សិស្សវិទ្យាល័យព្រែកដំបូក ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមរបស់សិស្សានុសិស្សថ្នាក់ទី១១ចំនួន៥៥នាក់ មកពីវិទ្យាល័យព្រែកដំបូក ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រួមបញ្ចូលកម្មវិធីសិក្សាបន្ថែម រួមមាន ៖ បទបង្ហាញស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហម, ការ​ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ», ការចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ និងទីតាំងសម្លាប់ក្នុងរបបខ្មែរក្រហម ព្រមទាំងការចុះជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ចាប់ផ្តើមកម្មវិធី លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍ និងដឹកនាំសិស្សានុសិស្សវិទ្យាល័យ ព្រែកដំបូក ទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗដែលបង្ហាញអំពី ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន ការធ្វើការងារនៅការដ្ឋានទំនប់ និងការវិលត្រឡប់មកស្រុកកំណើតរបស់ប្រជាជនកម្ពុជា បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ ឆ្លៀតឱកាសនោះ លោក ស៊ាង ចិន្ដា បានផ្ដល់កម្រងសំណួរស្ទាបស្ទង់មតិមុនចាប់ផ្ដើមវេទិកាថ្នាក់រៀនដល់សិស្សានុសិស្សទាំងអស់ ដើម្បីវាស់ស្ទង់ចំណេះដឹងពីមុនទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា ចាប់ផ្ដើមធ្វើបទបង្ហាញស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលបានផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រួមមាន ៖ រដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, និងការកាប់សម្លាប់ទៅលើប្រជាជន។ នៅចុងបញ្ចប់នៃបទបង្ហាញ លោក ស៊ាង ចិន្ដា បានលើកឡើងអំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ និងប្រល័យពូជសាសន៍។ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ សិស្សានុសិស្សបានសួរសំណួរជាច្រើនទៅកាន់វាគ្មិន ដើម្បីបកស្រាយ និងស្រាយចម្ងល់ដែលខ្លួនចង់ដឹង និងមានការចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជូនដល់សិស្សានុសិស្សចូលរួមទាំងអស់ដើម្បីយកទៅសិក្សាឈ្វេងយល់ និងប្រើប្រាស់ជាឯកសារប្រវតិ្តសាស្រ្ត ក្នុងពេលចុះជួបនិងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

កម្មវិធីបន្ទាប់ គឺការចុះទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍នៅឃុំគគរ ដើម្បីជំរុញឲ្យមានការចងចាំអំពីជនរងគ្រោះក្នុងរបបខ្មែរក្រហម និងការយល់ដឹងអំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯក ខេត្តកំពង់ចាម បានដឹកនាំសិស្សានុសិស្សចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ស្ថិតនៅកណ្ដាលវាលស្រែពណ៌បៃតងនារដូវវស្សា និងជួបសន្ទនាផ្ទាល់ជាមួយលោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

លោក តុង សុភា បានរៀបរាប់ប្រាប់សិស្សានុសិស្សអំពីបទពិសោធន៍ និងការបាត់បង់ឪពុកដែលត្រូវខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់ទាំងកណ្ដាលយប់ រួមទាំងទីតាំងសម្លាប់ប្រជាជនរាប់ពាន់នាក់នៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម។ ស្ដូបរំឭកសម្រាប់សហគមន៍នេះ គឺជាទីកន្លែងដែលផ្ដល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកបទពិសោធន៍ និងរឿងរ៉ាវកើតឡើងក្នុងមូលដ្ឋានក្នុងរបបខ្មែរក្រហម ទៅកាន់សិស្សានុសិស្សដែលកើតក្រោយរបបខ្មែរក្រហម។

តមកសិស្សានុសិស្សត្រូវបានបែងចែកជាក្រុមស្រាវជ្រាវចំនួន៣ក្រុម​ ដើម្បីចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលក្រុមនីមួយៗមានប្រធានបទ និងកម្រងសំណួររៀងខ្លួន។ ការចុះស្រាវជ្រាវ និងសម្ភាសន៍នេះ ដឹកនាំដោយលោក លី ដេវីត និង សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ការចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមត្រូវបានបង្កើតឡើង ដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់សិស្សានុសិស្សក្នុងកិច្ចការងារស្រាវ​​ជ្រាវ និងកត់ត្រានូវអ្វីដែលខ្លួនបានដឹងពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សិស្សានុសិស្សបានប្រើប្រាស់សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជាឯកសារដ៏សំខាន់ក្នុងការជួយគាំទ្រកិច្ចការងារស្រាវជ្រាវរបស់ខ្លួន។

ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរបស់សិស្សស្រាវជ្រាវទាំង៣ក្រុម៖

ក្រុមស្រាវជ្រាវទី១)  រួមមាន លន់ សៀកឈីញ, ទួច វួចលីម, សារ៉ាយ បញ្ញា, ថេង សៀកជ័ង, អេង សុខមាន, អ៊ាង ឡៃហេង, ជៀម ចាន់ណេង, ទ្រី វួចលី, សេង សុរដ្ឋា, ឡេង លីនដា, ខេន ស្រីនាង, វន សូណៃ និង សេង ផាយុ សង្ខេបអំពីបទពិសោធន៍របស់ បួន ឈុនឡោម អតីតកងចល័តយុវនារីស្រុក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ៖

ខ្ញុំឈ្មោះ​ បួន ឈុនឡោម អាយុ៦៧ឆ្នាំ គឺជាអតីតកងចល័តនារីក្នុងរបបខ្មែរក្រហម។ ខ្ញុំ ធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ខ្មែរក្រហម។ ខ្ញុំធ្វើការងារគ្មានពេលសម្រាក និងហូបមិនគ្រប់គ្រាន់។ មានអ្នកលើកទំនប់មួយចំនួនបានស្លាប់នាពេលនោះ។ ការលំបាករបស់ខ្ញុំកើតឡើងនៅឆ្នាំ១៩៧៦ នៅពេលដែលខ្ញុំត្រូវបានបញ្ជូនចូលកងចល័តនារីស្រុក ដែលមានយុវជន និងយុវនារីជាច្រើននាក់ទៀត។ ខ្ញុំត្រូវក្រោកពេលព្រឹកព្រលឹមទៅជីក និងរែកដី នៅទំនប់ល្ពាក់ និងទំនប់ជាច្រើនផ្សេងទៀត រហូតដល់រំដោះនៅដើមឆ្នាំ១៩៧៩។

ក្រុមស្រាវជ្រាវទី២) រួមមាន ហ៊ាង វណ្ណនូ, ថេង កល្យានណី, ទ្រី ស្រីនិត, ឃុន លីដា, វិន ស្រីមាស, ហាវ ស្រីល័ក្ខ, សុធី ស្រីនាង, ម៉ីះ គីមលាង, ហួត មួយហ័ង, ទ្រី លីហ័រ, ហ៊ាង គីមសេង, កុល អ៊ីនាង, មុត បុផ្ជា, និង លឹម ស្រីពេជ្រ សង្ខេបបទពិសោធន៍របស់ ប៊ុន សេងហាន អតីតកងនារីដឹកជញ្ជូន និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

ខ្ញុំឈ្មោះ ប៊ុន សេងហាន។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចូលមកឈរជើងនៅក្នុងភូមិ ដែលជាការចាប់ផ្ដើមនៃការផ្ទុះសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ ទាហានថ្មើរជើង លន់ នល់ ត្រូវបានបញ្ជូនមកវាយបណ្ដេញកងទ័ពរំដោះខ្មែរក្រហមចេញពីភូមិ និងបង្កើតបន្ទាយទាហានឈរជើង។ នៅឆ្នាំ១៩៧២ កងទ័ពរំដោះខ្មែរក្រហមជាច្រើនបានចូលមកភូមិវិញ និងបើកការវាយប្រយុទ្ធជាមួយទាហាន នល់ នល់ យ៉ាងខ្លាំង។ ផ្ទះរបស់ខ្ញុំត្រូវឆេះដោយសារការទម្លាក់គ្រាប់របស់កងទ័ពអាកាសរបស់ លន់ នល់។ នៅក្នុងឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមជាច្រើនចូលមកឈរជើងជាថ្មីនៅក្នុងភូមិដើម្បីវាយយកទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៣ ដដែល ខ្ញុំចូលខាងផ្នែកដឹកជញ្ជូនរបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្ញុំរៀបការជាមួយប្ដីគឺជាកងទ័ពរំដោះខ្មែរក្រហមឈរជើងនៅពញាក្រែក។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដាក់ធ្វើការងារនៅកងចល័តនារីវ័យកណ្ដាលដើម្បីធ្វើស្រែ និងបុកអង្ករ។ នៅឆ្នាំ១៩៧៧ខ្ញុំ ឃើញវត្តមានកម្មាភិលបាលខ្មែរក្រហមភូមិភាគនិរតីចូលមកដល់។ នៅពេលនោះ អ្នកភូមិជាច្រើនត្រូវបានចាប់យកទៅសម្លាប់ចោលនៅខាងក្រោយភូមិចំការសាមសិប។ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិចូលដល់ទីរួមខេត្តកំពង់ចាមនៅដើមឆ្នាំ១៩៧៩ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ជម្លៀសអ្នកភូមិ ឆ្ពោះទៅភាគខាងលិច ប៉ុន្តែខ្ញុំមិនព្រមទៅតាម។ ខ្ញុំបាត់បង់ប្ដី និងបងប្អូនក្នុងរបបខ្មែរក្រហម។»

ក្រុមស្រាវជ្រាវទី៣) រួមមាន ថុល ម៉ូលីកា, ឡេង សុគន្ធធារី, នីម មួយឡេង, ឡូត វុទ្ធី, សៀង សុខឃី, ណេន ស្រីនិច, ច្រឹក កែវសុភា, នាងហឿន សិទ្ធិគុណ, ស ពិសិដ្ឋ, លាន លីនដា, ផល សុខលី និងហាក់ គីមលីង សង្ខេបបទពិសោធន៍របស់ ម៉ម ស្រឿន អតីតកងដឹកជញ្ជូន និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ៖

ខ្ញុំឈ្មោះ ម៉ម ស្រឿន។ ពីឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៧ ខ្មែរក្រហមបញ្ជូនខ្ញុំទៅលើកទំនប់តាសេកអស់រយៈពេលប្រហែល២ខែ។ បន្ទាប់មក ខ្ញុំត្រូវបានដកឲ្យទៅធ្វើការនៅកងដឹកជញ្ជូន ដែលមាន មិត្ត សៀ គឺជាប្រធានកងដឹកកងជញ្ជូននៅចន្លោះពីឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨។ មិត្ត សៀ បានបញ្ជាខ្ញុំឲ្យទៅដឹកជនជាតិចាមនៅភូមិចំការសាមសិបតាមរទេះគោដើម្បីយកមកសម្លាប់នៅឡថ្នាំ និងមន្ទីរសន្តិសុខគគរ។ មិត្ត សៀ រៀបចំរទេះគោចំនួន១៥គ្រឿងដើម្បីដឹកជញ្ជូនប្រជាជន និងកុហក់ប្រជាជនថា អង្គការជម្លៀសពួកគាត់ចេញពីភូមិឲ្យទៅរស់នៅមូលដ្ឋានថ្មី ប៉ុន្តែនៅពេលចេញមកដល់ផ្លូវធំ កងឈ្លបខ្មែរក្រហមប្រាប់ទិសឲ្យបរទេះចូលទៅក្នុងឡថ្នាំ និងវត្តគគរដើម្បីសម្លាប់ប្រជាជនទាំងនោះ។ ខ្ញុំភិតភ័យតក់ស្លត់ខ្លាំងណាស់ ពេលបរទេសមកដល់ផ្ទះវិញ។ ខ្ញុំបានប្រាប់ប្រពន្ធខ្ញុំអំពីហេតុការណ៍សម្លាប់នោះ។ នៅចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានដកឲ្យទៅធ្វើការនៅរោងជាងដើម្បីសាងសង់រោងបាយរួមសម្រាប់​សហករណ៍។ នៅពេលនោះ វត្តគគរត្រូវបានរៀបចំជួសជុលឡើងវិញ និងប្រើប្រាស់ជាឃ្លាំងស្តុកស្រូវអង្ករ។ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់នៅក្នុងរបបខ្មែរក្រហម ហើយបន្តរស់នៅជាមួយក្រុមគ្រួសារនៅក្នុងភូមិដោយប្រកបរបរធ្វើស្រែចម្ការ។

អត្ថបទ ៖ ទូច វណ្ណេត និង លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក