ព្រះរាជបណ្ណាល័យហ្លួងម៉ែសូមព្រះរាជានុញ្ញាតក្រាបថ្វាយបង្គំសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ព្រះរាជបណ្ណាល័យហ្លួងម៉ែ រចនាឡើងក្នុងនាមជាបូជនីយដ្ឋានពហុវិស័យ ដែលតំណាងឱ្យសាមគ្គីភាព និងការចងចាំថ្នាក់ជាតិរបស់កម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា ប្តេជ្ញាចំពោះការបង្កើតបូជនីយដ្ឋាននេះ ដើម្បីជាកេរដំណែលថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងស្ត្រីកម្ពុជាជារួម។
ក្នុងនាមជាតង្វាយថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជានិមិត្តរូបនៃព្រះរាជតួនាទីដ៏មានឥទ្ធិពលប៉ុន្តែប្រកបដោយភាពសាមញ្ញរបស់ព្រះអង្គ ក្នុងព្រះរាជកិច្ចត្រួសត្រាយផ្លូវដើម្បីស្តារឡើងវិញនូវស្ថិរភាពរបស់ព្រះរាជាណាចក្រកម្ពុជា, បំភ្លឺសេចក្តីសង្ឃឹមជាថ្មីម្តងទៀត ព្រមទាំងព្រះរាជកាយវិការសន្តោសប្រោសព្រំចំពោះភាពប្រសើរថ្លៃថ្លា និងតម្លៃមនុស្សជាតិនៅក្នុងសង្គមកម្ពុជា ក៏ដូចជារំលេចអំពីភាពចាំបាច់នៃសុច្ចរិតភាពក្នុងការរក្សានូវសម្ព័ន្ធភាពល្អប្រសើរជាមួយសង្គមខាងក្រៅ នៅក្នុងបរិបទចម្រូងចម្រាស់នៃពិភពលោកសព្វថ្ងៃ។ បូជនីយដ្ឋាននេះ នឹងបំពេញតួនាទីជាការក្រើនរំឭកចំពោះព្រះរាជតួនាទីដ៏សំខាន់ជានិរន្តរបស់ព្រះអង្គ ដែលជាកត្តាជំរុញស្មារតីសម្រាប់មនុស្សជំនាន់ក្រោយ ចំពោះការតស៊ូយ៉ាងស្វិតស្វាញរបស់ប្រជាជាតិនេះ ក្នុងដំណើរសះស្បើយនិងស្តារឡើងវិញរបស់ខ្លួន។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត និងយ៉ាងប្តូរផ្តាច់របស់ខ្លួន ដែលតែងតែប្រព្រឹត្តទៅយ៉ាងស្ងប់ស្ងាត់ ស្ត្រីកម្ពុជាបានរែកពុនបន្ទុកក្នុងការរក្សាស្ថិរភាព កសាងឡើងវិញ និងផ្តល់អានុភាពដល់សង្គមកម្ពុជា នៅក្នុងយុគសម័យដ៏ខ្មៅងងឹត តាមរយៈការផ្តល់កំណើតនិងបីបាច់ថែរក្សាកូនចៅ និងកសាងគ្រួសារដែលទទួលរងភាពខ្ទេចខ្ទាំថ្វីត្បិតតែមិនមែនជាកំហុសរបស់ខ្លួនយ៉ាងណាក្តី។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នឹងជានិមិត្តរូបនៃសេចក្តីប្តេជ្ញាតស៊ូរបស់ស្ត្រីកម្ពុជា ក្នុងការបង្កើតជាថ្មីនូវទំនៀមទម្លាប់ពីបូរាណកាលនៃតម្លៃនិងវប្បធម៌របស់កម្ពុជា, ពង្រីកឱកាសសេដ្ឋកិច្ច និងអភិរក្សកេរដំណែលនៃសហគមន៍ដ៏រឹងមាំ។ ស្ត្រីកម្ពុជា តំណាងឱ្យភាពអង់អាច និងសុទិដ្ឋិនិយមរបស់កម្ពុជា ដែលជានិមិត្តរូបដ៏ប្រពៃ ដែលព្រះរាជបណ្ណាល័យហ្លួងម៉ែ ព្យាយាមរក្សានិងរំលេចចេញដោយមោទកភាព។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា