យុវជន-យុវនារី១៥នាក់មកពីសហគមន៍ជនជាតិចាម នៅស្រុកត្បូងឃ្មុំ និង ស្រុកកំពង់សៀម ចូលរួមក្នុងវេទិកាពិភាក្សាអន្តរជំនាន់ ក្រោមប្រធានបទសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាពិភាក្សាអន្តរជំនាន់ ក្រោមប្រធានបទសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីយុវជនជនជាតិចាមមកពីស្រុកត្បូងឃ្មុំ និងស្រុកកំពង់សៀម។ វេទិកាពិភាក្សាអន្តរជំនាន់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមលើប្រវត្តិសាស្រ្តខ្មែរក្រហម ដោយមានការចែករំលែកអំពីបទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាការចាប់ផ្ដើមកម្មវិធី ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍ និងបានដឹកនាំយុវជនទស្សនាផ្ទាំងពិព័រណ៍នៅបរិវេណមជ្ឈមណ្ឌលខេត្តកំពង់ចាម រួមមាន ប្រវត្តិរូបមេដឹកនាំខ្មែរក្រហម ក្នុងនោះមាន ខៀវ សំផន ដែលតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកាកម្ពុជា ទើបនឹងប្រកាសដីកាពាក់ព័ន្ធនឹងអង្គហេតុសម្លាប់ជនជាតិចាម, ការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំឲ្យធ្វើការងារនៅតាមការដ្ឋាន និងផ្ទាំងសាច់រឿងរបស់អ្នករស់រានមានជីវិតក្នុងខេត្តកំពង់ចាម។ បន្ថែមពីលើពិព័រណ៍ យុវជនក៏ឆ្លៀតចូលអាន និងទស្សនាបន្ទប់ឯកសារខ្មែរក្រហមភូមិភាគបូព៌ាដែលផ្ទុកឯកសារជាច្រើនប្រភេទ និងរាប់សែនទំព័រ។ កម្មវិធីបន្ទាប់ គឺជាការចាក់បញ្ចាំងវីដេអូបទសម្ភាសន៍ក្នុង «គម្រោងសូត្រចាម» មានរយៈពេលប្រមាណ១០នាទី ដែលបង្ហាញពីជីវិតអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការស្ដារឡើងវិញនូវជីវភាពក្នុងគ្រួសារផ្សាភ្ជាប់ជាមួយនឹងចំណេះជំនាញ តម្បាញសូត្រ បែបប្រពៃណី វប្បធម៌របស់ជនជាតិចាម ទៅកាន់យុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹងបន្ថែម។

បន្ទាប់មកទៀត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចែករំលែករឿងរ៉ាវជីវិតទៅកាន់យុវជនដូចខាងក្រោម ៖

«ខ្ញុំឈ្មោះ សា សាតះ អាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មុនរបបខ្មែរក្រហម គ្រួសារខ្ញុំមានសមាជិក ១០នាក់។ ដល់របបខ្មែរក្រហមដួលរលំទៅគឺនៅសល់តែ៣នាក់ប៉ុណ្ណោះ។ ខ្ញុំមិនចាំឆ្នាំនោះទេ ដឹងតែដំបូងយោធាខ្មែរក្រហមបានយកឪពុករបស់ខ្ញុំចេញពីផ្ទះព្រោះឪពុកខ្ញុំជាប់ឈ្មោះជាអ្នកមានធនធានក្នុងភូមិ។ អ្នកនៅផ្ទះរបស់ខ្ញុំមិនដឹងថាយោធាយកឪពុកខ្ញុំទៅទីណាទេគ្រាន់តែដឹងថាយោធាទាំងនោះប្រាប់ម្តាយខ្ញុំឲ្យរៀបចំវេចបាយ រួចដាក់មុខផ្ទះសម្រាប់ឲ្យឪពុកខ្ញុំហូបរាល់ថ្ងៃគឺ ព្រឹកមួយកញ្ចក់ ល្ងាចមួយកញ្ចក់ ថែមទាំងមានយោធាដើរមកយកបាយទៅឲ្យឪពុករបស់ខ្ញុំរយៈពេលមួយខែទើបយោធាទាំងនោះឈប់មកយកបាយទៀត។ ដោយសារបាត់ដំណឹងប្ដីយូរពេក ម្តាយខ្ញុំក៏សួរយោធាទាំងនោះ ទើបទទួលដំណឹងថាអង្គការបញ្ជូនគាត់ឲ្យទៅធ្វើការនៅភូមិស្រែវាល ស្ថិតក្នុងស្រុកស្ទឹងត្រង់បាត់ហើយ។ ប្រសិនបើអ្នកណាចង់ទៅតាមគឺអាចទៅបាន អង្គការអនុញ្ញាតឲ្យទៅរស់នៅជុំគ្នា។ ម្តាយខ្ញុំក៏សម្រេចចិត្តនាំកូនចៅទៅរស់នៅតាមប្ដីនៅភូមិស្រែវាល។ យើងរស់នៅស្រែវាលបានមួយរយៈ ភាពអត់ឃ្លានក៏ចូលមក។ បន្ទាប់មកអង្គការបានចាត់តាំងគ្រួសារខ្ញុំឲ្យទៅធ្វើស្រែនៅតំបន់ស្ទឹងជីនិតដែលជាតំបន់គ្រុនចាញ់។ យើងរស់នៅស្ទឹងជីនិតមិនទាន់ទាំងបានប្រមូលផលស្រូវផង យើងចាប់ផ្ដើមឈឺគ្រុនចាញ់គ្រប់គ្នា។ ឪពុកខ្ញុំស្លាប់មុនគេ ក្រោយមកបងប្អូន និងក្មួយប្រុសខ្ញុំ។ ក្នុងរយៈពេល៣ខែប៉ុណ្ណោះគ្រួសារខ្ញុំស្លាប់ស្ទើរគ្មានសល់ សូម្បីតែការបញ្ចុះសពក៏មិនបានត្រឹមត្រូវតាមប្រពៃណីសាសនាដែរ។ ការស្លាប់ប្ដី និងកូនចៅ ធ្វើឲ្យម្តាយរបស់ខ្ញុំធ្លាក់ខ្លួនឈឺ។ ខ្ញុំទើបមានអាយុ១២ឆ្នាំ ត្រូវទៅរស់នៅក្នុងកងកុមារ។ ការងារខ្ញុំគឺត្រូវចាំដេញចាបដែលចុះមកស៊ីស្រូវ និងធ្វើការងារផ្សេងទៀតតាមតែអង្គការបញ្ជា។

រឿងរ៉ាវរបស់ សាតះ ធ្វើឲ្យយុវជនស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយលើកជាសំណួរ ដែលបង្កើតជាកិច្ចពិភាក្សាគ្នានៅក្នុងថ្នាក់។

បន្ទាប់មក យុវសិស្ស វ៉ាន់ រ៉ូស៊ីណា អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យខេត្តកំពង់ចាម ជំនាញផ្នែកពេទ្យធ្មេញ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំមិនបានដឹងពីមុនមកទេ នូវសុខទុក្ខរបស់អ៊ំពូមីងដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ មុននេះខ្ញុំស្ដាប់ហើយខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ ព្រោះស្មានមិនដល់ថាការរស់នៅក្នុងរបបខ្មែរក្រហមលំបាកខ្លាំង សូម្បីតែអាហារក៏មិនបានហូបគ្រប់គ្រាន់ដែរ។ នេះគឺជាលើកទីមួយសម្រាប់ខ្ញុំ ដែលបានចូលរួមស្ដាប់សាច់រឿងផ្ទាល់ពីជនរងគ្រោះក្នុងរបបខ្មែរក្រហម ព្រោះម្តាយឪពុករបស់ខ្ញុំកើតមិនទាន់របបខ្មែរក្រហមទេ។ ខ្ញុំធ្លាប់បានរៀនមេរៀនខ្មែរក្រហមនៅក្នុងសាលាតាមឯកសារតែមួយមុខ គឺខ្ញុំយល់មិនច្បាស់ដូចបានស្ដាប់សាក្សីរស់ផ្ទាល់ដូចពេលនេះទេ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ចំណុចដែលធ្វើខ្ញុំរន្ធត់ខ្លាំងជាងគេ គឺការសម្លាប់មនុស្សដោយគ្មានចិត្តអាណិតអាសូរ ការជម្លៀសមនុស្សពីកន្លែងមួយទៅកន្លែងមួយទៀត ការបង្អត់អាហារ ហើយបង្ខំគាត់ឲ្យធ្វើការធ្ងន់ៗទាំងគាត់នៅវ័យក្មេង។ បើប្រៀបធៀបជាមួយនឹងក្មេងសព្វថ្ងៃគឺធ្វើមិនបានទេ។ ខ្ញុំនឹងយកចំណេះដឹងទាំងនេះ ទៅចែករំលែកដល់សិស្សានុសិស្ស មិត្តភក្តិ និងប្អូនៗដែលស្នាក់នៅសមាគមន៍ជាមួយគ្នាឲ្យគាត់មានមោនកភាពជាមួយការរស់នៅសព្វថ្ងៃ ព្រោះចាស់ៗពីមុនរស់នៅលំបាកខ្លាំងណាស់។ ជាចុងក្រោយខ្ញុំពិតជាអរគុណដល់ថ្នាក់ដឹកនាំដែលចេះរិះរកវិធីជួយសង្រ្គាះប្រជាជនខ្មែរយើងឲ្យផុតពីរបបខ្មែរក្រហម និងរស់នៅបានសុខសន្តិភាព មកដល់សព្វថ្ងៃ»។

ចំណែកយុវសិស្ស អ៊ី ស្រីណា អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ នៃវិទ្យាសម្ដេចម៉ែ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា «វេទិកានេះបានផ្តល់ចំណេះដឹងច្រើនពីប្រវត្តិសាស្រ្តខ្មែរក្រហម ខ្ញុំបានអាននិងស្ដាប់បទបង្ហាញទាក់ទងផ្ទាំងពិព័រណ៍ថ្នាក់ដឹកនាំខ្មែរក្រហម បន្ទប់តម្កល់ឯកសារខ្មែរក្រហម ជាពិសេសបានស្ដាប់ការចែករំលែករឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្ទាល់។ ខ្ញុំមិនចង់ឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញទេ។ ពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងយកអ្វីដែលខ្ញុំបានដឹងនៅថ្ងៃនេះទៅប្រាប់ម្ដាយខ្ញុំមុនគេ ព្រោះម្តាយខ្ញុំក៏ជាអ្នកកើតក្រោយរបបខ្មែរក្រហមដែរ។ ជាចុងក្រោយខ្ញុំពិតជាអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានអនុញ្ញាតឲ្យខ្ញុំបានចូលរួមវេទិកាក្នុងថ្ងៃនេះ»។

ជាចុងក្រោយគឺយុវជន ម៉ាត់ ណាវី អាយុ២៦ឆ្នាំ មកពីភូមិទួលពន្លៃ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ណាវី រៀបរាប់ថា «ខ្ញុំធ្លាប់បានស្ដាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហមពីចាស់ៗនៅក្នុងភូមិកន្លងមកដែរ ជាពិសេសគឺម្តាយរបស់ខ្ញុំតែងតែនិយាយពីភាពលំបាករបស់គាត់ក្នុងរបបខ្មែរក្រហម ប៉ុន្តែខ្ញុំមិនសូវយកចិត្តទុកដាក់ទេ។ ថ្ងៃនេះខ្ញុំមានអារម្មណ៍រំភើបដែលបានចូលរួមជាមួយមិត្តភក្តិដទៃទៀត ព្រមទាំងបានស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំបានដឹងកាន់តែច្បាស់ពីអ្វីដែលបានកើតឡើងចំពោះម្តាយឪពុករបស់ខ្ញុំ។ ខ្ញុំមិនចង់ឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញទេ។ វេទិកានេះផ្តល់ឱកាសឲ្យខ្ញុំស្ដាប់រឿងរ៉ាវរបស់ចាស់ៗ ហើយខ្ញុំនឹងចែករំលែកសាច់រឿងរបស់គាត់ទៅមិត្តភក្តិដែលមិនបានមកចូលរួមនៅថ្ងៃនេះ។

អត្ថបទ ៖ មីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថតោ ៖ ស៊ាង​ ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា