បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី» រៀបចំដោយអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង នាពេលកន្លងមក, អ្នកស្រាវជ្រាវវ័យក្មេង ដែលជាសិស្សនៃវិទ្យាល័យបុរីអូរស្វាយ-សែនជ័យ សម្រេចជ្រើសរើសអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាទីកន្លែងសិក្សាស្រាវជ្រាវ និងពិភាក្សាទៅលើប្រធានបទ៖ «បញ្ហាប្រឈមដែលបណ្ដាលឲ្យមានការបោះបង់ការសិក្សា» នៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ កិច្ចការងារស្រាវជ្រាវខាងលើ គឺដឹកនាំដោយលោក ហឿយ ហាង បុគ្គលិកសម្របសម្រួលនៃអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង ដើម្បីផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវវ័យក្មេង ស្វែងយល់អំពីបញ្ហាប្រឈម និងចូលរួមស្វែងរកដំណោះស្រាយទៅលើកត្តាដែលសិស្សានុសិស្សសម្រចចិត្តបោះបង់ការសិក្សា។
ជាកិច្ចស្វាគមន៍លោក ស្រេង លីដា បុគ្គលិកប្រចាំការនៃមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង បានទទួលស្វាគមន៍អ្នកស្រាវជ្រាវវ័យក្មេង ព្រមទាំងធ្វើបទបង្ហាញអំពីវត្ថុបំណង, សកម្មភាព និងបេសកកម្មនាពេលអនាគតនៃទីតាំងអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ លោក ស្រេង លីដា លើកឡើងថា អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) មិនត្រឹមតែជាមជ្ឈមណ្ឌលស្រាវជ្រាវ ផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត និងវប្បធម៌នោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសហគមន៍ ឬសាលសហគមន៍ ដែលអាចឱ្យសិស្សានុសិស្ស, លោកគ្រូ អ្នកគ្រូ, ប្រជាពលរដ្ឋរស់នៅតាមបណ្ដាកោះ អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ ប្រើប្រាស់ទៀតផង។ បន្ទាប់មក អ្នកស្រាវជ្រាវវ័យក្មេងបានធ្វើដំណើរទៅកាន់បន្ទប់បណ្ណាល័យដែលតម្កល់ទុកសៀវភៅដ៏សម្បូរបែប និងមានមាតិកាជាច្រើនទាក់ទងប្រធានបទស្រាវជ្រាវនេះ។
លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង បានលើកឡើងថា៖ «ទីតាំងអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ពិតជាផ្ដល់ភាពងាយស្រួលក្នុងកិច្ចការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវវ័យក្មេង។ អ្នកស្រាវជ្រាវអាចប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវរួមមាន៖ ការអានឯកសារដើម និងឯកសារបន្ទាប់បន្សំនៅក្នុងបណ្ណាល័យ ឬការធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត ដែលយើងបានបំពាក់សេវាអ៊ីនធឺណែតល្បឿនលឿនសម្រាប់អ្នកស្រាវជ្រាវទាំងអស់ដែលមកកាន់ទីនេះ។ បន្ថែមទៅលើការស្រាវជ្រាវដោយការអានឯកសារ ឬសៀវភៅ និងតាមប្រព័ន្ធអ៊ីនធឺណែត, អ្នកស្រាវជ្រាវវ័យក្មេង គួរតែពិនិត្យមើលទៅលើភូមិសាស្រ្ត នៃស្រុកបុរីអូរស្វាយ-សែនជ័យ ដែលមានកោះជាច្រើន និងហ៊ុមព័ទ្ធទៅដោយទន្លេមេគង្គ។ មួយវិញទៀត អ្នកស្រាវជ្រាវអាចចុះអនុវត្តការស្រាវជ្រាវនៅមូលដ្ឋានផ្ទាល់ ដើម្បីជួបជាមួយសិស្ស និងឪពុកម្ដាយតាមផ្ទះ ដើម្បីស្វែងយល់អំពីស្ថានភាព និងបញ្ហាប្រឈមដែលទាំងឪពុកម្ដាយ និងសិស្ស កំពុងតែជួបប្រទះ»។
កន្លងមកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ ក្នុងការរៀបចំទូកចម្លងសហគមន៍ និងផែរង់ចាំ សរុបចំនួន៤ ដើម្បីសម្រួលដល់ការធ្វើដំណើរតាមផ្លូវទឹកដោយមិនគិតកម្រៃសម្រាប់សិស្ស និងអ្នកភូមិរស់នៅតាមកោះនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ។ ចំណុចនេះគឺជាការរួមចំណែកមួយដើម្បីសម្រួលដល់ជីវភាពប្រជាជនក្នុងសហគមន៍ សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សដើម្បីស្វែងរកការអប់រំ និងសេវាសង្គម ជាពិសេសសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សិស្សមួយចំនួន ដែលរស់នៅកោះព្នៅ កំពុងជួបបញ្ហាគ្មានលទ្ធភាពធ្វើទូកឆ្លងដើម្បីមករៀននៅវិទ្យាល័យបុរីអូរស្វាយ សែនជ័យ។ ការដាក់ដំណើរការទូកចម្លងសហគមន៍ដោយមិនគិតកម្រៃនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏លើកទឹកចិត្តដល់សិស្សទាំងអស់នៅកោះព្នៅឱ្យបន្តការសិក្សាថែមទៀតផង។
បន្ទាប់ពីទទួលបានការណែនាំ, ការអានឯកសារ និងសៀវភៅ និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតសម្រាប់ស្រាវជ្រាវ, អ្នកស្រាវជ្រាវវ័យក្មេង ទទួលបានការយល់ដឹងបឋមអំពីកត្តារួមចំណែកដែលបណ្ដាលឱ្យមានការបោះបង់ការសិក្សានៅមូលដ្ឋាន រួមមាន៖ បញ្ហាទឹកជំនន់, កង្វះខាតមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកសម្រាប់សិស្សដែលរស់នៅតាមកោះ, កម្រិតជីវភាពរស់នៅ និងបញ្ហាប្រឈមផ្សេងៗនៅក្នុងសហគមន៍ទៀត។
អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា