ង៉ែត វែន ៖ ប្រជាជនមូលដ្ឋាន

ខ្ញុំឈ្មោះ ង៉ែត វែន អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ កាលពីក្មេង ខ្ញុំចូលរៀនអក្ខរកម្មនៅវត្តថ្មកែវ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ គឺស្រី៤នាក់ និងប្រុស៥នាក់។ បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំនៅរស់រានមានជីវិតចំនួន៣នាក់។ ខ្ញុំមានកូនចំនួន៩នាក់ គឺប្រុស៤នាក់និងស្រី៥នាក់។

នៅក្នុងឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ និងមានការទម្លាក់គ្រាប់បែក ប៉ុន្តែមិនបានទម្លាក់គ្រាប់​បែកក្នុងភូមិថ្មកែវទេ។ នៅក្នុងរបប លន់ នល់ ប្រជាជនហូបបាយឯកជននៅតាមផ្ទះរៀងៗខ្លួន។ មកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់តាំងប្រជាជនឲ្យហូបជាសហករណ៍។ នៅសម័យនោះខ្ញុំមិនបានរស់នៅជួបជុំឪពុកម្ដាយទេ ព្រោះឪពុកម្ដាយខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការតាមកងផ្សេងៗពីគ្នា។ ប្ដីរបស់ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការនៅសេដ្ឋកិច្ច គឺដឹកជញ្ជូនស្បៀងអាហារដាក់ទៅចែកឲ្យសហករណ៍។ ខ្ញុំរស់នៅក្នុងភូមិ និងធ្វើការដកស្ទូងស្រូវនៅក្បែរៗភូមិខ្ញុំ ព្រោះខ្ញុំមានកូនតូច។ ខ្ញុំគឺជាប្រជាមូលដ្ឋាន ប៉ុន្តែការហូចចុកជួបការលំបាកខ្លះៗដែរ ព្រោះមិនបានហូបឯកជន។ របបអាហារមានតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។

បន្ទាប់ពីខ្មែរក្រហមប្រមូលប្រជាជនចូលក្នុងសហករណ៍អស់ ខ្ញុំក៏ត្រូវខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការនៅត្រាំកក់។ ខ្ញុំទៅទាំងគ្រួសារ ប៉ុន្តែខ្មែរក្រហមបែងចែកសមា​ជិកគ្រួសារខ្ញុំទៅធ្វើការងារតាមកងផ្សេងៗគ្នា។ ពេលនោះខ្ញុំមានកូនចំនួន៥នាក់ ប៉ុន្តែមានតែ២នាក់ប៉ុណ្ណោះ ដែលចេញទៅធ្វើការតាមកង ចំណែកកូន៣នាក់ផ្សេងទៀតដែលនៅតូចគឺយាយៗជួយមើលថែទាំនៅក្បែរកន្លែងខ្ញុំធ្វើការងារ។ កំឡុងពេលទៅត្រាំកក់ ខ្ញុំធ្វើជាអ្នកដាំបាយ។ ខ្ញុំត្រូវក្រោកតាំងពីព្រលឹម រហូតដល់ពេលល្ងាចទើបបានឈប់សម្រាក ហើយត្រឡប់មកកន្លែងស្នាក់នៅវិញ។ ថ្ងៃមួយខ្ញុំធ្លោយមាត់និយាយថា «គ្រាន់តែបាយក្ដាំងកំណាញ់ដែរ គ្នាហូបដើម្បីមានកម្លាំងធ្វើការសោះ»។ បន្ទាប់ពីខ្ញុំនិយាយរួច ខ្មែរក្រហមបានហៅសមាជិកកងប្រជុំមួយយប់ទល់ភ្លឺ។ ក្រោយមកទើបខ្ញុំបានដឹងថា ខ្មែរក្រហមប្រជុំនិយាយអំពីកំហុសរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាភ័យខ្លាច មិនដឹងថាខ្ញុំស្លាប់នៅថ្ងៃណាឡើយ។ ប៉ុន្តែខ្មែរក្រហមមិនបានធ្វើបាបខ្ញុំទេ ដោយសារខ្ញុំមានបងប្អូនចូលធ្វើជាទ័ព ក្នុងនោះប្អូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់ដោយសារត្រូវគ្រាប់អំឡុងពេលធ្វើសង្គ្រាម។ ចំណែកបងប្អូន៣នាក់ទៀត រួមមាន ឈ្មោះ ង៉ែត ឌន, ង៉ែត អ៉ូញ ហើយប្អូនស្រី ឈ្មោះ ង៉ែត ស៊ឹម ហៅក្រៅ វឿន ធ្វើជាគ្រូពេទ្យ៧មករា បាត់ខ្លួនពេលបែកក្រុងភ្នំពេញ។

ខ្ញុំបានជួបបងប្អូនម្តង កំឡុងពេលធ្វើបុណ្យជប់លៀងកងទ័ពនៅក្បាលពោធិ៍ និងមានការហូបអាហារឆ្ងាញ់ជុំជាមួយគ្នាមួយពេល។ ខ្ញុំបានឃើញប្អូនខ្ញុំមានសភាពស្គមស្គាំង។ ពេលនោះ ខ្ញុំមិនហ៊ាននិយាយជាមួយបងប្អូនខ្ញុំទេ ព្រោះនៅចំណោមមនុស្សច្រើន ម្យ៉ាងទៀតខ្លាចខ្មែរក្រហមលួចស្ដាប់។ រីឯទ្រព្យសម្បត្តិ និងមាសប្រាក់លែងសំខាន់សម្រាប់ខ្ញុំទៀតហើយ គឺធ្វើយ៉ាងណាឲ្យបាយហូបគ្រប់គ្រាន់ប៉ុណ្ណោះ។

នៅក្នុងរបបខ្មែរក្រហម វត្តអាម ព្រះពុទ្ធរូប និងសាសនា ត្រូវខ្មែរក្រហមបំផ្លាញចោល និងលែងគោរព។ ព្រះសង្ឃត្រូវបានខ្មែរក្រហមផ្សឹក រួចបញ្ជូនទៅលើកទំនប់ ដូចជាប្រជាជនទូទៅដែរ។ ចំណែកសម្លៀកបំពាក់ ខ្ញុំមិនមានស្លៀកពាក់សមរម្យទេ គឺទាល់តែដាច់រហែកស្លៀកពាក់លែងកើត ទើបខ្មែរក្រហមចែកឲ្យមួយសម្រាប់។ សម្លៀកបំពាក់មានតែពណ៌ដែលធ្វើអំពីកប្បាសតែប៉ុណ្ណោះ។

នៅពេលរបបខ្មែរក្រហមដួលរលំ ឆ្នាំ១៩៧៩ ខ្ញុំនិងប្រជាជនផ្សេងទៀតបានរត់គេចខ្លូនទៅដល់ភូមិក្រសាល នៅក្នុងខេត្តកំពង់ស្ពឺ។  ខ្ញុំ និងប្រជាជនជាច្រើននាក់ទៀតបានរែកកូន រែកចៅ ទៅតាម។ ខ្ញុំធ្វើដំណើរដោយគ្មានទិសដៅដោយយប់ត្រង់កន្លែងណាខ្ញុំសម្រាកត្រង់កន្លែងនោះ។ ខ្ញុំរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ ទើបត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបានរុះទ្រុងមាន់មកធ្វើជាផ្ទះស្នាក់នៅ ព្រោះផ្ទះរបស់ខ្ញុំត្រូវបានខ្មែរក្រហមរុះរើអស់ហើយ។ ខ្ញុំបានរស់នៅជួបជុំគ្រួសារវិញ។ បន្ទាប់មក ខ្ញុំបានធ្វើស្រែរួម និងប្រវាស់ដៃគ្នា ហើយចែកផលទៅតាមសមាជិកគ្រួសារ ដោយក្នុងសមាជិកម្នាក់ទទួលបាន១២ថាំងក្នុងមួយឆ្នាំ។ ខ្ញុំធ្វើស្រែរួមរយៈពេល៣ឆ្នាំ។

បើប្រៀបធៀបកាលពីអំឡុងរបបខ្មែរក្រហម និងពេលបច្ចុប្បន្នគឺមានភាពខុសប្លែកគ្នាទាំងការហូបចុក និងការដើរហើរ។ នៅក្នុងរបបខ្មែរក្រហមយើងមិនអាចពិភាក្សាគ្នា ឬសួរនាំគ្នាបានទេ ទោះបីត្រូវជាបងប្អូន និងរស់នៅជាប់របងគ្នាក៏ដោយ។ ខ្ញុំសូមផ្ដាំផ្ញើទៅកាន់កូនចៅជំនាន់ក្រោយឲ្យចេះរួបរួមសាមគ្គីគ្នាកុំឲ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀត។

អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារ​ខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក