វាសនារបស់ គឹម កំសត់ អ្នកស៊ើបការណ៍ឲ្យវៀតកុង និងនីរសាតំបន់២៤

នៅថ្ងៃទី៧ ខែ១ (ខែមករា) ឆ្នាំ១៩៧០ ខ្ញុំបានចូលបម្រើបដិវត្តន៍។ ដំបូងឡើយ ខ្ញុំធ្វើការនៅក្នុងកងស៊ើបការណ៍ឲ្យកងកម្លាំងវៀតណាម ជាមួយសមាជិក១២នាក់ផ្សេងទៀត។ រាល់ពេលដែលខ្ញុំចេញទៅស៊ើបការណ៍ម្តងៗ ខ្ញុំអត់មានកាន់អាវុធទេ ហើយដើរធម្មតាដូចគេដូចឯង ដើម្បីកុំឲ្យខាងលន់ នល់ ចាប់អារម្មណ៍ខ្ញុំ។ ដូច្នេះតួនាទីរបស់ខ្ញុំ គឺគ្រាន់តែទៅយកព័ត៌មានពីទីតាំងកងទ័ពខ្មាំងនៅកន្លែងណា? កន្លែងលាក់អាវុធធុនធំនៅកន្លែងណា? កន្លែងមេបញ្ជាការធំៗស្នាក់នៅកន្លែងណា? ហើយមូលដ្ឋានកាំភ្លើងធំរបស់ខ្មាំងនៅត្រង់ណាប៉ុណ្ណោះ។ មុខព្រួញស៊ើបការណ៍របស់ខ្ញុំ គឺចាប់ពី(ឃុំ)កំពង់សឹងទៅ(ស្រុក)ពាមជរ កាត់តាមតាគោក ល្វា និងអ្នកលឿង។ ក្រុមខ្ញុំមានសមាជិកទាំងអស់ប្រាំនាក់។ វិធីសាស្ត្រស៊ើបការណ៍របស់ខ្ញុំ គឺខ្ញុំធ្វើជាអ្នកលក់ដូរ។ ខ្ញុំពុន(រែក)មាន់ ពុនទា យកទៅលក់នៅក្នុងផ្សារ ដើម្បីបន្លំខ្លួនចូលទៅស៊ើបការណ៍ឲ្យកាន់តែជ្រៅក្នុងទឹកដីខ្មាំងកាន់កាប់។ រាល់ពេលចូលទៅស៊ើបការណ៍ម្តងៗ គឺខ្ញុំប្រថុយជីវិតណាស់។ ថ្ងៃមួយ ខ្ញុំបានជួបជាមួយមិត្តភក្រ្តធ្លាប់រៀនជាមួយគ្នានៅតាមផ្លូវ។ មិត្តខ្ញុំគេធ្វើជាទាហានខាង លន់ នល់។ យើងបានជជែកគ្នាពីរឿងការងារ។ យើងឯកភាពគ្នាថា លក្ខណ៍ការសម្ងាត់រៀងខ្លួន។ ជារៀងរាល់ពេលដែលខ្ញុំយកព័ត៌មានបានម្តងៗ ខ្ញុំត្រូវរាយការណ៍ពីព័ត៌មានទាំងនោះមកឲ្យ អាឡុង ដែលជាមេបញ្ជាការខាងកងកម្លាំងវៀតណាម (វៀតកុង)។ អាឡុង វាកំណត់ថ្ងៃ (ពេលវេលា) វាយថ្ងៃណាគឺស្រេចតែវា។

គឹម កំសត់ អាយុ៧៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្វាយជោរ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រហូតមកដល់ពាក់កណ្តាលឆ្នាំ១៩៧២ សង្គ្រាមរវាងទាហាន លន់ នល់ និងវៀតកុង បានកើតឡើង។ ខ្ញុំនិងសមាជិកក្រុម២នាក់ទៀត ត្រូវចេញទៅកាន់មុខព្រួញល្វា ហើយសមាជិកក្រុម២នាក់ផ្សេងទៀតគឺត្រូវចេញទៅមុខព្រួញខាងក្រាំងពុក ឆ្ពោះឡើងទៅ(កំពង់)ត្របែក។ ខ្ញុំចេញទៅដល់ត្រឹមតែពាក់កណ្តាលផ្លូវប៉ុណ្ណោះ ក៏ត្រូវផ្អាក និងរត់ពួននៅក្នុងត្រង់សេ (លេណដ្ឋាន) ព្រោះមានសង្គ្រាមកើតឡើង។ ខ្ញុំឃើញមានយន្តហោះទម្លាក់គ្រាប់បែក និងមានការដាក់ពង្រាយកងទ័ពខាង លន់ នល់ ជាច្រើននាក់។ នៅម៉ោងប្រហែលជា១០ព្រឹក អាវុធចាប់ផ្តើមផ្ទុះនៅសមរភូមិក្រសាំងចារ។ នៅម៉ោងប្រហែល១១កន្លះ គ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំត្រង់សេដែលខ្ញុំនឹងសមាជិកម្នាក់ទៀតកំពុងលាក់ខ្លួន។ ត្រង់សេ បានបាក់សង្កត់សមាជិកក្រុមខ្ញុំម្នាក់នោះស្លាប់ភ្លាមៗ។ បន្តិចក្រោយមក គ្រាប់ផ្លោងមួយគ្រាប់ទៀត បានធ្លាក់ចំកន្លែងដដែល។ លើកនេះ ខ្ញុំត្រូវរបួសនិងសន្លប់លែងដឹងខ្លួន។ នៅម៉ោងប្រហែល១២យប់ ទើបខ្ញុំដឹងខ្លួនឡើងវិញ។ គេយកខ្ញុំទៅដាក់នៅសេនាធិការតំបន់២៤។ ត្រចៀករបស់ខ្ញុំទាំងសងខាង ស្តាប់លែងឮអ្វីទាំងអស់។ ខ្ញុំបានសម្រាកព្យាបាលនៅក្នុងសេនាធិការតំបន់២៤រហូតដល់បានគ្រាន់បើ ទើបគេ(កម្មាភិបាល ថ្នាក់លើ) ប្រគល់ខ្ញុំមកឲ្យខាងមន្ទីរនីសារតំបន់២៤។ ខ្ញុំធ្វើការនៅក្នុងកងស៊ើបការណ៍ អស់រយៈពេលជាង២ឆ្នាំ។ ក្នុងរយៈពេលនេះ ខ្ញុំបានរាយការណ៍ពីតំបន់ខ្មាំងទៅឲ្យកងកម្លាំងវៀតណាម មិនតិចជាង៣០ដងទេ។

ខ្ញុំអាចស្តាប់ឮបានខ្លះៗ។ ចាប់តាំងពីពេលនោះមក ខ្ញុំលែងធ្វើការនៅក្នុងកងស៊ើបការណ៍ទៀតហើយ។ ខ្ញុំត្រូវនៅធ្វើការក្នុងមន្ទីរនីរសាតំបន់២៤វិញ។ នៅទីនោះ ខ្ញុំស្គាល់កម្មាភិបាលធំៗមួយចំនួនដូចជា តាជ័យ ជាប្រធានមន្ទីរតំបន់២៤។ តាឈូក ជាប្រធានតំបន់២៤។ តាឈឹម ជាប្រធានសេដ្ឋកិច្ចតំបន់២៤។ តាប៉ក់ ជាប្រធាននីរសារតំបន់២៤ និង ចាន់ ចក្រី ជាមេបញ្ជាការកងពលលេខ២ប្រចាំភូមិភាគបូព៌ា។ ភារកិច្ចរបស់ខ្ញុំនៅក្នុងមន្ទីរនីរសា គឺជាអ្នករត់សំបុត្រពីមន្ទីរតំបន់២៤ទៅឲ្យកម្មាភិបាលតាមឃុំមួយចំណុះឲ្យតំបន់២៤។ ខ្ញុំធ្លាប់យកលិខិតទៅឲ្យ ចាន់ ចក្រី ម្តងដែរ។

ទេសភាពរដូវប្រាំង ក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពាក់កណ្តាលឆ្នាំ១៩៧៥ ខ្ញុំត្រូវអង្គការស្នើឲ្យរៀបការប្រពន្ធ។ ចាប់តាំងពីរៀបការប្រពន្ធរួច ខ្ញុំត្រូវអង្គការផ្លាស់ប្តូរកន្លែងធ្វើការរហូត។ ដំបូង ខ្ញុំត្រូវបញ្ជូនទៅធ្វើការនៅកន្លែងឡឥដ្ឋ។ ក្រោយមក ប្អូនខ្ញុំម្នាក់ដែលជិតដិតជាមួយអង្គការថ្នាក់លើ បានបង្ហើបប្រាប់ខ្ញុំថា ខ្ញុំត្រូវមានឈ្មោះក្នុងបញ្ជីដែលត្រូវចាប់ខ្លួនយកទៅដាក់គុកទួលជ្រៃ។ ប្អូនខ្ញុំវាបានសរសេរសំបុត្រក្លែងក្លាយមួយឲ្យខ្ញុំ។ ខ្ញុំកាន់សំបុត្រនេះរត់ចេញពីការដ្ឋានឡឥដ្ឋ ឆ្ពោះទៅកាន់មន្ទីរតំបន់ ដើម្បីទៅរកប្រពន្ធខ្ញុំ។ នៅតាមផ្លូវ មានកម្មាភិបាលច្រើននាក់ណាស់សួរនាំខ្ញុំពីដំណើររបស់ខ្ញុំ។ គ្រប់ពេល ខ្ញុំបង្ហាញសំបុត្រក្លែងក្លាយនោះទៅពួកគេ។ ទីបំផុតខ្ញុំបានមកដល់មន្ទីរតំបន់។ ពេលនោះ ប្រពន្ធខ្ញុំកំពុងប្រជុំជាមួយ តាជ័យ ព្រោះគាត់ក៏ជានីរសារតំបន់ដែរ។ ប្រពន្ធខ្ញុំចុះមកជួបខ្ញុំ។ ខ្ញុំបានប្រាប់គាត់តាមដំណើរសាច់រឿងដែលសមមិត្ត សាញ់ រកចាប់ខ្លួនខ្ញុំមកកាន់ទួលជ្រៃ។ ដឹងរឿងហើយ ប្រពន្ធខ្ញុំបាននាំខ្ញុំទៅជួបជាមួយ តាជ័យ។ ខ្ញុំហុចលិខិតដែលខ្ញុំកាន់ជាប់នៅនឹងដៃទៅឲ្យប្រពន្ធខ្ញុំហុចបន្តទៅឲ្យ តាជ័យ។ តាជ័យ អានរួចក៏និយាយថា «បើវា (សាញ់) ហ៊ានមកចាប់គឺត្រូវចាប់វាដាក់គុកជំនួសតែម្តងទៅ»។ ក្រោយមក ខ្ញុំបានទៅស្នាក់នៅក្នុងការដ្ឋានល្វា អស់រយៈពេល៣ខែទៀត ទើបត្រូវផ្លាស់ប្តូរទៅនៅទឹកវិល ពាមជរ និងនៅព្រំប្រទល់ក្របី៥០០។

នៅឆ្នាំ១៩៧៧ ព្រឹត្តិការណ៍តាមចាប់ សោភឹម​ បានរំជើបរំជួលខ្លាំង។ កម្មាភិបាលធំៗមួយចំនួនត្រូវចាប់ខ្លួន និងសម្លាប់។ ខ្ញុំនិងប្រពន្ធបានគិតគ្នាថា នឹងចាកចេញពីកន្លែងធ្វើការទៅកាន់ស្រុកកំណើតម្តាយនៅឯស្វាយជោរ។ ប្រពន្ធខ្ញុំបានឡើង (ធ្វើដំណើរ) ទៅមន្ទីតំបន់២៤ ដើម្បីយកគំរូលិខិតអនុញ្ញាតមួយចំនួនទុកគ្រាន់ប្រើប្រាស់នៅតាមផ្លូវ។ គាត់(ប្រពន្ធ) ស៊ីញេ៉ហើយបោះត្រាលើលិខិតទាំងនោះរួចរាល់អស់ ទុកតែចន្លោះដែលត្រូវបំពេញតាមជាក់ស្តែង ប៉ុណ្ណោះ។ ព្រលឹមឡើងម៉ោងប្រហែល៤ព្រឹក យើងបានចាកចេញតាមទូកមួយគ្រឿងដែលលួចពីគេ ឆ្ពោះមកកាន់ស្រុកកំណើតម្តាយ។ កាលហ្នុង ទឹកកំពុងលិចភូមិអ្នកស្រុកនៅឡើយ។ ម៉ោងប្រហែល១០ថ្ងៃដដែល ពួកយើងបានមកដល់គោលដៅ។ ស្នាក់នៅផ្ទះម្តាយបានប្រហែលកន្លះខែ ពួកយើងទាំងអស់គ្នាត្រូវកម្មាភិបាលខ្មែរក្រហមខាងនីរតី បង្ខំឲ្យចាកចេញទៀត។  នៅតាមផ្លូវ ខ្ញុំបានប្តូរឈ្មោះរបស់ខ្ញុំពី គឹម កំសត់ មកជា ស្រីអេង វិញ ព្រោះចង់គេចឲ្យផុតពីការតាមរកចាប់ខ្លួនពីសំណាក់ខ្មែរក្រហមខាងនីរតី តាមរយៈការស្រាវជ្រាវ​ប្រវត្តិរូបពីមុនរបស់ខ្ញុំ។ ខ្ញុំប្រើឈ្មើ ស្រី អេង រហូតមកដល់បច្ចុប្បន្ននេះ។

រហូតមកដល់ឆ្នាំ១៩៧៩ ខ្ញុំបានវិលត្រឡប់មករស់នៅឯផ្ទះវិញ។ មេភូមិ បានស្នើឲ្យខ្ញុំធ្វើជាប្រធានក្រុមកងប្រវាស់ដៃនៅក្នុងភូមិ។ ក្រោយមក ខ្ញុំត្រូវបានស្នើឲ្យធ្វើជាប្រធានក្រុមបក្សប្រជាជនកម្ពុជារហូតដល់សព្វថ្ងៃ។ ចំពោះព្រិត្តិការណ៍ដែលខ្ញុំបានជួបកន្លងមកដល់ពេលនេះ ខ្ញុំគ្មានស្រណោះស្រណោកអ្វីបន្តិចទេ។ ទោះបីជាត្រចៀកទាំងសងខាងរបស់ខ្ញុំ នៅតែស្តាប់អ្វីមិនឮរហូតដល់បច្ចុប្បន្ន ដោយសារសង្គ្រាមនាពេលនោះក៏ដោយ ក៏ខ្ញុំមិនស្តីបន្ទោសអ្វីទាំងអស់។ ផ្ទុយទៅវិញ ខ្ញុំសប្បាយចិត្តចំពោះជីវិតរបស់ខ្ញុំនាពេលនេះ។ ខ្ញុំរស់នៅតែពីរនាក់ប្តីប្រពន្ធនៅឯស្រុកកំណើត។ កូនៗរបស់ខ្ញុំមានប្តីប្រពន្ធអស់ហើយ ហើយពួកគេរស់នៅឆ្ងាយៗពីខ្ញុំក្នុងជីវភាពដែលអាចរ៉ាប់រង់ខ្លួនឯងបានដោយមិនធ្វើឲ្យឪពុកម្តាយពិបាកចិត្តឡើយ។ បើមិនរវល់ពីកិច្ចការគណបក្សទេ ខ្ញុំនៅផ្ទះផឹកតែ ជួយប្រពន្ធដាំស្ល និងធ្វើស្រែបន្តិចបន្តួច។

អត្ថបទ ៖ ភួង សុខថា អ្នកស្ម័គ្រចិត្តកម្ពុជា មកពីខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖