ការកំណត់វីរបុរសក្នុងគ្រានៃការឈ្លានពាន។ តើយើងកំណត់ វីរបុរស ដោយរបៀបណា? តើវីរបុរសត្រូវតែជាទាហានដែលត្រូវស្លាប់ក្នុងសង្គ្រាម ជាមន្ត្រី ឬជាអ្នកដឹកនាំ? តើវីរបុរសត្រូវតែជាបុគ្គលដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ មានការអប់រំ ឬក៏ឆ្លាតវៃមែនទេ?
ពិភពលោកសម័យទំនើបកំណត់អត្តសញ្ញាណវីរបុរសនៅក្នុងបរិបទនៃអ្នកល្បីលើបណ្តាញសង្គម អត្តពលិក និងភាពយន្ត ឬតារាល្បីល្បាញក្នុងវិស័យសិល្បៈ និងវប្បធម៌ជាន់ខ្ពស់ផ្សេងទៀត ប៉ុន្តែនិយមន័យនៃ វីរបុរស មិនត្រូវបានតំណាងដោយអ្វីៗដែលមានស្ថិរភាពខ្លីៗ ដែលផ្លាស់ប្តូរជាញឹកញាប់ ឬពេលវេលាឥតសារសំខាន់នោះទេ។
វីរបុរស គឺជាអ្នកដែលលះបង់ខ្លួនឯង ដោយមិនរំពឹងអ្វីត្រឡប់មកវិញ។ តម្លៃរបស់ វីរបុរស មិនត្រូវបានវាស់វែងដោយកម្លាំង សមត្ថភាព ប្រាជ្ញា ឬកេរ្តិ៍ឈ្មោះរបស់គាត់នោះទេ។ វីរភាព គឺជាការលះបង់។
នេះជារឿងរ៉ាវរបស់ សំ សុគង់ឆាត គឺជាទាហានវ័យក្មេងរបស់កម្ពុជា ដែលជាទាហានម្នាក់ក្នុងចំណោមទាហានដ៏អង់អាចក្លាហានជាច្រើននាក់ផ្សេងទៀត បានលះបង់ខ្លួនក្នុងការការពារប្រទេសជាតិ។ រឿងរ៉ាវរបស់គាត់ គឺជាវីរភាពដ៏អស្ចារ្យមួយ ហើយវាគឺជាការបង្ហាញពីមនុស្សជាច្រើនទៀតដែលបន្តលះបង់សុភមង្គលរបស់ពួកគេក្នុងគោលបំណងដ៏អស្ចារ្យជាងនេះ។
សំ ឈុន ដែលត្រូវជាម្តាយមីងរបស់ សំ សុគង់ឆាត រៀបរាប់ពីវីរភាពរបស់ សំ សុគង់ឆាត ដែលបានលះបង់ខ្ពស់បំផុតដើម្បីជាតិរបស់ខ្លួនក្នុងវ័យ១៩ឆ្នាំ។
សំ សុគង់ឆាត គឺជាទាហានវ័យក្មេងក្លាហាន កើតនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៦ នៅភូមិទួលប្រសើរ ឃុំបាក់អន្លុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គាត់បានពលីជីវិតក្នុងសមរភូមិនៅទីតាំងជួរមុខប្រាសាទតាក្របី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
សំ សុគង់ឆាត គឺជាកូនច្បងក្នុងគ្រួសារ មានបងប្អូនបីនាក់ ស្រីម្នាក់ និងប្រុសពីរនាក់។ គាត់កើតក្នុងគ្រួសារក្រខ្សត់មួយ ប៉ុន្តែគាត់មានក្តីសង្ឃឹម និងសេចក្តីប្រាថ្នាខ្ពស់ក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។ គាត់បានទៅរស់នៅជាមួយជីដូនតាំងពីតូចដើម្បីទទួលបានការសិក្សា ហើយអំឡុងពេលរស់នៅជាមួយនឹងជីដូន គាត់ក៏បានបញ្ចប់ការសិក្សារហូតដល់ថ្នាក់ទី៧ នៅស្រុកកំណើតរបស់គាត់។ ក្រោយមកនៅពេលដែលជីដូនរបស់គាត់លែងមានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សាថ្នាក់មធ្យមសិក្សាដល់គាត់ ជីដូនក៏បានប្រគល់ការមើលថែ និងផ្គត់ផ្គង់ដល់ សំ សុគង់ឆាត ទៅឱ្យម្តាយមីងរបស់គាត់ឈ្មោះ សំ ឈុន ដែលរស់នៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ថ្វីត្បិតតែនៅឆ្ងាយពីផ្ទះម្ដាយមីងក៏ដោយ ក៏ សំ សុគង់ឆាត បានបន្តការសិក្សានៅវិទ្យាល័យតេជោសែនសំរោង ដោយការតាំងចិត្ត និងតស៊ូ។ ជារៀងរាល់ព្រឹក សំ សុគង់ឆាត បានក្រោកពីព្រហាម ដើម្បីរៀបចំបាយ និងវេចខ្ចប់ម្ហូបអាហារដោយខ្លួនឯង មុនពេលចេញដំណើរទៅសាលា ហើយជារឿយៗ គាត់ត្រឡប់មកផ្ទះវិញនៅពេលល្ងាច បន្ទាប់ពីសិក្សាពេញមួយថ្ងៃ។
នៅពេលដែល សំ សុគង់ឆាត រៀនដល់ថ្នាក់ទី១២ សំ ឈុន ដែលត្រូវជាម្តាយមីង បានសុំការអនុញ្ញាតពីម្តាយក្មេក ស្នើសុំឱ្យ សំ សុគង់ឆាត បានរស់នៅជាមួយក្នុងរយៈពេលមួយឆ្នាំ ដើម្បីកុំឱ្យគាត់ជួបការលំបាកក្នុងការសិក្សា ជាពិសេសក្នុងអំឡុងឆ្នាំដ៏សំខាន់សម្រាប់ការត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ថ្វីត្បិតតែគាត់ជួបនូវស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ សំ សុគង់ឆាត បានខិតខំប្រឹងប្រែង និងអាចបញ្ចប់ថ្នាក់ទី១២ ទៅបានយ៉ាងល្អ។
សំ សុគង់ឆាត បានទទួលអាហារូបករណ៍សិក្សាផ្នែកអគ្គិសនីនៅវិទ្យាស្ថានមួយក្នុងខេត្តបាត់ដំបង។ គាត់បានសម្រេចចិត្តបន្តការសិក្សានៅទីនោះ ដោយរស់នៅក្នុងសាលាជាមួយសិស្សផ្សេងៗទៀតមកពីស្រុកអន្លង់វែង។ ពេលកំពុងសិក្សាផ្នែកអគ្គិសនី សំ សុគង់ឆាត តែងតែប្រាប់ម្តាយមីងថា គាត់ខ្លាចខ្ពស់ និងគ្រោះថ្នាក់ដែលអាចកើតចេញពីការឆក់ដោយអគ្គិសនី។ ទោះបីជាគាត់កំពុងសិក្សាផ្នែកអគ្គិសនីក៏ដោយ ក៏ការតាំងចិត្ត និងបំណងប្រាថ្នាចង់ចូលបម្រើកងទ័ពគឺនៅតែមានជានិច្ច។ គាត់បានទទូចសុំម្តាយមីងម្តងហើយម្តងទៀតដើម្បីសុំការអនុញ្ញាតចូលបម្រើកងទ័ព។ ប៉ុន្តែម្តាយមីងបានបដិសេធ ដោយខិតខំនិយាយពន្យល់ថា មនុស្សប្រុសស្ទើរតែទាំងអស់ក្នុងគ្រួសាររបស់ពួកគេ គឺជាទាហានជួរមុខ ដែលកម្រនឹងបានស្នាក់នៅផ្ទះណាស់។ ម្តាយមីងរបស់គាត់ចង់ឱ្យ សំ សុគង់ឆាត ក្លាយជាគ្រូបង្រៀន ព្រោះគាត់ពូកែគណិតវិទ្យា។ ទោះបីជាយ៉ាងណា សំ សុគង់ឆាត មិនដែលបោះបង់ក្ដីប្រាថ្នាចង់បម្រើដល់កងទ័ពឡើយ។ នៅទីបំផុត គាត់បានដាក់ពាក្យចូលបម្រើកងទ័ព ដោយបោះបង់ការសិក្សាផ្នែកអគ្គិសនីនៅខេត្តបាត់ដំបង ដើម្បីចាប់ផ្តើមហ្វឹកហាត់កងទ័ពនៅខេត្តសៀមរាប។ ចាប់តាំងពីថ្ងៃនោះមក សំ សុគង់ឆាត មិនដែលបានទៅលេងផ្ទះនោះទេ។
ស្មារតីក្លាហានរបស់ សំ សុគង់ឆាត ក្នុងនាមជាទាហានមិនដែលរវើរវាយឡើយ សូម្បីតែសង្គ្រាមបានកើតឡើងនៅជុំវិញខ្លួនរបស់គាត់ក៏ដោយ។ នេះគឺជាបទពិសោធន៍ប្រយុទ្ធលើកដំបូងរបស់គាត់ ការពារមាតុភូមិ និងបងប្អូនជនរួមជាតិប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃ។ នៅថ្ងៃប្រយុទ្ធដំបូង គាត់បានប្រាប់មីងគាត់ថា «ថ្ងៃនេះមានគ្រាប់បែកធ្លាក់ច្រើនណាស់ សំឡេងបន្លឺឡើងខ្លាំងៗ… ហើយខ្ញុំភ័យបន្តិចបន្តួចដែរ ខ្ញុំចាំតែស្តាប់បញ្ជារបស់មេបញ្ជាការទេ»។
នៅថ្ងៃបន្ទាប់ សំ សុគង់ឆាត បាននិយាយថា «ថ្ងៃនេះខ្ញុំនៅក្នុងលេណដ្ឋានតែម្នាក់ឯង ជាមួយនឹងសត្វខ្យងមួយក្បាលតែប៉ុណ្ណោះ។ សំឡេងកាំភ្លើង និងការផ្ទុះគ្រាប់នៅតែបន្លឺឡើង វាមិនស្ងាត់ទៅវិញនោះទេ»។ នៅថ្ងៃទី៣ (ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥) សំ សុគង់ឆាត បានប្រាប់ម្តាយមីងរបស់គាត់ថា «ថ្ងៃនេះមានការទម្លាក់គ្រាប់បែកថែមទៀតហើយ។ កុំបារម្ភពីខ្ញុំអី លើកនេះខ្ញុំមានដៃគូម្នាក់ដែរនៅក្នុងលេណដ្ឋានរបស់ខ្ញុំ។ខ្ញុំបានហូបមីកញ្ចប់ដើម្បីរក្សាកម្លាំង ព្រោះកងកម្លាំងដឹកស្បៀងប្រហែលមិនអាចយកមក និងទាក់ទងយើងបាននោះទេ។ ខ្ញុំគ្រាន់តែខំហូបឱ្យបានគ្រប់គ្រាន់ ដើម្បីរឹងមាំ និងបន្តប្រយុទ្ធ។ ថ្ងៃនេះ មេឃមានអ័ព្ទខ្លាំងណាស់ ហើយមើលមិនសូវច្បាស់នោះទេ យើងមិនអាចមើលដ្រូនដែលទាហានថៃបង្ហោះបានឃើញច្បាស់នោះឡើយ។ ខ្ញុំនៅតែរង់ចាំសញ្ញារបស់មេបញ្ជាការ»។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សំ សុគង់ឆាត បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិតក្នុងការប្រយុទ្ធ។ នៅថ្ងៃបន្ទាប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ម្តាយមីងរបស់គាត់ បានរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅផ្ទះរបស់គាត់ ក្នុងពេលដែលអ្នកភូមិជាច្រើននាក់បានរត់ភៀសខ្លួនដើម្បីស្វែងរកសុវត្ថិភាព។ពិធីបុណ្យនេះមិនអាចប្រព្រឹត្តទៅបានពេញលេញនោះទេ ដោយសារគ្រាប់បែកបានបន្តធ្លាក់ឥតឈប់ឈរ។ ភូមិនេះត្រូវបានគេបោះបង់ចោល ហើយគ្មានមធ្យោបាយប្រើឧបករណ៍បំពងសំឡេង ឬរៀបចំភ្លេងតាមពិធីទំនៀមទម្លាប់សាសនាអ្វីឡើយ។
សំ ឈុន បានរៀបរាប់ថា សំ សុគង់ឆាត ជាយុវជនដែលមានចរិតរឹងមាំ ឧស្សាហ៍ព្យាយាម មានចិត្តមេត្តា និងតែងតែគិតគូរពីការលំបាករបស់អ្នកដទៃនៅជុំវិញខ្លួន។ សំ សុគង់ឆាត មានភាពរឹងមាំដ៏គួរឱ្យសរសើរនិងជាអ្នកប្រយុទ្ធដ៏ស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។ មុនពេលចាកចេញទៅសិក្សានៅខេត្តបាត់ដំបង សំ សុគង់ឆាត បានបង្ហាញពីបំណងចង់ទៅស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលមានទីតាំងស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយសូម្បីតែពេលកំពុងសិក្សា គាត់បានចូលរួមយ៉ាងទៀងទាត់ក្នុងការងារស្ម័គ្រចិត្តសហគមន៍ ដើម្បីបម្រើប្រជាជននៅអន្លង់វែង។
មជ្ឈមណ្ឌលឯកសារកម្ពុជា និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ពិតជាមានកិត្តិយសយ៉ាងក្រៃលែងដោយសារវីរភាព សេចក្តីសប្បុរស និងការលះបង់ដ៏ធំធេងរបស់ សំ សុគង់ឆាត។ នេះគឺជារឿងរ៉ាវអំពីសុបិនរបស់វីរបុរសម្នាក់។
អត្ថបទ៖ ឆាំង យុ និង អ៊ុន សុដាវី មជ្ឈមណ្ឌលឯកសារកម្ពុជា
ការសរសេរអត្ថបទនេះបានទទួលការអនុញ្ញាតពីក្រុមគ្រួសាររបស់ សំ សុគង់ឆាត