សិស្សានុសិស្សមកពីវិទ្យាល័យ ព្រៃមេលង ក្នុងស្រុកកោះអណ្តែត ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍

សិស្សានុសិស្សភាគច្រើនជាយុវនារីមកពីវិទ្យាល័យ ព្រៃមេលង នៃស្រុកកោះអណ្តែតចំនួន២៨នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ នៅវេលាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ យុវជន យុវនារីទាំង២៨នាក់នេះ បានស្ម័គ្រចិត្ត និងឆ្លៀតពេលវេលាទំនេរពីការសិក្សានៅវិទ្យាល័យ មកចូលរួមរៀនសូត្របន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងស្វែងរកវិធីសាស្ត្រនានាក្នុងការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។

គោលបំណងនៃការធ្វើដំណើរពីទីឆ្ងាយមកកាន់ការិយា​ល័យ​មជ្ឈមណ្ឌលឯកសារខេត្តតាកែវ គឺដើម្បីបង្កើនចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រនៃការទប់ស្កាត់របបនេះ សម្រាប់ជាជំនួយក្នុងការត្រៀមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ​ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ មិនខុសពីកាលវិភាគបង្រៀនមុនៗឡើយ វេទិកាថ្នាក់រៀននេះបានផ្តោតសំខាន់លើខ្លឹមសារសំខាន់ៗចំនួនបួនគឺ ៖ ១) មាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយសង្ខេប ២) និយមន័យនៃអំពើប្រល័យពូជសាសន៍ ៣) ឧទាហរណ៍នៃកត្តាគ្រោះថ្នាក់ជាក់លាក់មួយចំនួនដែលនាំដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និង ៤) វិធីសាស្ត្រសំខាន់ៗមួយចំនួនក្នុងការទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត។ បន្ថែមពីលើខ្លឹមសារដែលមានរៀបរាប់ខាងលើ យុវជនយុវនារីទាំងអស់ ត្រូវបានផ្តល់ឱកាសក្នុងការសួរសំណួរដែលខ្លួនមានចម្ងល់ជាយូរយារណាស់មកហើយ។

យោងតាមកាលវិភាគខាងលើ គោលបំណងនៃការបង្កើតវេទិកាថ្នាក់រៀននេះគឺដើម្បីផ្តល់ដល់យុវជន យុវនារី នូវ ១) ការសិក្សាឈ្វេងយល់បន្ថែមពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ២) ការសិក្សាឈ្វេងយល់ពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ និងកត្តាគ្រោះថ្នាក់នានាដែលនាំឲ្យកើតមានអំពើនេះនាពេលអនាគត។ ៣) ការប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត និង ៤) ការផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិង្សា ទៅជាការកសាងសន្តិភាព ក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។ យុវជន យុវនារីទាំងអស់ ទទួលបានការសម្រាកសម្រាប់ទទួលទានអាហារសម្រន់ នៅចន្លោះម៉ោងសិក្សាពីបរិបទប្រវត្តិសាស្ត្រខ្មែរក្រហម និងពីការពន្យល់ពីនិយមន័យ កត្តាគ្រោះថ្នាក់ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដើម្បីផ្លាស់ប្តូរបរិយាកាសសិក្សា និងដើម្បីកាត់បន្ថយអារម្មណ៍តានតឹងក្នុងការស្តាប់ កត់ត្រា សម្លឹងមើល និងគិត។ បន្ទាប់ពីការសម្រាក១៥នាទី យុវជន យុវនារីទាំងអស់ បានវិលមកកាន់ទីកន្លែងវិញ ដើម្បីបន្តស្តាប់ការធ្វើបទបង្ហាញពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ កត្តាគ្រោះថ្នាក់ជាក់លាក់មួយចំនួនដែលអាចឈានដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នាពេលអនាគត និងវិធីសាស្ត្រដ៏មានសារសំខាន់មួយចំនួនក្នុងការចូលរួមទប់ស្កាត់ អំពើប្រល័យពូជសាសន៍នាពេលអនាគត។

យុវជន យុវនារីទាំងអស់តម្រូវឲ្យបំពេញតារាងស្ទាបស្ទង់មតិក្រោយវេទិកា ដើម្បីវាស់ស្ទង់ចំណេះដឹងមុន និងក្រោយទទួលបានការបង្រៀន។ ទម្រង់នៃតារាងស្ទាបស្ទង់មតិនេះ ជាទម្រង់នៃការជ្រើសរើសចម្លើយដែលមានស្រាប់ដែលមាន៧សំណួរ និងទម្រង់នៃការវាស់ស្ទង់ចំណេះដឹងតាមរយៈការឆ្លើយជាសំណេរទៅនឹងសំណួរបើកចំនួន៤ទៀត។ យុវជន យុវនារីបានចំណាយពេលវេលាច្រើនជាង១៥នាទី ក្នុងការបំពេញតារាងស្ទាបស្ទង់មតិនេះ ព្រោះ អ្នកទាំងនោះបានចំណាយពេលវេលាគិតពិចារណារកចម្លើយត្រឹមត្រូវ សម្រាប់សរសេរបញ្ចូលដើម្បីឆ្លើយទៅនឹងសំណួរបើកទាំង៤ចុងក្រោយបង្អស់។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនចុងសប្តាហ៍ សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

មឿន តុលា ភេទស្រី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រៃមេលង រៀបរាប់ថា អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមពិតជាសំណាងណាស់ដែលបានរួចរស់មកដល់បច្ចុប្បន្ន។ ខ្ញុំមានចិត្តអាណិតអ្នកដែលបានស្លាប់ដោយភាពអយុត្តិធម៌ផ្សេងៗនៅក្នុងរបបនោះ ព្រោះគា​ត់​បានឆ្លងកាត់ការលំបាក និងទុក្ខវេទនា។ យាយតារបស់ខ្ញុំក៏ធ្លាប់និយាយរឿងរ៉ាវដែលទាក់​ទងពីរបបខ្មែរក្រហមប្រាប់ខ្ញុំដែរ។ ខ្ញុំជឿគាត់ ហើយថែមទាំងអាណិតគាត់។ ក្នុងនាមជាយុវនារីជំនាន់ក្រោយ ខ្ញុំនឹងខិតខំរៀនសូត្រឲ្យក្លាយជាធនធានមនុស្សក្នុងសង្គម ហើយលុបបំបាត់នូវការរើសអើង និងបំបាត់អំពើហិង្សាក្នុងសង្គម។ ខ្ញុំចង់ឲ្យវេទិកាថ្នាក់នេះនៅតែបន្តធ្វើ ដើម្បីឲ្យយុវជនយុវនារីផ្សេងទៀតបានចូលរួមទាំងអស់គ្នា ព្រោះថាវេទិកានេះមានសារសំខាន់ណាស់ចំពោះយុវជន យុវនារី ជាពិសេសអ្នកដែលរៀនថ្នាក់ទី១២ ដែលត្រៀមប្រឡងនៅថ្ងៃខាងមុខនេះ។ ខ្ញុំទទួលបានចំណេះច្រើន បន្ទាប់ពីចូលរួមវេទិកានេះ។

ទិត ឡឹកបូផៃ ភេទប្រុស សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រៃមេលង និយាយថា បន្ទាប់ពីចូលរួមវេទិកាថ្នាក់នេះ ខ្ញុំទទួលបានចំណេះដឹងច្រើនពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ខ្ញុំនឹងប្តេជ្ញាចិត្តធ្វើជាគំរូល្អនៅក្នុងសង្គម។ ខ្ញុំយល់ថា ការសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហម គឺពិតជាមានសារសំខាន់ណាស់ ព្រោះអាចឲ្យយើងដឹងរឿងរ៉ាវដ៏ជូរចត់ពីអតីតកាល។ យើងត្រូវនាំគ្នាទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកើតឡើងម្តងទៀត។ ខ្ញុំយល់ថាវេទិកានេះល្អណាស់។ ខ្ញុំចង់ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជានៅតែបន្តធ្វើបែបនេះជារៀងរហូត ដើម្បីឲ្យយុវជន យុវនារីដទៃទៀតបានមកសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម។

ឡុក លីណា ភេទស្រី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រៃមេលង ឲ្យដឹងថា អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាបុគ្គលអស្ចារ្យណាស់។ គាត់ពិតជាបុគ្គលសំខាន់ សម្រាប់ឲ្យយើងធ្វើការងារសិក្សាស្រាវជ្រាវទាក់ទងនឹងរឿងរ៉ាវដែលគាត់ធ្លាប់ឆ្លងកាត់របបខ្មែរក្រហមពិត។ ខ្ញុំនឹងផ្សព្វផ្សាយ អប់រំដល់មិត្តភក្តិរបស់ខ្ញុំកុំឲ្យប្រើប្រាស់អំពើហិង្សាក្នុងសង្គម និងលុបបំបាត់ការរើសអើងគ្នា។ ខ្ញុំទទួលបានចំណេះដឹងច្រើនពីវេទិកាថ្នាក់នេះ។

អត្ថបទ ៖ ស៊ាង កញ្ញា និង ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា