វេទិកាអប់រំសហគមន៍ស្តីពី ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅវេលាម៉ោង៧: ៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៦នាក់ (ស្រី៥នាក់) ដែលភាគច្រើនជាជនជាតិដើមភាគតិចស្ទៀង រស់នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសិស្សានុសិស្សចំនួន១៥នាក់ (ស្រី៩នាក់) ដែលជាកូនចៅរបស់ពួកគាត់បានមកជួបជុំគ្នានៅបរិវេណផ្ទះមេភូមិ ភូមិកោះថ្ម ដើម្បីចូលរួមវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។

គោលបំណងក្នុងការបង្កើតវេទិកានេះ គឺដើម្បីផ្តល់ឱកាសសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្មេងជំនាន់ក្រោយស្តីអំពី ការជម្លៀសជនជាតិដើមភាគតិចស្ទៀងដោយបង្ខំនៅក្នុងរបបខ្មែរក្រហម (១៩៧៥ -១៩៧៩)។

ជាកិច្ចចាប់ផ្តើមលោកមេភូមិកោះថ្មឈ្មោះ វ៉ន វ៉ាន បានមានប្រសាសន៍បើកកម្មវិធីវេទិកាដោយមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានការរីករាយខ្លាំងចំពោះវត្តមានលោកតាលោកយាយ អ៊ំ ពូ មីង និងប្អូនៗសិស្សានុសិស្សក្នុងការចូលរួមវេទិកាអប់រំសហគមន៍ ស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែលរៀបចំឡើងដោយក្រុមការងារមជ្ឍមណ្ឌលឯកសារកោះថ្ម ពីព្រោះវាជាការសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្មេងជំនាន់ក្រោយ ដើម្បីការចងចាំ និងទប់ស្កាត់របបនោះកុំឲ្យកើតឡើងវិញម្តងទៀត។

បន្ទាប់មក ឡុង ដានី  នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានធ្វើការណែនាំខ្លួន និងក្រុមការងារជូនដល់លោកតា លោកយាយ អ៊ំ ពូមីង និងប្អូនៗសិស្សានុសិស្សដែលបានចូលរួមក្នុងវេទិការអប់រំសហគមន៍នេះ។ លោក ឡុង​ ដានី បានជម្រាប់សួរលោកតា លោកយាយ អ៊ំ ពូ មីង និងប្អូនៗសិស្សានុសិស្សថាតើធ្លាប់បានពិភាក្សាគ្នាទាក់ទងនឹងរឿងរ៉ាវនៅក្នុងសម័យខ្មែក្រហមដែរឬទេ? តមកលោក ឡុង ​ដានីបានធ្វើបទបង្ហាញជាសង្ខេបទាក់ទងនឹងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំ លើកទី១ លើកទី២ និងលើទី៣។ លោក ឡុង ដានី ក៏បានរៀបរាប់ដោយសងេ្ខបអំពីដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងជនទាំងឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ខកម្មធ្ងន់ធ្ងរដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩)។ ក្នុងនោះមានជនជាប់ចោទចំនួន៥នាក់ត្រូវបាននាំយកមកកាត់ទោស រួមមាន៖ ១) នួន ជា អនុលេខាបក្សកុម្មុយនីសកម្ពុជា និងជាប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។ ២) ខៀវ សំផន ប្រធានគណប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ៣) អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥- ១៩៧៩) ដែលបានស្លាប់អំឡុងដំណើរសវនាការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣។ ៤) អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែលបានស្លាប់អំឡុងដំណើរសវនាការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ និង ៥) កាំង ហ្គេចអ៊ាវ ហៅ ឌុច ប្រធានមន្ទីរសន្តិសុខ ស-២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ជាកិច្ចបន្តក្រុមការងារបានបែងចែកអ្នកចូលរួមវេទិកាជា៤ក្រុម ក្នុងមួយក្រុមៗមានចំនួន៧ទៅ៨នាក់ដោយរួមទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្ស។ អ្នករស់រានអាចចែករំលែកបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមដល់សិស្សានុសិស្ស។ ចំណែកសិស្សានុសិស្សអាចស្តាប់ កត់ត្រា និងសួរសំណួរទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបាន។ សកម្មភាពសង្ខេបៗរបស់ក្រុមទាំង៤មានដូចខាងក្រោម ៖

ក្រុមទី១)​ មានសមាជិក ៧នាក់ (សិស្សានុសិស្ស៥នាក់ និងអ្នករស់រាន២នាក់) ប្រធានបទ៖និយាយអំពីរបបប្រល័យពូជសាសន៍គឺជារបបដែលបានធ្វើបាបប្រជាជនជាជនជាតិដើមភាគតិចស្ទៀង ធ្វើជាទាសករគ្រប់បែបយ៉ាងដោយមិនឲ្យបាយហូបគ្រប់គ្រាន់ ហូបតែបបរ មើម ក្ដួច យកប្រជាជនធ្វើជាគោក្របី សម្រាប់អូសទាញនង្គ័ល សម្រាប់ភ្ជួរដីធ្វើស្រែ ប្រសិនបើអូសទាញមិនរួចខ្មែរក្រហមយកទៅដាក់គុក ឬសម្លាប់ចោល គ្មានការពិចារណាអ្វីទាំងអស់។ ក្នុងពេលមួយនៅស្រុកស្នួល ខេត្តក្រចេះ បបរមួយចានត្រូចហូបគ្នា៣នាក់។ បន្ទាប់មកប្រជាជនត្រូវបានជម្លៀសតាមកាណូតពីក្រចេះទៅភូមិភាគកណ្តាល គឺនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម រហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលមកដល់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបបានត្រឡប់មកស្រុកកំណើតវិញ។

ក្រុមទី២)​ មានសមាជិក ៧នាក់ (សិស្សានុសិស្ស៣នាក់ និងអ្នករស់រាន៤នាក់) ប្រធានបទការជម្លៀសជនជាតិដើមភាគតិចស្ទៀងដោយបង្ខំ។ កាលពីឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសលោកតាទៅស្រែទូលាយ ក្នុងឃុំទន្លូងដើម្បីធ្វើជាកងចល័តបាន១០ថ្ងៃ ទើបខ្មែរក្រហមបញ្ជូនបន្តទៅនៅភូមិម្លិច ក្នុងស្រុកស្នួល ខេត្តក្រចេះ ខ្មែរក្រហមប្រើឲ្យលោកតាកាប់គាស់ដី ហើយបានរបបអង្ករតែកន្លះកំប៉ុងយកមកហូបគ្នា៣នាក់ដល់ពេលយប់ឡើងខ្មែរក្រហមចាត់ឲ្យលោកតារែកដីហាលភ្លៀងរហូតដល់ព្រឹក រួចខ្មែរក្រហមបានបញ្ជូនលោកតាទៅទំនប់បាក់នឹមទៀត។ នៅទីនោះបានរយៈពេល៣ថ្ងៃខ្មែរក្រហមបានចាត់តាំងឲ្យច្រូតកាត់ដកស្ទូង។ បន្ទាប់មកមានយន្តហោះបើកមកទម្លាក់គ្រាប់ត្រូវចំប្រជាពលរដ្ឋកំពុងច្រូតស្រូវ បណ្ដាលឲ្យស្លាប់ជាច្រើននាក់  ហើយខ្មែរក្រហមចាត់ឲ្យសែងអ្នករបួសនិងអ្នកស្លាប់ទៅទម្លាក់ចោលក្នុងទឹកនៅខេត្តក្រចេះ ។

ក្រុមទី៣)​ មានសមាជិក៧នាក់ (សិស្សានុសិស្ស៣នាក់ និងអ្នករស់រាន៤នាក់) ប្រធានបទ ការរៀនសូត្រ និងការជម្លៀសដោយបង្ខំ។ នៅជំនាន់ខ្មែរក្រហម (១៩៧៥ -១៩៧៩) ខ្មែរក្រហមឲ្យក្មេងៗបានរៀនសូត្រតែពេលយប់ និងធ្វើការងារនៅពេលថ្ងៃ ព្រោះខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារច្រើន ហើយនៅពេលយប់រៀនបានតែ១ទៅ២ម៉ោងប៉ុណ្ណោះ។ ប្រសិនបើកុមារធ្វើអ្វីខុស ខ្មែរក្រហមនឹងយកទៅធ្វើទារុណកម្ម និងសម្លាប់។ នៅឆ្នាំ១៩៧៨ នៅពេលខ្មែរក្រហមជម្លៀសប្រជាជនដែលជាជនជាតិដើមភាគតិចស្ទៀងចេញពីភូមិស្រុក គឺខ្មែរក្រហមមិនអនុញ្ញាតឲ្យជួបជុំជាមួយឪពុកម្ដាយក្រុមគ្រួសារឡើយ។ ខ្មែរក្រហមបានប្រើខ្ញុំឲ្យកាប់គាស់រានដី លើកទំនប់ លើកភ្លឺស្រែ ប៉ុន្តែមិនឲ្យហូបចុកគ្រប់គ្រាន់។ នៅពេលនោះបានហូបតែបបរ លាយក្ដួច លាយទំពាំង និងលាយស្លឹកឈើ ។ ខ្មែរក្រហមបានជម្លៀសជនជាតិដើមភាគតិចស្ទៀងចំនួន៣លើក ៖ លើកទី១ ជម្លៀសចេញពីភូមិទៅនៅស្រែទូលាយ ឃុំទន្លូង ស្រុកត្រមូង ខេត្តកំពង់ចាម។ លើកទី ទៅនៅឃុំស្វាយជ្រះ ស្រុកស្នួលខេត្តក្រចេះ និងលើកទី៣ ជម្លៀសពីខេត្តក្រចេះទៅស្រុកចម្ការលើ ខេត្តកំពង់ចាម ទើបកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលមកដល់នៅ ថ្ងៃ៧ ខែមករា ១៩៧៩ និងបានត្រឡប់មកផ្ទះ វិញ។

ក្រុមទី៤)​ មានសមាជិក៨នាក់ (សិស្សានុសិស្ស៤នាក់ និងអ្នករស់រាន៤នាក់) ប្រធានបទជនជាតិដើមភាគតិចស្ទៀងត្រូវបានជម្លៀសដោយបង្ខំ។ នៅពេលដំបូងខ្មែរក្រហមឲ្យហូបបបរ និងធ្វើការងារពលកម្មធ្ងន់ធ្ងរ ប្រសិនបើយើងប្រឆាំងឬធ្វើអ្វីខុសនឹងច្បាប់វិន័យរបស់អង្គការ នោះយើងនឹងត្រូវអង្គការដាក់ទោសឬចោទថាជាជនក្បត់អង្គការ។ មុនដំបូងខ្មែរក្រហមជម្លៀសជនជាតិដើមភាគតិចស្ទៀងទៅនៅភូមិអាលួច ក្នុងស្នួលខេត្តក្រចេះ។ នៅទីនោះ ខ្មែរក្រហមចាត់ឲ្យធ្វើការងារពលកម្មធ្ងន់ធ្ងរ និងឲ្យហូបបរតែមួយវែក ប្រសិនបើយើងមិនបានចេញទៅធ្វើការងារ ខ្មែរក្រហមមិនឲ្យយើងហូបទេ។ មានថ្ងៃខ្លះយើងត្រូវចុះទៅធ្វើការងារតាំងពីម៉ោង៦:០០ព្រឹករហូតដល់ម៉ោង១១:០០យប់ ទើបឈប់។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យយើងបានរស់នៅជួបជុំគ្រួសារទេ ប្រសិនបើជាម៉ែឪឈឺ ឬស្លាប់កូនចៅក៏មិនបានដឹងដែរ ចំណែកកុមារតូចៗខ្មែរក្រហមប្រើឲ្យរើសអាចម៍គោ ស្លឹកឈើដើម្បីយកមកធ្វើជីសម្រាប់ដាក់ស្រែ។ ចំពោះមនុស្សពេញវ័យមុនចេញទៅធ្វើការងារត្រូវតម្រង់ជួរហើយខ្មែរក្រហមហៅឈ្មោះតាមលេខរៀង។ នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសជនជាតិដើមភាគតិចស្ទៀងពីភូមិអាលួច ស្រុកស្នួលបន្តទៅភូមិភាគកណ្ដាល ដោយបានដឹកតាមកាណូតពីថ្មគ្រែចុះទៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។

ចំណាប់អារម្មណ៍អ្នករស់រានមានជិវិតពីសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ហែ មឿន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ ដែលបានចូលរួមវេទិកាអប់រំសាធារណៈស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំបានជួបជុំបងប្អូនកូនក្មួយ ដែលសុទ្ធតែជាអ្នករស់នៅភូមិកោះថ្ម ជាពិសេសបាននិយាយរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមឲ្យកូន ក្មួយជាជំនាន់ក្រោយបានដឹងពីសម័យខ្មែរសម្លាប់ខ្មែរគ្នាឯង។ ម្យ៉ាងទៀតកូនក្មួយបានមកសួរនាំរឿងរ៉ាវខ្មែរក្រហមជម្លៀសប្រជាជន ការធ្វើការងារអត់មានពេលឈប់សម្រាក គ្រួសារត្រូវបានបែកបាក់គ្នា។ ពេលខ្ញុំបាននិយាយរឿងទាំងអស់នៅក្នុងចិត្តប្រាប់កូន ក្មួយ ដូចជាមានអារម្មណ៍សប្បាយចិត្តបន្តិចដែរ។ ជាចុងក្រោយខ្ញុំសូមអរគុណចំពោះក្រុងការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម និងអាជ្ញាធរភូមិដែលបានអញ្ជើញពួកខ្ញុំទាំងអស់បានមកជួបជុំគ្នា។

ចំណាប់អារម្មណ៍របស់សិស្សានុសិស្ស

នាងខ្ញុំឈ្មោះ ផនសំណាង មានអារម្មណ៍ពិតជាសប្បាយរីករាយ និងរំភើបជាខ្លាំងដែលបានមកចូលរួម និងស្ដាប់លោកតាលោកយាយចែករំលែកអំពីបទពិសោធន៍ជីវិត និងរឿងរ៉ាវជាច្រើនដែលលោកតាលោកយាយបានជួបប្រទះនៅក្នុងសម័យខ្មែរក្រហម។ រូបខ្ញុំ និងមិត្តភក្តិទាំងអស់បានដឹងអំពីស្ថានភាពការរស់នៅលំបាកវេទនា មិនបានហូបចុកគ្រប់គ្រាន់ និងការជម្លៀសចេញពីភូមិស្រុកទៅកន្លែងផ្សេងៗ ការធ្វើទារុណកម្ម និងសម្លាប់មនុស្សដូចសត្វធាតុ។ ក្រោយពេលដែលបានស្ដាប់លោកលោកយាយរួចខ្ញុំមានអារម្មណ៍ថាសោកសៅ និងមានការអាណិតអាសូរចំពោះលោកតាលោកយាយ ។ ក្នុងនាមជាសិស្សម្នាក់ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រស្វែងយល់បន្ថែមទៀតអំពីរឿងរ៉ាវប្រវត្តិសាស្រ្តឲ្យកាន់តែច្បាស់ ព្រោះខ្ញុំមិនចង់ឲ្យរបបនេះកើតឡើងម្ដងទៀតទេ ។

អត្ថបទ និង រូបថត​ ÷ ឡុង ដានី វី ស៊ីថា និង ឈុំ រ៉ា​ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក