វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួល​ស្វាគ​មន៍​សិស្សានុ​សិស្សចំនួន​១៦នាក់ (ប្រុស៥នាក់ និងស្រី១១នាក់) មកពីវិទ្យាល័យ ហ៊ុន សែន​ត្រពាំង​​​​តាវ និងវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ដើម្បីចូលរួមក្នុងវេទិកាថ្នាក់រៀន​ស្ដីអំពី «​ ប្រវត្ដិ​សាស្រ្ដ​​កម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩)​»។

យុវជនស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ចូលរួមទស្សនកិច្ចសិក្សាស្តីអំពី «សន្តិភាព និងសិទ្ធិមនុស្ស» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​លើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជា​ប្រជា​ធិបតេយ្យ (១៩៧៥-១៩៧៩) និង​ទ្រឹស្តីសំខាន់ទាក់ទងនឹងសន្ដិភាព​។

យុវជននៃវិទ្យាល័យទាំងពីរនេះ បានទទួលការសា្វគមន៍គ្នាដោយភាពរួសរាយ​រាក់ទាក់ និងមាន​ការស្វែងយល់ពីគ្នាទៅវិញទៅមក បើទោះបីសាលារៀនរបស់សិស្សទាំងពីរក្រុមនេះមានចម្ងាយឆ្ងាយពីគ្នា​យ៉ាងណាក៏ដោយ។

ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានយក​ចិត្ដទុក​ដាក់ខ្ពស់ទៅលើការអនុវត្ដវិធានការថែរក្សានូវសុខុមាលភាព ដើម្បីទប់ស្កាត់ និងជៀសឆ្ងាយពីជំងឺ​វិវឌ្ឍន៍ថ្មី​​អូមីក្រុង តាមរយៈការអនុវត្ដវិធានការបីកុំ និងបីការពាររបស់ក្រសួងសុខាភិបាល។ ក្រុមការងារ​មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានធ្វើការវាស់កម្ដៅ ការបាញ់ទឹកអាល់​កុល​សម្អាតដៃ​សិស្សានុសិស្ស ការ​រក្សាគម្លាត និងការបើកបង្អួចឲ្យមានខ្យល់ចេញចូលគ្រប់​គ្រាន់។

បន្ទាប់ពីការរៀបចំ និងអនុវត្ដវិធានការការពាររួចមក ក្រុមការងារ​មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង​ចែកជូនក្រដាសស្ទាបស្ទង់ចំណេះដឹង (មុនវេទិកាចាប់ផ្តើម) ចំនួន​១៦ច្បាប់ ​ទៅកាន់សិស្សានុសិស្ស​ដើម្បី​បំពេញ។ បន្ទាប់មកក្រុមការងារមជ្ឈ​មណ្ឌល​សន្ដិភាពអន្លង់វែងនឹងធ្វើការប្រៀបធៀបនៅក្រោយ​វេទិកា​ថ្នាក់រៀនស្ដីអំពី «​ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីឲ្យដឹងថា​សិស្សា​នុសិស្សចំនួន​ប៉ុន្មាន​នាក់ ឬ​ប៉ុន្មាន​​ភាគរយមានការកើនឡើងចំណេះដឹងផ្នែកប្រវត្ដិសាស្រ្ដ​កម្ពុជាប្រជាធិប​តេយ្យ​។

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងកំពុងធ្វើបង្ហាញទៅកាន់យុវជនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយបំពេញសំណួរស្ទាបស្ទង់ចំណេះដឹងចប់ ក៏មានការធ្វើបទ​បង្ហាញ​​អំពីប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ការបង្រៀន​បែបសហការដើម្បីស្វែងយល់អំពីជំពូក​សំខាន់ៗ ​នៅ​ក្នុង​សៀវភៅ «ប្រវត្តិ​សាស្ត្រកម្ពុជាប្រជាធិបតេយ្យ» ព្រមទាំងនិយមន័យនៃអំពើ​ប្រល័យ​​​ពូជ​សាសន៍ ​ដោយ​បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។

សិស្សានុសិស្សមានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សា​ស្វែង​យល់កាន់តែច្បាស់ទៅ​លើ​អំពើ​ប្រល័យ​​ពូជសាសន៍ដែលបានកើត​ឡើងប្រមាណជាង​៤០ឆ្នាំមុន នៅក្នុងប្រទេសកម្ពុជា ដែល​បណ្ដាល​ឲ្យប្រជាជនប្រមាណជិតពីរលាននាក់ ​បានស្លាប់បាត់បង់ជីវិតដោយសារភាពអត់ឃ្លាន ការធ្វើទារុណកម្ម​និងការសម្លាប់។​ សំណួរពាក់ព័ន្ធនឹង​ប្រធានបទនេះ​ត្រូវបាន​ចោទសួរដោយ​សិស្សា​នុ​សិស្ស​​​នៅក្នុងក្រុមថា​តើហេតុអ្វីបានជាខ្មែរក្រហមមិនឲ្យប្រជាជនហូបឆ្អែត ហើយទិន្នផលដែល​ធ្វើបាន តើខ្មែរក្រហមបានយក​ទៅណា? ទន្ទឹមគ្នានេះដែរ សិស្សានុសិស្សបានចោទសួរបន្ថែមថា តើហេតុអ្វីបាន​ជា​ខ្មែរក្រហមបង្កើត​របបកម្ពុជាប្រជាធិបតេយ្យឡើង? តើបង្កើតឡើងដើម្បី​បំបិទសិទ្ធិ​សេរី​ភាព​ប្រជាជន លុបបំបាត់អ្នកចេះ​ដឹង? ឬសម្លាប់មនុស្សទូទៅ​ដោយមិនញញើតដៃ​បែប​នេះ​ឬ​​យ៉ាងណា​? សិស្សា​នុសិស្ស​​បាន​សួរសំណួរ​បន្ថែម​ថា តើរបបខ្មែរក្រហមបង្កើតឡើងដោយទទួលឥទ្ធិពលមនោគមវិជ្ជាពីខាងណា ឬប្រទេសណា ហើយមានស្ដេចគ្រងរាជ្យដែរឬទេក្នុងជំនាន់នោះ?

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងកំពុងធ្វើបទបង្ហាញទៅកាន់យុវជនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់សិស្សានុសិស្សខាងលើនេះ វាគ្មិនបានប្រើប្រាស់វិធីសាស្រ្ដទៅ​លើ​ការ​បែងចែក​ការងារជាក្រុមទៅកាន់សិស្សានុសិស្ស ដោយផ្ដោតលើជំពូកផ្សេងៗគ្នា ដោយបាន​ដក​ស្រង់​ចេញពីសៀវភៅមេរៀនគោល «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩)» ដើម្បីឲ្យ សកម្មភាពនៅក្នុងក្រុមមានការផុសផុលឡើង តាមរយៈការស្រង់យកនូវខ្លឹមសារសង្ខេបនៃមេរៀន ឬ​ចំណុច​សំខាន់ដើម្បីធ្វើបទបង្ហាញទៅកាន់​ក្រុមដទៃ​ផ្សេងទៀត។ នៅក្នុងកិច្ចការនេះ សមាជិកចំនួន​៤​នាក់​នៅតាមក្រុមនីមួយៗ ត្រូវបានបែងចែកតួនាទីផ្សេងៗគ្នាទៀតគឺ ​១) អ្នកសម្របសម្រួល, ២) អ្នកកត់ត្រា ៣) អ្នក​ជំរុញ​លើកទឹកចិត្ដ និង ៤) អ្នករាយការណ៍ផ្ទាល់ ដែលជាការជំរុញឲ្យកិច្ចការក្រុមទាំងមូលមាន​ប្រសិទ្ធភាព​ខ្ពស់​។

មួយវិញទៀត វេទិកានេះ ​បានជំរុញឲ្យសិស្សានុសិស្សមានការចងចាំពីខ្លឹមសារមេរៀន តាមរយៈ​ការចាក់​បញ្ចាំងខ្សែភាពយន្តឯកសារអំពីមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែង ដែលប្រភេទខ្សែភាពយន្ត​ឯកសារ​ដ៏កម្រ​ដែល​រក្សា​ទុក​នៅ​ក្នុង​បណ្ណសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងត្រូវបានយកមកប្រើ​ប្រាស់ជំនួសឲ្យការ​ពន្យល់​​ក្នុងវិធី​សាស្រ្ដ​ដទៃ​ផ្សេងទៀត។ ការការចាក់បញ្ចាំងខ្មែរភាពយន្តឯកសារ​បែប​នេះ គឺធ្វើ​ឲ្យ​មានការគិតយ៉ាងទូលំទូលាយទៅលើ​ប្រវត្ដិ​សាស្រ្ដ ​និង​ជំរុញ​ឲ្យមានការចងចាំក្នុងរយៈ​ពេល​យូរ។​ ខ្សែភាពយន្តឯកសារនេះ​ ពិតជាបានបង្ហាញនូវអត្ថន័យនៃភាព​អកុសល​នៃ​ជនរងគ្រោះដែល​ត្រូវបាន​ឃុំឃាំង និងធ្វើទារុណកម្មនៅក្នុងមន្ទីរសន្ដិសុខស-២១ មុននឹងត្រូវយក​ទៅ​សម្លាប់ចោលនៅវាលពិឃាត​បឹងជើងឯក។ ភាពអសោចនៃសាកសពជនរងគ្រោះ ត្រូវបានបង្ហាញ​តាម​រយៈ​វីដេអូ​ដែលថតដោយកងទ័ព​វៀតណាម​តែប៉ុន្មានថ្ងៃប៉ុន្មានក្រោយកងទ័ពទាំងនោះ​បានចូលមកដល់​ទីក្រុង​ភ្នំពេញ។

យុវជនកំពុងអានសៀវភៅ និងពិភាក្សាគ្នាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រូបនៃអំពើប្រល័យពូជសាសន៍ទាំងនេះ ​បានពិពណ៌នាដោយចេតនានៃភាពស្អប់​ខ្ពើម និង​ការ​រើស​អើង​ដែលឈានទៅដល់ការបំផ្លិចបំផ្លាញស្ទើរទាំងស្រុងទៅលើក្រុម​ជនជាតិ​ ជាតិពិន្ធុ ពូជសាសន៍ ឬក្រុមសាសនាដទៃផ្សេងទៀត ដោយមានការប្រកាន់និន្នាការនិយមលាបពណ៌​​។ ចេតនានៃអំពើ​ឃោរឃៅ​ទាំង​នេះហាក់បានឆ្លុះបញ្ចាំង និងដាស់តឿនដល់សិស្សានុសិស្សឲ្យរៀនសូត្រពីរឿងរ៉ាវដែល​សង្គមរបស់​ខ្លួន​បានឆ្លងកាត់​ហើយ​ងាកមករកសាមគ្គីភាព និងរស់នៅដោយចេះទទួលស្គាល់នូវភាពសម្បូរបែបរបស់​មនុស្សជាតិ​នៅក្នុង​សង្គម​​។ ទាំងនេះគឺជាគោលដៅដែល​ជំរុញឲ្យមានការបង្កើតសកម្មភាព​នៃការបណ្ដុះ​គំនិត​ក្នុងការធានាបានថា​ បទពិសោធន៍ដ៏ជូរចត់របស់​សង្គមកម្ពុជានឹងមិនវិលត្រឡប់សារជាថ្មីម្ដង​ទៀត​ទេ​​​។  ក្រោយមកទៀត ខ្សែភាពយន្តឯកសារ «ខ្មែរបាត់បង់តន្រ្ដីរ៉ក់» ក៏ត្រូវបានចាក់បញ្ចាំងបន្ថែមទៀត បន្ទាប់ពី​សិស្សា​នុ​សិ​ស្សហូបអាហារថ្ងៃត្រង់រួច។ ខ្សែភាពយន្តឯកសារនេះ បានទាញចំណាប់អារម្មណ៍​សិស្សានុ​​សិស្ស​​ឲ្យ​មើល​ឃើញ​ពីភាពប្រែប្រួលរបស់តន្រ្ដីខ្មែរតាមសម័យកាល និង​បង្ហាញ​ពី​​ការ​ជម្នះក្នុង​ស្ថានភាព​ណា​ក៏​ដោយ​របស់តន្ដ្រីករខ្មែរ ដើម្បីគេចផុតពីការរលាយសាបសូន្យ ទោះបីទទួលឥទ្ធិពល​នយោបាយ ឬ​វប្បធម៌​​បរទេសក៏ដោយ​។ នៅក្នុងចំណុចនេះ សិស្សានុសិស្សនៅក្នុង​ក្រុម​​​យល់ឃើញថា ទោះក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏ប្រជាជនខ្មែរស្វែងយល់នូវការសប្បាយ​តាមរយៈដូរ្យតន្ដ្រីក្នុងសង្គម​របស់ខ្លួន។

នៅក្រោយវេទិកាថ្នាក់រៀននេះ សិស្សានុសិស្សទាំង១៦នាក់ ស្មើនឹងមួយរយភាគរយមានការ​កើន​ឡើង​ចំណេះដឹង និងយល់ថា ការទប់ស្កាត់អំពើប្រល័យពូជសាសន៍តាមវិធីណាក៏ដោយ​គឺពិតជាមាន​សារ​សំខាន់​​សម្រាប់បុគ្គល សហគមន៍ និងសង្គមជាតិ​ តាមរយៈការពិនិត្យជាក់ស្ដែងទៅលើក្រដាស​ស្ទាបស្ទង់​របស់​សិស្សានុសិស្សម្នាក់ៗ។

យុវជនធ្វើបទបង្ហាញអំពីការយល់ដឹងរបស់ខ្លួនទាក់ទងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យបន្ទាប់ទទួលពីចូលរួមវគ្គបណ្តុះបណ្តាលរួច។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីបានចូលក្នុងវេទិកានេះ សិស្សានុសិស្សចំនួន៤នាក់ មានចំណាប់អារម្មណ៍ និងការ​យល់​ឃើងដូចខាងក្រោម ៖

ស៊ាន ចន្នី ភេទស្រី អាយុ១៩ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ លើកឡើងថា «ខ្ញុំបានយល់ដឹងប្រវត្ដិសាស្ដ្រខ្មែរក្រហមកាន់តែច្បាស់តាមរយៈវេទិកាថ្នាក់រៀន ដោយ​មាន​ការធ្វើបាបប្រជាជន ការហូបចុកមិនគ្រប់គ្រាន់ ការរស់​នៅ​រួម និងធ្វើការរួមរបស់ប្រជាជនក្នុងជំនាន់នោះ។ តាមរយៈវីដេអូឯកសារនៃមន្ទីរសន្តិសុខស-២១ ខ្ញុំឃើញប្រជាជន​ទទួល​រងទុក្ខវេទនា ដែលរំឭកដល់​យើង​ទាំងអស់គ្នាថា ត្រូវតែបន្ដស្វែងយល់ពីរបប​ខ្មែរ​ក្រហមឲ្យកាន់តែច្បាស់លាស់បន្ថែមទៀត»។

ហ៊ាន ស៊ីណា ភេទស្រី អាយុ១៩ឆ្នាំ រៀបរាប់ថា «វាពិតជាគួរឲ្យភា្ញក់ផ្អើលសម្រាប់​ប្រវត្ដិ​សាស្រ្ដ​​ខ្មែរយើងតាំងពីដើមមកខាងផ្នែកចម្រៀង។ ដំបូងខ្ញុំមិនបានដឹងថា ប្រវត្ដិរបស់​ ស៊ិន ស៊ីសាមុត​ យ៉ាងណា​នោះទេ គឺខ្ញុំមានការភ្ញាក់ផ្អើលព្រោះគាត់គឺជាតន្រ្ដីករ​ឆ្នើម ប៉ុន្ដែនៅក្នុងជំនាន់ លន់ នល់ តន្រ្ដីកររូបនេះប្រែ​ក្លាយជាកងទ័ពបម្រើជាតិទៅវិញ។ ខ្ញុំយល់ថាទិដ្ឋភាពបែបនេះបញ្ជាក់ថា មានការប្រែប្រួលពីសម័យ​មួយ​ដែលលូតលាស់ ទៅជាសម័យកាលមួយជួប​ប្រទះ​នូវភ្លើងសង្គ្រាម​ទៅវិញ។ ខ្ញុំអាណិតចាស់ជរា និងក្មេងៗ​ដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែក​នេះ»។

ផាន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងតាវ លើកឡើងថា «ក្រោយពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនប្រវត្ដិសាស្រ្ដ ខ្ញុំពិតជាមានអារម្មណ៍​​ស្រណោះ​ប្រជា​ជន និងជន​រងគ្រោះខ្លាំងណាស់។ ខ្ញុំដឹងប្រវត្ដិសាស្រ្ដបានច្រើនជាងមុន ថាហេតុអ្វី​បាន​ជា​មាន​អំពើប្រល័យ​ពូជ​សាសន៍​​កើតឡើង។ ខ្ញុំយល់ថា ប្រសិនបើយើងចង់ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ គឺយើងជាយុវជន​ត្រូវរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ត្រូវទប់ស្កាត់អំពើហិង្សា និង​ការ​រើស​​អើង”។

ភាព រក្សា ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ យល់ឃើញថា «វាជាឱកាសល្អដែលបានរៀនសូត្រ និងបានស្គាល់ពីប្រវត្ដិសាស្រ្ដនៃការតស៊ូរបស់ខ្មែរ  ភាព​ឃោរឃៅរបស់ខ្មែរក្រហម និងអំពីសិល្បៈរបស់ខ្មែរ។ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺ​យើង​ត្រូវ​សិក្សារៀនសូត្រ និងបំបាត់ការរើសអើង»។

អត្ថបទ ​៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖