នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន៧នាក់ ក្នុងនោះមានប្រុសម្នាក់ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្ដុលផ្សារ បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលឯកសារកោះថ្ម ក្នុងគោលបំណងសិក្សាស្វែងយល់អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម និងព្រឹត្តការណ៍ថ្មីៗដែលផ្សាភ្ជាប់ទៅនឹងរឿងអតីតកាល។
ជាកិច្ចចាប់ផ្ដើមបុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម វី ស៊ីថា បានធ្វើការណែនាំខ្លួន និងរៀបរាប់អំពីការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទាប់មកទៀត ស៊ីថា បានលើកផែនទីរណ្ដៅសាកសព (ពីឆ្នាំ១៩៧៥-១៩៧៩) ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅស្រាវជ្រាវដល់ទីកន្លែង និងបានកំណត់រណ្ដៅសាកសពទូទាំងប្រទេស បង្ហាញទៅកាន់សិស្សានុសិស្ស។ គួររំឭកថា មជ្ឈមណ្ឌលឯកសារកម្ពុជា បានរកឃើញវាលពិឃាតចំនួន៣៩០កន្លែង ដែលរួមមាន១៩០០០រណ្ដៅ (មជ្ឈមណ្ឌលឯកសារកម្ពុជា ឱ្យនិយមន័យលើពាក្យវាលពិឃាត ថាជារណ្ដៅដែលផ្ទុកសាកសពចាប់ពី៤នាក់ទៅដល់ជាង១ពាន់នាក់), ទីតាំងមន្ទីរសន្តិសុខ(គុក) ចំនួន ១៩៧កន្លែង និងបូជនីយដ្ឋានចំនួន៨១កន្លែង។ ផ្សាភ្ជាប់ជាមួយទីតាំងគុកខាងលើ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ អង្គការយូណេស្កូ បានអនុម័តជាផ្លូវការបញ្ចូលទីតាំងឧក្រិដ្ឋកម្ម ចំនួន៣កន្លែង ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលមានឈ្មោះជារួម «បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានស្នើដោយរាជរដ្ឋាភិបាលកម្ពុជា។ ទីតាំងឧក្រិដ្ឋកម្មចំនួន៣នេះ រួមមាន ៖ ១) អតីតមន្ទីរឃុំឃាំង ម-១៣ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ, ២) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង ៣) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅរាជធានីភ្នំពេញ។
បន្ទាប់មកទៀត សិស្សានុសិស្សបានសិក្សាអំពីបណ្ដុំរូបភាពនៅក្នុងរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩, ផ្ទាំងរូបភាពក្រោយរបបខ្មែរក្រហមដួលរលំក្នុងខែមករា ឆ្នាំ១៩៧៩ និងផ្ទាំងរូបភាពប្រជាជនកម្ពុជាបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ ផ្ទាំងពិព័រណ៍បង្ហាញពីស្ថានភាពប្រជាជនកម្ពុជាមានសេរីភាពក្នុងការគោរពសាសនា និងប្រកបមុខរបររកស៊ី ក្រោយរបបខ្មែរក្រហមដួលរលំ, ចំណែកកុមារបានត្រឡប់ទៅសាលារៀនវិញ, ក្រុមការងារស្រាវជ្រាវរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានគាស់រណ្តៅដើម្បីរើសឆ្អឹងជនរងគ្រោះដែលខ្មែរក្រហមវាយសម្លាប់ ស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជា ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់អ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម។
ជាចុងក្រោយសិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម ៖
ផាន ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧ នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្ដុលផ្សារ រៀបរាប់ថា ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានដឹងអំពីរឿងរ៉ាវប្រវត្តិសាស្រ្ត ប៉ុន្តែខ្ញុំតក់ស្លុត និងអាណិតអាសូរនៅពេលឃើញឆ្អឹងប្រជាជនខ្មែរជាច្រើន ដែលត្រូវបានខ្មែរក្រហមកាប់សម្លាប់។ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួនឱ្យបានច្រើន និងរួមសាមគ្គីគ្នាដើម្បីកសាងប្រទេសជាតិឱ្យរីកចម្រើន។
តកា រីណា ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្ដុលផ្សារ លើកឡើងថា ខ្ញុំចាប់អារម្មណ៍ទៅលើរូបភាពឆ្អឹងដែលបន្សល់ទុកពីរបបខ្មែរក្រហម។ ក្រោយពេលឃើញរូបភាពទាំងនេះ ខ្ញុំអាណិតប្រជាជនដែលត្រូវបានខ្មែរក្រហមធ្វើបាប និងសម្លាប់យ៉ាងឃោរឃៅ។ ជាចុងក្រោយខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀតទេ។
អត្ថបទ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា