"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

យង់ សាលូត ៖ កងជីកប្រឡាយនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ យង់ សាលូត អាយុ៦៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំបានរៀននៅសាលាវត្តបារាច។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី៩អំឡុងពេលកើតមានសង្រ្គាម និងការទម្លាក់គ្រាប់បែក នៅឆ្នាំ១៩៧០។ កាលនោះក្រុមគ្រួសាររបស់ខ្ញុំបានរត់ទៅខាងជើងស្រុកមេសាង ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងរថក្រោះរបស់ទាហានធីវគី ឬវៀតណាមខាងត្បូង។ ក្រោយមក ខ្ញុំទទួលដំណឹងថា ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ កាលនោះខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ព្រោះមិនឃើញសម្តេច ព្រះនរោត្តម សីហនុ មកដឹកនាំប្រទេសវិញ។

ខ្មែរក្រហមបានបង្កើតជាសហករណ៍ និងរោងបាយរួម ហើយទ្រព្យសម្បត្តិដែលក្រុមគ្រួសាររបស់ខ្ញុំមាន ដូចជា គោ ក្របី មាស ប្រាក់ ចាន ឆ្នាំង ដីធ្លី ត្រូវបានប្រមូលមកដាក់ជាសម្បត្តិរួមទាំងអស់។ ចំណែកខ្ញុំត្រូវបានប្រធានកងប្រើឲ្យរែកកណ្តាប់ និងភ្ជួររាស់ដីនៅរដូវវស្សា។ នៅរដូវប្រាំង ខ្ញុំត្រូវបានខ្មែរក្រហមចល័តឲ្យទៅជីកប្រឡាយនៅតំបន់ផ្សេងៗ។ ខ្ញុំបានទៅជីកប្រឡាយនៅស្រុកមេសាង និងស្រុកកំចាយមារ ហើយចុងក្រោយ ខ្ញុំទៅជីកប្រឡាយនៅចាន់ទៃក្បែរព្រំដែនកម្ពុជាវៀតណាម។

យង់ សាលូត អាយុ៦៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំកម្របានមកលេងផ្ទះណាស់។ ពេលខ្ញុំទៅធ្វើការនៅកន្លែងណា ខ្ញុំគឺត្រូវដេកនៅកន្លែងនោះរហូតដល់ចប់កិច្ចការ។ នៅចុងឆ្នាំ១៩៧៨ ខ្ញុំបានរៀបការជាមួយប្រពន្ធរបស់ខ្ញុំ។បន្ទាប់ពីខ្ញុំរៀបការរួចចំនួនបីខែ ខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំទៅកាន់ខេត្តពោធិ៍សាត់។ ខ្ញុំនិងប្រពន្ធបានធ្វើដំណើរទៅអ្នកលឿង រួចឡើងជិះកប៉ាល់បន្តទៅឈប់នៅច្បារអំពៅ ក្រុងភ្នំពេញ។ ខ្ញុំនិងប្រពន្ធសម្រាកនៅភ្នំពេញចំនួនបីយប់ យើងក៏ឡើងជិះរថភ្លើងបន្តទៅកាន់ខេត្តពោធិ៍សាត់។

ខ្ញុំនិងប្រពន្ធបានទៅដល់ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅពេលយប់ដោយមានប្រធានសហរណ៍មកចាំទទួល និងផ្តល់កន្លែងស្នាក់នៅដល់យើង។ ការងាររបស់ខ្ញុំនៅទីនោះគឺច្រូតស្រូវ។ ស្រូវដែលខ្ញុំច្រូតបានទាំងប៉ុន្មាននៅពេលថ្ងៃ គឺត្រូវបោកបែនឲ្យរួច​រាល់នៅពេលយប់ ព្រោះខ្មែរក្រហមប្រញាប់ដឹកស្រូវទាំងអស់នោះឡើងទៅលើភ្នំដើម្បីស្តុកទុកពេលធ្វើសង្គ្រាម។

យង់ សាលូត ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ សូ ហាន់ និង ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជារំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩  ស្រូវនៅតំបន់របស់ខ្ញុំរស់នៅ ក៏ច្រូតរួចរាល់ដែរនៅវេលាម៉ោង១២ថ្ងៃត្រង់។ ខ្មែរក្រហមបាននិយាយថានឹងធ្វើពិធីជប់លៀងឲ្យប្រជាជនដែលខិតខំបំពេញការងារនៅពេលយប់។ ប៉ុន្តែមិនទាន់បានជប់លៀងផងខ្មែរក្រហមបានរត់ខ្ចាត់ខ្ចាយអស់ បន្ទាប់ពីបានឃើញកងទ័ពស្ម័គ្រចិត្តវៀតណាមវាយសម្រុកចូលមកដល់ខេត្តពោធិ៍សាត់។

ប្រជាជនមួយចំនួនបានរត់ភៀសខ្លួនទៅនៅជំរំជនភៀសខ្លួនតាមព្រំដែនខ្មែរថៃ ដើម្បីរង់ចាំឱកាសទៅរស់នៅបរទេស។ ចំណែកឯខ្ញុំបានធ្វើដំណើរមកស្រុកកំណើត។ ក្រោយឆ្នាំ១៩៧៩ ខ្ញុំបានចូលធ្វើជាសេនាជនភូមិរហូតដល់ឆ្នាំ១៩៨៥ ទើបខ្ញុំផ្លាស់មកធ្វើជាអនុភូមិរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង