សិស្សអនុវិទ្យាល័យលំទងអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

សិស្សានុសិស្សចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ និងប្រុសចំនួន៣នាក់ ដឹកនាំដោយនាយកអនុវិទ្យាល័យលំទង បានធ្វើដំណើរជាង១០គីឡូម៉ែត្រមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បី​ស្វែងយល់ឯកសារប្រវត្ដិសាស្រ្ដសេសសល់ពីរបបខ្មែរក្រហម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងមានតម្កល់ឯកសារសរុបចំនួន២៩០០ឯកសារ ស្មើនឹង៦៧,៤២៦ទំព័រ។ ក្រៅពីនេះនៅមានពិព័រណ៍រូបថត សៀវភៅដែលបោះពុម្ពផ្សាយ ខ្សែភាពយន្តឯកសារ និងអត្ថបទស្រាវជ្រាវជាច្រើនទៀត។

អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យលំទងបានមកដល់ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងនៅជាប់បឹងអន្លង់វែង កណ្ដាលទីរួមស្រុកអន្លង់វែង នៅវេលាម៉ោង៩ព្រឹក និងត្រូវបានទទួល ស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារ។ សិស្សានុសិស្សបានទស្សនាពិព័រណ៍រូបថត រួមមាន ៖ ការដង្ហែរសព ឈិត ជឿន ហៅ តាម៉ុក, កម្មាភិបាលខ្មែរក្រហមរត់ឡើងភ្នំដងរែក, ពិធីសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជា នៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៩, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជាក្នុងសម័យ   អ៊ុនតាក់ និងមេដឹកនាំខ្មែរក្រហមចំនួន៥រូប ដែលជំនុំជម្រះទោសនៅសាលាក្ដីខ្មែរក្រហម។ បន្ទាប់មក សិស្សានុសិស្សបានមកជុំគ្នានៅតុវែងដើម្បីស្ដាប់ការធ្វើបទបង្ហាញ ដោយមានអ្នកគ្រូដឹកនាំចាំអង្កេត។ បទបង្ហាញនៅពេលនេះគឺនិយាយអំពីអង្គការចាត់តាំងរបស់ខ្មែរក្រហមនៅតំបន់អន្លង់វែង និងការដួលរលំនៃចលនាខ្មែរក្រហម។ អន្លង់វែងមានសេសសល់ស្លាកស្នាមសង្គ្រាម រួមមានទីតាំងប្រវត្ដិសាស្រ្ដ និងរឿងរ៉ាវរហូតដល់បច្ចុប្បន្ន។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងមានតួនាទីក្នុងការថែរក្សាឯកសារ និងរឿងរ៉ាវទាំងនោះ ដើម្បីជំរុញឱ្យមានការផ្សះផ្សា ការកសាងសន្ដិភាព និងការអប់រំប្រកបដល់ក្មេងៗជំនាន់ក្រោយ។ នៅក្នុងឱកាសនោះដែរ សិស្សានុសិស្សក៏បានសាក់សួរអំពីប្រវត្ដិរបស់ តាម៉ុក និងក្រុមគ្រួសារ ព្រមទាំងកេរដំណែលរបស់ តាម៉ុក ដែលមាននៅអន្លង់វែង។ ក្រៅពីនេះ សិស្សក៏ចង់ដឹងអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហមដែរ។

នៅចុងបញ្ចប់នៃបទបង្ហាញ សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចតទៅ៖

សុខ សុឈាត ភេទប្រុស អាយុ១៦ឆ្នាំ យល់ថា «ការទស្សនា ឬរៀនសូត្រពីប្រវត្ដិសាស្ដ្រនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងគឺល្អ។ ទីតាំងនេះគឺជាកន្លែងសម្រាប់សិក្សា និងយល់ដឹងអំពីប្រវត្ដិសាស្រ្ដ ប៉ុល ពត និង តាម៉ុក និងឯកសារជាច្រើនទៀត។ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានពន្យល់ប្រាប់ខ្ញុំអំពីប្រវត្ដិសាស្រ្ដដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក និងធ្វើឱ្យខ្ញុំយល់ដឹងច្បាស់ជាងមុន»។

វ៉ន នីកា ភេទស្រី អាយុ១៤ឆ្នាំ រៀបរាប់ថា «ការមកទស្សនកិច្ច ឬការមករៀនពីប្រវត្ដិសាស្ដ្រ​នៅ​មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានធ្វើខ្ញុំសប្បាយរីករាយ និងភ្ញាក់ផ្អើលនៅពេលដែលបានយល់ដឹងពីការររស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម។ ខ្ញុំបានឃើញរូបថតរបស់ តាម៉ុក ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ ខ្ញុំបានដឹងព័ត៌មានអំពីកូនស្រី តាម៉ុក និងក្រុមគ្រួសារ តាម៉ុក។ នៅក្នុងបទបង្ហាញខ្ញុំបានដឹងពីការជីករូងក្រោមដីនៅផ្ទះលាក់ខ្លួនរបស់ ប៉ុល ពត និងរឿងរ៉ាវទាក់ទងនឹងរបបខ្មែរក្រហមដែលប្រជាជនខ្មែរចងចាំមិនភ្លេច»។

នង សារិន ភេទស្រី អាយុ១៥ឆ្នាំ លើកឡើងថា «របប ប៉ុល ពត គឺជារបបសាហាវព្រៃផ្សៃដែលបានធ្វើបាបប្រជាជនខ្មែរ និងធ្វើឱ្យប្រជាជនខ្មែរចងចាំមិនភ្លេច។ ខ្ញុំអាណិតអាសូរប្រជាជនកម្ពុជាដែលមិនមានអាហារហូបចុកគ្រប់គ្រាន់ ធ្វើពលកម្មហួសកម្លាំង និងរងការធ្វើទារុណកម្មសួរចម្លើយរហូតដល់បាត់បង់ជីវិតយ៉ាងអណោចអាធ័មនៅក្នុងរបបខ្មែរក្រហម។

គឿន សុនាង ភេទប្រុស អាយុ១៥ឆ្នាំ រៀបរាប់ថា «ការមកទសន្សកិច្ច និងសិក្សាអំពីប្រវត្ដិសាស្រ្ដ ប៉ុល ពត នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងធ្វើឱ្យខ្ញុំដឹងថារបបនោះប្រព្រឹត្តព្រៃផ្សៃមកលើប្រជាជនស្លូតត្រង់ និងក្មេងៗ ដូចជា ការបង្ខំឱ្យធ្វើការហួសកម្លាំង។ របប ប៉ុល ពត បានសម្លាប់ប្រជាជនមិនគិតពីក្មេងចាស់ ដោយការចោទប្រកាន់ដែលមិនមានមូលហេតុច្បាស់លាស់។ របបនេះបានបង្ខំឱ្យប្រជាជនរៀបការ និងធ្វើឱ្យប្រទេសជាតិស្ទើរបាត់បង់ទាំងស្រុង។

ឧត្ដម វ៉ាន់នី ភេទស្រី អាយុ១៦ឆ្នាំ ឱ្យដឹងថា «ខ្ញុំមានការអាណិតអាសូរប្រជាជនខ្មែរដែលរស់នៅ ឆ្លងកាត់របបខ្មែរក្រហម។ របបខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពប្រជាជន ហើយប្រជាជនរស់នៅទាំងវេទនា តោកយ៉ាក គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានសម្លៀកបំពាក់សមរម្យ និងត្រូវធ្វើការងារដូចជាទាសករ។ ប្រជាជនរងនូវការកាប់សម្លាប់ដោយមិនរើសមុខ។ ខ្ញុំអរគុណបុព្វបុរសខ្មែរក្រហមដែលក្រោកឈរដឹកនាំការតស៊ូប្រឆាំងនឹងរបបខ្មែរក្រហមដើម្បីទាមទារយុត្ដិធម៌ បញ្ចប់សង្គ្រាម និងឈានទៅរកសន្ដិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល»។

រិន កាក់វីន ភេទប្រុស អាយុ១៤ឆ្នាំ លើកឡើងថា «ខ្ញុំយល់ថា នៅក្នុងរបបខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត ពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់ ព្រោះប្រជាជនជួបប្រទះភាពអត់ឃ្លាន ទទួលរងការកាប់សម្លាប់ ការចោទប្រកាន់ គ្មានកន្លែងស្នាក់នៅសមរម្យ និងគ្មានថ្នាំព្យាបាលជំងឺ។ ថ្ងៃនេះ ខ្ញុំបានយល់ដឹងពីប្រវត្ដិសាស្រ្ដដែលមាននៅអន្លង់វែង ជាពិសេសកេរដំណែលរបស់ តាម៉ុក។ ក្រៅពីនេះ ខ្ញុំបានដឹងពីរឿងរ៉ាវដែលធ្វើឱ្យតំបន់អន្លង់វែងក្លាយជាតំបន់តស៊ូចុងក្រោយ នៅពេល តាម៉ុក ចាប់ ប៉ុល ពត កាត់ទោសចំពោះមុខប្រជាជន»។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖