វេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ(១៩៧៥-១៩៧៩)» នៅអន្លង់វែង

សិស្សា​នុសិស្ស​វិទ្យាល័យតេជោសែនសំរោងចំនួន៣៤នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​២៦នាក់ និង​ប្រុស​ចំនួន​៨នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការយល់ដឹងដល់យុវជនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដែលជាផ្នែកមួយដ៏សំខាន់ដើម្បីការចងចាំ ការថែរក្សាសន្តិភាព និងការផ្សះផ្សា។ ការធ្វើបទបង្ហាញនិងការពិភាក្សាបានផ្តោតសំខាន់លើប្រធានបទនៃការបង្កើតក្រុមប្រវាស់ដៃ ក្រោយមកសហករណ៍រួម ការរៀបការដោយបង្ខំ ពលកម្មកុមារ និងបន្សុទ្ធកម្មជាដើម។ ដោយសារតែយុវនារីមានចំនួនច្រើនលើសលុប ចំណាប់អារម្មណ៍លើការរៀបការដោយបង្ខំ ដែលអង្គការខ្មែរក្រហមបានរៀបចំដោយមិនអាចប្រកែកបានឡើយ។ នៅក្នុងរបបខ្មែរក្រហមនោះ បើស្ត្រីណាម្នាក់ហ៊ានប្រកែក អ្នកទាំងនោះប្រាកដជារងទារុណកម្ម ឬសម្លាប់។ ហេតុការណ៍នេះបណ្តាលឲ្យយុវនារីនៅក្នុងវេទិកាថ្នាក់រៀនសម្តែងនូវអារម្មណ៍ផ្ទាល់ខ្លួន ដែលថាការបង្ខិតបង្ខំរបស់របបខ្មែរក្រហមគឺជាអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់ប្រជាជន។ នៅក្នុងរបបខ្មែរក្រហម ការរៀបចំពិធីមង្គលការ (ឬពិធីបើកវគ្គ) ខុសពីទំនៀមទម្លាប់ប្រពៃណីខ្មែរទាំងស្រុង។ ការរៀបចំពិធីមង្គលការមួយតម្រូវឲ្យមានកូនកម្លោះកូនក្រមុំចំនួនពី៣ទៅ១០គូសម្រាប់ពិធីតូច ចំណែកពិធីធំចាប់ពី៣០គូទៅ៥០គូ ឬអាចមានរហូតដល់ទៅ១០០គូ។ អ្នកទាំងអស់នេះពុំមានសិទ្ធិជ្រើសរើសគូស្រករដោយខ្លួនឯងទេ គឺត្រូវគោរពតាមអង្គការរៀបចំឲ្យតែប៉ុណ្ណោះ។ ខាងក្រោមគឺជាការយល់ឃើញរបស់សិស្សានុសិស្សដែលបានចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍៖

ខ្ញុំឈ្មោះ ភួង ភាស់ ភេទប្រុស អាយុ១៩ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យតេជោសែនសំរោង។ បន្ទាប់ពីខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្តាហ៍រួចបានធ្វើឲ្យខ្ញុំយល់ដឹងបានច្រើនពីរបបខ្មែរក្រហម។ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យចូលជាសហករណ៍ បង្ខំកុមារឲ្យធ្វើការហួសកម្លាំង បង្ខំឲ្យប្រជាជនរៀបការដើម្បីបង្កើតកូនបន្តការងារបដិវត្តន៍។ ខ្ញុំក៏បានទៅទស្សនាសារមន្ទីរផ្ទះ តាម៉ុក ស្របពេលដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងសហការជាមួយរដ្ឋបាលស្រុកអន្លង់វែងកំពុងចាក់បញ្ចាំងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះ ហើយក៏មានមោទកភាពចំពោះប្រទេសកម្ពុជាដែរ។

ខ្ញុំឈ្មោះ ដួង ចាន់ ភេទស្រី អាយុ២០ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យតេជោសែនសំរោង បាននិយាយថា ក្រៅពីការយល់ដឹងអំពីការបង្កើតសហករណ៍ នៅសម័យខ្មែរក្រហមមានការរំលោភសិទ្ធិមនុស្សតាមរយៈការរៀបការដោយបង្ខំ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀន​ស្តីអំពីការអប់រំប្រវត្តិសាស្រ្តខ្មែរក្រហម ខ្ញុំក៏បានយល់ដឹងអំពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែរ។ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ហើយមកដល់ពេលនេះប្រទេសកម្ពជាមានឱកាសឈ្នះមេដាយ និងបានផ្សព្វផ្សាយអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ខ្ញុំឈ្មោះ ហៀប រ៉ាឆាន់ ភេទប្រុស អាយុ២០ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យតេជោសែនសំរោង បាននិយាយថា បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើឲ្យខ្ញុំយល់ដឹងអំពីប្រវតិ្តសាស្រ្តខ្មែរក្រហមច្រើនជាងមុន ខ្ញុំយល់ដឹងពីការបង្កើតសហករណ៍ដើម្បីឲ្យប្រជាជនប្រជាជនរស់នៅរួមគ្នា ធ្វើការងារជាមួយគ្នា ហូបជាមួយគ្នា និងចែករំលែកការកម្សាន្តជាសមូហភាព ព្រមទាំងបានដឹងអំពីការបង្ខំប្រជាជនឲ្យរៀបការ និងការរំលោភសិទ្ធិកុមារ។

អត្ថបទ ៖ ឈួន សុគង់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក