គរុសិស្សមកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនាពិព័រណ៍ស្ដីពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជូនដល់ស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ និងសាធារណៈជន។ ពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត រួមមាន កាមែល (ប្រអប់ដាក់អាហារ), ដែកកេះ, តុម្ពកំបោរ និងផ្ដិលទឹក ត្រូវបានប្រមូលដោយអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាមួយគ្នានេះ មានគរុសិស្សជំនាន់ទី៣២ឆ្នាំទី១នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមចំនួន១៥នាក់ បានធ្វើដំណើរមកទស្សនាពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត។

លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានទទួលស្វាគមន៍ និងដឹកនាំគរុសិស្សទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ព្រឹត្តិការណ៍ការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំប្រជាជនឱ្យធ្វើការជាទម្ងន់នៅទំនប់ និងការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មក លោក សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តដឹកនាំគរុសិស្ស ចូលទៅកាន់បណ្ណាល័យខ្មែរក្រហម និងបន្ទប់តម្កល់ឯកសារខ្មែរក្រហមដើម្បីឈ្វេងយល់អំពីធនធានឯកសារដើម និងឯកសារបន្ទាប់បន្សំដែលមាននៅក្នុងមជ្ឈមណ្ឌលនេះ។

ឱកាសនោះ គរុសិស្សទាំងអស់បានទៅកាន់សាលពិព័រណ៍ ដែលមានការដាក់តាំងបង្ហាញវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញដល់គរុសិស្ស អំពីពិព័រណ៍វត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ស៊ាង ចិន្ដា បន្ថែមថា វត្ថុប្រើប្រាស់ប្រចាំថ្ងៃទាំងនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម និងបញ្ហាប្រឈមដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានជួបប្រទេះ។ លោក ស៊ាង ចិន្ដា ពន្យល់បន្ថែមអំពី «កាមែល» ដែលជាប្រអប់សម្រាប់ដាក់អាហាររបស់អ៊ំស្រី ងិន ទូច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ៊ំស្រី ងិន ទូច បានប្រគល់ជូនដល់អ្នកស្ម័គ្រចិត្តកម្ពុជាដើម្បីថែរក្សា ពីព្រោះកាមែលនេះ គឺជាការរំឭកដល់សេចក្ដីអត់ឃ្លានដែលអ៊ំស្រីរស់នៅឆ្លងកាត់របបខ្មែរក្រហម។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រង និងធ្វើទុកបុកម្នេញទៅលើប្រជាជនមូលដ្ឋាន។ ចាប់ពីពេលនោះមក ប្រជាជននៅមូលដ្ឋានឃុំល្អាង ទទួលរងទុក្ខលំបាក ដូចជា ការបង្ខំឱ្យធ្វើការងារជាទម្ងន់, ការបង្អត់អាហារ, ការធ្វើទារុណកម្ម និងការចាប់យកទៅសម្លាប់។ នៅថ្ងៃមួយក្នុងឆ្នាំ១៩៧៧ដដែល ដោយសារតែអត់ទ្រាំការអត់ឃ្លានមិនបាន អ៊ំស្រី ងិន ទូច បានលួចដាំបាយក្នុងកាមែលដើម្បីហូប ប៉ុន្តែជាអកុសល សកម្មភាពដាំបាយរបស់អ៊ំស្រីត្រូវបានខ្មែរក្រហមចាប់បាន។ អ៊ំស្រី ងិន ទូច ត្រូវបានខ្មែរក្រហមយកទៅវាយធ្វើបាបយ៉ាងដំណំ និងព្រមានមិនឲ្យធ្វើខុសបែបនេះទៀត។ បន្ទាប់ពីត្រូវបានដោះលែងមកផ្ទះវិញ អ៊ំស្រី ងិន ទូច បានបោះចោលកាមែលនេះទៅក្រោយផ្ទះ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ អ៊ំស្រី ងិន ទូច បន្តរស់នៅ និងប្រកបរបរជាកសិករ។ នៅថ្ងៃមួយ ស្របពេលដែលអ៊ំស្រីកំពុងតែធ្វើការដាំដុះដំណាំនៅជុំវិញផ្ទះ អ៊ំស្រី ងិន ទូច បានប្រទះឃើញកាមែលរបស់ខ្លួនដែលត្រូវបានបោះចោលនៅក្នុងរបបខ្មែរក្រហម។ នៅពេលដែលឃើញកាមែលនេះភ្លាម អ៊ំស្រី ងិន ទូច នឹកឃើញពីការរស់នៅអត់ឃ្លាន និងព្រឹតិ្តការណ៍ដែលខ្មែរក្រហមចាប់ខ្លួនយកទៅវាយយ៉ាងដំណំ និងមានអារម្មណ៍បាក់ស្បាតរហូតមកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីការទស្សនាពិព័រណ៍នេះរួច គរុសិស្សបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖

គរុសិស្ស សុវណ្ណ រម្យនា ឯកទេសគណិតវិទ្យា ជំនាន់ទី៣២ឆ្នាំទី១នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម លើកឡើងថា ៖ «នេះគឺជាលើកទី១ដែលខ្ញុំបានមកដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនេះ។ ខ្ញុំទើបតែដឹងអំពីភាពសម្បូរបែបរបស់មជ្ឈមណ្ឌល។ បន្ថែមលើនេះទៅទៀត ខ្ញុំបានឃើញការដាក់តាំងវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលវត្ថុទាំងនេះបង្កប់នូវរឿងរ៉ាវដែលប្រជាជនកម្ពុជាបានរស់នៅឆ្លងក្នុងរបបខ្មែរក្រហម។ ខ្ញុំចាប់អារម្មណ៍ចំពោះដែកកេះ ដែលខ្ញុំដឹងថា ការបង្កាត់ភ្លើងសម្រាប់ចម្អិនអាហារហូប ពិតជាពិបាក ដោយសារតែខ្លាចត្រូវបានចាប់ខ្លួន និងយកទៅសម្លាប់ចោល។ នៅមានចំណេះដឹងជាច្រើនទៀតដែលខ្ញុំនៅមិនទាន់ដឹង។ ខ្ញុំនឹងមកមជ្ឈមណ្ឌលនេះម្ដងទៀត ពីព្រោះទីតាំងនេះមានអំណោយផលល្អសម្រាប់ការសិក្សាស្រាវជ្រាវ និងស្ថិតនៅក្បែរមជ្ឈមណ្ឌលគរុកោសល្យភូមិភាគដែលខ្ញុំកំពុងតែសិក្សា»។

គរុសិស្ស ជឿម សុជាតិ ឯកទេសប្រវត្តិវិទ្យា ជំនាន់ទី៣២ឆ្នាំទី១នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម យល់ឃើញថា៖ «មជ្ឈមណ្ឌលឯកសារនេះ មានលក្ខណៈដូចជាសារមន្ទីរប្រវត្តិសាស្រ្ត ដែលមានការដាក់បង្ហាញរូបភាព សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សៀវភៅ និងឯកសារទាក់ទងទៅនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។ នៅពេលដែលខ្ញុំមានការស្រាវជ្រាវបន្ថែមលើអ្វីដែលខ្ញុំរៀននៅសាលា ខ្ញុំនឹងធ្វើការស្នើសុំមជ្ឈមណ្ឌលផ្ដល់ជាទីតាំងសម្រាប់អាន និងស្រាវជ្រាវ»។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/ មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក