សម្ពោធជាផ្លូវការ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៅភូមិអូរស្វាយ, ខេត្តស្ទឹងត្រែង

នេះ​គឺជាព្រះរាជ​ដំណើរ​លើក​ដំបូង​របស់​ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពស់​​ខ្ពស់របស់ សម្តេចព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ​មកកាន់ភូមិអូរស្វាយ។ ព្រះរាជដំណើរនេះ គឺជាការកិត្តិយសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលព្រះអង្គយាងជាអធិបតី​ក្នុងពិធីសម្ពោធជាផ្លូវការ «អគារមករតសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» សាខាថ្មីរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងខេត្តស្ទឹងត្រែង។ ព្រះអង្គបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកជាពន់ពេក ពីព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកដល់ប្រជាជនខេត្តស្ទឹងត្រែង និងប្រជាជនកម្ពុជាទាំងមូល។ ព្រះមហាក្សត្រី ​តែងតែខ្វាយខ្វល់ពី​​​សុខទុក្ខរបស់ប្រជារាស្រ្ត​របស់ទ្រង់ និងបួងសួងសុំឱ្យប្រជារាស្រ្តរបស់ទ្រង់មាន​សេចក្តីសុខ និងចម្រុងចម្រើន​។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានសរសេររៀបរាប់ថា៖ ភូមិអូរស្វាយ មានទេសភាពដ៏ស្រស់ត្រកាល ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គជាប់នឹងព្រំដែនឡាវ។ កាលពីសង្គមចាស់ ភូមិអូរស្វាយ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋបានយាងមកកាន់ភូមិនេះ។ ព្រះអង្គបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅភូមិអូរស្វាយ និងបានសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម សួនច្បារ ស្តូប ប៉ុស្តិ៍នគរបាល មន្ទីរកសិកម្ម និងសហករណ៍លក់ដូរទំនិញជាច្រើនទៀត។ ព្រះអង្គបានប្រមូលប្រជាជន ក្រុមគ្រួសារមន្រ្តី កងទ័ពដែលចូលនិវត្តន៍មករស់នៅទីនេះ ហើយព្រះអង្គបានផ្តល់ប្រាក់ឧបត្ថម្ភ ផ្ទះសម្បែង ដីធ្លី សត្វពាហនៈ ដើម្បីចិញ្ចឹម និងទ្រទ្រង់ជីវភាពគ្រួសារ។ ភូមិអូរស្វាយបានប្រែមុខមាត់ពីតំបន់ដាច់ស្រយាល ទៅជាបុរីតូចច្រឡឹង និងគួរឱ្យទាក់ទាញនៅភាគឦសានប្រទេសកម្ពុជានាសម័យកាលនោះ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ភូមិនេះស្ទើរត្រូវបានបំភ្លេចចោល និងបាត់បង់ទាំងស្រុងក្នុងអំឡុងពេលសង្រ្គាមវៀតណាម, ការទម្លាក់គ្រាប់បែក និងការឡើងគ្រប់គ្រងអំណាចរបស់ខ្មែរក្រហម (ពីឆ្នាំ១៩៧៥-១៩៧៩) ។

នៅឆ្នាំ២០១៩ ដោយសារព្រះទ័យសប្បុរស និងគាំទ្រពីព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ភូមិអូរស្វាយបានលេចត្រដែតឡើងវិញ ដោយមានការសាងសង់សាលារៀន មន្ទីរពទ្យ និងបន្ទប់ទឹកសាធារណៈ។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រិត្យស្តីពីការបង្កើតស្រុកបុរីអូស្វាយ-សែនជ័យ ដោយកាត់ភូមិ និងឃុំអូរស្វាយ ពីស្រុកថាឡាបរិវ៉ាត់ បញ្ចូលក្នុងស្រុកបុរីអូរស្វាយ-សែនជ័យ ហើយទីតាំងសាលាស្រុកបុរីអូរស្វាយ-សែនជ័យ គឺនៅឃុំអូរស្វាយ។

នៅឆ្នាំ២០២៤ ដោយសារមានការសព្វព្រះទ័យ និងព្រះរាជានុញ្ញាតពីព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងកិច្ចសហការពីរដ្ឋបាលខេត្តស្ទឹងត្រែង និងស្រុកបុរីអូរស្វាយ-សែនជ័យ ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង ត្រូវបានសាងសង់ឡើង។ ហ្លួងម៉ែបានប្រសិទ្ធនាមអគារនេះថា «អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)»។ ការរៀបចំ និងសាងសង់បន្តបន្ទាប់ រួមមាន ៖ បណ្ណាល័យបណ្តែតទឹក, ផែរង់ចាំ, ទូកដឹកអ្នកដំណើរ ដើម្បីបម្រើដល់ការប្រើប្រាស់ និងទទួលសេវាសុខភាព និងការអប់រំរបស់សិស្សា​នុសិស្សអំពីប្រវត្តិសាស្រ្តកម្ពុជា ដែលរស់នៅតាមកោះឆ្ងាយៗនៃស្រុកបុរីអូរស្វាយ-សែនជ័យ និងផ្តល់ប្រយោជន៍ជាមូលដ្ឋានដល់ប្រជាជននៅក្នុង​សហគមន៍ទាំងមូល។ ដំណាក់កាលទី១ នៃការងារអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជានេះ ឧបត្ថម្ភដោយទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសតួកគី។

នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បានរៀបចំពិធីសម្ពោធសមិទ្ធផលទាំងនេះ ដែលជារួមមាន អគារមរតកសង្គម​រាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ បុរីអូរស្វាយ-សែនជ័យ មួយខ្នង​, ផែរង់ចាំចំនួន៤ និង ទូកចម្លងចំនួន៤គ្រឿង ក្រោមអធិបតីភាព សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពស់​​ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារសម្របសម្រួលនិងសហប្រតិបត្តិការ តួកគី, ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ, លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុម​ប្រឹក្សាខេត្តស្ទឹងត្រែង, ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ, ឯកឧត្តមសមាជិកក្រុមប្រឹក្សា ចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ, ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត ចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ, លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សា ស្រុកបុរីអូរស្វាយសែនជ័យ, លោក លី មីណា អភិបាល នៃគណៈអភិបាល ស្រុកបុរីអូរស្វាយសែនជ័យ, ឯកឧត្តម លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ, លោកស្នងការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោកអភិបាលក្រុង ស្រុក នៃខេត្តស្ទឹងត្រែង។

កម្មវិធីសម្ពោធ «អគារមរតកសង្គមរាស្រនិយម សម្តេចឪ-សម្តេចម៉ែ បុរីអូរស្វាយ-សែនជ័យ» នៅថ្ងៃនេះមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃចំនួន៧អង្គ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និគមន៍ជនសង្គម​រាស្រ្តនិយម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្ស សរុបទាំងអស់ចំនួន៥០០នាក់។

សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មានព្រះរាជបន្ទូលថា៖ «ក្នុងព្រះនាមព្រះអង្គ សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំពោះការលះបង់ និងទស្សនវិស័យក្នុងការបង្កើតសាខាមជ្ឈមណ្ឌលឯកសារកម្ពុជាដ៏សំខាន់នេះ នៅក្នុងខេត្តស្ទឹងត្រែង។ ព្រះអង្គមានព្រះរាជបន្ទូលបន្តទៀតថា «កន្លែងនេះគឺជាកេរដំណែលដ៏យូរអង្វែង ដែលគាំទ្រដល់និស្សិត អ្នកស្រាវជ្រាវ និងប្រជាពលរដ្ឋទាំងអស់ក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈសហសម័យដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា»។

អ្នកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនេះមានប្រសាសន៍ថា ពិធីសម្ពោធ «អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នេះ គឺជាការរឹតចំណងសហប្រតិបត្តិការរវាងប្រទេសតួកគី និងប្រទេសកម្ពុជា រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីជួយសម្រាលដល់ប្រជាជននៅទីជនបទឆ្ងាយដាច់ស្រយាលតាមរយៈការផ្តល់សេវាកម្មសង្គម ការអប់រំអំពីសុខភាព និងចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា។ សមិទ្ធផល និងកិច្ចការទាំងនេះ ជួយផ្សព្វផ្សាយដល់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត និង  ទស្សនាតំបន់នេះដើម្បីជួយបង្កើនប្រាក់ចំណូលដល់ប្រជាជននៅក្នុងសហគមន៍»។

បន្ទាប់ពីចប់កិច្ចសហការដំណាក់កាលទី១ជាមួយសមិទ្ធផលដែលបានកសាងរួច នៅ​ឆ្នាំ២០២៥ នេះ ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ ចាប់ផ្តើមសិក្សាគម្រោងអភិវឌ្ឍន៍បុរីអូរស្វាយ-សែនជ័យ ដំណាក់កាលទី២ ដែលមានឈ្មោះថា «កែប្រែសណ្ឋានដីបន្សល់ទុកពីសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ទៅជាសណ្ឋានដីសន្តិភាព និងការអភិវឌ្ឍន៍»។ គម្រោងនេះរួមមាន​ ៖ ការកសាងផ្លូវមាត់ទន្លេ, ផ្លូវលំហែហាត់ប្រាណក្នុងភូមិ, កសិដ្ឋានសហគមន៍ រោងពាណិជ្ជកម្មសហគមន៍, ផ្ទះលំហែសហគមន៍, សួនច្បារប្រវត្តិសាស្រ្ត, រូបចម្លាក់, បង្កាន់ដៃសុវត្ថិភាពច្រាំងទន្លេ និងស្លាកសញ្ញាសហគមន៍។ លោក​​ ឆាំង យុ រំពឹងថា ទីតាំងប្រវត្តិសាស្រ្តបែបនេះគួរត្រូវបានការពារដោយច្បាប់របស់រដ្ឋ។

ជាមួយនឹងទីតាំងតែមួយគត់នៅតាមព្រំដែនកម្ពុជា និងឡាវ សហគមន៍បុរីអូរស្វាយ-សែនជ័យ គឺជាសហគមន៍កោះដែលមានប្រវត្តិវប្បធម៌ដ៏សម្បូរបែប ជីវចម្រុះ និងបរិស្ថានទន្លេ-កោះ ដែលមានសក្តានុពលយ៉ាងសំខាន់សម្រាប់ទេសចរណ៍កម្ពុជា និងបរទេស។

សហគមន៍បុរីអូរស្វាយ-សែនជ័យ មានកោះចំនួនប្រាំមួយ (កោះនីមួយៗមានភូមិរបស់ខ្លួន) កំពង់ផែ និងមន្ទីរពេទ្យតូចមួយដែលសាងសង់ដោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ដោយសារសហគមន៍ភាគច្រើនគឺជាកោះ និងមានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាលតាមព្រំដែន ដែលជាទូទៅសហគមន៍នេះត្រូវនៅឯកោពីប្រភពធនធាន សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ជាប់ទាក់ទងជាមួយប្រទេសកម្ពុជា និងតំបន់អភិវឌ្ឍន៍នានា។ បើទោះបីជាសហគមន៍នេះមានភាពលេចធ្លោជាបន្ទាយកងទ័ពប្រវត្តិសាស្ត្រដែលបង្កើតឡើងដោយសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋក៏ដោយ ប្រវត្តិសាស្ត្ររបស់តំបន់នេះមិនទាន់មានឯកសារច្បាស់លាស់នៅឡើយ ហើយ​សម្រាប់ហេតុផលនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងសិក្សាលទ្ធភាពនៃការកំណត់តំបន់នេះ ជាតំបន់ការពារដោយរាជរដ្ឋាភិបាលកម្ពុជា។

សហគមន៍បុរីអូរស្វាយ-សែនជ័យ មានសារសំខាន់សម្រាប់ហេតុផលបីយ៉ាងគឺ ៖ ទី១) ក្នុងនាមជាអតីតបន្ទាយកងទ័ពមួយរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្រាប់ការពារព្រំដែន    កម្ពុជា ដែលព្រះរាជវង្សានុវង្សកម្ពុជាចាត់ទុកថា ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ហើយដែលមានរូបសំណាកអតីតព្រះមហាក្សត្រ ហើយសហគមន៍បុរីអូរស្វាយ-សែនជ័យ មានសំណង់វប្បធម៌ដទៃទៀត និងប្រវត្តិសាស្រ្តផ្ទាល់ និងជាកេរដំណែលរបស់សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ក្នុងនាមជាអ្នកបង្កើតប្រទេសកម្ពុជាសម័យទំនើប។ ទី២) កងទ័ព​​ចាស់ៗសម័យសង្គមរាស្រ្តនិយមមួយ​ចំនួន​ដែល​មក​ពី​ក្រៅសហគមន៍បុរីអូរស្វាយ-សែនជ័យ បាន​បន្ត​រស់​នៅ​ក្នុង​តំបន់នេះ​ជាមួយ​ក្រុម​គ្រួសារ​របស់ខ្លួន។ ទី៣) សហគមន៍នេះមានទឹកទន្លេដ៏ស្រស់ស្អាត បរិស្ថានបរិសុទ្ធ និងមានជីវចម្រុះដ៏សម្បូរបែប ធ្វើឱ្យសហគមន៍នេះមានភាពកាន់តែលេចធ្លោ និងមានតម្លៃជាតំបន់អេកូទេសចរណ៍ និងទទួលបាននូវការការពារដោយអនុសញ្ញាអន្តរជាតិ ជា​មួយនឹងឱកាសពាណិជ្ជកម្មបន្ថែមតាមរយៈការដាំដុះ និងពាណិជ្ជកម្មកាហ្វេនៅជាប់ជាមួយព្រំដែនឡាវ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងចាប់អារម្មណ៍សហគមន៍បុរីអូរស្វាយ-សែនជ័យ ដោយសារជាស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកសាងក្នុងតំបន់នេះដំបូង ហើយបានបន្សល់នូវសំណង់វប្បធម៌ និងប្រវត្តិសាស្រ្ត និងស្តូបបុរីអូរស្វាយរបស់ព្រះអង្គ។ ភ្ញៀវទេសចរបរទេសនឹងត្រូវបានទាក់ទាញទៅកាន់បរិស្ថាន និងជីវចម្រុះ បន្ថែមពីលើតំបន់ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា និងឡាវ។ កោះមួយក្នុង​ចំណោមកោះជាច្រើនក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលអ្នកស្រុកក្នុងតំបន់នេះហៅថា «កោះទន្សាយ» មានឆ្នេរខ្សាច់ពណ៌សក្បុសដូចសំឡីគួរជាទីទាក់ទាញ។ គួររំឭកដែរថា ឃុំអូរស្វាយក្នុងខេត្តស្ទឹងត្រែង គឺជាផ្នែកមួយនៃតំបន់រ៉ាមសារ ដែលជាតំបន់សើមដែលមានសារសំខាន់ជាអន្តរជាតិ។ តំបន់រ៉ាមសារស្ទឹងត្រែង គ្របដណ្ដប់លើដងទន្លេមេគង្គប្រវែង ៣៧ គីឡូម៉ែត្រ និងមានភូមិចំនួន ២១ ដែលមានប្រជាជនជាង ១៣.០០០ នាក់។ ឃុំអូរស្វាយ ស្ថិតនៅក្នុងតំបន់ការពារនេះ។ អនុសញ្ញា រ៉ាមសារ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា «អនុសញ្ញាស្តីពីតំបន់ដីសើមនៃសារសំខាន់អន្តរជាតិជាពិសេសជាជម្រកសត្វទឹក» គឺជាសន្ធិសញ្ញាអន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ ដើម្បីលើកកម្ពស់ការអភិរក្ស និងការប្រើប្រាស់ដីសើមប្រកបដោយភាពឆ្លាតវៃ។ អនុសញ្ញានេះត្រូវបានដាក់ឈ្មោះតាមទីក្រុង រ៉ាមសារប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលវាត្រូវបានចុះហត្ថលេខា។ អនុសញ្ញានេះមានគោលបំណងបញ្ឈប់ការបាត់បង់ដីសើមទូទាំងពិភពលោក និងធានាការគ្រប់គ្រងប្រកបដោយនិរន្តរភាពរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបង្កើតគោលនយោបាយ។

វិស័យទេសចរណ៍មិនមែនជាមធ្យោបាយសម្រាប់សហគមន៍ក្រីក្រ និងដាច់ស្រយាលនោះទេ ប៉ុន្តែវាគឺជាមធ្យោ​បាយមួយដើម្បីកែលម្អសេដ្ឋកិច្ចសង្គមរបស់សហគមន៍ ដែលសក្តានុពលសម្រាប់ទេសចរណ៍នៅតែមិនទាន់ត្រូវបានប្រើប្រាស់។ ទេស​ចរណ៍អាចបង្កើតឱកាសការងារដោយផ្ទាល់ក្នុងវិស័យផ្សេងៗ ដូចជា បង្កើតប្រាក់ចំណូលតាមរយៈការលក់ផលិតផល និងសេវាកម្មក្នុងស្រុកជូនភ្ញៀវទេសចរជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ការអភិរក្សវប្បធម៌ ដែលទាំងអស់នេះអាចរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍។

មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ បានធ្វើការស្រាវជ្រាវលើគម្រោង «ការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ និងទេសចរណ៍បរិស្ថាន» ប្រកប​ដោយនិរន្តរភាពនៅក្នុងសហគមន៍ទន្លេ-កោះចំនួន៦ តាមបណ្តោយព្រំដែនកម្ពុជា និងឡាវ ដែលប្រជាជនស្គាល់ថា បុរីអូរស្វាយ-សែនជ័យ។

សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មានព្រះរាជបន្ទូលថា៖ ពិធីសម្ពោធ «អគារមរតសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» គឺជាការលើកតម្កើងនូវសមិទ្ធផលដ៏មានតម្លៃនៃសម័យសង្គមរាស្រ្តនិយម តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ជាតិយើង ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការអប់រំ និងសិល្បៈ។

លោក ឆាំង យុ បានសរសេររៀបរាប់សេចក្តីបញ្ចប់ថា ៖ «ក្នុងអំឡុងខែធ្លាក់ខ្យល់នៅកម្ពុជា ទឹកទន្លេមេគង្គបានប្រែពណ៌ ហាក់ដូចជាប្រាប់យើងថា រដូវវស្សាកំពុងមកដល់ ហើយយើងនៅតែមានភាពភ្ញាក់ផ្អើលជាមួយនឹងពន្លឺដ៏ចែងចាំងដែលនៅតែបន្តរេរាំលើផ្ទៃទឹកនៅពេលថ្ងៃរះ និងពេលថ្ងៃលិច ក្នុងតំបន់បុរីអូរស្វាយ-សែនជ័យ។ ខ្សាច់ពណ៌សដូចដុំពពកលើមេឃនៅលើកោះទន្សាយ រួមទាំងប្រជាជនដែលរស់នៅជុំវិញប្រជុំកោះទាំងនោះ គឺអស្ចារ្យខ្លាំងណាស់ ហើយរដូវធ្លាក់ខ្យល់នៅទីនេះហាក់ដូចជាខ្យល់នៅលើកំពូលអគារនានិទាឃ​រដូវទីក្រុងប៉ារីសដូច្នេះដែរ»។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្ដីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖