិសាស្រ្តដែលនៅសេសសល់ពីរបបខ្មែរក្រហម និង ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឯងដើម្បីថ្ងៃមុខមានលទ្ធភាពជួយផ្សព្វផ្សាយពីសហគមន៍របស់ខ្លួនទៅកាន់មហាជនឲ្យបានស្គាល់។
បន្ទាប់ពីទស្សនា «ប្លង់គោលស្រុកអន្លង់វែង» សិស្សានុសិស្សទាំង៦នាក់ក៏បានសម្ដែងការយល់ឃើញរបស់ខ្លួនដូចខាងក្រោម៖
ព្រុំ ដែន ភេទស្រី អាយុ១៥ឆ្នាំ បានលើកឡើងថា «ខ្ញុំពិតជាចង់ឃើញស្រុកអន្លង់វែងមានការអភិវឌ្ឍន៍ និងមានកំណើនប្រជាជនរស់នៅច្រើនជាងពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់ឱ្យមានអាគារធំៗកើតមានជាបន្តបន្ទាប់នៅក្នុងស្រុកអន្លង់វែងដែរ។ ខ្ញុំពិតជាមានអារម្មណ៍រីករាយដែលបានមកចូលរួមស្ដាប់ការបកស្រាយពន្យល់ទាក់ទងជាមួយប្លង់គោលស្រុកអន្លង់វែង»។
ឈុន ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ បានរៀបរាប់ថា «ក្រោយពីខ្ញុំបានស្ដាប់ការបកស្រាយពន្យល់យ៉ាងក្បោះក្បាយអំពីតំបន់ភូមិសាស្រ្តនៅក្នុងស្រុកអន្លង់វែងរួចមក ខ្ញុំបានដឹងថាតំបន់អន្លង់វែងមានទីកន្លែងប្រវត្តិសាស្រ្តដល់ទៅ១៤ទីតាំង ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត។ ស្រុកអន្លង់វែង គឺជាទីកន្លែងកំណើតរបស់ខ្ញុំ។ ទៅថ្ងៃអនាគតខ្ញុំសង្ឃឹមថានឹងអាចប្រែក្លាយអន្លង់វែងទៅជាទីក្រុងតូចមួយដែលមានអាគារខ្ពស់ៗ មានកន្លែងទស្សនាច្រើនជាងនេះ ដើម្បីឱ្យភ្ញៀវមកកម្សាន្តកាន់តែច្រើនកុះករ»។
អាន សៀងហ៊ួយ ភេទស្រី អាយុ១៥ឆ្នាំ យល់ឱ្យដឹងថា «បន្ទាប់ពីបានទស្សនាប្លង់គោលស្រុកអន្លង់វែង ខ្ញុំចាប់អារម្មណ៍តំបន់លើភ្នំដងរែក ដែលបង្ហាញឱ្យឃើញពីទេសភាពដ៏ស្រស់ស្អាត ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ចង់ទៅកម្សាន្តផ្ដិតយករូបភាពស្អាតទុកជាអនុស្សាវរីយ៍។ ជាពិសេសក្នុងពេលបច្ចុប្បន្ន ឃើញថានៅលើភ្នំដងរែកប្រជាជនដាំដំណាំហូបផ្លែជាច្រើនរួមមានទុរេន សាវម៉ាវ មៀន ស្វាយចន្ទី ហើយនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវមកទស្សនាបានជារៀងរាល់ឆ្នាំ។ ទៅថ្ងៃខាងមុខ ខ្ញុំចង់ឃើញស្រុកអន្លង់វែង មានការអភិវឌ្ឍន៍ជឿនលឿនជាងនេះថែមទៀត»។
រឿន រចនា ភេទស្រី អាយុ១៤ឆ្នាំ និយាយថា «ខ្ញុំចាប់អារម្មណ៍ទៅលើប្លង់គោលស្រុកអន្លង់វែង ត្រង់ចំណុចការអភិវឌ្ឍន៍ឱ្យមានសំណង់អាគារនៅតាមជួរភ្នំដងរែក ការដាំដើមឈើនៅតាមផ្លូវធ្វើដំណើរ និងការបង្កើតឱ្យមានប្រព័ន្ធទឹក។ ចំណុចខាងលើនេះ គឺជាតម្រូវការដ៏សំខាន់មួយសម្រាប់ការរីកមុខមាត់ថ្មីនៅតំបន់អន្លង់វែង។ ទៅថ្ងៃខាងមុខ ខ្ញុំពិតជាចង់ក្លាយខ្លួនទៅជាយុវជនល្អមួយរូបដែលអាចជួយលើការអភិវឌ្ឍន៍ស្រុកកំណើតរបស់ខ្លួនទៅជាទីកន្លែងមនុស្សម្នាស្គាល់ច្រើន»។
ញ៉ាន់ សៀវម៉ី ភេទស្រី អាយុ១៤ឆ្នាំ យល់ឃើញថា «នៅពេលខ្ញុំបានស្ដាប់ការពន្យល់អំពីការអភិវឌ្ឍន៍ស្រុកអន្លង់វែងរួចមក ខ្ញុំចាប់អារម្មណ៍ទៅលើទីកន្លែងប្រវត្តិសាស្រ្តទាំង១៤កន្លែង ដែលបានបន្សល់ទុកពីសម័យខ្មែរក្រហម។ ទីតាំងទាំង១៤ បានធ្វើឱ្យអន្លង់វែងក្លាយទៅជាតំបន់ដ៏សំខាន់ទាក់ទងជាមួយប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ ខ្ញុំពិតជាត្រេកអរខ្លាំង ដែលមានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជួយបង្ហាត់បង្រៀនអំពីប្រវត្តិសាស្រ្ត និងបានរក្សាទុកទីកន្លែងសំខាន់ៗទាំង១៤ទីតាំង ដើម្បីឱ្យសិស្ស និស្សិត អ្នកស្រាវជ្រាវ ជំនាន់ក្រោយបានសិក្សាស្វែងយល់។ ទៅថ្ងៃខាងមុខ ខ្ញុំសង្ឃឹមថា អន្លង់វែងនៅតែទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
ថុល វារី ភេទប្រុស អាយុ១៥ឆ្នាំ លើកឡើងថា «ខ្ញុំចាប់អារម្មណ៍ទៅលើទីតាំងទាំង១៤កន្លែង ដែលសេសសល់ពីរបបខ្មែរក្រហម។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាមានការបង្កើតនូវរបបផ្ដាច់ការនេះឡើង ហើយបង្កើតមកដើម្បីអ្វី។ ខ្ញុំក៏ចង់ដឹងថាតើការសាងសង់ផ្ទះតាម៉ុក (បច្ចុប្បន្នសារមន្ទីរផ្ទះតាម៉ុក) បានដោយរបៀបណាព្រោះខ្ញុំឃើញមានសសរធំៗ ហើយតើធ្វើយ៉ាងណាទើបអាចយកឈើទាំងនោះមកធ្វើជាសសរផ្ទះបាន។ ជាចុងក្រោយ ខ្ញុំចង់ឱ្យមានការរក្សាទុក និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តទាំង១៤កន្លែង ដើម្បីឱ្យយុវជនជំនាន់ក្រោយបានឃើញពីទីតាំងនីមួយៗដោយផ្ទាល់»។
អត្ថបទ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា