ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ជួបជាមួយប្រធានឃុំជាំដើម្បីពិភាក្សាលើការងារលើកកម្ពុស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងគម្រោងវេទិកាប្រវត្តិសាស្ត្រគ្រួសារ នៅក្នុងភូមិបឹងជ្រោង

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមមានឡុង ដានី សុខ វណ្ណៈ គាត ស្រីឡែន និង ឈុំ រ៉ា បានចុះទៅធ្វើការងារនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅវេលាម៉ោង៩៖៣០ នាទីព្រឹកថ្ងៃដដែល ក្រុមការងារបានមកដល់សាលាឃុំជាំ និងជួបជាមួយលោកមេឃុំជាំឈ្មោះ មើក នូវ និងជំនួយការរដ្ឋបាលឃុំឈ្មោះ ខា សារឿន។ បន្ទាប់ពីបានណែនាំខ្លួន និងបង្ហាញលិខិតអំពីការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្មដល់លោកមេឃុំ មើក នូវ រួចមក ឡុង ដានី បានធ្វើបទបង្ហាញអំពីគម្រោងនៃការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (១៩៧៥ -១៩៧៩)។ គម្រោងសុខភាពនេះមានគោលបំណងដូចខាងក្រោម ៖

១) ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅតាមគោលដៅដែលបានកំណត់អាយុចាប់ពី៥០ឆ្នាំឡើង គឺជាអ្នកដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម (១៩៧៥-១៩៧៩)។

២) លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមសហគមន៏ដាច់ស្រយាលសម្រាប់ជាព័ត៌មានមូលដ្ឋានក្នុងការរៀបចំជំនួយអភិវឌ្ឈន៏នាពេលអនាគតដល់ប្រជាជនក្នុងសមហគមន៏។

បន្ទាប់ពីធ្វើបទបង្ហាញចប់ ឡុង ដានី បានជម្រាបលោកមេឃុំ មើក នូវ ពីពេលវេលានៃការចាប់ផ្តើមការងារគម្រោងពីខែមីនា ឆ្នាំ២០២២ នេះ និងខែបន្តបន្ទាប់ទៅ ក្រុមការងារនឹងចុះជួបដើម្បីស្តាប់រឿងរ៉ាវអ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពរបស់ពួកគាត់នៅតាមភូមិនីមួយៗក្នុងឃុំជាំ ស្រុកមេមត់។ បន្ទាប់មកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចទៅពិនិត្យសុខភាពនៅតាមមន្ទីរពិនិត្យ និងសម្រាកព្យាបាលជំងឺដែលជាដៃគូររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម នៅឃុំទន្លូង (បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជបណ្ឌិត តាំង ស៊ីមាន) នៅទីរួមស្រុកមេមត់ (មន្ទីរសម្រាកព្យាល និងសម្ភពមេឌីកា២៤ម៉ោង) និងនៅស្រុកត្បូងឃ្មុំ (មន្ទីរពេទ្យ KV) បានដោយឥតគិតថ្លៃ។

លោកមេឃុំ មើក នូវ បានមានប្រសាសន៍ថា លោកមានការរីករាយដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានចុះមកជួបសួរនាំប្រជាជនរបស់លោកដែលធ្លាប់បានឆ្លងកាត់ការលំបាកវេទនាក្នុងរបបខ្មែរក្រហម និងអាចឲ្យពួកគាត់ទៅពិនិត្យសុខភាពដោយមិនអស់ថវិកាថែមទៀត។ ជាចុងក្រោយលោក មើក នូវ បានទូរសព្ទផ្តល់ដំណឹងដល់មេភូមិទាំងអស់ក្នុងឃុំជាំឲ្យបានដឹងអំពីវត្តមានរបស់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មចុះទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិរបស់គាត់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

សាលាឃុំជាំ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (គាត ស្រីឡែន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក មើក នូវ មេឃុំជាំ។ (ឡុង ដានី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមមានឡុង ដានី សុខ វណ្ណៈ គាត ស្រីឡែន និង ឈុំ រ៉ា ជួបជាមួយលោក មើក នូវ មេឃុំជាំ។ (ឈុំ រ៉ា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
វត្តបឹងជ្រោង ស្ថិតនៅក្នុងភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (ឡុង ដានី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ផ្លូវលំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (ឡុង ដានី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក