ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះជួបនិងសម្ភាសន៍អ្នករស់រានមានពីរបបខ្មែរក្រហម នៅស្រុកកោះសូទិន

ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយ លី ដេវីត, ទូច វណ្ណេត និង សាង ចាន់ធូ បានចុះជួបជាមួយអ្នករស់រានមានពីរបបខ្មែរក្រហម ដែលកំពុងរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងសាកសួរអំពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម។ ក្នុងអំឡុងពេលនៃការចុះទៅមកកាន់មូលដ្ឋានកោះសូទិននេះ ក្រុមការងារជួបសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤នាក់ និងផ្ដិតយករូបភាពក្នុងស្រុកកោះសូទិននៅរដូវប្រាំងដែរ ៖

១) កូប មៃសំ រំឭកអំពីបទពិសោធន៍ជម្លៀសទៅបាត់ដំបងក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ កូប មៃសំ អាយុ៦៦ ឆ្នាំ រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ ខ្ញុំរៀបការប្ដីឈ្មោះ ស្លេះ ហ៊ូសាន់ និងមានកូនសរុបចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ កូប និងម្ដាយឈ្មោះ អំ ណាស់។ នៅពីក្មេង ខ្ញុំចូលរៀននៅសាលាបឋមសិក្សាចុងកោះ និងឈប់រៀនត្រឹមថ្នាក់ទី១។ នៅឆ្នាំ១៩៧០ ខ្ញុំឃើញមានបាតុកម្មដង្ហែរចេញភូមិទៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅក្នុងភូមិដដែល ប៉ុន្តែនៅពេលនោះមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះឡើងៗយ៉ាងខ្លាំង។ នៅឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបើកការប្រយុទ្ធទ្រង់​ទ្រាយធំដែលមានការបាញ់តតាំងគ្នាអស់រយៈពេល៧យប់៧ថ្ងៃនៅក្នុងភូមិសាស្រ្តកោះសូទិននេះ។ បន្ទាប់មក ឪពុកម្ដាយនាំខ្ញុំនិងប្អូនៗរត់ទៅនៅម្ដុំមហាលាភដើម្បីសុវត្ថិភាព។ ក្រោយមក គ្រួសាររបស់ខ្ញុំវិលត្រឡប់មករស់នៅភូមិ។ នៅឆ្នាំ១៩៧៥  ឪពុកម្ដាយខ្ញុំត្រូវបានបែងចែកឲ្យធ្វើការងារនៅកងប្រវាស់ដៃ ដើម្បីជួយច្រូតស្រូវ និងប្រមូលផលដំណាំផ្សេងៗចែកគ្នាហូប។ នៅឆ្នាំ១៩៧៦ គ្រួសារខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង ដោយបានជិះកាណូតជាមួយអ្នកភូមិជម្លៀសជាច្រើនផ្សេងទៀត។ បន្ទាប់មក គ្រួសារខ្ញុំត្រូវបានដឹកមកដល់ព្រែកក្ដាម និងបន្តជិះរទេះភ្លើងទៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ បន្ទាប់មក គ្រួសារខ្ញុំត្រូវបានដឹកតាមរទេះគោទៅដល់ស្រះកែវ។ នៅពេលដែលទៅដល់ទីនោះភ្លាម គ្រួសារខ្ញុំត្រូវបានបញ្ជូនទៅកងចល័តផ្សេងៗគ្នា ចំណែកខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងកុមារដែលមានទិសដៅឲ្យដក និងរែកសំណាបយកមកឲ្យកងចល័តដើម្បីស្ទូង។ ខ្ញុំត្រូវបានប្រាប់ឲ្យទៅរែកសំណាប និងទទួលរងការវាយធ្វើបាប។ ខ្ញុំត្រូវក្រោកទៅធ្វើការចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ ទើបបានឈប់សម្រាក និងបន្តធ្វើការទៀតចាប់ពីម៉ោង១ ដល់ម៉ោង៥ល្ងាច។ ខ្ញុំធ្វើការនៅការដ្ឋានបឹងពើតស្ថិតនៅខេត្តបាត់ដំបង។ បឹងពើតគឺធំណាស់ និងមានតែវាលស្រែ។ នៅឆ្នាំ១៩៧៩ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់ និងវិលត្រឡប់មករស់នៅភូមិកំណើតវិញ។

២) កូប ស៊ីយ៉ាស់ ចែករំលែកអំពីបទពិសោធន៍ក្នុងកងចល័តនារី និងការបាត់បង់បងប្រុសស្រីក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ កូប ស៊ីយ៉ាស់ អាយុ៧២ ឆ្នាំ រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ សេន សឹម និងមានកូនសរុបចំនួន៥នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ ឪពុកខ្ញុំឈ្មោះ ស្លាយ ម៉ាន និងម្ដាយឈ្មោះ ស៊ុះ អំណាស់។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៩នាក់។ ខ្ញុំកើតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រទេ ដោយសារជីវភាពគ្រួសារមានការលំបាក។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចឪកើតឡើង។ ក្រោយមក មានបាតុកម្មកើតឡើង និងបាតុករបានដង្ហែរទៅកាន់ទីរួមខេត្តកំពង់ចាម។ នៅពេលនោះគ្រួសារខ្ញុំរត់ទៅរស់នៅម្ដុំរកាកោង។ នៅឆ្នាំ១៩៧៦ គ្រួសារខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង តាមផ្លូវទឹក (ស្រឡាង) និងផ្លូវគោក (រទេះភ្លើង)។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅកងចល័តនារី ដើម្បីដើរដកស្ទូង រែកដី និងលើកទំនប់។ ខ្ញុំត្រូវទៅធ្វើការម៉ោងពី៦ព្រឹកដល់ម៉ោង១១ទើបបានឈប់សម្រាកថ្ងៃត្រង់ និងបន្តទៅធ្វើការងារទៀតចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច។ នៅពេលនោះ ខ្ញុំត្រូវស្ទូងស្រូវ។ ប្រសិនបើមានអ្នកស្ទូងស្រូវអណ្ដែតមួយដើម អ្នកនោះនឹងត្រូវបានឈ្លបចាប់វាយដៃ ឬសម្លាប់ចោល។ បងស្រីរបស់ខ្ញុំបានដួលដោយសារតែភ្លៀងធ្លាក់ខ្លាំង និងត្រូវបានចាប់យកទៅធ្វើទារុណកម្មដោយការក្របួចសក់ឡើងលើ និងវាយធ្វើបាប។ ខ្ញុំធ្វើការនៅការដ្ឋានរាំងក្រោល ដែលប្រធានកងចល័តឈ្មោះ (តា) ណុច និងប្រពន្ធឈ្មោះ (យាយ) ចាន់។ ប្រធានកងចល័ត និងប្រពន្ធមានចរិតកាចសាហាវខ្លាំងណាស់។ បងប្រុសស្រីរបស់ខ្ញុំចំនួន៣នាក់បានស្លាប់នៅការដ្ឋានដោយតែអត់បាយហូបគ្រប់គ្រាន់។ ខ្ញុំរួចផុតពីការកាប់សម្លាប់ និងការអត់ឃ្លាននៅពេលនោះ។ ខ្ញុំនៅតែចងចាំបងប្រុសស្រីរបស់ខ្ញុំដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។

៣) ណូ យ៉ាន រំឭកអំពីបទពិសោធន៍ជម្លៀសក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ណូ យ៉ាន អាយុ៥៤ឆ្នាំ រស់នៅភូមិទី១៣ក្រោម ឃុំស្រុកកោះសូទិន ខេត្តកំពង់    ចាម។ ខ្ញុំមានស្រុកកំណើត នៅភូមិឃុំនេះតែម្តង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ គាត សារ៉ស់ និងមានកូន៥នាក់ប្រុសទាំង៥។ បច្ចុប្បន្ន ខ្ញុំប្រកបរបរជាកសិករ។ ឪពុកខ្ញុំឈ្មោះ ណូ ឡៃម៉ាន និងម្ដាយឈ្មោះ ស៊ីប ភ័ស្ដ បងប្អូន៥នាក់ប្រុស៣ស្រី២ ខ្ញុំជាកូនទី៤។ នៅឆ្នាំ១៩៧០ មានបាតុកម្មកើត ឡើងក្រោយរដ្ឋប្រហារទម្លាក់សម្ដេចឪ ខ្ញុំឃើញអ្នកស្រុកនាំគ្នាធ្វើបាតុកម្មដង្ហែរទៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងរំដោះខ្មែរក្រហមត្រូវបានបញ្ជូនមកឈរជើងនៅក្នុងភូមិ។ បន្ទាប់មក ទាហានលន់ នល់ ទាំងផ្លូវអាកាស និងផ្លូវគោក ត្រូវបានបញ្ជូនមកប្រយុទ្ធជាមួយកងទ័ពរំដោះខ្មែរក្រហម។ នៅពេលនោះ ម្ដាយខ្ញុំនាំកូនៗរត់ចូលរណ្ដៅត្រង់សេ រហូតដល់ពេលស្ថានភាពស្ងប់ស្ងាត់ទៅវិញ ទើបនាំកូនចៅចេញពីរណ្ដៅវិញ។ នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង ដោយជិះកាណូតទៅដល់ភ្នំពេញ និងបន្ទាប់មកឡើងជិះរទេះភ្លើងបន្ត។ នៅពេលដល់ខេត្តបាត់ដំបង គ្រួសារខ្ញុំត្រូវជិះរទេះគោទៅរស់នៅក្នុងភូមិបញ្ញា ឪពុកម្ដាយខ្ញុំត្រូវបានឲ្យធ្វើការនៅក្នុងកងវ័យកណ្ដាល។ បងទី១របស់ខ្ញុំ ត្រូវបានឲ្យធ្វើការកងចល័តតំបន់ និងបងទី២ ត្រូវបានដាក់ក្នុងកងចល័ត។ ចំណែកឯខ្ញុំវិញត្រូវដាក់ក្នុងកងកុមារដើរកាត់ផ្ទី និងលើកអាចម៌គោ នៅក្រោមផ្ទះរបស់អ្នកភូមិដែលចញ្ចឹមគោ។ ខ្ញុំត្រូវក្រោកពីម៉ោង៥ទៀបភ្លឺទៅកើបអាចម៌គោ។ កុមារីគឺជាអ្នកកាន់បង្គី ចំណែកឯកុមារាគឺជាអ្នកកើបអាចម៍ដាក់បង្គី និងយកទៅចាក់ចូលនៅក្នុងរណ្ដៅជី។ ការហូបចុករបស់ខ្ញុំនៅពេលនោះគឺហូបបបររាវក្នុងមួយថ្ងៃ២ពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។

៤)​ ឡិប អេល ចែករំលែកអំពីបទពិសោធន៍នៅកងភ្ជួររាស់ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឡិប អេល អាយុ៧២ឆ្នាំ រស់នៅភូមិទី១៣ ឃុំស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតឃុំស្រុកនេះតែម្ដង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ស្មាន សារ៉ស់  និងមានកូន៦នាក់ស្រី២ប្រុស៤។ បច្ចុប្បន្ន ខ្ញុំប្រកបរបរជាកសិករ។ ឪពុកខ្ញុំឈ្មោះ ឡិប និងម្ដាយឈ្មោះ យុំ។ ខ្ញុំមានបងប្អូន៤នាក់ប្រុស២ស្រី២ ហើយខ្ញុំគឺជាកូនទី១។ នៅពីក្មេងខ្ញុំរៀននៅសាលាបឋម សិក្សាចុងកោះ ខ្ញុំរៀនបានថ្នាក់ទី១២សង្គមចាស់។ ខ្ញុំបានឈប់រៀនដោយសារជីវភាពគ្រួសាររបស់ខ្ញុំមានការលំបាក។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចឪ ហើយមានការបាញ់គ្នា និងការទម្លាក់គ្រាប់បែកខ្លាំងឆេះផ្ទះសម្បែងនៅទឹកដីកោះសូទិន ផ្តើមចេញពីសមរភូមិប្រយុទ្ធរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧២ គ្រួសារខ្ញុំរត់ទៅនៅកោះកំពង់ត្រុំជិតជាយខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៣ ខ្ញុំបានមករស់នៅខាងកោះសូទិនវិញ។ នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង ដោយជិះកាណូតទៅដល់ភ្នំពេញ បន្ទាប់មកឡើងជិះរទេះភ្លើងបន្ត។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមឲ្យខ្ញុំកាន់គោភ្ជួររាស់ ធ្វើស្រែដែលមានផ្ទៃដី៥០០ហិចតា។ ខ្ញុំក្រោកពីម៉ោង៤ទៀបភ្លឺទៅប្រជុំជួររួចទឹមគោមកភ្ជួរដី១ហិចតាគោ៥នឹមភ្ជួររួចរាល់នៅម៉ោង១០ព្រឹក ទើបមកហូបបបរ និងយកគោទៅឲ្យស៊ីស្មៅរហូតដល់ម៉ោង៤រសៀលទើបដឹកគោត្រឡប់មកវិញ។ នៅដើមឆ្នាំ១៩៧៩ ខ្ញុំរួចផុតពីសេចក្ដីស្លាប់នៅពេលនោះ និងវិលត្រឡប់មករស់នៅជួបជុំគ្រួសារវិញ។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត និង សាង ចាន់ធូ/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម