ខ្ញុំឈ្មោះ សូ ហ្វារីណា។ ខ្ញុំកើតក្រោយរបបខ្មែរក្រហមដួលរលំ ហើយខ្ញុំគឺជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ខ្ញុំសរសេរសំណេរនេះដើម្បីឆ្លើយតបនឹងសំណេររបស់លោកឧត្តមសេនីយ៍ឯក ដែលបានចុះផ្សាយក្នុងកាសែត The Nation Thailand ដែលមានចំណងជើងថា «ពីអ្នករស់រានមានជីវិត…ទៅជាអ្នកភ្ជង់កាំភ្លើង នៅពេលដែលប្រជាជនកម្ពុជាបានបំភ្លេចអ្វីៗ ដែលប្រទេសថៃបានផ្តល់ឱ្យ» នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ជាដំបូង ខ្ញុំសូមធានាអះអាងថា យើងទាំងអស់គ្នាជាប្រជាជនកម្ពុជាមិនដែលភ្លេចនូវអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមនិងក្រោយរបបខ្មែរក្រហមឡើយ។ ប្រជាជនកម្ពុជានៅតែចងចាំនូវបទពិសោធន៍ដែលធ្លាប់មាននៅក្នុងរបបប្រល័យពូជសាសន៍និងនៅក្នុងជំរំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មុនពេលដែលជនភៀសខ្លួនកម្ពុជាត្រូវបានបញ្ជូនឱ្យទៅរស់នៅប្រទេសទីបីឬបញ្ជូនទៅសម្លាប់ឬទៅឱ្យស្លាប់នៅលើភ្នំដងរែកឡើយ។ ប្រជាជនកម្ពុជាដឹងគុណដល់ជំនួយមនុស្សធម៌ដែលគ្រប់ភាគីទាំងអស់បានផ្តល់ឱ្យ។ ប៉ុន្តែសូមស្តាប់ទស្សនៈរបស់ប្រជាជនកម្ពុជានិងសាក្សីដែលជាជនបរទេស ព្រមទាំងសារព័ត៌មានអន្តរជាតិ ដែលបានរៀបរាប់និងផ្សព្វផ្សាយនូវស្ថានភាពនៅក្នុងជំរំនាពេលនោះ។ ទីពីរ ខ្ញុំអះអាងថា ជនស៊ីវិលនិងទាហានកម្ពុជាចង់រស់នៅក្នុងសន្តិភាព ដោយសារតែយើងទាំងអស់គ្នាបានឆ្លងកាត់សង្គ្រាមវៀតណាមនិងរបបខ្មែរក្រហម ហើយបើទោះបីក្មេងជំនាន់ក្រោយកើតមិនទាន់របបទាំងនោះ ប៉ុន្តែបានរៀនសូត្រពីសក្ខីកម្មរបស់អ្នករស់រានមានជីវិត។ យើងនឹងការពារខ្លួនយើងនិងប្រទេសរបស់យើងទោះជាត្រូវលះបង់យ៉ាងណា ប្រសិនបើប្រទេសកម្ពុជាស្ថិតក្នុងគ្រោះថ្នាក់ឬការវាយប្រហារដោយយោធា។

យោងតាមអនុសញ្ញាជនភៀសខ្លួន មានតែប្រទេសកម្ពុជានិងប្រទេសហ្វីលីពីនដែលបានចុះហត្ថលេខាលើអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ និងសេចក្តីព្រមព្រៀងផ្លូវការឆ្នាំ១៩៦៧។ ប្រទេសនៅក្នុងអាស៊ានច្រើនទៀត រួមទាំងប្រទេសថៃ មិនមែនជារដ្ឋហត្ថលេខី ហើយខ្វះក្របខណ្ឌនិងយន្តការការពារ ដែលជាក្តីបារម្ភផ្លូវច្បាប់ក្នុងការយកចិត្តទុកដាក់លើជនភៀសខ្លួននៅអាស៊ីអាគ្នេយ៍។ ដោយសារគ្មានយន្តការផ្លូវច្បាប់ជាក់លាក់ដើម្បីសម្រួលដល់ការចល័តរបស់ជនភៀសខ្លួន វាមានការលំបាកក្នុងការញែកឱ្យដាច់រវាងជនចំណាកស្រុកនិងមនុស្សដែលត្រូវការការពារជាអន្តរជាតិ។ ពីដំបូង ប្រទេសថៃក្នុងនាមជារដ្ឋ មិនបានទទួលជនភៀសខ្លួនកម្ពុជាទេ។ ក្រោយមក ដោយមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ និងការផ្តល់ឱ្យនូវផលប្រយោជន៍ ទើបប្រទេសថៃបើកជំរំទទួលជនភៀសខ្លួន។ ទោះបីជាយ៉ាងនេះ ប្រទេសថៃមិនបានបំពេញគ្រប់គ្រាន់តាមអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១និងកិច្ចព្រមព្រៀងឆ្នាំ១៩៦៧ទេ។
តើលោកឧត្តមសេនីយ៍ឯកបានដឹងរឿងរ៉ាវដែលបានកើតឡើងនៅលើភ្នំដែងរែកនៅក្នុងឆ្នាំ១៩៧៩និងដើមឆ្នាំ១៩៨០ ហើយទទួលស្គាល់ការពិតនោះទេ?
ភ្នំដងរែកឬអំពើប្រល័យពូជសាសន៍លើភ្នំដងរែក ដែលទទួលស្គាល់ថា ជាការរុញទម្លាក់ពីភ្នំនៅខេត្តព្រះវិហារ គឺជាហេតុការណ៍ដែលកើតឡើងនៅតាមជួរភ្នំ ដែលនាំឱ្យមានការស្លាប់ជនភៀសខ្លួនកម្ពុជា ដោយសារប្រទេសថៃមិនបានអនុញ្ញាតឱ្យចូលស្នាក់នៅក្នុងជំរំជនភៀសខ្លួននៅឆ្នាំ១៩៧៩។ អាជ្ញាធរថៃនិងទាហានថៃប្រព្រឹត្តអំពើហិង្សានិងអមនុស្សធម៌លើជនភៀសខ្លួន ហើយទាំងនេះបានបន្សល់ទុកក្នុងការចងចាំរបស់ជនភៀសខ្លួនដែលនៅរស់រានមានជីវិត។ ខណៈដែលជនភៀសខ្លួនមួយចំនួនបានទៅរស់នៅប្រទេសទីបី ជនភៀសខ្លួនជាច្រើននាក់ទៀតបានស្លាប់នៅក្នុងព្រឹត្តិការណ៍ជម្លៀសដោយបង្ខំ។
នៅក្នុងឆ្នាំ១៩៨០ លោក ឆាំង យុ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងជានាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានិងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានចូលដល់ជំរំ ខាវអ៊ីដាង (Khao-I-Dang) ជាមួយបុរសផ្សេងទៀត ហើយត្រូវបានចាត់ទុកថាខុសច្បាប់ដោយសារគាត់មិនបានចុះឈ្មោះនិងបង់ថិវកាឱ្យមន្រ្តី ទាហានថៃនៅឯព្រំដែន។ គាត់បានលាក់ខ្លួននៅក្នុងអណ្តូងនៅក្រោមផ្ទះដែលទទេស្អាត នៅពេលដែលទាហានថៃចេញយាមម្តងៗ ហើយក្រោយមកអង្គការគ្រឹស្តសាសនាបានជួយឧបត្ថម្ភដល់គាត់។ គាត់រំឭកថា «យើងមិនបានអាហារហូបរាប់អាទិត្យមកហើយ។ ប៉ុន្តែយើងបានចូលសាលារៀននិងទទួលបានការបណ្តុះបណ្តាល។
លោក ឆាំង យុ ទទួលស្គាល់ថា ជនជាតិថៃមួយចំនួនចិត្តល្អ ដោយបានមើលថែជនភៀសខ្លួន ប៉ុន្តែជាប្រទេសវិញ គឺទទួលមិនបានល្អទេ។ ខណៈពេលដែលគាត់ជំរុញលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យចែករំលែកបទពិសោធន៍រស់នៅក្នុងជំរំ គាត់បញ្ជាក់ថា ព័ត៌មានស្តីពីជំរំ និងការឈឺចាប់ដែលជនភៀសខ្លួនទទួលរងមាននៅគ្រប់ទីកន្លែង។

ពេលវេលាដែលគាត់បានរស់នៅក្នុងជំរំហាក់ដូចជាយូរជាងរស់នៅក្រោមរបបខ្មែរក្រហម។ ទីបំផុត នៅឆ្នាំ១៩៨៥ គាត់ទទួលបានសិទ្ធិជាជនអន្តោប្រវេសន៍ស្របច្បាប់ពីសហរដ្ឋអាមេរិក ហើយបញ្ជូនទៅរស់នៅជំរំក្នុងប្រទេសហ្វីលីពីន ដើម្បីទទួលការណែនាំនិងការបណ្តុះបណ្តាលសម្រាប់ការចាកចេញ។ លោក ឆាំង យុ និងមិត្តភក្តិរបស់គាត់បានត្រឡប់ទៅទស្សនាទីតាំងទាំងពីរនេះនៅឆ្នាំ២០១៨និង២០២៥។ គាត់តែងតែដឹងគុណដល់ប្រទេសហ្វីលីពីនដែលបានយកចិត្តទុកដាក់យ៉ាងល្អដល់គាត់និងជនភៀសខ្លួនផ្សេងទៀត។
ខណៈដែល លោក ឆាំង យុ អាចឆ្លងកាត់ជំរំ និងបន្តដំណើរទៅដល់សហរដ្ឋអាមេរិកបាន បណ្ឌិត គួច ម៉េងលី ស្ថាបនិកស្ថាប័នអប់រំ មិនអាចបន្តដំណើរទៅប្រទេសទីបីបានឡើយ។ នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា «ភ្នំដងរែក ទីពុំអាចបំភ្លេចបាន» គាត់បានរំឭកអំពីបទពិសោធន៍ដ៏ឈឺចាប់ ដែលបានស្នាក់នៅក្នុងជំរំណងចាន់រយៈពេល៧ថ្ងៃ មុនពេលក្រុមគ្រួសារគាត់ទាំងមូល រួមជាមួយជនភៀសខ្លួនផ្សេងទៀត ត្រូវបានចោរប្លន់។ ក្រោយមក ទាហានថៃបានបង្ខំគាត់ឱ្យចាកចេញពីជំរំ និងឡើងលើរថយន្តក្រុងទៅកាន់កន្លែងផ្សេងទៀត។ ដំបូងគាត់សប្បាយចិត្ត ដោយគិតថា គាត់និងក្រុមគ្រួសារត្រូវផ្ទេរទៅកាន់ជំរំមួយផ្សេងទៀត ប៉ុន្តែបែរជាត្រូវដឹកយកទៅចាក់ចោលនៅលើភ្នំដងរែក ដែលទីនោះត្រូវបានខ្មែរក្រហមប្រើប្រាស់ជាទីតាំងដើម្បីតបតជាមួយរបបសាធារណរដ្ឋកម្ពុជា និងទ័ពវៀតណាម។ គាត់បាននិយាយថា ជនភៀសខ្លួនសរុបប្រហែល៤ម៉ឺននាក់ ត្រូវបានទាហានថៃទម្លាក់ចោលលើភ្នំ បន្ទាប់មកត្រូវបានបង្ខំឱ្យដើរតាមជ្រលងភ្នំដែលពោរពេញដោយគ្រាប់មីន ដោយសម្រូតខ្លួនចុះតាមទឹកជ្រោះ។ គាត់រៀបរាប់ថា «យើងត្រូវជ្រើសរើសរវាងគ្រាប់កាំភ្លើងរបស់ថៃ និងគ្រាប់មីនដែលបង្កប់ក្នុងដី ឬពាក្យចាស់ពោលថា «ចុះទឹកក្រពើ ឡើងលើខ្លា»។ យើងមិនមែនជាក្រុមទី១ដែលទាហានថៃបញ្ជូនមកឱ្យដើរកាត់ចម្ការមីនទេ ប៉ុន្តែក៏មានជនភៀសខ្លួនខ្មែរអ៊ីស្លាម។ ពួកគាត់បានដើរជាន់មីនផ្ទុះស្លាប់ស្ទើរតែទាំងអស់កាលពីពីរឬបីថ្ងៃមុនយើងមកដល់»។ បន្ទាប់ពីត្រាច់ចរប្រកបដោយគ្រោះថ្នាក់អស់រយៈពេល២២ថ្ងៃ គាត់និងក្រុមគ្រួសារបានមកដល់ខេត្តបាត់ដំបង ។
ចូអែល ប្រីងឃ្លី (Joel Brinkley) ជាអ្នករាយការណ៍ព័ត៌មានដែលទទួលបានពានរង្វាន់ Pulitzer Prize របស់កាសែត The New York Times បានរាយការណ៍អំពីសាក្សីដែលឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ដែលបានកើតឡើងចំពោះជនភៀសខ្លួនកម្ពុជាចំនួន៨៥០នាក់ នៅក្នុងខែធ្នូ ឆ្នាំ១៩៧៩ ហើយដែលគាត់ហៅថា«ការសម្លាប់រង្គាល»។ មន្រ្តីថៃបដិសេធមិនទទួលយកជនភៀសខ្លួនកម្ពុជានៅឆ្នាំ១៩៧៩ ទេ។ ជនភៀសខ្លួន៨៥០នាក់ ដែលរួមមានបុរស ស្រ្តី និងកុមារ ត្រូវបានភ្ជង់ឱ្យដើរចុះតាមភ្នំ។ នៅពេលងាកមើលក្រោយ ទាហានថៃភ្ជង់កាំភ្លើងវែងM-16 ដាក់។ នៅពេលនោះ គ្មាននរណាម្នាក់ដឹងថានឹងមានគ្រោះថ្នាក់អ្វីកើតឡើងនៅពេលដើរចុះទៅក្រោមទេ។ បន្តិចក្រោយមកស្រាប់តែគ្រាប់មីនបានផ្ទុះហើយសម្លាប់ជនភៀសខ្លួនរាប់រយនាក់។ ជនភៀសខ្លួនផ្សេងទៀតនាំគ្នារត់ឡើងទៅលើភ្នំវិញ ប៉ុន្តែត្រូវទាហានថៃបាញ់សម្លាប់។ លោកស្រី រ៉ាសមូសេន ដែលត្រូវបានដកស្រង់នៅក្នុងអត្ថបទ បានរំឭកថា «អ្នកផ្សព្វផ្សាយសាសនាដែលបានឃើញហេតុការណ៍អាក្រក់កើតឡើងនៅគ្រប់ទីកន្លែងទូទាំងពិភពលោក នាំគ្នាយំនៅពេលរំឭកដល់ព្រឹត្តិការណ៍នាថ្ងៃនោះ»។

ដោយសារការភ័យខ្លាចទាហានថៃ គ្រាប់មីន និងភាពងងឹតនៅតាមច្រាក់ភ្នំ ជនភៀសខ្លួនជាច្រើនទាំងចាស់ទាំងក្មេង នាំគ្នាស្រែកយំដើម្បីស្វែងរកការជួយសង្គ្រោះ។ សំឡេងទ្រហឹងអឺងកង រួមផ្សំនឹងសាកសពដែលស្លាប់ដោយសារគ្រាប់មីន ការអត់ឃ្លាន និងជំងឺ ធ្វើឱ្យភ្នំនោះគួរឱ្យខ្លាច។ ដូច្នេះហើយ ក្រោយមកប្រជាជនបានដាក់ឈ្មោះថា «ភ្នំខ្មោច»។
បណ្ឌិត ភួងថង រុងស្វាសឌីសាប (Phuongthong Rungswasdisap) អ្នកស្រាវជ្រាវនៃកម្មវិធីប្រល័យពូជសាសន៍កម្ពុជានៅឯសកលវិទ្យាល័យយែល បាននិយាយថា ជារឿយៗ ប្រទេសថៃសង្កត់ធ្ងន់ថា ជនភៀសខ្លួនគឺជាបន្ទុកផ្នែកសេដ្ឋកិច្ចដល់ប្រទេសខ្លួន។ ប្រទេសថៃមិនដែលលើកឡើងអំពីផលប្រយោជន៍ដែលសេដ្ឋកិច្ចថៃទទួលបានពីវត្តមានរបស់ជនភៀសខ្លួនទេ។ តាមពិត ស្រុកដែលនៅជាប់ព្រំដែនខេត្តអារញ្ញមានភាពចម្រុងចម្រើនខាងជំនួយទីផ្សារងងឹត និងកំណើនអចលនទ្រព្យ។ គាត់រៀបរាប់ថា «អ្នកស្រែចម្ការថៃបានបោះបង់ការធ្វើស្រែ ដើម្បីធ្វើជំនួយខុសច្បាប់ជាមួយប្រជាជនកម្ពុជានៅតាមព្រំដែន។ ការហូរចូលយ៉ាងគំហុកបុគ្គលិកផ្តល់ជំនួយបរទេស មកកាន់ទីក្រុង បាននាំមកនូវតម្រូវការផ្ទះ និងការងារក្នុងស្រុកយ៉ាងលឿន។ សេដ្ឋកិច្ចជាតិរបស់ប្រទេសថៃក៏ចំណេញពីថវិកាដ៏សម្បើមដែលភ្នាក់ងារផ្តល់ជំនួយអន្តរជាតិបានចំណាយលើការជួយសង្រ្គោះ។ រវាងឆ្នាំ១៩៧៩និងឆ្នាំ១៩៨២ ភ្នាក់ងារប្រតិបត្តិការសង្រ្គោះជនភៀសខ្លួនបានចំណាយថវិកា ៣៥០លានដុល្លារ នៅក្នុងប្រទេសថៃ។ ចាប់ពីពេលនោះមក ប្រតិបត្តិការសង្រ្គោះនៅតាមព្រំដែនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNBRO បានចំណាយថវិកា៩០ភាគរយ នៃថវិកា៣០លានដុល្លារ ក្នុងមួយឆ្នាំ នៅក្នុងប្រទេសថៃ។ អង្គការសហប្រជាជាតិក៏បានផ្តល់ជំំនួយដល់អ្នកភូមិថៃដែលនៅតាមព្រំដែនចំនួន៨០,០០០នាក់ ដែលទទួលរងស្ថានការណ៍ជនភៀសខ្លួន» ។
ដោយក្រឡេកទៅក្រោយវិញ ជំនួសឱ្យប្រជាជនកម្ពុជា ខ្ញុំសូមអរគុណដល់សហរដ្ឋអាមេរិក និងអង្គការជួយជនភៀសខ្លួនតាមព្រំដែនរបស់អង្គការសហប្រជាជាតិ (UNBRO) សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងបញ្ចុះបញ្ចូលឱ្យប្រទេសថៃទទួលជនភៀសខ្លួនកម្ពុជា។ សហរដ្ឋអាមេរិកបានទទួលយកជនភៀសខ្លួនកម្ពុជាចំនួន១៤០,០០០នាក់គិតត្រឹមឆ្នាំ១៩៨០។ ខ្ញុំសូមអរគុណដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR), ប្រទេសហ្វីលីពីនដែលបានទទួល និងមើលថែជនភៀសខ្លួនកម្ពុជា, ប្រទេសម៉ាឡេស៊ីដែលទទួលជនភៀសខ្លួនចាម, ប្រទេសវៀតណាមដែលបានជួយកងទ័ពកម្ពុជាក្នុងការផ្តួលរំលំរបបខ្មែរក្រហម និងបណ្តាប្រទេសនិងអង្គការផ្សេងទៀតដែលបានជួយដល់ជនភៀសខ្លួនកម្ពុជា។
របបខ្មែរក្រហមបានបន្សល់ទុកអ្នករស់រានមានជីវិតដែលជាសាក្សីរស់ចំនួន៥លាននាក់ ដែលយើងទាំងអស់គ្នាអាចរៀនសូត្រពីបទពិសោធន៍របស់គាត់ទាំងអស់គ្នា។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានប្រារព្ធខួបលើកទី៥០នៃរបបខ្មែរក្រហម ហើយប្រជាជនកម្ពុជាបានព្យាបាលរបួសផ្លូវចិត្តរបស់ខ្លួន។
ការការពារប្រទេសនិងអធិបតេយ្យភាព
សំណេររបស់លោកឧត្តមសេនីយ៍ឯក ទាមទារគុណសម្បត្តិក្នុងពេលយើងមានភាពប្រទូសរ៉ាយនឹងគ្នា។ សូមស្តាប់ទស្សនៈភាគីកម្ពុជានិងអ្វីដែលពិភពលោកបានសរសេរទាក់ទងនឹងជំរំជនភៀសខ្លួននិងជម្លោះប្រដាប់អាវុធកាលពីពេលថ្មីៗនេះ។ ក្នុងនាមជាពលរដ្ឋកម្ពុជា យើងមានកាតព្វកិច្ចការពារប្រទេស។ ក្នុងនាមជាទាហាន យើងមានកាតព្វកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពដែនដី។ ទាហានថៃបានសម្លាប់ទាហានខ្មែរម្នាក់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយលោកឧត្តមសេនីយ៍ ចោទភាគីកម្ពុជាថាជាអ្នកផ្តើមជម្លោះ។ សូមចងចាំថា ជីវិតមនុស្សមានតម្លៃស្មើគ្នា មិនថាឋានៈ អាយុ ឬសញ្ជាតិណាទេ។ លោកឧត្តមសេនីយ៍សាកស្រមៃមើល ប្រសិនបើទាហានដែលត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែឧសភា ជាទាហានថៃវិញ តើលោកឧត្តមសេនីយ៍នឹងមានប្រតិកម្មបែបណា? បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានហើយ ទាហានកម្ពុជាចំនួន១៨ទៀត នៅតែស្ថិតនៅជាចំណាប់ខ្មាំងរបស់លោកនៅឡើយ។ ទាហានទាំងនេះគឺជាកូនរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឳពុកម្តាយនិងប្រជាជនកម្ពុជាទាំងអស់កំពុងស្នើសុំឱ្យមានការដោះលែងទាហានទាំង១៨នាក់ជាបន្ទាន់ ដើម្បីឱ្យគាត់ត្រឡប់មកជួបជុំគ្រួសារវិញ។
សរុបមកវិញ យើងតែងតែប្រកាន់យកការពិតនិងយុត្តិធម៌។ នៅក្នុងពេលវេលាដែលការពិតមិនទាន់ត្រូវបានលាតត្រដាង ហើយយុត្តិធម៌មិនទាន់ផ្តល់ឱ្យ យើងព្យាយាមស្វែងរក។ ដូចគ្នាដែរ រដ្ឋាភិបាលកម្ពុជាបានអញ្ជើញលោកឧត្តមសេនីយ៍ទៅតតាំងគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ ទៅលើតំបន់ជម្លោះ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ ប៉ុន្តែលោកឧត្តមសេនីយ៍បដិសេធ។ ជំនួសមកវិញលោកឧត្តមសេនីយ៍បានរឹតបន្តឹងស្ថានការណ៍ឱ្យក្លាយជាជម្លោះហិង្សា។ ប្រជាជនកម្ពុជាមិនដែលគិតថា អ្នកជិតខាងល្អដូចលោក មានចេតនាបញ្ឈប់យើងមិនឱ្យមានជីវិតប្រសើរឡើងទេ។ ប៉ុន្តែជាអកុសល ចេតនារបស់លោកមិនអាចយកឈ្នះលើភាពស្មោះត្រង់របស់យើងបានទេ ប្រជាជនកម្ពុជាកាន់តែរឹងមាំនិងសាមគ្គីគ្នា។
អត្ថបទ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា