នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងវេទិកានេះមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅចំនួន៥៣នាក់ ក្នុងចំណោមនោះមានស្រី៣២នាក់។
ជាកិច្ចចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មមានប្រសាសន៍ថា កាលពី៤៨ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ ខណៈពេលខ្មែរក្រហមមកដល់ទីក្រុងភ្នំពេញរយៈពេលតែ២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបញ្ជាឲ្យកងទ័ពជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ ទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែនៃតំបន់ជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា។ នៅពេលនោះខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញមករស់នៅភូមិទួលគ្រួស និងភូមិដទៃទៀតនៃឃុំជាំតាម៉ៅ។ កងទ័ពខ្មែរក្រហមយកលេស ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញហើយ ដូច្នេះប្រជាជនមិនចាំបាច់យកទ្រព្យសម្បត្តិច្រើនទៅតាមខ្លួនឬចាក់សោផ្ទះទេ។ ប៉ុន្តែការពិតខ្មែរក្រហមមិនបានអនុញ្ញាតឲ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនជម្លៀសច្រើនលើសលុបបានស្លាប់ដោយសារការសម្លាប់ ការធ្វើការងារហួសកម្លាំង និងការអត់អាហារ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារកឃើញថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញយ៉ាងហោចណាស់ចំនួនប្រហែល២លាននាក់រួមមាន បុរស ស្រ្តី មនុស្សចាស់ ក្មេង ព្រះសង្ឃ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំងឺ អ្នករបួស ស្រ្តីទើបសម្រាលកូន។ ប្រជាជនទាំងនោះមិនត្រូវបានខ្មែរក្រហមផ្តល់កន្លែងស្នាក់នៅ និងស្បៀងអាហារហូបចុកគ្រប់គ្រាន់ដែលជាហេតុនាំឲ្យមានការលំបាកវេទនា និងស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមការប៉ាន់ប្រមាណមានប្រជាជនចន្លោះ២ពាន់ទៅ២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញ និងការធ្វើដំណើរតាមផ្លូវទៅកាន់ទីជនបទនានា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរួមមាន នួន ជា និង ខៀវ សំផន ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារកឃើញថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជា បទមនុស្សឃាត បទធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ រួមទាំងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ អ្នករស់រានមានជីវិតដែលជាជនជាតិដើមភាគតិចស្ទៀង បានចែករំលែកបទពិសោធន៍ដូចខាងក្រោម៖
ខ្ញុំឈ្មោះ កុប ប៉ើ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្តាយឈ្មោះ ពឹម ឪពុកឈ្មោះ កុប។ នៅក្នុងឆ្នាំ១៩៧៥ នៅក្នុងភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់មានប្រជាជនថ្មី ឬ ប្រជាជន១៧មេសា មួយចំនួនត្រូវបានខ្មែរក្រហមជម្លៀសពីទីក្រុងភ្នំពេញចូលមករស់នៅភូមិទួលគ្រួសនេះ។ អ្នកភ្នំពេញរស់នៅក្នុងភូមិទួលគ្រួសមិនបានមួយ១ឆ្នាំផង ស្រាប់តែត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិនេះលែងឃើញត្រឡប់មកវិញ។ កាលពីដំបូងអ្នកមកពីទីក្រុងភ្នំពេញអត់ចេះរស់នៅទេ គឺចាញ់ទឹកដី អត់ចេះធ្វើការងារស្រែចម្ការ ដូចជាប្រជាជនមូលដ្ឋានទេ។ ប្រជាជនមកនៅទីនេះបានតែ៦-៧ថ្ងៃ ក៏ចាប់ផ្តើមមានជំងឺ និងស្លាប់ម្នាក់ទៅពីរនាក់ ជារៀងរាល់ថ្ងៃដោយសារជំងឺគ្រុនចាញ់អត់មានថ្នាំព្យាបាល។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនទាំងអស់ចេញពីភូមិទៅធ្វើស្រែនៅខាងកូនក្រពើ ព្រោះខ្មែរក្រហមមិនមានស្បៀងគ្រប់គ្រាន់សម្រាប់ឲ្យប្រជាជនហូប។ ចំណែក ខ្ញុំ និងក្រុមគ្រួសារត្រូវជម្លៀសចេញពីភូមិទួលគ្រួសទៅនៅភូមិស្រែតាពេជ្រ។ បន្ទាប់ពី ស្នាក់នៅបានរយៈពេល២ថ្ងៃ ត្រូវខ្មែរក្រហមបញ្ជូនទៅនៅភូមិកូនក្រពើ។ ខ្ញុំធ្វើស្រែ ដកសំណាប ស្ទូងស្រូវនៅភូមិកូនក្រពើរយៈពេលមួយខែ ខ្មែរក្រហមបានបន្តជម្លៀសខ្ញុំ និងក្រុមគ្រួសារទៅស្រុកស្នួលខេត្តក្រចេះ។ ខ្ញុំត្រូវធ្វើដំណើរថ្មើរជើងរហូតមិនមានឡាន ម៉ូតូជិះទេ គឺដើរដោយអត់មានស្បែកជើងពាក់។ ខ្ញុំដើររហូតទៅមុខលែងរួច ព្រោះបាតជើងរបស់ខ្ញុំឡើងពងបែក ដំបៅ និងឈឺផ្សាពេញ។ កម្មាភិបាលខ្មែរក្រហមម្នាក់បាននិយាយមកកាត់ខ្ញុំថា គេគ្រប់គ្នាគ្មានបញ្ហាអ្វីផង មានតែសមមិត្តនារីម្នាក់ឯង ដែលធ្វើឲ្យពិបាកដល់គេគ្រប់គ្នា បើដឹងអីចឹងខ្ញុំមិនយកមិត្តនារីឯងទៅកន្លែងដែលមានហូបចុកគ្រាប់គ្រាន់ជាមួយទេ ទុកឲ្យស្លាប់តាមផ្លូវហើយ។
ខ្ញុំរស់នៅស្រុកស្នួលជិតបានរយៈពេលប្រហែល១ឆ្នាំក៏បានចេញពីទីនោះទៀត។ នៅឆ្នាំ១៩៧៨ខ្មែរក្រហមបានជម្លៀសខ្ញុំទៅខាងខេត្តក្រចេះ ខ្ញុំត្រូវបានប្រធានពស្តុភារចាត់តាំងខ្ញុំទៅរកបន្លែ គឺនៅខែវស្សាគ្មានអ្វីក្រៅពីជីកទំពាំង។ ពេលនោះខ្ញុំជីកទំពាំងបានច្រើនណាស់រួចយកទៅដាក់ត្រាំធ្វើទំពាំងជូរសម្រាប់ទុកហូបខែប្រាំង។ ចុងឆ្នាំ១៩៧៨ ខ្ញុំពិបាកខ្លាំងពេក អត់មានបងប្អូន ក្រុមគ្រួសារ នៅជាមួយ ខ្ញុំសម្រេចចិត្តរត់ត្រឡប់មកស្រុកស្នួលដើម្បីរក បងប្អូន ម៉ែឪវិញ។ ខ្ញុំបានរត់មកចំខ្សែត្រៀមរបស់កងទ័ពខ្មែរក្រហម។ កងទ័ពឃើញខ្ញុំក៏ស្រែកសម្លុតថា មិត្តនារីឯងចង់ទៅណា? ប្រយ័ត្នបាញ់សម្លាប់ចោលឥឡូវ ត្រូវត្រឡប់ទៅខេត្តក្រចេះវិញជាប្រញប់។ ខ្ញុំគិតថាលែងរស់ទៀតហើយ តែសំណាងទឹកដោះម្តាយថ្លៃទើបមានជីវិត។ បន្ទាប់មក ខ្ញុំត្រូវខ្មែរក្រហមជម្លៀសទៅនៅស្រុកតាំងគោក ខេត្តកំពង់ធំ នៅក្នុងមួយថ្ងៃបានហូបតែពីរពេលប៉ុណ្ណោះ ពេលថ្ងៃខ្មែរក្រហមឲ្យហូបបបរបីវែករួចចេញទៅធ្វើការងារ ទាំងដែលមិនទាន់បានហូបឆ្អែត។ នៅស្រុកស្រុកតាំងគោក ខេត្តកំពង់ធំ មានមនុស្សស្លាប់ច្រើនណាស់ ខ្ញុំដើរតាមផ្លូវជួបតែសាកសពភាគច្រើនអត់មានអាហារហូប។ នៅដើមឆ្នាំ១៩៧៩ ពេលដែលកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមរំដោះបានទីក្រុងភ្នំពេញ ខ្ញុំធ្វើដំណើរថ្មើរជើងកាត់តាមស្គន់ត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវខ្ញុំបានជួបឪពុកបង្កើតនិងឪពុកក្មេកដែលកំពុងតែឈឺទាំងពីរនាក់ ព្រោះគាត់គ្មានកម្លាំង។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចក៏នាំគ្នាដើររហូត យប់កន្លែងណាដេកកន្លែងនោះ។ ដល់ឃុំក្រែក ស្រុកពញ្ញាក្រែកឪពុកក្មេករបស់ខ្ញុំបានស្លាប់តាមផ្លូវ។ បន្ទាប់ពីបញ្ចុះសពឪពុកក្មេករួចខ្ញុំបានធ្វើដំណើរមកកាន់ស្រុកកំណើតតែម្តង។
ខ្ញុំឈ្មោះ សុខ ឆូវ ភេទប្រុស មានអាយុ៥៩ឆ្នាំ។ ខ្ញុំមានឪពុកឈ្មោះសុខ និងម្ដាយ ឈ្មោះ សុភី ។ សព្វថ្ងៃខ្ញុំមានប្រពន្ធ និងកូនចំនួន៩នាក់រស់នៅក្នុងភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កាលពីសម័យ លន់ នល់ មានការទម្លាក់គ្រាប់បែកធំៗដើម្បីសម្លាប់កងទ័ពវៀតណាមខាងជើង តែវៀតកុងវាឆ្លាត គឺវានៅមិនឆ្ងាយពីប្រជាជនយើងទេ។ វាបន្លំខ្លួនរស់នៅជាមួយប្រជាជនយើង ធ្វើឲ្យប្រជាជនយើងស្លាប់ច្រើនដោយសារការទម្លាក់គ្រាប់បែក។ ពេលដែលខ្មែរក្រហមចូលដំបូង ខ្មែរក្រហមរៀបចំជាក្រុមប្រវាស់ដៃធ្វើស្រែចម្ការដាក់ជង្រុកស្រូវតាមផ្ទះ ហូបបាយរៀងខ្លួន។ បន្ទាប់ពីក្រុមប្រវាស់ដៃបានរយៈពេល១ឆ្នាំ ខ្មែរក្រហមចាប់ផ្ដើមប្រមូលចានឆ្នាំងដាក់រួម ធ្វើការងាររួម ហូបរួម ជង្រុកស្រូវរួម។ នៅក្នុងរបបខ្មែរក្រហម មិនថាចាស់ ឬក្មេងទេ គឺមានការងាររៀងៗខ្លួន។ កូនក្មេងខ្លះបានរៀន និងខ្លះទៀតមិនបានរៀន។ ប្រជាជនមិនថាមានឬក្ររស់នៅដោយភាពអត់ឃ្លាន ព្រោះនៅក្នុងរបបខ្មែរក្រហមលុយកាក់ត្រូវខ្មែរក្រហមបិទមិនឲ្យមានការទិញដូរអ្វីទាំងអស់ ។ បន្ទាប់មក ខ្មែរក្រហមជម្លៀសខ្ញុំទៅខេត្តក្រចេះ នៅឃុំស្វាយជ្រះ ស្រុកស្នួល។ ខ្មែរក្រហមបន្តជម្លៀសខ្ញុំទៅស្រុកស្ទឹងត្រង់ និងបន្តទៅស្រុកចំការលើទៀត។ ចំពោះអ្នករៀនសូត្រចេះដឹងត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ដោយចោទថាជាជនក្បត់អង្គការ។ ការនិយាយស្ដីជាមួយឪពុកម្ដាយ ចាស់ទុំគឺ ខ្មែរក្រហមប្រើពាក្យសមមិត្តនៅខាងមុខ ដូចជាកូននិយាយជាមួយម្ដាយ ត្រូវនិយាយថាសមមិត្តម៉ែ។ ខ្ញុំពិតជាអរគុណដល់ខាងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យខ្ញុំបានចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់បានឆ្លងកាត់ពីសម័យជូរចត់នោះដល់កូនចៅជំនាន់ក្រោយ ថាវាពិតជាលំបាកណាស់។ ដើម្បីទប់ស្កាត់របបនេះ ក្មេងៗ យុវជនជំនាន់ក្រោយត្រូវតែខិតខំ សិក្សារៀនសូត្រ និងប្រវត្តិសាស្រ្តបន្ថែមទៀត ។ ចំពោះខ្ញុំផ្ទាល់កម្មវិធីមួយនេះ ពិតជាល្អ សម្រាប់ក្មេងៗ ជំនាន់ក្រោយ ។
បន្ទាប់ពីវាគ្មិនខាងលើរៀបរាប់រួច ក៏មានការបែងចែកក្រុមពិភាក្សាដូចខាងក្រោម៖
កិច្ចពិភាក្សា ក្រុមទី១: លោកយាយពឿង បានរៀបរាប់ថា នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសជនជាតិដើមភាគតិចស្ទៀងនៅភូមិទួលគ្រួសទៅស្រុកស្នួលខេត្តក្រចេះ។ បន្ទាប់មក បន្តជម្លៀសទៅថ្មគ្រែ និងទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងខេត្តកំពង់ធំទៀត។ ការហូបចុកគឺខ្មែរក្រហមចែករបបឲ្យក្នុងមួយថ្ងៃ៣វែក បានន័យថាក្នុងមួយថ្ងៃ គឺសម្រាប់ថ្ងៃ និងល្ងាច។ ប្រជាជននៅក្នុងសម័យខ្មែរក្រហមហូបចុក មិនគ្រប់គ្រាប់ទេ។ ចំពោះសម្លៀកបំពាក់វិញ គឺប្រជាជនម្នាក់មានខោអាវតែមួយសម្រាប់ប៉ុណ្ណោះ។ ពេលឈឺមិនមានថ្នាំព្យាបាលទេ គឺមានតែថ្នាំអាចម៍ទន្សាយ។ ពេលខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិម្តងៗ ត្រូវធ្វើដំណើរដោយថ្មើរជើង កាត់ស្ទឹង កាត់ព្រែក ពេលខ្លះជួបសត្វសាហាវក៏មាន។
ក្រុមទី២: និយាយពីការធ្វើការងារ ចំពោះប្រជាជននៅក្នុងភូមិទួលគ្រួសត្រូវតែមានការងារធ្វើរៀងៗខ្លួន មិនមាននរណាម្នាក់ដែលគ្មានការងារធ្វើទេសូម្បីតែកូនក្មេង។ មនុស្សដែលមានវ័យចាប់ពី១៤ឆ្នាំ ឡើងត្រូវធ្វើកងចល័ត ចាស់ៗធ្វើស្រែចម្ការ។ ការហូបចុកមិនគ្រប់គ្រាន់ ដោយខ្មែរក្រហមចែករបបឲ្យហូបនៅក្នុងមួយថ្ងៃចំនួន៣វែក។ អ្នកខ្លះឃ្លានពេក យកកន្ទក់មកហូបជំនួសបាយបណ្តាលឲ្យមានជំងឺ និងស្លាប់ព្រោះគ្មានពេទ្យព្យាបាល។
ក្រុមទី៣: លោកយាយស្រអែម បាននិយាយរៀបរាប់ថា នៅក្នុងភូមិទួលគ្រួសយើងនេះ ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនដំបូងទៅខាងភូមិកូនក្រពើ។ ខ្ញុំរស់នៅទីនោះមិនបានប៉ុន្មានខ្មែរក្រហមបានបន្តជម្លៀសខ្ញុំទៅនៅស្រុកស្នួល និងភ្នំព្រិចខេត្តក្រចេះទៀត។ ខ្ញុំបានទៅនៅភូមិអណ្ដូងទីពីររយៈពេលប្រហែលកន្លះខែ ខ្មែរក្រហមបានជម្លៀសទៅនៅស្រែរនាម ដោយឆ្លងកាត់ទឹកទាំងដែលខ្ញុំមិនចេះហែលទឹកសោះ បានអ្នកភូមិជួយបោះគល់ឈើប្រហែលជាកន្លះម៉ែត្រឲ្យខ្ញុំតោងបណ្ដែតខ្លួនកុំអីខ្ញុំស្លាប់ដោយសារលង់ទឹកព្រែកនោះបាត់ហើយ។
ក្រុមទី៤: នៅក្នុងភូមិទួលគ្រួសនេះ ខ្ញុំឃើញខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញឲ្យមករស់នៅទីនេះច្រើន ហើយក៏មានអ្នកស្លាប់ច្រើនដែរ ពីព្រោះប្រជាជននៅទីក្រុងមិនធ្លាប់ធ្វើស្រែចម្ការលំបាកវេទនាដូចអ្នកមូលដ្ឋាន គឺមិនអាចទ្រាំហត់ ទ្រាំក្ដៅដូចប្រជាជនមូលដ្ឋានឡើយ។ ការហូបចុកវិញក៏មិនគ្រប់គ្រាន់ ហើយត្រូវប្រើកម្លាំង ធ្វើពលកម្មច្រើនហួសបង្កឲ្យមានជំងឺឈឺ និងស្លាប់ច្រើន។
លោក ប៉ច សាំង ជាមេភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ខ្ញុំពិតជាត្រេកអរដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះមកសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម្រាប់កម្មវិធីអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រនេះ ខ្ញុំយល់ឃើញថាល្អខ្លាំងណាស់ ព្រោះអីក្មេងៗជំនាន់ក្រោយមិនជឿថាមានអ្នកសម្លាប់ប្រជាជនគ្នាឯងនោះទេ។ ម្យ៉ាងទៀត កម្មវិធីនេះធ្វើឲ្យប្រជាជននៅក្នុងភូមិពិភាក្សាគ្នាដើម្បីបង្កើតភាពស្និតស្នាល ហើយបង្កើនចំណេះដឹងទៅដល់ក្មេងៗជំនាន់ក្រោយ។ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានបង្កើតកម្មវិធីនេះឡើង។
យុវជន ឈាន ចាន់ដី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុមមេមត់ ខេត្តត្បូងឃ្មុំ បានយល់ឃើញថា កម្មវិធីវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមនេះ ពិតជាល្អដែលមានវាគ្មិននិយាយពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់ក្មេងៗជំនាន់ក្រោយ។ ជាពិសេសមានលោកតាលោកយាយ នៅក្នុងភូមិចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់មកកាន់យុវជនជំនាន់ក្រោយដូចខ្ញុំ ព្រោះខ្ញុំមិនធ្លាប់បានស្តាប់សាច់រឿងអ្នកធ្លាប់ឆ្លងកាត់សម័យសង្គ្រាមនិងសម័យខ្មែរក្រហមនោះទេពីមុនមក។ ខ្ញុំធ្លាប់តែសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅតាមសាលារៀនដែលក្រសួងបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅក្នុងសាលាតែប៉ុណ្ណោះ។ ចំណែកថ្ងៃនេះ ខ្ញុំបានចូលរួមកម្មវិធីអប់រំសហគមន៍ប្រវត្តិសាស្ត្រនេះ ធ្វើឲ្យខ្ញុំមានចំណេះដឹងមួយកម្រិតបន្ថែមទៀតក្រៅពីសិក្សាក្នុងសាលា។ ខ្ញុំយល់ឃើញថាសម្រាប់កម្មវិធីវេទិកាអប់រំសហគមន៍នេះ គឺជាកម្មវិធីដែលរៀបចំបានល្អ មានមនុស្សចាស់ និងយុវជនជាច្រើន ដើម្បីពិភាក្សាគ្នា ចែករំលែកពីបទពិសោធន៍ធ្លាប់បានឆ្លងកាត់ដល់គ្នាទៅវិញទៅមក។ ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើតកម្មវិធីនេះឡើង ដែលធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍និងចំណេះដឹងពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហម។
អត្ថបទ ៖ ឡុង ដានី, ឈុំ រ៉ា និង ឡុង អូន ក្រុមការងារមជ្ឈមណ្ឌលឯកសារ កោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា