វេទិកាអប់រំសហគមន៍នៅស្រុកកំពង់សៀម ក្រោមប្រធានបទ «រឿងរ៉ាវមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ចុងសប្ដាហ៍ក្រោមប្រធានបទ «រឿងរ៉ាវមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដោយមានការចូលរួមពី តុង សុភា តំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, សិស្សានុសិស្សមកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន សង្កើប ស្ថិតនៅក្នុងស្រុកបាធាយ ចំនួន៣០នាក់ និងអ្នករស់រានមានជីវតពីរបបខ្មែរក្រហមចំនួន៧នាក់ ដែលធ្លាប់បានចូលរួមគម្រោងប្រវត្តិសាស្រ្ត និងសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកន្លងមក។ វេទិកាអប់រំសហគមន៍ចុងសប្ដាហ៍បានប្រព្រឹត្តទៅនៅក្រោមដើម​ពោធិ៍​ដ៏ធំមួយដើមស្ថិតនៅក្នុងនៅឃុំគគរ ស្រុកកំពង់សៀម ដើម្បីបង្កើនការយល់ដឹងរបស់សិស្សានុសិស្សដែលកំពុងសិក្សា​ថ្នាក់ទី១២អំពីប្រវត្តិសាស្ត្រខ្មែរក្រហមនិងបង្កើតឱកាសឲ្យមានកិច្ចសន្ទនាអន្តរជំនាន់រវាងអ្នករស់រាន​មានជីវិតពី​ខ្មែរក្រហម និងយុវជនជំនាន់ក្រោយ។

ជាកិច្ចចាប់ផ្ដើម ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បាន​​ធ្វើបទបង្ហាញយ៉ាងខ្លីអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដឹកនាំការពិ​ភាក្សា​លើប្រធានបទស្ដីពី «រឿងរ៉ាវមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ បន្ទាប់មក សិស្សានុសិស្សត្រូវបានបែងចែកជាក្រុមពិភាក្សា ដែលក្រុមនីមួយៗទទួលបានប្រធានបទពិភាក្សារៀងៗខ្លួន និងការជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។​ ក្រុមនីមួយៗមានរយៈពេល៣០នាទីដើម្បីពិភាក្សាគ្នាដោយ​​​​មានការរចូលរួមរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់សិស្សានុសិស្ស។ បន្ទាប់មក ក្រុមទាំងអស់បានជ្រើសរើសតំណាងរបស់ខ្លួនដើម្បីឡើងធ្វើបទបង្ហាញអំពីប្រធានបទរបស់ខ្លួន និងអំពីអ្វីដែលខ្លួនបានពិភាក្សា និងដឹងពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ក្រុមទី១) មានសមាជិកឈ្មោះ សារឿន វីរៈ, វឿន រចនា, ម៉ន សុនីតា, ហ៊ឺម សៀវម៉ី, និង សាន រតនះ

ទទួលបានប្រធានបទស្ដីពី «ការបង្កើតសហករណ៍»។ ក្រុមទី១នេះ បានសរសេរសេចក្ដីសង្ខេបចេញពីការពិភាក្សា នៅក្នុងក្រុម និងពីការរៀបរាប់របស់ បួន ឈុនឡោម គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូចខាងក្រោម ៖

«ក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ ខ្មែរក្រហមបានបង្កើតក្រុមប្រវាស់ដៃដែលជាក្រុមសាមគ្គីដាំដំណាំ និងចែកផលគ្នា។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើតសហករណ៍ ក្នុងនោះក្រុមសហករណ៍កម្រិតទាបទទួលបានរបបអាហារនៅកន្លែងរោងបាយរួម និងអាចយករបបអាហាររបស់ខ្លួនមកហូបនៅតាមផ្ទះរៀងខ្លួនៗ ចំណែកឯក្រុមសហករណ៍កម្រិតខ្ពស់គឺជាក្រុមដែលហូបរួម រស់នៅរួម និងធ្វើការងាររួម។ បួន ឈុនឡោម បានលើកឡើងថា គាត់ធ្លាប់រស់នៅក្នុងសហករណ៍។ គាត់ធ្វើកាងារគ្មានម៉ោងសម្រាក ចំណែកការហូបចុកមិនគ្រប់គ្រាន់ឡើយ។ គាត់បាត់បង់ឪពុកដោយសារខ្មែរក្រហមបានចាប់យកទៅសម្លាប់ចោល។ គាត់នៅតែចងចាំពីការចាប់ឪពុករបស់គាត់យកទៅសម្លាប់ដោយគ្មានមូលហេតុ»។

ក្រុមទី២) មានសមាជិកក្រុមឈ្មោះ អ៊ុល ដួងដារ៉ា, ម៉េត វិច្ឆិកា និង លឹម សុខណែត ទទួលបានប្រធានបទស្ដីពី «វណ្ណះសង្គមថ្មីពីរ» និងបានសរសេរសេចក្ដីសង្ខេបចេញពីការពិភាក្សានៅក្នុងក្រុម និងពីការរៀបរាប់របស់ បួន ឡោហាន គឺប្រជាជាជនចាស់ ឬមូលដ្ឋាន និង ម៉ៅ វណ្ណាដែលជាប្រជាជនថ្មី ឬ១៧មេសា នៅក្នុងរបបខ្មែរក្រហម ដូចខាងក្រោម៖

«សង្គមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជាពីរវណ្ណះគឺ ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី។ ប្រជាជនចាស់គឺជាប្រជាជនរស់នៅក្នុងតំបន់រំដោះខ្មែរក្រហមមុនឆ្នាំ១៩៧៥ និងទទួលបានសិទ្ធិពេញលេញ។ ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាប្រជាជនដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ឬទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។ ប្រជាជនថ្មីត្រូវបានចាត់ទុកថាជាមនុស្សដែលមិនអាចជឿទុកចិត្តបាន និងទទួលបានការស្អប់ខ្ពើម និងការសង្ស័យពីសំណាក់ខ្មែរក្រហម។ បួន ឡោហាន និង ម៉ៅ វណ្ណា បាននិយាយថា ពិតជាមានការបែងចែកវណ្ណះសង្គមមែន។ បួន ឡោហាន បាននិយាយរំឭកពីបទពិសោធន៍ជាប្រជាជនមូលដ្ឋាន ដែលធ្វើការនៅកងចល័តនារី ចំណែក ម៉ៅ វណ្ណា បានចែករំលែកពីបទពិសោធន៍ជាប្រជាជនថ្មីដែលធ្វើការនៅការដ្ឋានឆ្ន័ត្រ ដែលជាកន្លែងលត់ដំ។ រឿងរ៉ាវដែល ម៉ៅ វណ្ណា ចងចាំមិនអាចបំភ្លេច គឺការទទួលបានដំណឹងថា ឪពុកម្ដាយនិងបងប្អូនរបស់គាត់ត្រូវបានខ្មែរក្រហមចង និងទម្លាក់ចូលទន្លេមេគង្គនៅភូមិសាស្រ្តឃុំព្រែកតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម»។

ក្រុមទី៣) មានសមាជិកក្រុម ឈ្មោះ ឡូ សុភក្រ្តា, អេង សុវណ្ណម៉ូនីកា, វ៉េង ផាន់ណា, ឡន អូរីន និង ឡេវ រក្សា ទទួលបានប្រធានបទស្ដីពី «ពិធីរៀបមង្គលការ» និងបានសរសេរសេចក្ដីសង្ខេបចេញពីការពិភាក្សានៅក្នុងក្រុម និងពីការរៀបរាប់របស់ ទិត្យ ណៃស្រ៊ុង ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមដូចខាងក្រោម៖

«មង្គលការក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩) មានភាពខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ប្រជាជនត្រូវបានអង្គការរៀបចំរៀបការចាប់ពី៣គូទៅ៣០គូក្នុងពិធីតូច និងចាប់៥០គូដល់១០០គូនៅក្នុងពិធីធំ។ បងប្អូនសាច់ញាតិនិងឪពុកម្ដាយមិនអនុញ្ញាតិឲ្យចូលរួមក្នុងពិធីមង្គលការទេ។ រឿងដែល ទិត្យ ណៃស្រ៊ុង ចងចាំមិនអាចបំភ្លេចបាន និងសោកស្ដាយនោះគឺពិធីរៀបការរបស់គាត់មិនមានសាច់ញាតិចូលរួម»។

ក្រុមទី៤) មានសមាជិកក្រុមឈ្មោះ អឿន សុខហេង, ខន ម៉ាលីន, ចាន់ លីស៊ាវម៉ី, វ៉ាន សុខ និង ឃៀង សុផាត់  ទទួល​បានប្រធានបទស្ដីពី «ការរំលោភលើសិទ្ធិ និងពលកម្មកុមារ» និងបានសរសេរសេចក្ដី​សង្ខេបចេញពីការពិភាក្សានៅក្នុងក្រុម និង ពីការរៀបរាប់របស់ តុង សុភា អ្នករស់រានមានជីវិតពីក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖

«ក្នុងរបបប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) កុមារត្រូវបានបញ្ជូនឲ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះរបស់ប្រជាជន។ គ្រូភាគច្រើនគឺជាកសិករក្រីក្រ ដែលអាចអាន និងសរសេរអក្សរបានតែបន្តិចបន្តួចតែប៉ុណ្ណោះ។ កុមារនៅក្នុងរបបខ្មែរក្រហមត្រូវបានប្រើឲ្យធ្វើការងារ ដូចជា រើសអាចម៍គោ និងកាត់ដើមទន្ទ្រានខែត្រធ្វើ ជី។ តុង សុភា បានរំឭកអំពីជីវិតមួយថ្ងៃ និងការបាត់បង់ឪពុករបស់ខ្លួនថា «ខ្ញុំត្រូវបានបញ្ជូនទៅរៀនសូត្រនៅក្នុងកងកុមារ ដែលមានមិត្តនារី  ឈាង គឺជាគ្រូបង្រៀនកុមារមូលដ្ឋាននៅភូមិចំការសាមសិប។ នៅក្នុងកងកុមារ មានកុមារា កុមារី ប្រមាណ ២០-៣០នាក់ និងមានមិត្ត លីម គឺជាមេកងកុមារ។ នៅពេលព្រឹក ខ្ញុំ និងកុមារមូលដ្ឋានផ្សេងទៀត ក្រោកពីប្រលឹមនៅម៉ោង៦ព្រឹកដើម្បីទៅរៀននៅក្រោមផ្ទះរបស់អ្នកភូមិ។ អ្នកគ្រូឈាង បានបង្រៀន អក្សរ និងលេខ រយៈពេល៣ម៉ោង។ នៅវេលាម៉ោង៩ព្រឹក អ្នកគ្រូ ឈាង បានដឹកនាំកុមារទាំងអស់ ទៅធ្វើពលកម្ម លើកអាចម៍ គោពីផ្ទះអ្នកភូមិដើម្បីយកមកធ្វើជីដាក់ស្រូវ។ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបអ្នកគ្រូ និងកុមារ ទាំងអស់ទៅហូបបាយនៅរោងបាយសហករណ៍។ បន្ទាប់ពីសម្រាកថ្ងៃត្រង់បានបន្តិច កុមារទាំងអស់ត្រូវលើកអាចម៍ គោយកមកដាក់ទុកនៅកន្លែងធ្វើជីបន្តទៀត។ នៅពេលនោះ គឺមិនទាន់មានសាលា និងម៉ោងសិក្សាច្បាស់លាស់ទេ។ ការបង្រៀនរបស់អ្នកគ្រូ ឈាង នៅពេលនោះគឺដើរបង្រៀនចល័តនៅតាមផ្ទះរបស់អ្នកភូមិ។ នៅឆ្នាំ១៩៧៦ មាឌខ្ញុំកាន់តែធំ ស្រាប់តែខ្មែរក្រហមបញ្ជូនខ្ញុំទៅកងចល័តទី២ដើម្បីធ្វើស្រែ។ ក្រោយមកទៀត ខ្ញុំត្រឡប់មករើសអាចម៍គោវិញ។ នៅឆ្នាំ១៩៧៧ ខ្ញុំបានបែកចេញពីគ្រួសារ និងបងប្អូន ទៅលើកកណ្ដាប់ស្រូវមួយរយៈទើបត្រឡប់មកផ្ទះវិញ។ នៅពេលនោះ ខ្ញុំបានអាយុប្រហែល១១ឆ្នាំ។ នៅពេលដែលខ្ញុំកំពុងដេកលក់លើដៃឪពុកខ្ញុំនៅពេលយប់មួយក្នុងឆ្នាំ១៩៧៨កងឈ្លបបានមកយកឪពុកខ្ញុំទៅសម្លាប់ជាមួយអ្នកភូមិ​១២នាក់ផ្សេងទៀតនៅក្នុងវត្តគគរ។ បន្ទាប់មក ខ្ញុំត្រូវបានរើសអើងនៅក្នុងភូមិ ពីព្រោះខ្ញុំគឺជាកូនអ្នកដែលមានប្រវត្តិអាក្រក់»។

ក្រុមទី៥) មានសមាជិកឈ្មោះ ខែម វណ្ណះ, សម្បត្តិ សុជាតា, ចាន់ ទ្រីគារ៉ា, ឡុង សុខមាស និង វុទ្ធី លីហ័ង ទទួល​បានប្រធានបទស្ដីពី «ការបង្ខំឲ្យធ្វើការជាទម្ងន់»  និងបានសរសេរសេចក្ដី​សង្ខេបចេញពីការពិភាក្សានៅក្នុងក្រុម និងពីការរៀបរាប់របស់ ធុន ស្រ៊ាង ដែលធ្លាប់បានធ្វើការនៅកងចល័តនារីស្រុកក្នុងរបបខ្មែរក្រហម ដូចខាងក្រោម៖

«ប្រជាជនត្រូវងើបតាំងតែពីម៉ោង៤ទៀបភ្លឺ និងត្រូវកាប់ដីក្នុង១ថ្ងៃ៣ម៉ែត្រគីប។ ប្រជាជនត្រូវធ្វើការងារហួសកម្លាំង និងគ្មានពេលសម្រាក។ ក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជាស្ទើរតែគ្រប់គ្នាត្រូវធ្វើការងារច្រើនជាង១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្មានពេលសម្រាក និងការហូបចុកអាហារមិនបានគ្រប់គ្រាន់។ ធុន ស្រ៊ាង ដែលធ្លាប់ធ្វើការនៅកងចល័តស្រុកបានរៀបរាប់ថា នៅរបប ប៉ុល ពត គាត់ត្រូវបានបង្ខំឲ្យធ្វើការងារហួសកម្លាំងរួមមាន រែកដី កាប់ឆ្ការព្រៃ ដកស្ទូង និងច្រូតស្រូវ។ ការងារជាទម្ងន់ក្នុងរបបខ្មែរក្រហមបានបណ្ដាលឲ្យគាត់ឈឺចង្កេះរហូតមកដល់ពេលបច្ចុប្បន្ន»។

ក្រុមទី៦) មានសមាជិកឈ្មោះ ស៊ឹង ម៉ាលីន, ហឿន ណាវីន, និង រៀម ប្រុសពេជ្រ ទទួល​បានប្រធានបទស្ដីពី «បន្សុទ្ធកម្ម និងការសម្លាប់រង្គាល» និងបានសរសេរសេចក្ដី​សង្ខេបចេញពីការពិភាក្សានៅក្នុងក្រុម និងពីការរៀបរាប់ពីបទពិសោធន៍របស់ ទិត្យ ណៃហុង និង ជុំ សុខហេង ដែលបានធ្វើការនៅកងចល័តនារីក្នុងរបបខ្មែរក្រហមដូចខាងក្រោម ៖

«ខ្មែរក្រហមតែងតែស្រាវជ្រាវរកចាប់ខ្មាំងសត្រូវរបស់ខ្លួន និងគិតថាខ្មាំងសត្រូវគឺមាននៅគ្រប់ទីកន្លែង។ ខ្មាំងសត្រូវរបស់ខ្មែរក្រហម ត្រូវបានបែងចែកជា២ប្រភេទ គឺ សត្រូវខាងក្រៅ និងសត្រូវខាងក្នុង។ ចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាប់ផ្ដើមអនុវត្តបន្សុទ្ធកម្ម ដែលបណ្ដាលឲ្យមានការចាប់ខ្លួន និងសម្លាប់ប្រជាជនជាច្រើននាក់។ ទិត្យ ណៃហុង និង ជុំ សុខហេង បានរំឭកពីព្រឹត្តិការណ៍ដែលខ្លួននៅតែចងចាំ និងភ័យតក់ស្លុត ពីការ​ចាប់ខ្លួនប្រជាជនមូលដ្ឋាន និងប្រជាជនចាម ដោយកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់ចោលទាំងគ្រួសារនៅវត្តគគរ និងនៅឡដុតថ្នាំជក់»។

បន្ទាប់ពីការឡើងធ្វើបទបង្ហាញរបស់ក្រុមនីមួយៗអស់រយៈជិត១ម៉ោង ស៊ាង ចិន្តា បន្តដឹកនាំការពិភាក្សា និងបកស្រាយសំណួររបស់សិស្សានុសិស្សក្នុងក្រុមនីមួយៗ។ មុនពេលបិទបញ្ចប់វេទិកាអប់រំសហគមន៍ចុងសប្ដាហ៍នេះនៅវេលាម៉ោង១១:៣០នាទីព្រឹក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចែក​សៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាខ្មែរ បោះពុម្ពលើកទី២ និងទស្សនាវដ្ដីស្វែងរកការពិត ដល់សិស្សានុសិស្ស ដើម្បីអាន និងឈ្វេងយល់បន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម។

កម្មវិធីពេលរសៀលសម្រាប់វេទិកាអប់រំសហគមន៍ចុងសប្ដាហ៍នេះគឺការចុះទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ និងទីតាំងសម្លាប់ប្រជាជនខ្មែរ និងចាម ដែលស្ថិតនៅវត្តគគរ។ សិស្សានុសិស្សបានចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍​ដែលស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម និងបានឈ្វេងយល់បន្ថែមអំពីទីតាំងសម្លាប់នៅឃុំគគរដែលមាន៣ទីតាំង គឺ ទំនប់គគរ, វត្តគគរ និងឡដុតថ្នាំជក់។ ម៉ម ស្រឿន ដែលធ្លាប់ដឹកជញ្ជូនអ្នកទោសយកទៅសម្លាប់នៅការដ្ឋានទំនប់គគរ និងដឹកសម្ភារចូលមកទុកមន្ទីរសន្តិសុខគគរ បានជួបសន្ទនា និងប្រាប់អំពីព្រឹត្តិការណ៍នៅក្នុងមូលដ្ឋានឃុំគគរ ព្រមទាំងបទពិសោធន៍ជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហម ទៅកាន់សិស្សានុសិស្សដើម្បីឈ្វេងយល់បន្ថែម។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក