នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ រួមមាន ជីម សុខគា និង ង៉ាន់ វីន បានចុះទៅមើលទីតាំងសម្រាប់រៀបចំវេទិកាអប់រំសហគមន៍ ដែលត្រូវធ្វើឡើងក្នុងខែមេសានេះ។ វេលាជិតថ្ងៃត្រង់ ក្រុមការងារធ្វើដំណើរតាមម៉ូតូរឺម៉កកង់បី ពីការិយាល័យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ទៅកាន់ផ្ទះរបស់អ៊ំ សេក អ៊ឹម គឺជាមេភូមិត្រើយឃ្លោក។ នៅពេលទៅដល់ផ្ទះរបស់អ៊ំ សេក អ៊ឹម ជីម សុខគា បានជម្រាបសួរគាត់ សួរសុខទុក្ខ និងបានសំណេះសំណាលសួរនាំអំពីបញ្ហាសុខភាពរបស់គាត់ ព្រមទាំងបញ្ហាប្រឈមរបស់ប្រជាជននៅក្នុងភូមិ។ ឆ្លៀតឱកាសនោះ ជីម សុខគា ក៏បានស្នើសុំការអនុញ្ញាតពីអ៊ំ សេក អ៊ឹម ដើម្បីយកទីតាំងវត្តត្រើយឃ្លោក ធ្វើវេទិកាអប់រំសហគមន៍អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
អ៊ំមេភូមិ សម្តែងនូវការស្វាគមន៍ចំពោះសំណើរ និងមានប្រសាសន៍ទាក់ទងនឹងបញ្ហាប្រឈមក្នុងភូមិរបស់គាត់ថា «ក្នុងភូមិត្រើយឃ្លោកនេះធ្លាប់មានទឹកលិចនៅរដូវរស្សា និងមានយុវជនចំនួនពីរនាក់បានសេពគ្រឿងញៀន។ ប៉ុន្តែបញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយរួចរាល់ហើយ ដោយគាត់បានស្នើសុំការជួយអន្តរាគមន៍ពីសាលាស្រុក។ មន្រ្តីនៅសាលាស្រុកបានជួយដាក់លូដើម្បីធ្វើជាផ្លូវទឹក និងចាក់ផ្លូវឡើងឲ្យខ្ពស់ជាងមុន ។ ចំពោះយុវជនដែលបានសេពគ្រឿងញៀន ក៏ត្រូវបានបញ្ជូនយកទៅមណ្ឌលអប់រំកែប្រែដែរ។ បច្ចុប្បន្ន នៅក្នុងភូមិត្រើយឃ្លោក មិនមានអំពើចោរកម្មលួច ឆក់ដូចពីមុនឡើយ»។ អ៊ំមេភូមិ បានបញ្ជាក់ថា «សម្រាប់ធ្វើវេទិកាអប់រំសហគមន៍ ខ្ញុំនឹងជួយរកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងភូមិត្រើយឃ្លោកចំនួន១៥នាក់ ដើម្បីចូលរួមកម្មវិធីនៅក្នុងវត្តត្រើយឃ្លោក ថ្ងៃទី២៧ ខែមេសា នេះ។
វត្តត្រើយឃ្លោក សព្វថ្ងៃស្ថិតក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយអ៊ំមេភូមិរួច ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ក៏ធ្វើដំណើរទៅមើលទីតាំងក្នុងវត្តសម្រាប់ធ្វើវេទិកាអប់រំសហគមន៍។ ទីតាំងវត្តមានទីធ្លាដ៏ធំទូលាយ និងមានការរៀបចំយ៉ាងស្អាត ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤, ១៥ និង ១៥ ខាងមុខនេះ។ បន្ទាប់ពីក្រុមការងារ បានដើរមើលទីធ្លាក្នុងវត្តរួចហើយ ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ក៏បានចូលថ្វាយបង្គំ និងស្នើសុំព្រះចៅអធិការវត្តត្រើយឃ្លោកដើម្បីសុំទីតាំងវត្ត ធ្វើវេទិកាអប់រំអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងគោលបំណងឲ្យប្រជាជននិងសិស្សានុសិស្សសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហមដើម្បីទុកជាការចងចាំ និងជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការចូលរួមចែករំលែកនូវរឿងរ៉ាវដែលអ្នករស់រានមានជីវិតបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងការពិភាក្សាដេញដោលពីក្មេងៗជំនាន់ក្រោយដែលជាសិស្សានុសិស្សមកពីវិទ្យាល័យ ដូងខ្ពស់។ ព្រះចៅអធិការវត្តត្រើយឃ្លោកបានមានសង្ឃដីកាថា «ចំពោះវត្តត្រើយឃ្លោកនេះ ព្រះអង្គសម្រេចឲ្យធ្វើវេទិកាអប់រំសហគមន៍នៅថ្ងៃទី២៧ ខែមេសា នេះចុះ សម្រាប់រឿងរៀបចំផ្សេងៗ ព្រះអង្គប្រគល់ជូនអាចារ្យវត្តគឺជាអ្នកចាត់ចែងរៀបចំសម្រាប់ធ្វើកម្មវិធីនេះ»។
អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា