ខ្ញុំឈ្មោះ អ៊ុក ម៉ុក ភេទប្រុស កើតនៅឆ្នាំ១៩៦២។ ខ្ញុំមានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ហើយសព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។ ឪពុករបស់ខ្ញុំឈ្មោះ យ៉ាង់ អ៊ុក
និងម្ដាយឈ្មោះ ថោង ខុន ព្រមទាំងមានបងប្អូនបង្កើតចំនួន៨នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ ស៊ាន និងមានកូនចំនួន៤នាក់។
កាលពីសម័យមុននៅក្នុងភូមិរបស់ខ្ញុំមានប្រជាជនរស់នៅប្រហែលជា៧០គ្រួសារប៉ុណ្ណោះ ហើយនៅក្នុងភូមិមានដើមឈើដុះស៊ុបទ្រុប។ នៅពេលខ្ញុំមានអាយុ១០ឆ្នាំ នៅក្នុងភូមិរបស់ខ្ញុំកើតមានសង្គ្រាមរវាងទាហានអាមេរិក និងកងទ័ពវៀតកុង ឬវៀតណាមខាងជើង។ ប្រជាជននាំគ្នារត់ចូលត្រង់សេ ឬលេណដ្ឋានដើមី្បគេចពីគ្រាប់ផ្លោង។ ក្រោយសង្គ្រាមស្ងប់ស្ងាត់ ទើបយើងនាំគ្នាចូលមករស់នៅក្នុងផ្ទះ និងប្រកបរបរធ្វើស្រែចម្ការវិញ។ រយៈពេលមួយឆ្នាំក្រោយមកសង្គ្រាមក៏កើតឡើងម្ដងទៀត។
នៅក្នុងឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងភូមិរបស់ខ្ញុំ និងបានប្រមូលទ្រព្យសម្បត្តិ, គោ, ក្របី, មាន់, ទា, ចាន, ឆ្នាំង ដាក់ជារបស់រួម។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងកុមារ។ កងកុមារចាប់ផ្ដើមធ្វើការនៅម៉ោង៦ព្រឹក ដូចកងមនុស្សចាស់ៗដែរ។ ក្រោយមក ខ្ញុំផ្លាស់ចូលធ្វើការនៅក្នុងកងចល័ត ហើយត្រូវបានខ្មែរក្រហមចាត់តាំងឲ្យច្រូតស្រូវ និងឃ្វាលគោក្របី។ ពេលយប់ខ្មែរក្រហមឲ្យខ្ញុំរៀនអក្សរថែម។ គ្រូបង្រៀនគឺជាកម្មាភិបាលខ្មែរក្រហម ហើយខ្ញុំរៀនដល់ថ្នាក់ទី៣។
នៅពេលយប់កងយុវជន និងយុវនារីត្រូវ ដេកនៅកន្លែងផ្សេងគ្នា។ នៅពេលនោះប្រធានកងយុវជនឈ្មោះ សំ អេន និងប្រធានកងយុវនារី ឈ្មោះ ឈុំ។ ខ្ញុំត្រូវចាត់តាំងជាប្រធានក្រុម ដោយមានភារកិច្ចហៅសមាជិកក្រុមមកប្រជុំ និងណែនាំក្រុមឲ្យធ្វើការងារបន្ត។ ក្រុមនីមួយៗត្រូវចូលរួមប្រជុំរៀងរាល់ល្ងាច។ ខ្ញុំធ្វើការនៅកងចល័តរហូតដល់ឆ្នាំ១៩៧៧។
ក្រោយមក កម្មាភិបាល និងកងទ័ពមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រងភូមិ ហើយបានចាប់គ្រូបង្រៀន និងប្រធានកងរបស់ខ្ញុំយកទៅបាត់។ កម្មាភិបាល និងកងទ័ពមកពីភូមិភាគនិរតីបានចាប់មនុស្សកាន់តែច្រើនយកទៅចងទុកនៅសាសារំចេក។ ចំណែកខ្ញុំត្រូវខ្មែរក្រហមមកពីនិរតីជម្លៀសទៅដល់ព្រៃឆ្លូង ប៉ុន្តែដោយសារនៅទីនោះមិនមានអាហារហូបចុកគ្រប់គ្រាន់ ខ្ញុំក៏រត់ភៀសខ្លួនចេញពីភូមិទាំងភ័យខ្លាច។
នៅឆ្នាំ១៩៧៨ កម្មាភិបាល និងយោធាខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកកាន់តែច្រើន និងបានស្នាក់នៅសាលារំចេក។ នៅពេលនោះប្រជាជនលែងហ៊ានរស់នៅក្នុងភូមិទៀតហើយ គឺបាននាំគ្នាទៅរស់នៅក្នុងព្រៃ។ ខ្ញុំបានរត់ភៀសខ្លួនទៅខ្នងក្រពើ ហើយបន្ទាប់មកទៅប្រទេសវៀតណាម ព្រោះមានរថយន្តវៀតណាមរង់ចាំទទួលនៅមេមត់។ វៀតណាមបានសង់ផ្ទះថ្មី និងបើករបបអង្ករឲ្យខ្ញុំហូបរៀងរាល់ខែ។ ខ្ញុំរស់នៅវៀតណាមបានរយៈពេល៥ខែ។ បន្ទាប់ពីខ្ញុំបានឮសេចក្តីប្រកាសថា កងវៀតណាមវាយចូលប្រទេសកម្ពុជាដើម្បីរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម ទើបខ្ញុំត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបានមក រស់នៅជុំឪពុកម្ដាយនៅក្នុងភូមិ។ បន្ទាប់មកខ្ញុំរៀបការជាមួយប្រពន្ធរបស់ខ្ញុំដែលជាអ្នកស្រុកជាមួយគ្នា និងប្រកបរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។
ដោយ ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា