សិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ សិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាលើកទី២ក្នុងខែមិថុនា ដែលផ្ដោតទៅលើប្រធានបទ «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម ដោយមានការចូលរួមពីសិស្សចំនួន៥០នាក់មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ។ វេទិកាថ្នាក់រៀននេះបង្កើតឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការយល់ដឹងអំពីបទពិសោធន៍របស់ប្រជាជនធ្វើការនៅទំនប់ក្នុងរបបខ្មែរក្រហម។

បន្ទាប់ពីមកដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សិស្សានុសិស្សត្រូវបាននាំទៅទស្សនាពិព័រណ៍ដែលដាក់តាំងបង្ហាញនៅខាងមុខបរិវេណមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្ដល់ការពន្យល់អំពីផ្ទាំងពិព័រណ៍ទាំងនេះ រួមមាន ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន និងការធ្វើការងារនៅការដ្ឋាន និងទំនប់។ លោក ស៊ាង ចិន្ដា បន្តដឹកនាំសិស្សទាំងអស់ទៅក្នុងសាលពិព័រណ៍ដែលមានរូបព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ “ក្តីសុបិនកម្ពុជា” ដែលត្រូវបានដាក់តាំងបង្ហាញដោយ «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាចុងក្រោយ សិស្ស ត្រូវបាននាំទៅកាន់បណ្ណាល័យខ្មែរក្រហមដែលមានតម្កល់សៀវភៅទាក់ទងប្រវត្តិ សាស្រ្តខ្មែរក្រហមជាច្រើន និងបន្ទប់តម្កល់ឯកសារខ្មែរក្រហម។

ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា ចាប់ផ្ដើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតសំខាន់ទៅលើការធ្វើការងារជាទម្ងន់នៅការរដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម។ បន្ថែមលើនេះ លោក ស៊ាង ចិន្ដា បានចាក់បញ្ចាំងវីដេអូរអំពីការធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់។ មុននឹងបញ្ចប់បទបង្ហាញ លោក ស៊ាង ចិន្ដា លើកឡើងអំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងប្រល័យពូជសាសន៍។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញ សិស្សបានចោទសំណួរទៅកាន់វាគ្មិនដើម្បីបកស្រាយចម្ងល់របស់ខ្លួន។ នៅចុងបញ្ចប់ លោក ស៊ាង ចិន្ដា បានចែកសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាខ្មែរ បោះពុម្ពលើកទី២ និងទស្សនាវដ្ដីស្វែងរកការពិតឲ្យសិស្សទុកអាន និងសិក្សាបន្ថែមពីប្រវត្តិសាស្ត្រនេះ។

វេទិកាថ្នាក់រៀនចុងសប្តាហ៍នេះក៏រួមបញ្ចូលកម្មវិធីចុះទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ និងទីតាំងទំនប់៥កុម្ភៈ ដែលត្រូវបានសាងសង់ក្នុងរបបខ្មែរក្រហម។ សិស្សបានធ្វើដំណើរទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ ដែលស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅពេលទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ សិស្សទាំងអស់បានជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចែករំលែកទៅកាន់សិស្សដែលចូលរួមទាំងអស់អំពីបទពិសោធន៍ជីវិតរបស់ខ្លួន និងការសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម។ ក្នុងការកាប់សម្លាប់របស់ខ្មែរក្រហម លោក តុង សុភា បានបាត់បង់ឪពុករបស់ខ្លួន និងតែងតែនឹករឭក ឪពុកដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។ ជំនួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតិយរំឭកនេះ បង្កើតឱកាសដល់សិស្សឲ្យស្វែងយល់ដោយផ្ទាល់ពីបទពិសោធន៍ និងការចងចាំរបស់អ្នករស់រានមានជីវិតក្នុងមូលដ្ឋាន និងអាចសួរសំណួរដែលខ្លួនចង់ដឹងទាក់ទងនឹងរឿងរ៉ាវកើតឡើងក្នុងរបបខ្មែរក្រហម។ បន្ទាប់មក សិស្សបានធ្វើដំណើរ ទៅកាន់ទីតាំងទំនប់៥កុម្ភៈ ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ទំនប់៥កម្ភៈ ត្រូវបានបង្កើត និងសាងសង់ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដើម្បីស្ដុកទឹកទុកប្រើប្រាស់និងបញ្ចូលស្រែនៅរដូវប្រាំង។ ប្រជាជនត្រូវបានចល័តមកលើកទំនប់ និងទទួលរងការធ្វើការងារហួសកម្លាំង គ្មានអាហារហូបគ្រប់គ្រាន់ និងធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល។

ឃី សុខឡែន គឺជាសិស្សរៀនថ្នាក់ទី១០C  នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ បង្ហាញទស្សនយល់ឃើញថា «ខ្ញុំទទួលបានចំណេះដឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ តាមរយៈវេទិកាថ្នាក់រៀន និងការទស្សនាផ្ទាំងរូបភាពប្រវត្តិសាស្រ្ត ការធ្វើបទបង្ហាញ មើលវីឌីអូរឯកសារ។ ខ្ញុំពិតជាមានការអាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានឆ្លងកាត់សង្រ្គាម ការលំបាកវេទនា ការធ្វើទារុណកម្ម គ្មានអាហារហូបចុកគ្រប់គ្រាន់។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្ដងទៀត»។

ឆាយ ម៉េងឆែ គឺជាសិស្សរៀនថ្នាក់ទី១០C  នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ យល់ឃើញថា «ខ្ញុំបានទទួលចំណេះដឹងជាច្រើនពីប្រវត្តិសាស្រ្តខ្មែរក្រហម និងបានចុះទៅទីតាំងប្រវត្តិសាស្រ្ត ហើយបានមើលវីឌីអូរឯកសារដែលឃើញការរស់នៅលំបាកវេទនា ការហូបចុកមិនគ្រប់គ្រាន់ ធ្វើការងារហួសកម្លាំងនៅក្នុងរបបខ្មែរក្រហម ការសម្លាប់ទៅលើប្រជាជនជាច្រើនលាននាក់»។

ប្រុល ថារី គឺជាសិស្សរៀនថ្នាក់ទី១០C  នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ យល់ឃើញថា «ខ្ញុំបានទទួលចំណេះដឹងជាច្រើនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ ដល់១៩៧៩) ដូចជា ការជម្លៀសប្រជាជន ការកាប់សម្លាប់ប្រជាជន ការធ្វើទារុណកម្ម ការបង្ខំឲ្យធ្វើការហួសកម្លាំង និងការហូបចុកមិនគ្រប់គ្រាន់។ ខ្ញុំអាណិតអាសូរចំពោះប្រជាជនដែលបានបាត់បង់ជីវិតនៅសម័យនោះ ហើយខ្ញុំក៏ត្រេកអរចំពោះអ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានរួចផុតពីការកាប់សម្លាប់»។

អត្ថបទ ៖ សាង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖