និស្សិតសាកលវិទ្យាល័យ Wisconsin-Madison ចាប់អារម្មណ៍មកស្រាវជ្រាវ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅរសៀលថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២៥ លោក Napakadol Kittisenee គឺបេក្ខជនបណ្ឌិត និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក បានដឹកនាំនិស្សិតចំនួន១៥នាក់ មកទស្សនកិច្ចសិក្សានៅព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា តាមរយៈកម្មវិធី Junior Resident Fellow Program (JRFP) ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងទៀតរបស់មជ្ឈ​មណ្ឌលសម្រាប់ការសិក្សាខ្មែរ (CKS)។ កម្មវិធី Junior Resident Fellow Program មាននិស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិតបញ្ចប់ការសិក្សា មកពីប្រទេសចំនួន៣ផ្សេងគ្នា រួមមាន បារាំង កម្ពុជា និងសហរដ្ឋអាមេរិក។ និស្សិតទាំងនេះនឹង​ចូលរួម​កម្មវិធី​សិក្សាអំ​ពី​របៀប​ធ្វើ​ការ​ស្រាវជ្រាវ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​វិស្សមកាលរយៈពេល៦សប្តាហ៍។

និស្សិតទាំងនេះបានជួបជាមួយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងាររបស់លោកដើម្បីពិភាក្សាអំពីកេរដំណែលនៃការចងចាំ និងការអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ លោកឆាំង យុ បានលើក​ឡើងថា អំពីដំណើរការនៃការប្រមូលទិន្នន័យរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺធ្វើឡើងតាមរយៈសិស្ស និងនិស្សិតស្ម័គ្រចិត្តកម្ពុជាចំនួន ៤,១៥៦នាក់ ដែលត្រូវបានជ្រើសរើសឱ្យចុះធ្វើការសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន ៦១,៦២៥នាក់ ដែលរស់នៅតាមតំបន់ជនបទដាច់ស្រយាលទូទាំងប្រទេសកម្ពុជា អំពីបញ្ហាប្រឈមផ្នែកសុខភាព និងបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហម។ បន្ទាប់មក ក្រុមការងារនៃមជ្ឈ​មណ្ឌលឯកសារកម្ពុជាបានប្រមូលទិន្នន័យទាំងនេះមកចងក្រង និងថែរក្សាទុកសម្រាប់សាធារណជន សិស្ស និងនិស្សិតអាន និងមកធ្វើការសិក្សាស្រាវជ្រាវ។ ក្នុងឱកាសនេះដែរ លោក ឆាំង យុ បានផ្តល់ឱកាស និងលើកទឹកចិត្តដល់និស្សិតទាំង១៥នាក់ទៅសិក្សាស្រាវ​ជ្រាវនៅសាខាមជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន១៩ទីតាំងទៀត ដែលស្ថិតនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ដូច្នេះនិស្សិតអាចផ្សាភ្ជាប់ខ្លួនទៅនឹងសហគមន៍ដោយផ្ទាល់ និងទទួលបានព័ត៌មានសម្បូរបែបនិងពិតប្រាកដ។

បន្ទាប់ពីការពិភាក្សា លោក Napakadol Kittisenee និងនិស្សិតទាំងអស់បានសម្តែងសេចក្តីរីករាយដែលបានមកទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈ​មណ្ឌលឯកសារកម្ពុជាដោយផ្ទាល់ ព្រមទាំង​បានយល់ដឹងកាន់តែស៊ីជម្រៅអំពីរបបខ្មែរក្រហម ជាពិសេសបានចាប់អារម្មណ៍មកស្រាវជ្រាវនៅមជ្ឈ​មណ្ឌលឯកសារកម្ពុជានៅពេលខាងមុខ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖