គល់ សឿន៖ កងចល័តកម្លាំងទីមួយ

ខ្ញុំឈ្មោះ គល់ សឿន អាយុ៧៣ឆ្នាំ កើតនៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៧នាក់ គឺប្រុស២នាក់និងស្រី៥នាក់។ បងប្អូនរបស់ខ្ញុំស្លាប់អស់ចំនួន៤នាក់ដោយសារជំងឺ។ ក្នុង

ចំណោមបងប្អូនទាំង៧នាក់គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលមានសំណាង និងត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅរៀននៅវត្តពន្លៃ។ កាលនោះខ្ញុំរៀនជាមួយព្រះសង្ឃឈ្មោះ ឈុំ។ ខ្ញុំរៀនដល់ត្រឹមថ្នាក់ទី៨ ក៏ឈប់រៀន ហើយបួសជាព្រះសង្ឃនៅឆ្នាំ១៩៦៧។ នៅឆ្នាំ១៩៦៩ ខ្ញុំសឹកពីបួសហើយមកជួយឪពុកម្តាយធ្វើស្រែ។

នៅឆ្នាំ១៩៧០ ក្រោយ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំផ្លាស់ទៅរស់នៅព្រៃអំពៅមួយរយៈដើម្បីគេចពីការតាមចាប់ធ្វើទាហានរបស់រដ្ឋាភិបាល លន់ នល់ ប៉ុន្តែនៅទីនោះក៏ជាតំបន់គ្រោះថ្នាក់ដែរ ដោយសារមានការទម្លាក់គ្រាប់បែកធ្វើឲ្យផ្ទះប្រជាជននៅក្បែរៗនោះបែកបាក់ស្ទើរគ្មានសល់។

គល់ សឿន រស់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីយោធាខ្មែរក្រហមឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ការងាររបស់ខ្ញុំគឺនៅក្រុមកងចល័តទីមួយដែលជាក្រុមឈានមុខគេ និងមានកម្លាំងពេញក្នុងការបំពេញការងារ ដូចជា លើកប្រព័ន្ធភ្លឺស្រែ លើកទំនប់ និងជីកប្រឡាយពីពន្លៃ ទៅសំបួរ។ ដំបូងគឺខ្ញុំនៅហូបបាយនៅតាមផ្ទះរៀងខ្លួន។ ពេលនោះខ្ញុំហូបបានឆ្អែត ប៉ុន្តែចាប់ពីឆ្នាំ១៩៧៦មក ខ្ញុំហូបពុំបានឆ្អែតទៀតឡើយ។ ប្រជាជនទទួលបានរបបអាហារក្នុងមួយថ្ងៃត្រឹមតែពីរពេលប៉ុណ្ណោះ ប៉ុន្តែអង្គការបានចែកថ្នាំកម្លាំងម្នាក់មួយគ្រាប់សម្រាប់កូរជាមួយទឹកផឹកមុនហូបអាហារថ្ងៃត្រង់ ដែលថ្នាំនោះជាប្រភេទថ្នាំគ្រាប់មូលៗផលិតពីកន្ទក់និងស្ករត្នោតដើម្បីធ្វើឲ្យប្រជាជនមានកម្លាំងធ្វើការ។

ចាប់ពីខែមាឃ ដល់ខែចេត្រ ក្នុងឆ្នាំ១៩៧៦ ប្រជាជនមកពីភូមិពន្លៃ ភូមិស្រះតាអឹម ភូមិសូរ ភូមិគោកច្រេះ ត្រូវបានអង្គការស្នើសុំឲ្យទៅជីកអាងទឹកនៅវត្តស្រះតាអឹមដែលមានជម្រៅ១ម៉ែត្រ និងមានផ្ទៃក្រឡាប្រមាណ២ហិចតា។ ទៅទីនោះខ្ញុំទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ជាងនៅក្នុងភូមិ ព្រោះអង្គការលើកទឹកចិត្តដល់ប្រជាជនដែលធ្វើការងារធ្ងន់ ទទួលរបបអាហារច្រើនជាងអ្នកដែលនៅធ្វើការនៅជិតៗផ្ទះ។ យូរៗម្តងអង្គការមានរៀបចំពីធីជប់លៀងធ្វើម្ហូបឆ្ងាញ់ៗឲ្យប្រជាជនដែលខំប្រឹងប្រែងធ្វើការ។

គល់ សឿន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ក្នុងអំឡុងចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារ កាលពីខែកក្កដា ឆ្នាំ២០២២។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មកដល់ឆ្នាំ១៩៧៨ ការងារកាន់តែលំបាកទៅទៅៗ ហើយខ្ញុំត្រូវបានអង្គការផ្លាស់ទៅចន្ទៃជិតព្រំដែនវៀតណាមដើម្បីលើកទំនប់ជម្រៅ៣ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីភូមិមួយទៅភូមិមួយក្នុងស្រុកមេសាង។ នៅទីនោះដីរឹងពិបាកជីកខ្លាំងណាស់។ ប្រជាជនភាគច្រើនពុំសូវមានកម្លាំងក្នុងការកាប់ដី ចំណែកទឹកក៏មិនសូវមានសម្រាប់ងូត និងផឹកដែរ។ រយៈពេល២ទៅ៣ថ្ងៃម្តងទើបខ្ញុំនិងប្រជាជននៅក្នុងកងចល័តដើរទៅងូតទឹកនៅព្រែកក្រសាំង។ ព្រែកក្រសាំងនេះនៅជិតព្រំដែនវៀតណាម និងឆ្ងាយពីកន្លែងខ្ញុំធ្វើការ។ ពេលធ្វើការនៅចន្ទៃ ប្រជាជនក៏ជួបគ្រោះថ្នាក់ដែរ ព្រោះជាតំបន់ជម្លោះរវាងវៀតណាម និងខ្មែរក្រហម។ ថ្ងៃមួយវៀតណាមបានផ្លោងគ្រាប់មកចំប្រជាជនដែលកំពុងលើកទំនប់បណ្តាលឲ្យស្លាប់អស់ជាច្រើននាក់។ ជាសំណាងដែលខ្ញុំមិនបានស្ថិតនៅទីកន្លែងនោះ។ ក្រោយមកការងារនៅចន្ទៃត្រូវបានរំសាយ ដោយសារតែមានមនុស្សស្លាប់ច្រើន។ ខ្ញុំបានវិលត្រឡប់មករស់នៅផ្ទះក្នុងភូមិវិញ ហើយអង្គការប្រើឲ្យខ្ញុំឃ្វាលគោក្របី។

នៅដើមខែមករា ឆ្នាំ១៩៧៩ ប្រធានសហករណ៍បានកៀរប្រជាជននៅក្នុងភូមិទៅតំបន់ភាគខាងលិច គេចពីកងទ័ពវៀតណាមដែលវាយចូលមក។ ពេលខ្ញុំទៅដល់អ្នកលឿង ស្រាប់តែមានការបំផ្ទុះឃ្លាំងមួយយ៉ាងធំដោយក្រុមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ធ្វើឲ្យប្រជាជនមិនអាចធ្វើដំណើរទៅមុខទៀតបាន។ នៅ​គ្រានោះ ដោយសារតែចលាចលខ្លាំងពេក ខ្ញុំក៏វង្វេងប្រពន្ធកូន។ រហូតដល់ព្រឹកថ្ងៃបន្ទាប់ទើបខ្ញុំរកក្រុមគ្រួសារខ្ញុំឃើញ។ ចាប់តាំងពីពេលនោះមកប្រទេសជាតិចាប់ផ្តើមមានសុខសន្តិភាព។ ខ្ញុំបាននាំក្រុមគ្រួសារត្រឡប់មករស់នៅភូមិកំណើតនិងចាប់ផ្តើមកសាងជីវភាពគ្រួសារឡើងវិញដោយប្រកបរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖