ជូនចំពោះអ្នកស្ម័គ្រចិត្ត

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

មជ្ឈមណ្ឌលឯកសារកម្ពុជា សូមថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១ ទាំង៤៦២រូប ដែលបានចូលរួមការងារស្ម័គ្រចិត្ត គាំពារនិងទំនុកបម្រុងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងរយៈពេល៥ខែកន្លងមក គឺចាប់តាំងពីថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សូមប្រកបដោយសំណាងល្អនៅក្នុងឆ្នាំ២០២២ខាងមុខ។ ការងាររបស់ប្អូនៗ ពិតជាមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសហគមន៍របស់ប្អូនៗ។ ក្នុងអំឡុងពេលនៃការបំពេញការងារស្ម័គ្រចិត្តរបស់ប្អូនៗ ប្អូនបានជួបសម្ភាសជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិឋានរបស់ខ្លួន ដែលក្នុងនោះរួមបញ្ចូលការប្រមែប្រមូលព័ត៌មានចាំបាច់នានាអំពីស្ថានភាពសុខភាព និងបញ្ហាប្រឈមរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាបទពិសោធន៍ឆ្លងកាត់របស់គាត់នៅក្រោមរបបខ្មែរក្រហមថែមទៀតផង។ ប្អូនៗក៏បានជួយសម្រួលឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ ទទួលសេវាថែទាំ ព្រមទាំងជួយបង្កើនការយល់ដឹងរបស់គាត់ស្តីពីការថែទាំសុខភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ កិច្ចខិតខំប្រឹងប្រែងដោយមិននឿយណាយរបស់ប្អូនៗ ក្នុងនាមជាអ្នកស្ម័គ្រចិត្តនៃគម្រោងនេះ បានចូលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវសុខភាពនិងសុខុមាលភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងគ្រាដ៏លំបាកលំបិន ដែលរួមបញ្ចូលទាំងការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។ សកម្មភាពស្ម័គ្រចិត្តរបស់ប្អូនៗ ឆ្លុះបញ្ចាំងអំពីគុណតម្លៃដ៏ប្រសើរសម្រាប់ខ្លួនឯង សហគមន៍ និងប្រជាជនកម្ពុជាជារួម។ មជ្ឈមណ្ឌលឯកសារកម្ពុជា សូមប្រគល់ជូនប្អូនៗនូវលិខិតសរសើរ ដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា លោកស្រី Nancy J. Eslick។

លិខិតសរសើរដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា លោកស្រី Nancy J. Eslick។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១ ទាំង៤៦២រូប នៅតាមតំបន់ដាច់ស្រយាលទូទាំងប្រទេសកម្ពុជាដែលបានចូលរួមការងារស្ម័គ្រចិត្ត គាំពារនិងទំនុកបម្រុងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងរយៈពេល៥ខែកន្លងមក គឺចាប់តាំងពីថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ (អ្នកស្ម័គ្រចិត្តកម្ពុជា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អត្ថបទផ្សេងទៀត៖