សិស្សអនុវិទ្យាល័យលំទង មកអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សិស្សចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ មកពីអនុវិទ្យាល័យលំទង បានមកអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងរក្សាទុកឯកសារប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ កន្លងមក មានសិស្សានុសិស្ស អ្នកស្រាវជ្រាវជាតិ អន្តរជាតិ គ្រប់ទិសទីបានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីមកសិក្សាស្វែងយល់រឿងរ៉ាវដែលបានកើតឡើងនៅតំបន់នេះកាលពីអតីតកាល។

ជាកិច្ចស្វាគមន៍បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញនិងពិភាក្សាជាមួយសិស្សានុសិស្សជុំវិញរឿងរ៉ាវ និងព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងកំឡុងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ថាតើសិស្សានុសិស្សបានដឹងអ្វីខ្លះអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម។ ក្នុងចំណោមសិស្សទាំងប្រាំមួយនាក់ គឺម្នាក់ៗសុទ្ធតែបានដឹងឮពីព្រឹត្តិការណ៍នៅក្នុងរបបខ្មែរក្រហម តាមរយៈឪពុកម្ដាយ និងជីដូនជីតារបស់ខ្លួនដែលបានឆ្លងកាត់ដោយផ្ទាល់។ ទន្ទឹមនឹងការពិភាក្សានេះ វាគ្មិនក៏បានផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងការចោទជាសំណួរដែលខ្លួនចង់ដឹងដូចតទៅ៖ តើនៅក្នុងសម័យខ្មែរក្រហមហេតុអ្វីបានជាមានការសម្លាប់ប្រជាជនខ្មែរខ្លួនឯង? តើមូលហេតុអ្វីបានជាកើតមានរបបខ្មែរក្រហម? តើរបបខ្មែរក្រហម នរណាជាអ្នកគ្រប់គ្រង? តើនៅក្នុងរបបខ្មែរក្រហមការរស់នៅបែបណា? តើប្រជាជនប្រកបរបរអ្វីក្នុងរបបខ្មែរក្រហម? តើនៅក្នុងរបបខ្មែរក្រហមការដាក់ទោសប្រជាជនធ្វើបែបណាខ្លះ? តើប្រជាជនរស់នៅក្នុងរបបខ្មែរក្រហមត្រូវជួបបញ្ហាអ្វីខ្លះ? តើរបបខ្មែរក្រហមមានអ្នកដឹកនាំប៉ុន្មាននាក់? និងមានឈ្មោះអ្វី? តើរបបខ្មែរក្រហមចាប់ផ្ដើមពីថ្ងៃណា ហើយបញ្ចប់ទៅវិញនៅថ្ងៃណា? តើនៅក្នុងរបបខ្មែរក្រហមមានច្បាប់អ្វីខ្លះ? ភ្លាមៗនោះ វាគ្មិនបានឆ្លើយតបនឹងសំណួររបស់សិស្សានុសិស្សជាបន្តបន្ទាប់បានយ៉ាងក្បោះក្បាយ។ សិស្សានុសិស្ស ក៏បានកត់ត្រានូវចម្លើយទុកនៅក្នុងសៀវភៅរៀងៗខ្លួន។ បន្ទាប់មកទៀតវាគ្មិន បានធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្សអំពីរូបថតព្យួរនៅជញ្ជាំង ដែលមានរូបភាពមេដឹកនាំធំៗក្នុងរបបខ្មែរក្រហមទាំងប្រាំរូបរួមមាន នួន ជា, ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធិ និង កាំង ហ្កេចអ៊ាវ (ហៅឌុច)។

បន្ថែមលើនេះ បណ្ឌិត លី សុខឃាង ក៏បានលើកយកតំបន់ប្រវត្តិសាស្រ្តសំខាន់ៗដែលជាទីកន្លែងទាក់ទាញភ្លៀវទេសចរ ជាតិ និងអន្តរជាតិ មកសិក្សាស្រាវជ្រាវ និងមកកម្សាន្តក្នុងស្រុកអន្លង់វែង។ ជាពិសេស គឺការកែប្រែតំបន់អន្លង់វែងឱ្យក្លាយទៅជាទីក្រុងតូចមួយ ដោយមានការរៀបចំបង្កើតទីកន្លែងទេសចរណ៍ភ្ជាប់ជាមួយតំបន់ប្រវត្តិសាស្រ្ត និងមានភោជនីយដ្ឋាន ប្រព័ន្ធទឹក ផ្លូវ សំណង់អាគារ រោងចក្រ និងប្រជាជនជាដើម។ ចំណុចទាំងអស់នេះបានធ្វើឱ្យភ្ញៀវទេសចរមកដល់អន្លង់វែង មានភាពសប្បាយរីករាយ និងចងចាំមិនភ្លេចអំពីតំបន់នេះ។ ចំណែកប្រជាជននៅតាមមូលដ្ឋានអាចទទួលបានផលកម្រៃពីភ្ញៀវទេសចរ បង្កឱ្យប្រជាជនមានជីវភាពធូរធារជាងមុនមួយកម្រិត។

នៅចុងបញ្ចប់នៃបទបង្ហាញសិស្សានុសិស្សបានសម្ដែងនូវការអរគុណដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានបង្កើតកម្មវិធីបង្រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងគោលបំណងពង្រឹងចំណេះដឹងបន្ថែមដល់សិស្ស។ បន្ថែមពីនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានផ្ដល់ឱកាសដល់សិស្សានុសិស្សបានមកសិក្សាស្រាវជ្រាវ និងអានឯកសារខ្មែរក្រហមដែលបានរក្សាទុកនៅមជ្ឈមណ្ឌលនេះ»។

បន្ទាប់ពីទស្សនា «រូបថតគម្រោងអភិវឌ្ឍន៍ទីតាំងអន្លង់វែងទៅជាកន្លែងទេសចរណ៍» សិស្សា​នុសិស្ស​ទាំង៦នាក់បានសម្ដែងការយល់ឃើញរបស់ខ្លួនដូចខាងក្រោម៖

សៀន លីនាង ភេទស្រី អាយុ១៤ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យលំទង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តសម័យខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំពិតជាសរសើរដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានបង្កើតកន្លែងស្រាវជ្រាវនេះឡើង ដែលធ្វើឱ្យខ្ញុំយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីប្រវត្តិសាស្ត្ររបស់ខ្មែរ»។

ចិន ពៅ ភេទប្រុស អាយុ១៤ឆ្នាំ បានលើកឡើងថា «ក្រោយពីបានសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យរួចមក ខ្ញុំគិតថានៅក្នុងរបបនេះមានច្បាប់តឹងតែងខ្លាំងណាស់ ធ្វើឱ្យមានការកាប់សម្លាប់ប្រជាជនជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ខ្ញុំក៏មានអារម្មណ៍រីករាយដែលបានចូលរួមសិក្សាពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដើម្បីឱ្យខ្ញុំបានយល់ដឹងកាន់តែច្រើនអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ ជាចុងក្រោយ ខ្ញុំពិតជាចង់ឱ្យស្រុកអន្លង់វែងទាំងមូលមានភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ»។

ភី ស្រីនុត ភេទស្រី អាយុ១៣ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «បន្ទាប់ពីបានសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហមរួចមក ខ្ញុំខ្លោចផ្សាជាពន់ពេក ព្រោះនៅក្នុងរបបនេះតឹងរឹងក្នុងការហូបចុក កាប់សម្លាប់គ្នា និងមិនមានភាពសាមគ្គីគ្នា។ ទោះបីជាយ៉ាងណាខ្ញុំក៏មានការសប្បាយចិត្តដែលបានសិក្សាពីប្រវត្តិសាស្រ្តដ៏ជូរចត់នេះ និងបានដឹងពីការរស់នៅរបស់ប្រជាជននាពេលនោះ។ បន្ថែមពីនេះ ខ្ញុំចង់ឱ្យគ្រប់បណ្ដាខេត្ត និងស្រុកដែលនៅជាប់ព្រំដែនទូទាំងប្រទេសកម្ពុជាមានភាពរីកចម្រើននាថ្ងៃអនាគត»។

រិន នីសា ភេទស្រី អាយុ១៤ឆ្នាំ បានយល់ឃើញថា «នៅក្នុងរបបខ្មែរក្រហម ពិតជាមានការលំបាកខ្លាំងណាស់តាំងពីការធ្វើការងារ ការហូបចុក បែកបាក់ក្រុមគ្រួសារ ជាពិសេសធ្វើឱ្យប្រជាជនបាត់បង់ជីវិតជាច្រើននាក់។ កុមារមិនបានទទួលការសិក្សារៀនសូត្រ កូនមិនអាចជួបម្ដាយ និងត្រូវរស់នៅដាច់ដោយឡែកពីគ្នា។ ខ្ញុំសង្ឃឹមថានៅតំបន់ប្រវត្តិសាស្រ្តអន្លង់វែងនឹងមានការអភិវឌ្ឍន៍ និងជាកន្លែងសម្រាប់ភ្ញៀវ មកទស្សនា និងកម្សាន្តនៅពេលខាងមុខ»។

ហ៊ាង រ៉ាយុទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនថា «របបខ្មែរក្រហមពិតជាមានភាពសាហាវឃោរឃៅខ្លាំងណាស់ ព្រោះបានសម្លាប់មនុស្សគ្មានកំហុសជាច្រើនលាននាក់ ព្រមទាំងមានការធ្វើទារុណកម្មយ៉ាងឃោរឃៅបំផុត។ ចំពោះគម្រោងអភិវឌ្ឍន៍ក្នុងស្រុកអន្លង់វែង ដែលប្រែក្លាយតំបន់នេះទៅជាទីក្រុង និងកន្លែងសេដ្ឋកិច្ច ធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់ព្រោះជាស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំស្រមៃថាអន្លង់វែងនឹងអាចក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាតនាថ្ងៃអនាគត។

ស៊ិន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម និងបានយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពរស់នៅ ការធ្វើការងារ ការហូបចុករបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ នៅថ្ងៃអនាគត ខ្ញុំចង់ឃើញប្រទេសជាតិ ក៏ដូចជាស្រុកអន្លង់វែងមានការរីកចម្រើន»។

អត្ថបទ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖