អធិបតេយ្យភាពរបស់កម្ពុជាកំពុងប្រឈមនឹងហានិភ័យ ប៉ុន្តែមិនមែនដោយសារតែជម្លោះព្រំដែនបច្ចុប្បន្ននេះទេ

ការប៉ះទង្គិច​គ្នា​ថ្មីៗនេះ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ បាន​ធ្វើឱ្យ​ជម្លោះ​ដ៏រ៉ាំរ៉ៃមួយ​ជុំ​វិញ​បញ្ហាព្រំដែនកម្ពុជា​ផ្ទុះឡើងវិញ ក៏ប៉ុន្តែទោះបីជា​ព្រឹត្តិការណ៍នេះបង្កជា​សោកនាកម្ម និង​ភាពចម្រូង​ចម្រាស យ៉ាង​ណាក្តី ជាពិសេសករណី​នៃការស្លាប់របស់យុទ្ធជនកម្ពុជា​ម្នាក់​ដែលជាក់ស្តែង​អាច​បញ្ចៀសបាន​ គឹសុទ្ធតែមិនមែនជា​បញ្ហប្រឈម​ចំពោះ​អធិបតេយ្យ​ភាព​របស់កម្ពុជា ដែល​យើង​គួរ​ភ័យខ្លាចនោះឡើយ។

អធិបតេយ្យ​ភាព​របស់​កម្ពុជា គឺធំធេងណាស់ លើសពីការប៉ះទង្គិច និង​ជម្លោះព្រំដែនទ្រង់ទ្រាយតូច​ជាមួយ​ប្រទេស​ជិត​ខាង។ ប្រជា​ជន​កម្ពុជាគួរមាន​មោទកភាព និង​ទំនុកចិត្ត​កាន់​តែ​ខ្លាំង​ឡើង ចំពោះ​ការ​ដឹកនាំរបស់​រាជ​រដ្ឋា​ភិបាល ដែល​បាន​អនុវត្តសកម្មភាព​ប្រកបដោយ​វិន័យ វិជ្ជាជីវៈ និង​យុទ្ធសាស្ត្រ​ការទូត ក្នុង​ការ​ដោះស្រាយ​ជម្លោះតាមវិធីសាស្ត្រ​ដ៏​ល្អប្រសើរ​បំផុតឆ្ពោះទៅសន្តិភាព ព្រមទាំង​អាច​រក្សាបាន​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្ពុជា។ នេះគឺជា​ពេល​វេលាមួយ​ សម្រាប់​មោទកភាពជាតិ និងការ​រួបរួមជាតិ។

អធិបតេយ្យភាព​របស់​ប្រជាជាតិ​ខ្មែរ បាន​លាត​សន្ធឹងមកអស់រយៈកាលជាច្រើន​សតវត្សរ៍ ហើយ​​ប្រជាជន​ខ្មែរបាន​រក្សាពង្សាវតារបស់ខ្លួន​បានជាច្រើនជំនាន់ អស់រយៈកាល​រាប់ពាន់ឆ្នាំមកហើយ។​ ហេតុនេះ បញ្ហាប្រឈមចំពោះអធិបតេយ្យភាព​នៃ​ប្រទេស​របស់​យើង គួរតែ​ត្រូវ​វិភាគ​ដោយ​គិតគូរពី​ប្រវត្តិសាស្ត្រនេះ។ ទន្ទឹមនឹងនេះដែរ អធិបតេយ្យ​ភាព​របស់​ប្រជាជាតិ​មួយ គឺមិនមែន​សំដៅតែទៅលើ​ការការពារ​ព្រំដែនទេ។ ផ្ទុយទៅវិញ នៅក្នុង​សង្គម​ទំនើប​ អធិបតេយ្យភាព គឺជា​ការកួច​ត្របាញ់​បញ្ចូលគ្នា​នូវ​ការប្តេជ្ញាចិត្ត និង​ធនធានជា​យុទ្ធសាស្ត្រពីសំណាក់ពលរដ្ឋ, យោធា, ស្ថាប័នសង្គមស៊ីវិល និង​វិស័យ​ឯកជន នៅ​ក្នុង​ការ​ការ​ពារជាតិ។

អធិបតេយ្យភាព​របស់​កម្ពុជា គឺជា​សមិទ្ធផល​ពីការគិតគូរ​របស់​សង្គមទាំងមូល ដែល​លើសពីស្ថានការណ៍, បញ្ហា​ និងការ​ប្តេជ្ញាចិត្ត​ជាក់​លាក់​ចំពោះវិបត្តិបច្ចុប្បន្ន​ជាមួយ​ប្រទេស​ថៃ។

អធិបតេយ្យភាពរបស់កម្ពុជាកំពុងប្រឈមនឹងហានិភ័យ ប៉ុន្តែមិនមែនដោយសារតែជម្លោះព្រំដែនបច្ចុប្បន្ននេះទេ។

ផ្ទុយទៅវិញ អធិបតេយ្យភាព​របស់​យើង​ កំពុង​ប្រឈម​នឹង​ហានិភ័យ ក្នុង​និន្នាការ​រយៈពេល​វែង (គឺក្នុងរយៈកាល​រយឆ្នាំទៅមុខ) ដោយ​កើតមាន​លើប្រទេស​ជាច្រើន ដែល​មានសន្ទុះនៃការអភិវឌ្ឍ​លឿន​គួរជាទីកត់​សម្គាល់។ សន្ទុះនៃ​ការអភិវឌ្ឍន៍លឿន​គួរជាទីកត់សម្គាល់ អាច​ផ្តល់​ជាអារម្មណ៍ស្រណុកសុខស្រួល និង​ទំនុកចិត្ត ក៏ប៉ុន្តែ​យើង​មិនត្រូវ​បាត់បង់​ការផ្តោត​អារម្មណ៍ ថាមពល ឬការប្តេជ្ញាចិត្ត​ចំពោះ​បញ្ហា​ដែល​មិនទាន់​ដោះស្រាយនៅ​ថ្ងៃនេះ និង​បញ្ហា​ប្រឈមនៅថ្ងៃស្អែកនោះទេ។

អធិបតេយ្យ​ភាព​របស់​កម្ពុជា ត្រូវ​បាន​គំរាមកំហែង​ដោយ​និន្នាការ​ផ្ទៃក្នុង​ដែល​មិនអាច​មើលឃើញ និង​កៀរគរ​បន្តិចម្តងៗ ចេញពី​បញ្ហាតូចតាច, ភាព​ខ្ជិល​ច្រអូស, ភាពព្រងើយកន្តើយ និង​ភាព​ល្ងង់​ខ្លៅ ដែល​កើត​ឡើង​នៅពេល​ដែល​ប្រជាជន​បាន​ឃ្លាតចាក​ឆ្ងាយពី​អតីតកាល​ដ៏សោក​សង្រេង។ បញ្ហាប្រឈម​សម្រាប់​អនាគត នឹង​មិន​បង្អែបង្អង់​ចំពោះ​ប្រជាជន​កម្ពុជា​នោះទេ ហើយ​បញ្ហា​ទាំងនោះ គឺជា​ការគំរាម​កំហែង​ដ៏​គ្រោះថ្នាក់​ចំពោះ​អធិបតេយ្យភាព​របស់​យើង​ ជាង​បញ្ហា​ព្រំដែនទៅទៀត។ យើង​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​នៃ​ការ​ផ្លាស់​ប្ដូរ​ដ៏​សម្បើម​មួយ។ យើង​មិនត្រូវ​ព្រងើយ​កន្តើយ​ ចំពោះ​ការរំលោភបំពានព្រំដែននោះទេ ប៉ុន្តែ​យើង​មិនគួរ​ជាប់ជំពាក់​ជាមួយនឹង​បញ្ហា​នេះ​ ហើយ​ភ្លេច​អំពីការវិវត្តឥតឈប់ឈរ​ ដែល​កំពុងកើតមាន​នៅក្នុង​តំបន់ លើ​សកលលោក និង​នៅ​ក្នុង​ជំនាន់​នេះ​ឡើយ។ ប្រជាជន​កម្ពុជា ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យស្វាហាប់ជាងមុន ឈ្លាសវៃជាងមុន និង​ឱ្យមាន​ប្រសិទ្ធភាព​ជាង​មុន ប្រសិន​បើ​យើង​មិន​មែន​ចង់​បាន​ត្រឹម​តែការ​អាច​រស់រានមានជីវិត ក៏ប៉ុន្តែសម្រេចបាននូវការ​រីកចម្រើនទៅមុខ​នៅក្នុង​តំបន់​និង​ពិភពលោក។ កម្ពុជា​ គួរ​ប្រើប្រាស់​ឱកាស​នៃការឈ្លាន​ពានដោយប្រទេស​ថៃ (និង​ការ​រំលោភបំពានពីមុនៗ) នេះគឺមិនមែនដើម្បី​បង្ហាញអារម្មណ៍ ក៏ប៉ុន្តែជា​កម្លាំង​ជំរុញ​សមហេតុសម​ផលក្នុង​ការអនុវត្ត​សកម្មភាព និងការ​វិនិយោគជាយុទ្ធសាស្ត្រ​ ប្រកបដោយការ​យល់ដឹង ដែល​នឹងធានានូវ​អធិបតេយ្យភាព​របស់​កម្ពុជា​សម្រាប់ អនាគត។

អត្ថបទ ៖  ឆាំង យុ នាយក​មជ្ឈមណ្ឌលឯកសារ​កម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖