សំណង់ចេតីយ៍ តម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងរំឭកអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រុមការងារឃុំគគរ សាងសង់ចេតីយ៍តម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងរំឭកអំពីរឿងរ៉ាវដែលបានកើតឡើងនៅឃុំគគរនៅក្នុងរបបខ្មែរក្រហម នៅកណ្ដាលវាលស្រែ ស្ថិតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ការសាងសង់ចេតីយ៍នេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ស្នើសុំរបស់ តុង សុភា គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាក្មេងកំព្រាឪពុកត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខគគរ ស្ថិតនៅក្នុងវត្តគគរ នៅក្នុងឆ្នាំ១៩៧៨។

ប្រវត្តិមន្ទីរសន្តិសុខឃុំគគរ

ឃុំគគរ ដែលស្ថិតនៅតាមដងទន្លេមេគង្គនិងមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ដោយមានភូមិទាំងអស់ចំនួន៤។ នៅក្នុងឃុំគគរ មានទីតាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់ប្រជាជនដែលត្រូវបានខ្មែរក្រហមចោទប្រកាន់ទាំងអស់ចំនួន៣៖ ទី១) ទីវាលស្រែនៅភូមិចំការសាមសិប ទី២) ឡដុតថ្នាំជក់ និង ទី៣) មន្ទីរសន្តិសុខគគរ ដែលស្ថិតនៅក្នុងវត្តគគរ។ មន្ទីរសន្តិសុខឃុំគគរ បង្កើតឡើងនៅក្នុងឆ្នាំ១៩៧៥។ បន្ទាប់ពីការមកដល់របស់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានគ្រប់គ្រងភូមិសាស្រ្តឃុំគគរ ការកាប់សម្លាប់ប្រជាជនកាន់តែច្រើនឡើងចាប់ពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៧៨។ ប្រជាជនមូលដ្ឋានត្រូវបានយកទៅសម្លាប់នៅវាលស្រែ ខណៈពេលដែលអតីតកម្មាភិបាលភូមិភាគបូព៌ាកម្រិតមូលដ្ឋាន និងអ្នកពាក់ព័ន្ធត្រូវបានចាប់ឃុំឃាំងនិងសម្លាប់នៅមន្ទីរសនិ្ដសុខឃុំគគរ។ នៅពេលនោះ ជនជាតិភាគតិចចាមនៅភូមិកំពង់ក្របីជាច្រើននាក់ត្រូវបានចាប់ខ្លួន និងដឹកយកទៅសម្លាប់នៅក្នុងឡដុតថ្នាំជក់ នៅក្នុងភូមិចំការសាមសិប។ ជនរងគ្រោះរាប់រយនាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅពេលនោះ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ មន្ទីរសន្តិសុខគគរ ត្រូវបានប្រើប្រាស់ទៅជាឃ្លាំងសម្រាប់ស្ដុកទុកសម្ភារ និងស្រូវអង្ករ។

ទីតាំងចេតីយ៍នេះបង្កើតឱកាសសម្រាប់ការនិយាយអំពីប្រវត្តិសាស្តខ្មែរក្រហម (១៩៧៥-១៩៧៩) និងជាទីតាំងរំឭកការចងចាំជាសមូហភាព និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍

លោក លន់ លាងហេង អាយុ៦៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាមេឃុំគគរ ថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារ ដែលសាងសង់ចេតីយ៍រំឭកអំពីជនរងគ្រោះដែលបានស្លាប់នៅក្នុងមូលដ្ឋានរបស់គាត់។ លោក លាងហេង បញ្ជាក់ថា៖ “ចេតីយ៍នេះគឺជានិមិត្តរូបសម្រាប់ការចងចាំដ៏ជូរជត់របស់រូបខ្ញុំផ្ទាល់ និងប្រជាជននៅមូលដ្ឋានឃុំគគរដែលបានឆ្លងកាត់របបខ្មែរក្រហម។ ចេតីយ៍នេះ ដើរតួនាទីផ្សព្វផ្សាយ និងផ្ដល់សក្ខីភាពអំពីប្រវត្តិសាស្រ្តខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយដើម្បីធ្វើការស្វែងយល់ និងពិភាក្សាអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងកម្រិតមូលដ្ឋានរបស់ខ្លួន។

តុង សុភា អាយុ៥៥ឆ្នាំ អតីតកុមារមូលដ្ឋាន រៀនថ្នាក់ទី១និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរំឭកអំពីការគេងលើដៃឪពុកជាចុងក្រោយមុនពេលដែលត្រូវបានកងឈ្លបចាប់ខ្លួនយកទៅសម្លាប់ចោលនៅមន្ទីរសន្តិសុខគគរ និងគូសបញ្ជាក់អំពីការស្នើសុំសាងសង់ចេតីយ៍នេះ៖

ខ្ញុំឈ្មោះ តុង សុភា កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៦៦ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ តុង វ៉ន និងម្តាយឈ្មោះ ប៉ាច សៃអេង។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ នៅពេលដែលកើតមានសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះឡើងនៅដើមឆ្នាំ១៩៧០ ខ្ញុំទើបតែមានអាយុប្រហែល៥ឆ្នាំ។ នៅពេលនោះ ឪពុកម្ដាយបានពរខ្ញុំនិងបងប្អូនផ្សេងទៀតរត់ចេញពីភូមិចំការសាមសិប ដែលជាសមរភូមិប្រទាញប្រទង់។ នៅឆ្នាំ១៩៧១ គ្រួសាររបស់ខ្ញុំវិលត្រឡប់មកភូមិវិញ និងរស់នៅរហូតដល់ឆ្នាំ១៩៧៥ ទើបឪពុកម្ដាយ និងបងស្រី២នាក់របស់ខ្ញុំ ត្រូវបានបញ្ជូនទៅធ្វើការនៅតាមកងចល័តរៀងៗខ្លួន។ នៅពេលនោះ ខ្ញុំមានអាយុ៩ឆ្នាំ និងត្រូវបានបញ្ជូនទៅកងចល័តកុមារមូលដ្ឋានដើម្បីរៀនសូត្រ និងដើររើសលាមកសត្វមកធ្វើជីដាក់ស្រែ។ កងកុមារ គឺមានទាំងកុមារា និងកុមារី សរុបទាំងអស់ប្រហែលចំនួន៣០នាក់ ដែលមានមិត្តបងឈ្មោះ លីម គឺជាប្រធានកងកុមារ។ សមមិត្តនារី ឈាង គឺជាគ្រូបង្រៀនថ្នាក់ទី១នៅក្នុងភូមិចំការសាមសិប។ ខ្ញុំនិងកុមារមូលដ្ឋានផ្សេងទៀតក្រោកពីព្រលឹមដើរទៅរៀនជាមួយអ្នកគ្រូ ឈាង នៅក្រោមផ្ទះរបស់តា សៀ ដែលជាប្រជាជនមូល។ នៅពេលព្រឹក អ្នកគ្រូ ឈាង បង្រៀនអក្សរ និងលេខអស់រយៈពេលប្រហែល៣ម៉ោង។ បន្ទាប់មក អ្នកគ្រូ ឈាង ដឹកនាំកុមារមូលដ្ឋានទាំងអស់ទៅធ្វើពលកម្ម ដោយបានដើរលើកអាចម៍គោពីផ្ទះរបស់ប្រជាជនមូលដ្ឋានដើម្បីធ្វើជីដាក់ស្រូវ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបអ្នកគ្រូ និងកុមារមូលដ្ឋានទាំងអស់ដើរទៅហូបបាយនៅរោងបាយសហករណ៍។ បន្ទាប់ពីសម្រាកថ្ងៃត្រង់បន្តិច កុមារមូលដ្ឋានទាំងអស់ ដឹកនាំដោយអ្នកគ្រូ ឈាង ត្រូវបន្តដើរប្រមូលអាចម៍គោយកទៅទុកនៅកន្លែងធ្វើជីដាក់ស្រែរហូតដល់ម៉ោង៥ល្ងាច។ ពេលនោះ គឺមិនទាន់មានសាលារៀន និងម៉ោងសិក្សាជាប់លាប់នោះឡើយ។ អ្នកគ្រូ ឈាង បង្រៀនកុមារមូលដ្ឋានដោយបានចល័តនៅក្រោមផ្ទះរបស់ប្រជាជនមូលដ្ឋាន។ នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំរៀងធំបន្តិច។ នៅពេលនោះ ខ្ញុំត្រូវបានផ្លាស់ទៅកងចល័តទី២ដើម្បីដើរទៅធ្វើស្រែ និងបន្ទាប់មកទៀត ត្រូវបានផ្លាស់មកភូមិវិញដើម្បីដើរប្រមូលអាចម៍គោវិញ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនទៅកណ្ដាប់ស្រូវអស់រយៈពេលប្រហែល២ខែ។ នៅពេលនោះ ខ្ញុំមានអាយុ១១ឆ្នាំ។ ក្រោមមកទៀត ខ្ញុំទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រងក្នុងភូមិ និងចាប់ផ្ដើមចាប់អ្នកភូមិជាច្រើនគ្រួសារយកទៅសម្លាប់ចោលនៅមន្ទីរសន្តិសុខគគរ។ ឪពុករបស់ខ្ញុំក៏ត្រូវបានចាប់យកទៅសម្លាប់ផងដែរ។ នៅយប់ដ៏ស្ងប់ស្ងាត់មួយនៅឆ្នាំ១៩៧៨ កងឈ្លបខ្មែរក្រហមប្រហែល៤នាក់មកហៅឪពុករបស់ខ្ញុំ ខណៈពេលដែលខ្ញុំកំពុងដេកលក់កើយដៃរបស់គាត់។ ពេលនោះគឺជាគ្រាចុងក្រោយដែលខ្ញុំគេងលើដៃរបស់ឪពុក។ ខ្ញុំឃើញឪពុកខ្ញុំចុះពីលើផ្ទះ និងត្រូវបានកងឈ្លបចាប់ចងស្លាបសេកបណ្ដើរជាមួយអ្នកភូមិប្រហែល១២នាក់ផ្សេងទៀតទៅមន្ទីរសន្តិសុខគគរ។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលបានជួបឪពុករបស់ខ្ញុំទៀតទេ។ គ្រាចុងក្រោយដែលកងឈ្លបខ្មែរក្រហមយកឪពុករបស់ខ្ញុំទៅសម្លាប់ចោល គឺនៅតែដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំ។ ខ្ញុំសូមឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឪពុករបស់ខ្ញុំនៅចេតីយ៍រំឭកអំពីជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)នេះ។

អត្ថបទ ៖ ស៊ាង ចិន្តា

រូបថត ៖ ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា

សំណង់ចេតីយ៍ តម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងរំឭកអំពីរឿងរ៉ាវដែលបានកើតឡើងនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក