សិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ មកទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៧នាក់ បានមកទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចលោក ឈុំ រ៉ា បានធ្វើការណែនាំខ្លួន រួចហើយដឹកនាំសិស្សានុសិស្សទៅទស្សនាពិព័រណ៍រូបថត រូបគំនូរ និងផែនទី ដែលបានដាក់តាំងបង្ហាញនៅបរិវេណនៃមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទាប់មក សិស្សានុសិស្សបានអានសៀវភៅប្រវត្តិសាស្រ្តដែលបានតម្កល់នៅក្នុងការិយាល័យ។

កម្មវិធីបន្ទាប់គឺលោក ឈុំ រ៉ា បានលើកយកសៀវភៅរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ដែលបង្ហាញពីប្រវត្តិរូបអ្នកទោសនៅមន្ទីរសន្តិសុខស-២១ បូករួមទាំងរូបថតចំនួន២៣៩៧នាក់។ យោងតាមបញ្ជីអ្នកទោសនៅមន្ទីរសន្តិសុខស-២១ ដែលធ្វើបច្ចុប្បន្នភាពដោយការិយាល័យសហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០១៨ គឺមានអ្នកទោសសរុបចំនួន ១៨០៦៣នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនមកឃុំឃាំងនៅមន្ទីរសន្តិសុខស-២១។ ដើម្បីជាការសិក្សាស្វែងយល់បន្ថែមលោក ឈុំ រ៉ា បានលើកករណីឈ្មោះ ព្រំ ធុធ​ គឺជាអ្នកទោសក្នុងមន្ទីរសន្តិសុខស-២១ និង យាន ប៉ីស គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកអានដើម្បីបន្តការពិភាក្សា។

ខាងក្រោមនេះគឺជាការប្រៀបធៀបរឿងរ៉ាវរបស់អ្នកទាំងពីរ៖

១) ឈ្មោះ ព្រំ ធុច ភេទប្រុស អាយុ៤២ឆ្នាំ (ក្នុងឆ្នាំ១៩៧)។ នៅមុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ព្រំ ធុច គឺជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលា។ ព្រំ ធុច មានស្រុកកំណើតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ព្រំ ធុច មានឪពុកឈ្មោះ ព្រំ ថៃ និងម្តាយឈ្មោះ ពេញ ប៉ិច។ ព្រំ ធុច មានប្រពន្ធឈ្មោះ ហោ វណ្ណា មានស្រុកកំណើតនៅភូមិមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ព្រំ ធុច មានកូន៥នាក់ (ប្រុស៣ និង ស្រី២នាក់)។ ព្រំ ធុច ត្រូវបានខ្មែរក្រហម ចាប់ខ្លួននៅបាត់ដំបង នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៦ និងបញ្ជូនទៅឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ ក្នុងផ្ទះក០៣ បន្ទប់ធំ៧។ យោងតាមឯកសារនៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលយកទៅធ្វើបញ្ជីឡើងវិញដោយការិយាល័យ សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានរកឃើញថា ព្រំ ធុច ត្រូវបានខ្មែរក្រហមបញ្ជូនមកដល់មន្ទីរសន្តិសុខស-២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៦ និងសម្លាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៦ បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេល១០៧ថ្ងៃ។

២) ឈ្មោះ យាន ប៉ីស ភេទស្រី អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន យាន ប៉ីស រស់នៅភូមិឃុំដដែល។ យាន ប៉ីស មានឪពុកឈ្មោះ កុល យាន និង ម្តាយឈ្មោះ ម៉ែន ច្រាញ់។ ឪពុក ប៉ីស បានស្លាប់នៅក្នុងរបបខ្មែរក្រហមដោយសារអត់អាហារ។ ប៉ីស មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ ហើយគាត់ជាកូនទីបួននៅក្នុងគ្រួសារ។ នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិក្តុលលើឱ្យទៅនៅអាលច ម្លេច (អាលច និងម្លេច គឺជាទីតាំងដែលខ្មែរជម្លៀសប្រជាជនក្តុលលើទៅស្នាក់អាស្រ័យ និងកន្លែងការងារ ក្នុងរបបខ្មែរក្រហម) ដែលស្ថិតនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ប្រជាជនស្ទើរពាក់កណ្តាលត្រូវស្លាប់ដោយសារអត់អាហារ និងខ្មែរក្រហមសម្លាប់។ កុល យាន មានរាងកាយស្គមស្គាំង ភ្នែករូងជ្រៅ សល់តែស្បែក និងឆ្អឹង រហូតដល់គាត់ស្លាប់នៅម្លេច ឃុំស្វាយជ្រះ។

ជាចុងក្រោយក្រុមការងារមជ្ឈមណ្ឌលឯលសារកោះថ្ម ចាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណង​ជើង “កម្ពុជា ៣ + ៤” មានក្នុងឆាណែលយូធូប របស់មជ្ឈមណ្ឌលឯកសារកម្ពុជាឈ្មោះ  Documentation Center of Cambodia។ បន្ទាប់ពីទស្សនាកុនចប់ សិស្សានុសិស្សទទួលបានសៀវភៅទស្សនាវដ្តីស្វែងរកការពិតម្នាក់មួយច្បាប់ដើម្បីសិក្សាស្វែងយល់បន្ថែម។

មុនចប់កម្មវិធីទស្សនកិច្ចសិក្សា សិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

អ៊ាម ថាវី ភេទស្រី រៀននៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្តុលផ្សារ បានរៀបរាប់ថា ខ្ញុំពិតជាមានអារម្មណ៍តក់ស្លុត​ និងរន្ធត់ចិត្តជាខ្លាំង នៅពេលឃើញសកម្មភាពឃោរឃៅកើតឡើងលើប្រជាជនខ្មែរ។ បន្ទាប់ពីខ្ញុំបានទស្សនាខ្សែភាពយន្តឯកសាររួចមក ខ្ញុំបានទទួលការពន្យល់ពីបងៗដែលធ្វើការនៅមជ្ឈមណ្ឌលឯកសារកោះថ្មបន្ថែមទៀត។ ខ្ញុំបានយល់ដឹងច្រើនពីសម័យកាលដ៏ឃោរឃៅនេះ តាមរយៈការបង្ហាញហេតុការណ៍ រូបភាព និងសៀវភៅ។ ខ្ញុំមិនចង់ឱ្យកើតមានរបបខ្មែរក្រហមម្តងទៀតទេ ព្រោះមានភាពលំបាកក្នុងការរស់នៅ ព្រមទាំងគ្មានសេរីភាព និងគួរឱ្យខ្លាច ។

គ្រី សិទ្ធីដាលីស ភេទស្រី គឺជាសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្តុលផ្សារ លើកឡើងថា បន្ទាប់ពីខ្ញុំបានស្តាប់ការពន្យល់ និងបានទស្សនាវីដេឌីអូឯកសាររួចមក ខ្ញុំមានអារម្មណ៍សោកស្តាយប្រជាជនដែលស្លាប់ដោយភាពអយុត្តិធម៌ ការរស់នៅរងទុក្ខវេទនា ដោយសារភាពឃោរឃៅ និងការជិះជាន់កាប់សម្លាប់គ្មានចិត្តមេត្តាចំពោះជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំពិតជាអាណិតដល់ជនរងគ្រោះខ្លាំងណាស់។ ចុងក្រោយ ខ្ញុំសូមអរគុណដល់បងៗក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មដែលបានចំណាយពេលវេលាដើម្បីពន្យល់ណែនាំបន្ថែម និងបានចាក់ខ្សែភាពយន្តនៅសម័យខ្មែរក្រហមឱ្យខ្ញុំបានទស្សនា។

យ៉ែម រិទ្ធី ភេទប្រុស គឺជាសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្ដុលផ្សារ ឱ្យដឹងថា ថ្ងៃនេះខ្ញុំនិងមិត្តភក្តិបានមកសិក្សាស្វែងយល់បន្ថែមនៅអំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំបានសិក្សាស្វែងយល់ដោយខ្លួនឯងខ្លះ និងបងៗដែលធ្វើការនៅមជ្ឈមណ្ឌលឯកសារកោះថ្មបានពន្យល់ណែនាំបន្ថែមទៀត។ នៅថ្ងៃនេះបងៗបានឱ្យខ្ញុំទស្សនាខ្សែភាពយន្តខ្លីមួយដែលបង្ហាញពីការរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងការសម្លាប់រង្គាលដោយមិនមានការខ្លាចរអា។ ក្មេងអាយុត្រឹមតែ១៧ឆ្នាំ ត្រូវបានអង្គការបញ្ជាឱ្យសម្លាប់មនុស្សជាង៣០០នាក់ មិនដល់មួយសប្ដាហ៍។ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការយកឆ្អឹងមនុស្សដែលស្លាប់ទៅដុត យកធ្វើជីកសិកម្ម។ការសម្លាប់មនុស្សដែលមានចំណេះដឹង ដើម្បីកុំឱ្យមកទាមទារសិទ្ធិសេរីភាព ឬប្រកែកតវ៉ា ដោយទុកមនុស្សមិនមានចំណេះដឹងឱ្យនៅធ្វើការ។ កុមារ និងមនុស្សចាស់ជាច្រើន បានស្លាប់ដោយសារការបរិភោគមិនគ្រប់គ្រាន់ និងជំងឺផ្សេងៗ។ ខ្ញុំមានអារម្មណ៍រីករាយនៅពេលដែលប្រទេសជាតិរួចផុតពីរបបខ្មែរក្រហម និងចូលរួមសោកស្ដាយដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ ខ្ញុំពិតជាសោកស្ដាយចំពោះសង្គមជាតិយ៉ាងខ្លាំង ដែលបានបាត់បង់ធនធានមនុស្សយ៉ាងច្រើន។ ទោះជាយ៉ាងណាក្ដី ក្នុងនាមខ្ញុំជាយុវជន ខ្ញុំនឹងខិតខំសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាធនធានមួយដែលសង្គមត្រូវការ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

អត្ថបទ៖ ឈុំ រ៉ា និង វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖