មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំកិច្ចពិភាក្សាអន្តរជំនាន់ រវាងសិស្សានុសិស្ស និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានទទួលស្វាគមន៍សិស្សានុ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន១១នាក់ មកចូលរួមអានសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ដាប់ការចែករំលែករឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ម៉ៅ អ៊ុត ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកធ្វើជាវាគ្មិនចែករំលែករឿងរ៉ាវក្នុងអំឡុងពេលសង្រ្គាម ជាពិសេសរឿងរ៉ាវក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្ស។

ជាកិច្ចចាប់ផ្តើម ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើការណែនាំខ្លួន និងធ្វើបទបង្ហាញជាសង្ខេបពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងបេសកម្មដែលត្រូវបំពេញនាថ្ងៃខាងមុខ។ បន្ទាប់មក ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានលើកអំពីគោលបំណងនៃកិច្ចពិភាក្សានៅថ្ងៃនេះមាន រួមមាន៖ ចង់ឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), សិក្សាពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម, ការបង្កើតទំនាក់ទំនងល្អរវាងសិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

តមក ម៉ៅ អ៊ុត បានធ្វើការចែករំលែកអំពីបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមទៅកាន់សិស្សា​នុសិស្សដូចខាងក្រោម៖

«ខ្ញុំឈ្មោះ ម៉ៅ អ៊ុត ភេទស្រី អាយុ៧៨ឆ្នាំ កើតនៅក្នុងភូមិចំការចេកខាងជើង ឃុំផ្ទះព្រៃ ស្រុកសំពៅមាស (បច្ចុប្បន្នក្រុងពោធិ៍សាត់) ខេត្តពោធិ៍សាត់។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ម៉ៅ លុយ និងម្ដាយឈ្មោះ ទូច អៃ។ ឪពុកម្តាយខ្ញុំស្លាប់ក្នុងសម័យសង្គមរាស្រ្តនិយមដោយសារជំងឺ។ ខ្ញុំមានបងប្អូនស្រីចំនួន៣នាក់ ហើយខ្ញុំគឺជាកូនច្បងក្នុងគ្រួសារ។ ប្ដីខ្ញុំឈ្មោះ ឈឹម បិត បានស្លាប់ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានកូនចំនួន២នាក់ ក្នុងនោះមានស្រីម្នាក់ ប៉ុន្ដែ បានស្លាប់ក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃខ្ញុំនៅសល់តែកូនប្រុសម្នាក់ឈ្មោះ ម៉ៅ ជ្រឹង។

កាលពីដើម ឪពុករបស់ខ្ញុំគឺជាមន្រ្តីប៉ូលីសយាមនៅពន្ធធនាគារខេត្តពោធិ៍សាត់។ ចំណែកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងដាំបន្លែបន្តិចបន្តួចយកទៅលក់នៅផ្សារពោធិ៍សាត់។ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាពោធិ៍សាត់ បានត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ ខ្ញុំអាចអានអក្សរ ប៉ុន្តែសរសេរអក្សរបានបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់ពីឈប់រៀន ខ្ញុំត្រឡប់ទៅជួយធ្វើការងារនៅផ្ទះ រួមមាន ឃ្វាលគោ ចិញ្ចឹមជ្រូក និងមើលថែប្អូនស្រី។ បន្តមកទៀត ឪពុករបស់ខ្ញុំបានធ្លាក់ខ្លួនមានជំងឺរហូតបាត់បង់ជីវិត។ បន្ទាប់ពីឪពុកខ្ញុំស្លាប់រយៈពេល៣ខែ ម្ដាយរបស់ខ្ញុំបានស្លាប់ដោយសារជំងឺបន្តទៀត។ ហេតុនេះខ្ញុំត្រូវរ៉ាប់រងកិច្ចការទាំងឡាយនៅក្នុងផ្ទះ និងមើលថែរក្សាប្អូនៗ។

នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មានយន្តហោះបានបើកមកទម្លាក់គ្រាប់បែកនៅភូមិមួយចំនួននៅក្បែរៗភូមិចំការចេកខាងជើង។ សំឡេងយន្តហោះធ្វើឱ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយខ្ញុំបាននាំប្អូនៗរត់ចូលពួនក្នុងលេណដ្ឋានជាមួយសាច់ញាតិ និងអ្នកភូមិចំការចេកខាងជើង។ ក្រោយស្ថានភាពទម្លាក់គ្រាប់បែកស្ងប់ស្ងាត់ទៅវិញ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ឈឹម បិត ដែលមានតួនាទីជាទាហាន លន់ នល់។ បន្ទាប់ពីរៀបការរួច ខ្ញុំប្រកបមុខរបរលក់ផ្លែឈើព្រៃដូចជា ផ្លែមាន ផ្លែដកពាយ ផ្លែភ្ញៀវ និងស្ងោរដំឡូងយកទៅលក់នៅក្នុងសាលាបឋមសិក្សាពោធិ៍សាត់ ដើម្បីចិញ្ចឹមប្អូនស្រីរបស់ខ្ញុំ និងជួយជីវភាពក្នុងគ្រួសារ។ ចំណែកប្ដីរបស់ខ្ញុំគឺជាទាហានត្រូវយាមនៅរបងសាលាខេត្តពោធិ៍សាត់។ នៅឆ្នាំ១៩៧៣ ខ្ញុំសម្រាលបានកូនស្រីម្នាក់។

ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រកាសប្រាប់ប្រជាជនឱ្យចាកចេញពីភូមិចំការចេកខាងជើងរយៈពេលបីថ្ងៃសិនចាំត្រឡប់មកវិញ។ ហេតុនេះ ខ្ញុំនិងប្អូនស្រីបានរៀបចំសម្លៀកបំពាក់ ម្ហូបអាហារ និងសម្ភារចាំបាច់មួយចំនួនច្រកចូលក្នុងបាវ ព្រមទាំងដឹកគោចេញទៅជាមួយ។ អំឡុងពេលធ្វើដំណើរ អង្គការបានប្រកាសទៀតថា សូមឱ្យប្រជាជនទាំងអស់ធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន។ ប្ដីរបស់ខ្ញុំបានសម្រេចចិត្តនាំក្រុមគ្រួសារធ្វើដំណើរចេញទៅកាន់ស្រុកកំណើតរបស់គាត់នៅភូមិធ្លក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ បន្ទាប់មកប្ដីរបស់ខ្ញុំ ត្រូវអង្គការចាត់តាំងឱ្យចូលធ្វើការក្នុងកងនេសាទស្រុកកណ្ដៀង និងចេញទៅនេសាទជារៀងរាល់ថ្ងៃ ដើម្បីយកត្រីមកផ្គត់ផ្គង់ក្នុងសហករណ៍។ ចំណែកខ្ញុំត្រូវសម្រាលកូនទីពីរ។

បន្ទាប់ពីសម្រាលកូនបានមួយសប្ដាហ៍ ខ្ញុំបានទទួលដំណឹងថាអង្គការឱ្យអតីតទាហាន លន់ នល់ ទាំងអស់រៀបចំខ្លួនទៅរៀនសូត្របន្ថែម។ ខ្ញុំចាំបានពូ ម៉ែន អន អតីតទាហាន លន់ នល់ បានស្លៀកពាក់ស្អាតបាតដើរកាត់មុខផ្ទះរបស់ខ្ញុំ រួចចូលមកប្រាប់ប្ដីខ្ញុំថា «បិត អើយមិនបាច់ទាន់ទៅរៀនទេ ប្រពន្ធឯងកូនខ្ចី នៅមើលថែប្រពន្ធសិនទៅចាំខ្ញុំទៅមុន»។ លុះក្រោយមក ខ្ញុំបានឮអ្នកភូមិនិយាយតៗថា អតីតទាហាន លន់ នល់ ទាំងអស់ដែលត្រូវបញ្ជូនទៅរៀនសូត្រ ត្រូវខ្មែរក្រហមវាយសម្លាប់ចោលនៅទួលពោធិ៍ជ្រៃទាំងអស់។ បន្ទាប់ពីសម្រាលកូនបានរយៈពេល១ខែ អង្គការបានប្រើខ្ញុំឱ្យទៅកិនស្រូវ និងរែងអង្ករ។ ក្នុងមួយថ្ងៃ ខ្ញុំត្រូវកិនស្រូវដើម្បីរែងយកអង្ករឱ្យបានប្រហែល៣ទៅ៤បាវ ទើបបណ្ដាលឱ្យខ្ញុំឈឺទាស់។ ចំណែករបបអាហារខ្ញុំទទួលបានក្នុងមួយថ្ងៃ២ពេល ប៉ុន្ដែខ្ញុំហូបមិនបានគ្រប់គ្រាន់ឡើយ។ ហេតុនេះរាល់ពេលប្ដីរបស់ខ្ញុំត្រឡប់មកពីនេសាទត្រី គាត់តែងតែលួចយកត្រីមកអាំងនៅពេលយប់ឱ្យខ្ញុំហូបជាមួយបបរដើម្បីមានទឹកដោះបំបៅកូន។ ដោយសារការបរិភោគអាហារមិនបានគ្រប់គ្រាន់បណ្ដាលឱ្យកូនស្រីរបស់ខ្ញុំបានស្លាប់ដោយសារអត់ឃ្លាន។

នៅចុងឆ្នាំ១៩៧៥ អង្គការបាននិយាយលួងលោមថា «សោកស្ដាយដែលបានយកអ្នកចេះដឹង និងអតីតទាហាន លន់ នល់ មួយចំនួនទៅសម្លាប់ចោល បើទុកអ្នកទាំងនោះឱ្យមានជីវិតរស់នៅ នឹងមានគំនិតល្អក្នុងការអភិវឌ្ឍន៍ បង្កើតបច្ចេកវិទ្យា និងអាចបង្កបង្កើនផលស្រូវបានដោយងាយស្រួល»។ ប៉ុន្តែអង្គការតែងតែស៊ើបអំពីជីវប្រវត្តិរបស់ខ្ញុំស្ទើររៀងរាល់ថ្ងៃ។ ក្រោយមកអង្គការបានជ្រើសរើសប្ដីរបស់ខ្ញុំ និងក្រុមកងនេសាទ ឱ្យទៅរៀនសូត្រដើម្បីមានជំនាញអភិវឌ្ឍន៍ក្នុងភូមិឃុំបន្តទៀត។ រយៈពេលប្រហែលជាបីថ្ងៃក្រោយ ខ្ញុំទទួលដំណឹងថា ប្ដីរបស់ខ្ញុំស្លាប់ហើយ»។

បន្ទាប់ពីស្ដាប់ការចែករំលែករឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម សិស្សានុសិស្សបានសំណួរមួយចំនួនទៅកាន់ ម៉ៅ អ៊ុត និងបានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម៖

ទូច ស្រីនិច ៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម។ ខ្ញុំបានដឹងថាការរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាប្រជាជនគឺមានការលំបាកខ្លាំង ហើយខ្ញុំមានការសោកស្ដាយចំពោះសមាជិកគ្រួសាររបស់លោកយាយចំនួន៣នាក់ដែលត្រូវបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ប្ដីរបស់យាយត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅរៀនសូត្រ ប៉ុន្តែបែរជាត្រូវយកទៅសម្លាប់ចោលដោយគ្មានក្ដីអាណិត។ ខ្ញុំគិតថារបបខ្មែរក្រហមពិតជាសាហាវឃោរឃៅ និងមានភាពផ្ដាច់ការខ្លាំងជាទីបំផុត។ ខ្ញុំមិនចង់ឱ្យមានរបបខ្មែរក្រហមនេះទៀតទេ»។

ហ៊ីង ស្រីនីន ៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលធ្វើឱ្យខ្ញុំបានយល់ដឹងកាន់តែច្បាស់ពីផលវិបាកទៅលើប្រជាជន ដូចជា អាហារហូបចុកមិនបានគ្រប់គ្រាន់ និងប្រើឱ្យធ្វើការងារហួសកម្លាំង។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលអនុញ្ញាតឱ្យក្រុមនាងខ្ញុំចូលមកស្ដាប់រឿងរ៉ាវ និងទុកលំបាករបស់យាយ ម៉ៅ អ៊ុត ដែលជាអ្នករស់រានមានជីវិតពីក្នុងរបបខ្មែរក្រហម»។

តា ណារីន ៖ «នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកសិក្សា និងស្ដាប់រឿងរ៉ាវរបស់ យាយ ម៉ៅ អ៊ុត ដែលជាអ្នករស់រានមានជីវិតពីក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់យាយខ្ញុំពិតជាមានចិត្កអាណិតអាសូរដល់យាយដែលបានបាត់បង់ប្ដី ប្អូនស្រី និងកូនជាទីស្រឡាញ់នៅក្នុងរបបខ្មែរក្រហម។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀតទេ ព្រោះរបបខ្មែរក្រហមបានធ្វើឱ្យប្រជាជនជាច្រើនរងទុក្ខវេទនា បែកបាក់គ្រួសារ និងបានសម្លាប់អ្នកមានចំណេះដឹងជាច្រើននាក់»។

អត្ថបទ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖