ការពិភាក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រៅសាលារៀន ជាវិធីសាស្ត្រសិក្សាបន្ថែមពីចំណេះដឹងដែលមានស្រាប់

ការសិក្សា អាចសំដៅលើការសិក្សានៅក្នុងសាលារៀនពីកម្រិតបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ទាំងការសិក្សាក្នុងវិស័យឯកជន និងរដ្ឋ។ ការសិក្សា គឺជាផ្នែកដ៏មានសារសំខាន់បំផុតសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍ចំណេះដឹង ជំនាញ សីលធម៌ និងសុជីវធម៌នៅក្នុងសង្គម។ ប៉ុន្តែ ដើម្បីទទួលបានជោគជ័យក្នុងជីវិតបន្ទាប់ពីការសិក្សា មនុស្សម្នាក់ៗមិនអាចកំណត់ការសិក្សារបស់ខ្លួន នៅត្រឹមតែការសិក្សានៅក្នុងសាលារៀនប៉ុណ្ណោះទេ។ អ្នកសិក្សាមានឱកាសច្រើនក្នុងការទទួលបានចំណេះដឹងជាច្រើនទៀត តាមរយៈការសិក្សានៅទីកន្លែងផ្សេងៗក្រៅពីសាលារៀន។ ការឆ្លៀតពេលវេលារបស់សិស្សដើម្បីទទួលបានការសិក្សាបន្ថែម គឺជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពខ្ពស់ក្នុងការទទួលបានមកវិញនូវចំណេះដឹងបន្ថែមពីអ្វីដែលខ្លួនចង់ដឹង។ សារប្រយោជន៍ដែលទទួលបានពីការសិក្សាក្រៅសាលារៀន គឺមានច្រើនអនេក និងអាចធ្វើឱ្យអ្នកសិក្សាទទួលបានបទពិសោធន៍ពិតជាមួយនឹងមុខវិជ្ជាដែលអ្នកកំពុងសិក្សា ខណៈដែលសៀវភៅសិក្សា និងការបង្រៀនរបស់គ្រូនៅក្នុងសាលារៀន គឺជាប្រភពនៃទ្រឹស្តីដែលអ្នកសិក្សាអាចឈ្វេងយល់ពីទិដ្ឋភាពរួមនៃមេរៀន ប៉ុន្តែការសិក្សាបន្ថែមនៅក្រៅថ្នាក់រៀនគឺអាចអនុញ្ញាតឱ្យអ្នកសិក្សាមើលឃើញពីតថភាពជាក់ស្តែង ដែលត្រូវបានបកស្រាយចេញពីទ្រឹស្តីដែលអ្នកសិក្សាបានរៀននៅក្នុងសាលា។ ការសិក្សានៅក្រៅសាលារៀន គឺជាការតភ្ជាប់រវាងទ្រឹស្តី និងភាពជាក់ស្តែង។ លើសពីនេះទៀត ការសិក្សានៅក្រៅថ្នាក់រៀនអាចជួយអ្នកសិក្សាឱ្យអភិវឌ្ឍន៍ជំនាញមួយចំនួនដូចជា ការដោះស្រាយបញ្ហា ការគិតគូរស៊ីជម្រៅ និងការប្រាស្រ័យទាក់ទងជាមួយអ្នកដែលនៅជុំវិញខ្លួន។ ជំនាញនេះ អាចនាំមកនូវភាពជោគជ័យដល់អ្នកសិក្សា ទាំងនៅក្នុងសាលារៀន កន្លែងធ្វើការ និងសហគមន៍។

ភ្ជាប់ជាមួយការសិក្សាក្រៅសាលារៀន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សិស្សានុសិស្សចំនួន១៥នាក់ (ស្រី១២នាក់) កំពុងសិក្សានៅថ្នាក់ទី១២នៃវិទ្យាល័យ ជា ស៊ីម តាកែវ មានទីតាំងស្ថិតនៅប្រមាណ២០០ម៉ែត្រពីការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានឆ្លៀតពេលទំនេរពីការសិក្សារបស់ខ្លួន មកជួបជុំគ្នានៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម។ សិស្សានុសិស្សទាំងអស់ត្រូវបានទទួលស្វាគមន៍ដោយលោក ផេង ពង្សរ៉ាស៊ី នាយកសាខាមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ពេលដែលសិស្សមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវជាលើកដំបូង លោក ផេង ពង្សរ៉ាស៊ី បានណែនាំសិស្សានុសិស្សឱ្យ ទស្សនា និងឈ្វេងយល់ពីពិព័រណ៍រូបថតសម័យខ្មែរក្រហម សិស្សខ្លះបានឈរទស្សនាពិព័រណ៍រូបថតខ្មែរក្រហម និងអានចំណងជើងរូបថតនៅតាមផ្ទាំងពិព័រណ៍នីមួយៗ។ សិស្សខ្លះទៀត បានថតរូបអនុស្សាវរីយ៍ជាមួយនឹងផ្ទាំងពិព័រណ៍ ខណៈដែលអ្នកខ្លះទៀត កំពុងរង់ចាំគ្នីគ្នាដែលពុំទាន់មកដល់។ នៅពេលដែលសិស្សមកជួបជុំគ្នាហើយ លោក ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើម ដោយឱ្យសិស្សអានសំណេរក្នុងផ្ទាំងពិព័រណ៍ ហើយលោករៀបរាប់ពីផ្ទាំងពិព័រណ៍នីមួយៗ ដែលដាក់តាំងបង្ហាញនៅខាងមុខការិយាល័យ ដើម្បីឱ្យសិស្សចេះត្រិះរឹះពិចារណាអំពីផ្ទាំងពិព័រណ៍។ ចុងក្រោយ លោក ផេង  ពង្សរ៉ាស៊ី ពន្យល់លម្អិតពីផ្ទាំងពិព័រណ៍នីមួយៗ និងពន្យល់ពាក្យខ្លះៗដែលប្រើប្រាស់នៅក្នុងរបបខ្មែរក្រហម ហើយបច្ចុប្បន្នពាក្យទាំងនោះមិនត្រូវបានប្រើប្រាស់ទៀតទេ ដូចជាពាក្យ «សមមិត្ត», «លេខាបក្ស», «ឈ្មោះបដិវត្តន៍», និង «កម្មាភិបាល»។ ពេលសិស្សចូលក្នុងការិយាល័យលោក​ ពេង ពង្សរ៉ាស៊ី បានបង្ហាញដល់សិស្សនូវរូបថតអ្នកទោសគុកទួលស្លែងមួយចំនួន ព្រមទាំងពន្យល់ពីរឿងរ៉ាវនៃការចាប់ខ្លួនអ្នកទាំងនោះ ក៏ដូចជាបង្ហាញព័ត៌មានខ្លះៗអំពីការបង្កើតមន្ទីរសន្តិសុខខ្មែរក្រហម។ ជាមួយគ្នានេះដែរ លោក ផេង ពង្សរ៉ាស៊ី ក៏បានបង្ហាញរូបថតបីផ្ទាំងទៀត ដែលជាអតីតកម្មាភិបាលខ្មែរក្រហមធ្វើការនៅក្នុងមន្ទីរ ស-២១ និងអ្នករស់រានមានជីវិតពីមន្ទីរ ស-២១ អមជាមួយនឹងការពន្យល់ពីជីវិតរបស់អ្នកទាំងនោះនាពេលបច្ចុប្បន្ន។ សិស្សានុសិស្ស បានកត់ត្រា និងសួរសំណួរទាក់ទងនឹងចម្ងល់អំពីរូបភាព។

តមកទៀត សិស្សានុសិស្ស ឈ្វេងយល់ពីឯកសារខ្មែរក្រហមដែលបានតម្កល់នៅក្នុងការិយាល័យ និងត្រូវបានលើកទឹកចិត្តឱ្យធ្វើការសិក្សាស្រាវជ្រាវបន្ថែមពីអ្វីដែលខ្លួនចង់ដឹងពីរបបខ្មែរក្រហម តាមរយៈការអានឯកសារទាំងនេះ។ លោក ផេង ពង្សរ៉ាស៊ី ក៏បានណែនាំសិស្សឱ្យអានសៀវភៅជាសង្ខេបដែលដាក់តម្កល់នៅលើតុ ដែលភាគច្រើនជាស្នាដៃបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាសៀវភៅ រៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សភាគច្រើន បានចំណាយពេលវេលាខ្លះៗដើម្បីអានសៀវភៅទាំងនោះ ហើយអ្នកខ្លះបានថតចំណងជើងសៀវភៅ និងពិភាក្សាគ្នាពីសៀវភៅទៀតផង។ លោក ផេង ពង្សរ៉ាស៊ី រៀបរាប់ប្រាប់សិស្សថា «សៀវភៅទាំងនេះគឺទុកសម្រាប់អាន ហើយសិស្សអាចចូលមកអានសៀវភៅទាំងនេះបានគ្រប់ពេលវេលាពីថ្ងៃចន្ទដល់សុក្រ ព្រោះថាកន្លែងនេះគឺជាបន្ទប់អានសៀវភៅ និងជាកន្លែងស្រាវជ្រាវឯកសារប្រវត្តិសាស្រ្តខ្មែរក្រហម។ ប្អូនៗអាចមកកាន់ទីនេះ ដើម្បីអាន សិក្សា និងធ្វើកិច្ចការសាលាបានគ្រប់ពេល។ ប្អូនៗក៏អាចស្នើសុំការទស្សនាខ្សែភាពយន្តឯកសារនានាដែលផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

ដើម្បីផ្តល់ចំណេះដឹងកាន់តែស៊ីជម្រៅ លោក ផេង ពង្សរ៉ាស៊ី ចាប់ផ្តើមពីការវាស់ស្ទង់ចំណេះដឹងរបស់សិស្ស អំពីប្រវត្តិសាស្ត្រ មុនធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រខ្មែរក្រហមដោយសង្ខេបទៅកាន់សិស្សក្នុងគោលបំណងបង្កការពិភាក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជាមួយសិស្ស។ ការវាស់ស្ទង់ចំណេះដឹងអាចឱ្យគ្រូដឹងពីចំណុចខ្វះខាតរបស់សិស្ស និងអាចផ្តល់ដល់គ្រូនូវគោលដៅក្នុងពន្យល់ច្រើនពីអ្វីដែលសិស្សពុំទាន់បានដឹង។  ចុងក្រោយនៃការពិភាក្សាគឺសិស្សានុសិស្សបានទស្សនាខ្សែភាពយន្តឯកសារ ដែលផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០១៨ មានចំណងជើងថា «ពុកខ្ញុំនៅឋានសួគ៌» ដែលមានរយៈពេល៣២នាទី។ នេះគឺជាខ្សែភាពយន្តបង្ហាញពីការជម្លៀសដោយបង្ខំរបស់ខ្មែរក្រហម ដែលឈានទៅការបាត់បង់ឪពុកជាទីស្រឡាញ់របស់អ្នកគ្រូ រស់ ចាន់ថន បង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងបច្ចុប្បន្នជានាយិការងវិទ្យាល័យ ជា ស៊ីម តាកែវ។ ការចាក់បញ្ចាំងខ្សែវីដេអូនេះ គឺដើម្បីប្រាប់ដល់សិស្សថា គ្រូបង្រៀនមួយចំនួន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានប្រវត្តិបាត់បង់ឪពុកជាទីស្រឡាញ់ក្នុងរបបខ្មែរក្រហម ហើយវាគឺជារឿងដែលមិនអាចបំភ្លេចបាន។ មូលហេតុចម្បងមួយទៀតនៃការចាក់បញ្ចាំងខ្សែវីដេអូនេះ គឺដើម្បីផ្តល់នូវការសន្ទនាអន្តរជំនាន់រវាងគ្រូ និងសិស្សរបស់ខ្លួននៅគ្រប់ពេលវេលា បន្ទាប់ពីការជួបជុំនេះ។

ខាងក្រោម គឺជាការចំណាប់អារម្មណ៍របស់សិស្សចំនួន៥នាក់ ដែលបានសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៖

ទូច ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជា ស៊ីម តាកែវ ។ បន្ទាប់ពីបានចូលរួមក្នុងកិច្ចពិភាក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមរយៈពេលមួយព្រឹករួចមក ធ្វើឱ្យខ្ញុំបានយល់ដឹងអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមច្រើនជាងមុន ដូចជាទុក្ខលំបាករបស់ប្រជាជនដែលត្រូវខ្មែរក្រហមធ្វើបាប បង្អត់អាហារ ហើយបង្ខំឱ្យធ្វើការងារហួសកម្លាំង។ ខ្ញុំស្រម៉ៃឃើញថា ប្រសិនជាខ្ញុំកើតទាន់របបខ្មែរក្រហម ខ្ញុំពិតជាមិនបានចូលរៀន ព្រមទាំងត្រូវទៅធ្វើការតាមវាលស្រែរបស់ខ្មែរក្រហម។ ខ្ញុំធ្លាប់ស្ដាប់យាយរបស់ខ្ញុំនិយាយពីការធ្វើការគ្មានពេលឈប់សម្រាក និងការងារកាប់ថ្មដែលត្រូវប្រើកម្លាំងខ្លាំង។ យាយរបស់ខ្ញុំបានបន្ថែមទៀតថា គាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានរួចផុតពីរបបខ្មៅងងឹតនេះ ហើយអាចរស់រានមានជីវិតមកដល់ពេលបច្ចុប្បន្ន។ ការពិភាក្សានៅព្រឹកនេះ ពិតជាបានផ្ដល់នូវសារសំខាន់យ៉ាងខ្លាំងចំពោះខ្ញុំ អាចឱ្យខ្ញុំយល់ដឹងពីរបបខ្មែរក្រហមថា បានសម្លាប់មនុស្ស ហើយគ្រូពេទ្យខ្មែរក្រហមខ្វះវិជ្ជាជីវៈក្នុងការព្យាបាលប្រជាជនបង្កឱ្យមានមនុស្សស្លាប់ដូចក្នុងខ្សែភាពយន្តឯកសារ «ពុកខ្ញុំនៅឋានសួរ» ។ របបខ្មែរក្រហមបានកាប់សម្លាប់គ្មានលើកលែងសូម្បីតែក្មេងៗ និងបានសម្លាប់ប្រជាជនខ្លួនឯង។ ចុងក្រោយខ្ញុំសូមសំណូមពរឱ្យមានសកម្មភាពពិភាក្សាពីរបបខ្មែរក្រហមជាបន្តបន្ទាប់ទៀត ព្រោះអាចឱ្យខ្ញុំយល់ដឹងទាក់ទងនឹងរបបខ្មែរក្រហមកាន់តែច្បាស់ជាងមុន។

ផាត ស្រីលាប ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ ក្រោយពេលខ្ញុំបានចូលរួមសិក្សាឈ្វេងយល់ពីរបបខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ធ្វើឱ្យយល់ដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្ត។ ពេលឈានចូលដល់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវដំបូង គឺខ្ញុំបានដឹងពីប្រវត្តិរបស់ តាម៉ុក និងការងាររបស់គាត់កាលពីសម័យខ្មែរក្រហម។ ខ្ញុំយល់ថា មេដឹកនាំក្នុងរបបខ្មែរក្រហមពិតជាកាចសាហាវឃោរឃៅ ធ្វើបាប គាបសង្កត់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជន។ បន្ទាប់មក ខ្ញុំបានទស្សនាវីដេអូខ្សែភាពយន្តរបស់អ្នកគ្រូ រស់ ចាន់ថន ដែលផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំអាណិតអ្នកគ្រូ ដែលត្រូវបាត់បង់ឪពុក និងប្អូនទាំងវ័យក្មេង។

ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ ក្រោយពីបានចូលរួមសិក្សាបន្ថែមពីរបបខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ធ្វើឱ្យខ្ញុំបានយល់ដឹងកាន់តែច្រើនអំពីរបបខ្មែរក្រហម ដែលធ្វើបាបប្រជាជន ជម្លៀសប្រជាជនដោយបង្ខំ ឱ្យទៅរស់នៅតាមទីជនបទ លុបបំបាត់ទីផ្សារ លុបបំបាត់រូបិយវត្ថុ និង លុបបំបាត់ស្រទាប់វណ្ណៈសង្គម។ មិនតែប៉ុណ្ណោះ ខ្មែរក្រហមបានលុបបំបាត់សាសនា ទំនៀមទម្លាប់ប្រពៃណី និងបំផ្លាញចោលវត្តអារាម។ ខ្ញុំគិតថា បើខ្ញុំកើតទាន់របបខ្មែរក្រហម ខ្ញុំមិនអាចរៀនសូត្របានទេ ហើយក៏មិនមានសិទ្ធិសេរីភាពដូចសព្វថ្ងៃនេះដែរ ព្រោះខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់។ ខ្ញុំធ្លាប់បានឮតាមរយៈយាយរបស់ខ្ញុំដែលរស់រានមានជីវិតពីរបបខ្មែរក្រហមរៀបរាប់ថា ការរស់នៅរបស់គាត់ពិបាកខ្លាំងណាស់ ហើយគាត់ធ្វើការងារមិនមានពេលឈប់សម្រាកឡើយ។ កិច្ចពិភាក្សាដែលរៀបចំឡើងក្នុងថ្ងៃនេះ បានផ្ដល់នូវសារសំខាន់ដល់ខ្ញុំ និងមិត្តភក្ដិឯទៀត ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងការរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម ។

ព្រីម មន្នីសុជាតា ភេទស្រី អាយុ១៦ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ បន្ទាប់ពីខ្ញុំបានចូលរួមកិច្ចពិភាក្សាពីប្រវត្តិសាស្រ្តរបបខ្មែរក្រហមរួច ធ្វើឱ្យខ្ញុំយល់ដឹងកាន់តែច្រើន ដោយលោកគ្រូបានបញ្ជាក់យ៉ាងច្បាស់អំពីចំនួនអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។ មួយវិញទៀត ចំណុចដែលខ្ញុំចងចាំជាងគេ គឺបានទស្សនាខ្សែភាពយន្តដែលបង្ហាញពីជីវិតអ្នកគ្រូ រស់ ចាន់ថន និងគ្រួសារឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំពិតជាមានសំណាងដែលមិនបានកើតទាន់ក្នុងរបបខ្មែរក្រហម។ ខ្ញុំគិតថា បើខ្ញុំកើតទាន់ក្នុងរបបខ្មែរក្រហម ខ្ញុំមិនអាចសិក្សារៀនសូត្រទេ ព្រោះខ្មែរក្រហមបានបិទសាលារៀន និងវត្តអារាមហើយបើប្រៀបធៀបកាលពីរបបខ្មែរក្រហម និងពេលបច្ចុប្បន្នគឺមានភាពខុសប្លែកគ្នាឆ្ងាយណាស់។ សព្វថ្ងៃ យើងហូបចុកគ្រប់គ្រាន់ បើក្នុងរបបខ្មែរក្រហមប្រជាជនត្រូវរង់ចាំបើករបបអាហារ និងត្រូវហូបរួមគ្នា។ ប្រជាជនហូបចុកមិនបានឆ្អែតទេ គឺមិនស្មើនឹងកម្លាំងដែលធ្វើការងារឱ្យខ្មែរក្រហមឡើយ។ ខ្ញុំអាណិតអាសូរចំពោះអ្នកដែលបានកើតក្នុងរបបខ្មែរក្រហម ។ ខ្ញុំនឹងខិតខំរៀនសូត្រ និងឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ហើយមិនឱ្យប្រវត្តិសាស្ត្រនេះកើតឡើងម្ដងទៀតឡើយ។ ខ្ញុំនៅតែចង់ឱ្យមានសកម្មភាពបែបនេះម្ដងទៀត ព្រោះជាជំនួយក្នុងប្រឡងបាក់ឌុបរបស់ខ្ញុំនាពេលឆ្នាំក្រោយ ។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖